មន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចុះទៅចាប់ខ្លួនប្រជាពលរដ្ឋចំនួនបីនាក់។ ក្នុងនោះមានស្ត្រីពីរនាក់ ត្រូវគេចោទថា ជាអ្នកសមគំនិតដែលនាំឲ្យមានការរំលោភសេពសន្ថវៈ និងក្មេងប្រុសម្នាក់ទៀត ត្រូវគេចោទថា ជាអ្នកប្រព្រឹត្តផ្ទាល់ក្នុងករណីចាប់រំលោភទៅលើស្ត្រីម្នាក់ជាប្រពន្ធចុងរបស់មន្ត្រីប៉ូលិសការពារព្រំដែនម្នាក់នៅខេត្តប៉ៃលិន។
ករណីនេះបានធ្វើឲ្យក្រុមអ្នកភូមិប្រតិកម្មតវ៉ាសុំឲ្យដោះលែងមនុស្សទាំងបីនោះ ដោយសារតែរឿងនេះពួកគាត់ដឹងថា ជាការមូលបង្កាច់ទម្លាក់កំហុសដើម្បីផលប្រយោជន៍អ្វីមួយ។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែកុម្ភៈ បានចុះទៅចាប់ខ្លួនលោកស្រី កាក់ ពៅ និងស្ត្រីម្នាក់ទៀតឈ្មោះ ចែ ស ដោយចោទថា ជាអ្នកសមគំនិតនាំឲ្យមានការរំលោភសេពសន្ថវៈ។
លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ប៉េអិមបានចុះទៅចាប់ឈ្មោះ រិទ្ធ បូរិន អាយុប្រហែល ២០ឆ្នាំ ត្រូវជាកូនធម៌របស់លោកស្រី កាក់ ពៅ ដោយចោទថា ជាអ្នកប្រព្រឹត្តផ្ទាល់ក្នុងការចាប់រំលោភស្ត្រីម្នាក់ឈ្មោះ រី ណាវី។ ប៉ុន្តែក្រុមអ្នកភូមិបានបដិសេធចោល ដោយអះអាងថា ស្ត្រីឈ្មោះ រី ណាវី គឺជាអ្នករៀបចំផែនការនេះឡើង។
លោកស្រី ច័ន្ទ សោភណ្ឌភាព រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកបានរៀបរាប់ថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ស្ត្រីឈ្មោះ រី ណាវី បានយកសំបុត្រខួបកំណើតកូន ទៅប្រាប់ភ្ញៀវ។ នៅពេលដល់ផ្ទះ ចែ ស ស្រាប់តែឈ្មោះ រី ណាវី ក៏បានទៅទិញស្រាបៀកន្លះកេះបបួលគេឯងផឹកជាមួយគ្នា ដោយយល់ឃើញថា ម្ចាស់ផ្ទះឈ្មោះ ចែ ស នោះ ធ្លាប់ត្រូវជាម្ដាយធម៌ពីមុនមក។ ក្រោយពីការផឹកស្រាបៀ អស់កន្លះកេះនោះរួចមក ស្រាប់តែឈ្មោះ រី ណាវី ស្រវឹង ហើយ លោកស្រី កាក់ ពៅ ក៏ហៅម៉ូតូឲ្យឌុប ជូនទៅផ្ទះវិញ។
លោកស្រី ច័ន្ទ សោភណ្ឌភាព៖ «ដល់ពេលទិញញ៉ាំ កាក់ ពៅ ទៅតាម ក្រោយ ក៏ញ៉ាំជុំគ្នាពេលនោះ ស្រាប់តែស្រវឹង ស្រវឹងទៅ ជនដើមចោទនោះគេថា ស្រវឹងខ្លាំង ហើយគេចង់រកម៉ូតូឌុបជិះទៅផ្ទះ កាក់ ពៅ ក៏ហៅម៉ូតូឌុបដាក់ ហើយក៏អោបពីក្រោយទៅទៀត ទៅដល់កន្លែងផ្ទះសំណាក់ កាក់ ពៅ មិនដឹងថា ផ្ទះជនដើមចោទនៅត្រង់ណាទេ»។
