គ្រួសារ​​កុមារី​រងគ្រោះ​នៃ​អំពើ​ចាប់​រំលោភ​នៅ​​ពោធិ៍សាត់​ទាមទារ​ឲ្យ​រក​យុត្តិធម៌

ក្រុម​គ្រួសារ​របស់​កុមារី​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​ចាប់​រំលោភ រួច​សម្លាប់​ចោល​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ បាន​សុំ​ឲ្យ​សាលាឧទ្ធរណ៍​ផ្ដល់​យុត្តិធម៌​ជូន​កុមារី​ដែល​បាន​ស្លាប់​ទាំង​ពីរ​នាក់​នោះ។
ដោយ ជិន ជេដ្ឋា
2013-10-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការ​ស្នើ​សុំ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា និង​គ្រោង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ខាង​មុខ។

ក្រុម​គ្រួសារ​របស់​កុមារី​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ថា ពួកគាត់​មិន​សូវ​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ឡើយ ក្រោយ​ពី​លោក តុប ចន្ទសិរីវុឌ្ឍ អតីត​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ បាន​បើក​សវនាការ និង​សម្រេច​ដោះលែង​ជន​សង្ស័យ​ឈ្មោះ សែម ឃ្ឌូត ព្រម​ទាំង​ជន​សង្ស័យ​ផ្សេង​ទៀត​ឲ្យ​រួច​ខ្លួន នៅ​ក្នុង​សំណុំ​រឿង​ចាប់​រំលោភ រួច​សម្លាប់​ទៅ​លើ​កូន​ស្រី និង​ប្អូន​ស្រី​របស់​ពួកគាត់។

អ្នកស្រី អឿន សល ជា​ម្ដាយ​បង្កើត​របស់​កុមារី​រងគ្រោះ អាយុ ១១​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នកស្រី​សង្ឃឹម​ថា ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​កូន​ស្រី​របស់​គាត់ ដោយ​សម្រេច​ផ្ដន្ទាទោស​ជន​សង្ស័យ​ឈ្មោះ សែម ឃ្ឌូត ព្រម​ទាំង​បក្ស​ពួក​មិន​ឲ្យ​រួច​ខ្លួន​ដូច​ការ​សម្រេច​នៅ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ពេល​កន្លង​ទៅ​ទៀត​ឡើយ៖ «គេ​សម្រេច​ថា ដោះលែង ប៉ុន្តែ​ពួក​ខ្ញុំ​អត់​ព្រម ដល់​ពេល​អត់​ព្រម​ទៅ បាន​អង្គការ​គេ​ជួយ​ទៅ​ដល់​សាលា​ឧទ្ធរណ៍។ ចង់​ឲ្យ​គេ​រក​យុត្តិធម៌​ឲ្យ​ត្រឹមត្រូវ ឲ្យ​បើ​ដោះលែង​មក​ភ័យខ្លាច​គេ​មាន​គំនុំគំកួន​មក​លើ​ក្រុម​គ្រួសារ​ម្ដង​ទៀត»

ចំណែក​ឯ​អ្នកស្រី ផល សុភក្ដិ ត្រូវ​ជា​បង​ស្រី​បង្កើត​របស់​កុមារី​រង​គ្រោះ​មួយ​រូប​ទៀត អាយុ ១៤​ឆ្នាំ បាន​បញ្ជាក់​ថា ករណី​រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​ទាំង​ពីរ​នាក់​នេះ គឺ​មាន​សាក្សី និង​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់ ប៉ុន្តែ​តុលាការ​នៅ​តែ​មាន​ភាព​អល់អែក​ក្នុង​ការ​ចោទ​ប្រកាន់ ឬ​ផ្ដន្ទាទោស​ទៅ​លើ​ជន​ល្មើស៖ «ចុង​ចោទ​ហ្នឹង​ឆ្លើយ​ថា វា​ស្លៀក​ខោ​ប៉ារ៉ា នៅ​កន្លែង​ខ្មោច​ងាប់ ក៏​មាន​ហោប៉ៅ​ប៉ារ៉ា​ដែរ ហើយ​មុត​ក្បាល​មុត​អី​ហ្នឹង វា​ឆ្លើយ​ថា មុត​បន្លា អ៊ីចឹង​ទៅ​ភស្តុតាង​អស់​ហ្នឹង​វា​អាច​ស្រប​ដែរ។ ហើយ​គេ​ថា អត់​មាន​អ៊ីចឹង​ដូច​វា​អត់​សម។ គេ​ប្រកាស​ដោះលែង​ក្រៅ​ឃុំ​កាល​ហ្នឹង ដល់​ពេល​អ៊ីចឹង​ទៅ​បាន​គេ​ឲ្យ​ប្ដឹង​ត​ទៀត បាន​ទៅ​ដល់​ភ្នំពេញ។ ភ្នំពេញ​ហ្នឹង សា​មុន​ម្ដង​គេ​ប្រកាស​លែង​ដែរ ខ្ញុំ​អត់​សុខ​ចិត្ត ខ្ញុំ​ឲ្យ​ប្ដឹង​ទៅ​កំពូល ដល់​ពេល​អ៊ីចឹង​បាន​ជាប់​ទៅ​ម្ដង​ទៀត​ទៅ»

