មេធាវីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ហុក ផល្លា មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលលិខិតអញ្ជើញនោះហើយ។ លោករំពឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការខេត្ត នឹងធ្វើការសម្រេចក្តីលើកទី២ ជូនកូនក្តីលោកទទួលបានយុត្តិធម៌ត្រឹមត្រូវ៖ «ខ្ញុំជឿថា ក្រុមប្រឹក្សាជំនុំជម្រះ លោកនឹងវិនិច្ឆ័យឲ្យបានច្បាស់លាស់ ទាក់ទងទៅនឹងភស្តុតាងទាក់ទងទៅនឹងស៊ើបអង្កេតបន្ថែមថ្មីៗ ទៅលើចម្លើយសាក្សី ហើយនិងចម្លើយរបស់ក្រុមគ្រួសារជនរងគ្រោះ ដែលបានឆ្លុះបង្ហាញទៅលើជនសង្ស័យទាំងអស់ហ្នឹង ប្រហែលជាគាត់ពិចារណាបានច្បាស់លាស់ជាងមុន។ ខ្ញុំជឿថា កូនក្តីខ្ញុំ នឹងអាចទទួលបានយុត្តិធម៌»។
ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តរតនគិរី លោក អ៊ី សុវណ្ណ កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ បានចេញសាលក្រមរបៀប ឬចាត់របៀបឲ្យស៊ើបអង្កេតបន្ថែម ទៅលើសំណុំរឿងក្តីចោទប្រកាន់មន្ត្រីកងរាជអាវុធហត្ថ លោក អ៊ាន ប៊ុនហេង ហៅ អេង និងអ្នកស្រី ស៊ឹម ស្រីវ៉ី ជាភរិយា ពីបទបានប្រព្រឹត្តអំពើឃាតកម្មគ្រោងទុកជាមុន ទៅលើអ្នកសារព័ត៌មានវរជនខ្មែរ។
អង្គហេតុដែលក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការខេត្តរតនគិរី ចាត់ឲ្យស៊ើបសួរបន្ថែម រួមមាន ឯកសារផ្តល់ដោយក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីតែល (Mobitel) និងក្រុមហ៊ុនមេហ្វហ្វូន (Metfone) ទាក់ទិនលេខទូរស័ព្ទ និងការទំនាក់ទំនងតាមទូរស័ព្ទរវាងជនជាប់ពាក់ព័ន្ធក្នុងរឿងក្តី។
សាក្សីជាជាងរថយន្ត បំភ្លឺពីឮសំឡេងស្រែកពីទីតាំងសង្ស័យបង្កហេតុ។ ចម្លើយបំភ្លឺរបស់ម្ចាស់ភោជនីយដ្ឋានសាវាឌី ទាក់ទិនជនសង្ស័យនាំគ្នាទៅផឹកស៊ីនៅទីនោះនៅថ្ងៃកើតហេតុ និងចម្លើយសាក្សីពាក់ព័ន្ធជនជាប់ចោទ និងជនជាប់សង្ស័យផ្សេងទៀត ដូចជា លោក សាត សឿង ហៅ សៀន ផែនដី មន្ត្រីកងរាជអាវុធហត្ថលោក គឺង សៀងឡៃ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។