សាក្សីជាអ្នករត់ម៉ូតូឌុប ឈ្មោះ ឡុង ឆេង បញ្ជាក់ថា នៅពេលគាត់ឌុប ឈ្មោះ រី ណាវី ទៅផ្ទះនោះបែរជាគាត់និយាយថា រកផ្ទះខ្លួនឯងមិនឃើញទៅវិញ។ ចំណុចនេះអាចធ្វើឲ្យគេសង្ស័យថា ហេតុអ្វី ស្ត្រីឈ្មោះ រី ណាវី ទៅប្រាប់សំបុត្រខួបកំណើតរបស់កូន ហើយសុខចិត្តទិញស្រាបៀឲ្យគេផឹកនៅពេលស្រវឹងបែរជាប្រាប់ថា រកផ្ទះមិនឃើញទៅវិញ។
លោក ឡុង ឆេង៖ «ពេលយើងដឹកទៅដល់កន្លែងផ្លូវផ្ទះវ៉ិកតូរីយ៉ា យើងដាក់ចុះហើយ គាត់ថា អត់ទេ គាត់ធ្វើស្រវឹង ឈរគ្រវីក្បាល។ ខ្ញុំសួរថា បន្ទប់នៅណា ផ្ទះនៅណាខ្ញុំជូនទៅ? គាត់ប្រាប់ថា រកផ្ទះអត់ឃើញ មិនដឹងផ្ទះនៅណាទេ អ៊ីចឹងមកដេកផ្ទះរបស់ កាក់ ពៅ មក ដឹកមកដល់ដាក់ចូលនៅផ្ទះ ហើយខ្ញុំក៏ចេញទៅវិញទៅ»។
ក្រុមអ្នកភូមិបានអះអាងថា នៅពេលស្នាក់ផ្ទះរបស់លោកស្រី កាក់ ពៅ នោះ ស្រាប់តែឈ្មោះ រី ណាវី ដំបូងបានទូរស័ព្ទទៅប្រាប់ប្ដីថា មានគេចាប់ជំរិត ក្រោយមកកែថា មានគេចាប់រំលោភវិញ។សមត្ថកិច្ចកងរាជអាវុធហត្ថ ក៏បានចុះទៅចាប់ឈ្មោះ កាក់ ពៅ មុនគេ បន្ទាប់មកចាប់ឈ្មោះ ចែ ស និងបន្តទៅចាប់ឈ្មោះ រិទ្ធ បូរិន ដែលត្រូវជាកូនធម៌របស់ឈ្មោះ កាក់ ពៅ។
ក្រុមអ្នកភូមិ បញ្ជាក់ថា ឈ្មោះ រិទ្ធ បូរិន មានអាយុក្រោម ២០ឆ្នាំ ជាក្មេងស្លូតបូតត្រឹមត្រូវ ហើយនៅថ្ងៃកើតហេតុ ក្មេងប្រុសនោះមិនស្ថិតនៅក្នុងផ្ទះទេ គឺគាត់កំពុងរៀនជួសជុលទូរស័ព្ទនៅផ្ទះក្បែរគ្នាក្នុងភូមិ៖ «បូរិន ក្មេងជំទង់ ស្លូតបំផុតនៅក្នុងភូមិ។ អ្នកស្រុកអ្នកភូមិធ្វើសាក្សីឲ្យគ្រប់គ្នា គាត់នៅធ្វើទូរស័ព្ទផ្ទះជាងទូរស័ព្ទទេ ប្រហែលជា ៧ ទៅ ៨ម៉ែត្រពីផ្ទះកើតហេតុ។ មុនកើតហេតុ រិទ្ធ បូរិន ដេកនៅផ្ទះនោះមែន តែដល់មនុស្សស្រវឹងទៅ វាដើរចេញមកធ្វើទូរស័ព្ទមក ខ្ញុំក៏បានដើរទៅទិញកាតទូរស័ព្ទ រិទ្ធ បូរិន ហ្នឹងដែរ។ រឿងនេះមិនពិត ក្លែងបន្លំទាំងអស់ ចាប់មនុស្សទៅខុស ក្លែងបន្លំមកដេកផ្ទះគេហើយ យកទុក្ខទោសដាក់ម្ចាស់ផ្ទះគេអ៊ីចឹង ហើយមកចោទថា មនុស្សប្រុសហ្នឹងចាប់រំលោភ ខ្ញុំសូមបដិសេធចោល ប្រជាពលរដ្ឋច្រើនណាស់ទៅធ្វើសាក្សីនៅកន្លែងប៉េអិមពីម្សិល ទៅដល់គេដេញចេញគេមិនឲ្យចូល»។
លោក ជា ប៊ុននឿន ជាសាក្សីម្នាក់ទៀតអះអាងថា នៅពេលស្ត្រីឈ្មោះ រី ណាវី ស្នាក់នៅផ្ទះរបស់លោកស្រី កាក់ ពៅ ឈ្មោះ រិទ្ធ បូរិន ដែលគេចោទប្រកាន់នោះ កំពុងរៀនជួសជុលទូរស័ព្ទនៅផ្ទះអ្នកភូមិក្បែរគ្នា។