ក្រុម​គ្រួសារ​របស់​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា កុមារី​ទាំង​ពីរ​នាក់​រស់នៅ​ផ្ទះ​ក្បែរ​គ្នា ស្ថិត​នៅ​ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០០៩។ ១​ថ្ងៃ​ក្រោយពី​ការ​បាត់​ខ្លួន សាកសព​ក្មេង​ស្រី​ទាំង​ពីរ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជនល្មើស​ចង​ក​ជាប់​គ្នា​ដោយ​កន្ទុយ​ខ្សែ​តែមួយ​នៅ​លើ​ដើម​ផ្ចឹក ១​ដើម កម្ពស់​ប្រហែល​ជា ១​ម៉ែត្រ​ពី​ដី នៅ​លើ​ភ្នំ​មួយ​ឈ្មោះ ប៉ិល ប៉ក់ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៩​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​ពួកគេ។ ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ ជន​សង្ស័យ​ឈ្មោះ សែម ឃ្ឌូត ត្រូវ​បាន​ចាប់​ខ្លួន និង​ឈ្មោះ ទូច រុណ បាន​រត់​គេច​ខ្លួន ក្នុង​នោះ​ក៏​មាន​ជន​សង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ហម សុធា ដែល​អះអាង​ថា ខ្លួន​ជា​សាក្សី​ម្នាក់​ក្នុង​សំណុំ​រឿង​នេះ ក៏​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ដែរ។

ព្រះរាជ​អាជ្ញា​តុលាការ​សាលាឧទ្ធរណ៍ លោក តាន់ ស៊ីណារ៉ុង មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា គឺ​ជា​វេន​របស់​លោក​ដែល​ត្រូវ​ជំនុំ​ជម្រះ​រឿង​ក្ដី ក៏​ប៉ុន្តែ​ដោយ​សារ​តែ​លោក​ជាប់​កិច្ច​ប្រជុំ​មួយ​នៅ​ខេត្ត​ព្រះសីហនុ លោក​បាន​ផ្ទេរ​ការងារ​នេះ​ទៅ​ចៅក្រម​ផ្សេង​ជំនួស​វិញ។ ដូច្នេះ​លោក​មិន​បាន​ជ្រាប​ច្បាស់​នូវ​ដំណើរការ​ជំនុំ​ជម្រះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក តាន់ ស៊ីណារ៉ុង៖ «ចាំ​មើល​ខ្ញុំ check (ពិនិត្យ) នៅ​ថ្ងៃ​ល្ងាច​នេះ ខ្ញុំ​ទៅ​កន្លែង​មើល​បន្លិច តើ​ព្រះរាជអាជ្ញា​ណា​ជម្រះ។ ប្រសិន​បើ​មាន​ការ​រំលោភ​យ៉ាង​ឃោរឃៅ​ទៅ​លើ​កុមារី​អ៊ីចឹង​មែន គឺ​ថា ចៅក្រម​នឹង​ផ្ដន្ទាទោស​មិន​អាច​បន្ធូរបន្ថយ​ទៀត​ទេ»

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ទទួល​ករណី​រំលោភ​សេពសន្ថវៈ រួច​សម្លាប់​ចំនួន ៩​ករណី ក្នុង​នោះ​មាន​ជន​រងគ្រោះ​ស្ទើរ​តែ ៧០​ភាគរយ គឺ​ជា​អនីតិជន៖ «ប្រព័ន្ធ​តុលាការ​យើង​មាន​ការ​រិះគន់​តាំង​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ អ៊ីចឹង​យើង​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នេះ​នឹង​ធ្វើ​ការ​ពិចារណា​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ ជា​ពិសេស​យើង​ឃើញ​ថា អតីត​ព្រះរាជអាជ្ញា​ដែល​កាន់​រឿង​របស់​គាត់​ហ្នឹង ក៏​ជាប់​ពិរុទ្ធ​ពី​បទ​ពុករលួយ​ហ្នឹង​ដែរ»

លោក អំ សំអាត បញ្ជាក់​ថា តាម​ការ​អង្កេត​របស់​របស់​អង្គការ​លីកាដូ ទៅ​លើ​ករណី​រំលោភ​សេពសន្ថវៈ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​ពុំ​មាន​សញ្ញា​ណា​មួយ​ថយ​ចុះ​នោះ​ទេ ពោល​គឺ​មាន​តែ​តួលេខ​កើន​ឡើង ឬ​ប្រហាក់​ប្រហែល​ជា​មួយ​តួលេខ​ប្រចាំ​ឆ្នាំ ដែល​ខាង​លោក​ទទួល​បាន​ពី ១៤​ខេត្ត ក្រុង នៅ​ទូទាំង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល