សមត្ថកិច្ចបានបញ្ជូនជនសង្ស័យករណីរំលោភសម្លាប់ក្មេងស្រីម្នាក់ និងប្អូនក្មេងស្រីរងគ្រោះ ទៅតុលាការខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីដែលនឹងឈានដល់ការផ្ដន្ទាទោសតាមផ្លូវច្បាប់ក្រោយចាប់ខ្លួន។ សង្គមស៊ីវិលជំរុញទៅតុលាការខេត្តព្រះសីហនុ ផ្ដន្ទាទោសលើជនសង្ស័យក្នុងករណីរំលោភសម្លាប់ក្មេងពីរនាក់នៅខេត្តព្រះសីហនុក្នុងកម្រិតអតិបរមា ឬជាប់ពន្ធនាគារអស់មួយជីវិត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី ដែលតាមដានដំណើររឿងនេះ ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានកសាងសំណុំរឿងដោយសន្និដ្ឋានលើបទចោទចំនួនពីរ គឺរំលោភសម្លាប់ និងមនុស្សឃាតដោយចេតនា។ ចំណែកប្រពន្ធជនសង្ស័យ អ្នកស្រីមិនឃើញមានឈ្មោះក្នុងរបាយការណ៍របស់សមត្ថកិច្ចឡើយ៖ «គេបញ្ជូនមកដល់តុលាការហើយ ឃើញសមត្ថកិច្ចនាំគ្នាមកច្រើននិងប្រើរថយន្តពិសេស សមត្ថកិច្ចបានយាមនៅមាត់ច្រកចូលតុលាការគេមានការប្រុងប្រយ័ត្ន»។
កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ នគរបាលខេត្តព្រៃវែង និងអង្គការ CPU ឃាត់ខ្លួនជនសង្ស័យឈ្មោះ មាង វិចិត្រ អាយុ ២៦ឆ្នាំ ជាកម្មករសំណង់ កាលពីថ្ងៃទី២ ខែមិថុនា នៅស្រុកមេសាង ខេត្តព្រៃវែង និងបានបញ្ជូនទៅសួរចម្លើយបន្តនៅស្នងការនគរបាលខេត្តព្រះសីហនុ ក្រោយជាប់សង្ស័យថា បានរំលោភ និងសម្លាប់កុមារពីរនាក់បងប្អូននៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៣ ខែមិថុនា ថា ជនសង្ស័យបានសារភាពថា ខ្លួនពិតបានជាធ្វើសកម្មភាពរំលោភសម្លាប់លើក្មេងទាំងពីរនាក់នេះមែន។ លោក ជួន ណារិន្ទ ឱ្យដឹងទៀតថា ជនសង្ស័យបានសារភាពទៀតថា កន្លងមក ខ្លួនបានប្រព្រឹត្តិអំពើរំលោភ និងបទល្មើសផ្សេងៗមួយចំនួនទៀត និងបានគេចខ្លួនពីកន្លែងមួយទៅកន្លែងមួយជាបន្តបន្ទាប់៖ «ជនសង្ស័យបានប្រើប្រាស់ថ្នាំញៀនជាប្រចាំហើយកំពុងផឹកស្រាថ្នាំពេលផឹកស្រាស្រវឹងនឹងក៏ទៅតាមប្រពន្ធទៅទិញពងទាកូនពេលអើតឃើញកុមារីរងគ្រោះនៅក្នុងផ្ទះក៏ធ្វើសកម្មភាពតែម្ដងទៅ»។
ស្នងការនគរបាលខេត្តព្រះសីហនុបញ្ជាក់ទៀតថា ផ្អែកតាមស្រាវជ្រាវ និងសួរចំឡើយជំហានដំបូង សមត្ថកិច្ចរកឃើញថា ប្រពន្ធរបស់ជនសង្ស័យ មិនមែនជាសហចារី និងមិនបានផ្សំគំនិតជាមួយជនសង្ស័យក្នុងបទល្មើសនេះទេ។
កុមារីរងគ្រោះ អាយុជិត១០ឆ្នាំ ត្រូវជនសង្ស័យរំលោភសម្លាប់ រីឯប្អូនប្រុសកុមារីរងគ្រោះនេះអាយុ ២ឆ្នាំ ក៏ត្រូវជនសង្ស័យសម្លាប់ជាមួយគ្នា ក្នុងផ្ទះថ្មតូចមួយ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្ថិតនៅលើដីឡូតិ៍ធំទូលាយមួយដែលមានរបងថ្មកម្ពស់ប្រហែល ២ម៉ែត្រព័ទ្ធជុំវិញហើយផ្ទះពលរដ្ឋផ្សេងៗទៀតនៅរប៉ាត់រប៉ាយឆ្ងាយៗពីគ្នា។ ផ្ទះថ្មតូចនេះ គឺមេការសំណង់ទើបតែអនុញ្ញាតឱ្យគ្រួសារជនរងគ្រោះចូលទៅរស់នៅបណ្ដោះអាសន្នបាន ៥ថ្ងៃប៉ុណ្ណោះ។