លោក នឿន អះអាងថា រិទ្ធ បូរិន មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ៖ «រិន ហ្នឹងនៅរៀនធ្វើទូរស័ព្ទ គ្នាជាក្មេង មិនដឹងអីគ្នា។ រឿងនេះជារឿងចោទប្រកាន់ដើម្បីជំរិតយកលុយយកកាក់ ជារឿងអយុត្តិធម៌ ហើយឥឡូវនេះប្រជាពលរដ្ឋបំណងថា នឹងផ្ដិតមេដៃធ្វើបាតុកម្មឡើងទៅថ្នាក់លើ ឥឡូវគេកំពុងផ្ដិតមេដៃដែលស្គាល់ឈ្មោះ រិន ហ្នឹង ជាមនុស្សល្អ វាដូចអយុត្តិធម៌ពេក»។
វិទ្យុអាស៊ីសេរី នៅពុំអាចទាក់ទងលោក រី ណាវី ដែលជាភាគីដើមចោទដើម្បីបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេ។ ចំណែកឯ ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បដិសេធមិនលើកទូរស័ព្ទធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តប៉ៃលិន អ្នកនាង ប្រាក់ សុភិមា បានថ្លែងថា យើងយល់ឃើញថា នៅក្នុងរឿងនេះមានភាពមិនប្រក្រតីច្រើន។
ចំណុចទី១ តាមផ្លូវច្បាប់ បើសិនគេចាប់ជនសង្ស័យដែលជាអ្នកសមគំនិតបាន លុះត្រាចាប់ជនសង្ស័យជាចារីបានជាមុនសិន ប៉ុន្តែនេះបែរជាចាប់ជនសង្ស័យដែលជាអ្នកសមគំនិតមុនជនសង្ស័យដែលជាចារីវិញ។ នេះប្រសិនបើមានករណីបទល្មើសកើតឡើងមែននោះ។ ចំណុចគួរឲ្យគត់សម្គាល់មួយទៀត គឺថា នៅក្រោយរយៈពេល ២៤ម៉ោង និង ៣៦ម៉ោង ក្រោយពីការចាប់ខ្លួន សមាគមអាដហុក បានព្យាយាមសុំការអនុញ្ញាតពីសមត្ថកិច្ចប៉េអិម ដើម្បីធ្វើការជួបសម្ភាសន៍ជាមួយជន សង្ស័យដែលគេចោទថា ជាជនសមគំនិត ប៉ុន្តែសមត្ថកិច្ចមិនអនុញ្ញាតឲ្យអាដហុក ជួបទេ ដោយបញ្ជាក់ថា ចាំជួបនៅតុលាការ។
អ្នកនាង ប្រាក់ សុភិមា៖ «...នេះគឺជាការចាប់ខ្លួនខុសនីតិវិធី។ ឲ្យតុលាការធ្វើការពិចារណាឲ្យបានល្អិតល្អន់ចំពោះបញ្ហាហ្នឹង ព្រោះធម្មតា យើងចង់ឲ្យមានយុត្តិធម៌ចំពោះជនរងគ្រោះដែលពិតប្រាកដ ព្រោះបើសិនជាមានបទល្មើសឧក្រិដ្ឋ មិនមែនឃុំមួយថ្ងៃ ឬក៏មួយខែនោះទេ អ៊ីចឹងបើសិនជារឿងហ្នឹងជារឿងចោទប្រកាន់ វាអត់មានយុត្តិធម៌សម្រាប់អ្នកជាប់ឃុំទេ»។
ជនសង្ស័យទាំងបីនាក់ បច្ចុប្បន្នត្រូវគេឃុំខ្លួនទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។ ក្រុមអ្នកភូមិអះអាងថា ពួកគាត់នឹងលើកគ្នាធ្វើការតវ៉ានៅពេលខាងមុខនេះទៀត ដើម្បីសុំដោះលែងលោកស្រី កាក់ ពៅ និងក្មេងប្រុសឈ្មោះ រិទ្ធ បូរិន។ ករណីនេះ ពួកគាត់យល់ថា ភាគីដើមចោទជាអ្នករៀបចំគម្រោងទម្លាក់កំហុសដើម្បីចាប់ខ្លួនមនុស្សទាំងបំពាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។