កុមារីជាបង ត្រូវឃាតកធ្វើទារុណកម្មរំលោភរហូតដល់ស្លាប់ ចំណែកកុមារាជាប្អូនប្រុស ត្រូវឃាតកវាយសម្លាប់ដើម្បីបំបិទមាត់កាលពីរសៀលថ្ងៃទី២៩ ខែឧសភា នៅពេលឪពុកចេញទៅធ្វើការសំណង់នៅក្បែរផ្ទះ ហើយម្ដាយចេញទៅស៊ីឈ្នួលលាងចាននៅក្នុងភោជនីយដ្ឋានមួយ ដោយទុកឱ្យកូននៅលេងក្នុងផ្ទះតែពីរនាក់បងប្អូន។
បងស្រីរបស់ក្មេងរងគ្រោះ លោកស្រី ផា ស្រស់ ប្រាប់ថា ពេលនេះក្រុមគ្រួសារកំពុងធ្វើបុណ្យតាមប្រពៃណីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្អូនទាំងពីរនាក់របស់លោកស្រី ដែលជនសង្ស័យសម្លាប់។ លោកបន្តទៀតថា ឪពុកម្ដាយរបស់លោកស្រី និងរូបលោកស្រីផ្ទាល់ ចង់ឃើញតុលាការកាត់ទោសជនសង្ស័យឱ្យធ្ងន់ធ្ងរបំផុត៖ «ចង់ឱ្យមានទោសប្រហារជីវិតប៉ុន្តែច្បាប់គេអត់ឱ្យមានទោសណឹងផងព្រោះប្រទេសយើងអត់មានច្បាប់អ៊ីចឹង និយាយទៅដាក់ទោសឱ្យជាប់ពន្ធនាគារដូចចិញ្ចឹមវាដដែលហ្នឹង»។
ជុំវិញករណីនេះ សាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានទាមទារឱ្យកាត់ទោសប្រហារជីវិតលើជនសង្ស័យ ដែលពួកគេចាត់ទុកថា ទង្វើនេះសាហាវឃោរឃៅព្រៃផ្សៃមិនគួរឱ្យលើកលែង។ កាលពីដើមឆ្នាំ២០១៩ លោក ហ៊ុន សែន ក៏ធ្លាប់បានផ្ដួចផ្ដើមកែច្បាប់ដើម្បីអាចកាត់ទោសប្រហារជីវិតលើជនណាដែលរំលោភសម្លាប់កុមារ។ ប៉ុន្តែក្រោយមកលោកលុបចោលគម្រោងនេះវិញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា បើពិនិត្យមើលទង្វើ និងសកម្មភាពរបស់ជនសង្ស័យ មិនគួរមានស្ថានសម្រាលទោសណាមួយលើជននេះទេ។ លោកយល់ថា ស្ថាប័នអនុវត្តច្បាប់ឬតុលាការគួរផ្ដន្ទាទោសលើជនសង្ស័យឱ្យជាប់ពន្ធនាគារអស់មួយជីវិត៖ «ទោះបីជាយើងឃើញថា ប្រពលរដ្ឋមិនពេញចិត្តនឹងការដាក់ទោសអស់មួយជីវិតអ៊ីចឹងក៏ដោយ ប៉ុន្តែនេះដោយសាររដ្ឋធម្មនុញ្ញរបស់យើងចែងថាទោសប្រហារជីវិតឱ្យមានទេ អ៊ីចឹងការដាក់ទោសមួយជីវិតក៏អាចធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះក៏ដូចប្រជាពលរដ្ឋយើងហ្នឹងស្ងប់អារម្មណ៍ផងដែរ»។
ស្រដៀងគ្នានេះ ដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំ ខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី ក៏ចង់ឃើញតុលាការផ្ដន្ទាទោសលើជនសង្ស័យទៅតាមច្បាប់របស់កម្ពុជាដែលមានស្រាប់។
ក្រុមមន្ត្រីសង្គមស៊ីវិល បង្ហាញការព្រួយបារម្ភពីសុវត្ថិភាពរបស់កុមារ ខណៈពួកគេសង្កេតឃើញថា ការរំលោភកុមារ រហូតឈានដល់ការសម្លាប់កុមារ នៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា។ លោក អំ សំអាត លោកយល់ថា បញ្ហានេះបណ្តាលមកពីបញ្ហាមួយចំនួនដូចជា បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង ការអនុវត្តច្បាប់នៅមានភាពធូរលុង មិនទាន់យល់ដឹងបានទូលំទូលាយពីការការពារលើស្ត្រី និងកុមារ សីលធម៌សង្គមធ្លាក់ចុះ និងបញ្ហាមួយចំនួន។
របាយការណ៍៦ខែចុងក្រោយរបស់អង្គការលីកាដូ បង្ហាញថា ការរំលោភលើកុមារមានជាង៥០ករណី ហើយករណីធ្ងន់ធ្ងរ និងឃោរឃៅជាងគេ គឺការរំលោភសម្លាប់កុមារពីនាក់បងប្អូននៅខេត្តព្រះសីហនុកាលពីថ្ងៃទី២៩ ខែឧសភា៕