អ្នកស្រី ទេព វន្នី ថា​អ្នកស្រី​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ជា​លើក​ទី​១

ដោយ រ៉ាន់ សំណាង
2016-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​បឹងកក់ អ្នកស្រី ង៉ែត ឃុន លើក​បដា​ទាមទារ​ដោះលែង​តំណាង​អ្នកបឹងកក់ អ្នកស្រី ទេព វន្នី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
សកម្មជន​បឹងកក់ អ្នកស្រី ង៉ែត ឃុន លើក​បដា​ទាមទារ​ដោះលែង​តំណាង​អ្នកបឹងកក់ អ្នកស្រី ទេព វន្នី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ ហើយ​កំពុង​ជាប់​ឃុំ​នៅ​គុក​ព្រៃស ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​សាកសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​កាល​ពី ៤​ឆ្នាំ​មុន។ ខណៈ​តុលាការ​សាកសួរ អ្នកស្រី ទេព វន្នី មាន​សហគមន៍​ដីធ្លី​ជា​ច្រើន​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​អគារ​តុលាការ ស្រែក​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​គេ។

បន្ទាប់​ពី​ចូល​បំភ្លឺ​លើ​រឿង​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​ឃុំ​វិញ អ្នកស្រី ទេព វន្នី បាន​បន្សល់​កំណត់ហេតុ​ខ្លី​មួយ​ឲ្យ​បងស្រី​របស់​ខ្លួន​មក​ប្រាប់​សារព័ត៌មាន​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អ្នកស្រី​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​ក្រុង​ភ្នំពេញ លើ​រឿង​ព្រហ្មទណ្ឌ​ដែល​រង​ការ​ចោទ​ពី​បទ​ជេរ​ប្រមាទ​ជា​សាធារណៈ និង​គំរាម​ថា​នឹង​សម្លាប់ ដែល​ប្ដឹង​ដោយ​អតីត​តំណាង​អ្នក​បឹងកក់ លោកស្រី លី មុំ កាល​ពី​ខែ​មីនា ឆ្នាំ​២០១២។

ក្នុង​កំណត់​នោះ អ្នកស្រី ទេព វន្នី សរសេរ​ថា ចៅក្រម​ស៊ើបសួរ លោក អ៊ឹម វណ្ណៈ សម្រេច​មិន​ឃុំ​ខ្លួន​អ្នកស្រី​ទេ ហើយក៏​មិន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​សាលា​ខណ្ឌ​ដូនពេញ នោះ​ដែរ។

បងស្រី អ្នកស្រី ទេព វន្នី គឺ​លោកស្រី ហួត ចាន់សុវណ្ណ ដែល​ទទួល​បាន​កំណត់​ហេតុ​នេះ​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ជា​ថ្មី​ទៀត​ឲ្យ​ប្អូនស្រី​អ្នកស្រី​លើ​រឿង​ដែល​គេ​ចោទ​ថា បង្ក​ហិង្សា​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣៖ «ក្នុង​ករណី លី មុំ ប្ដឹង​ហ្នឹង ខ្ញុំ​ជឿ​ថា តុលាការ​ចៅក្រម​មាន​ភាព​យុត្តិធម៌​ចំពោះ​ប្អូន​ស្រី​ខ្ញុំ​មែន។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​បន្ត​បន្ទាប់​ទៀត​​នូវ​យុត្តិធម៌​នឹង​បន្ត​ដល់​ប្រជារាស្ត្រ​ខ្មែរ និង​បងប្អូន​ប្រជារាស្ត្រ​ខ្មែរ​យើង​ទាំង​អស់​នឹង​មាន​យុត្តិធម៌​ទៀត»

លោក ហម ស៊ុនរិទ្ធ ជា​មេធាវី​ការពារ​ក្ដី អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​ថា ថ្វី​បើ​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​កូនក្ដី​លោក​នៅ​ពេល​ក្ដី តែ​កូន​ក្ដី​លោក​នៅ​បន្ត​ជាប់​ឃុំ ដោយសារ​ជាប់​បណ្ដឹង​មួយ​ទៀត​លើ​រឿង​ដែល​ត្រូវ​តុលាការ​ចោទ​ថា បង្ក​អំពើ​ហិង្សា​មុខ​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១៣។ សំណុំ​រឿង​នេះ មេធាវី​រូប​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បិទ​ការ​ស៊ើបសួរ​ហើយ រង់ចាំ​តែ​ថ្ងៃ​បើក​សវនាការ។

ខណៈ​តុលាការ​សាកសួរ​អ្នកស្រី ទេព វន្នី មាន​សហគមន៍​ដីធ្លី​ប្រមាណ ៥០​នាក់ មក​ពី​បឹងកក់ បុរីកីឡា ជ្រោយចង្វារ និង​ក្រុម​អតីត​ស្ដ្រី​បឹងកក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​អគារ​តុលាការ ស្រែក​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​គេ។

ដៃ​កាន់​រូបថត​អ្នកស្រី ទេព វន្នី ឱប​នៅ​នឹង​ទ្រូង លាយឡំ​នឹង​ទឹក​មុខ​ក្រៀមក្រំ ម្ដាយ​អ្នកស្រី ទេព វន្នី គឺ​លោកស្រី ស៊ី ហៀប ថ្លែង​ថា កូនស្រី​លោកស្រី​មិន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ស្ត្រី​វ័យ ៦០​ឆ្នាំ​ប្លាយ​រូប​នេះ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ផ្ដល់​យុត្តិធម៌​ឲ្យ​កូនស្រី​គាត់​ដែល​កំពុង​ជាប់​ឃុំ៖ «កុំ​ធ្វើ​បាប ​វន្នី ដល់​ថ្នាក់​ហ្នឹង​ពេក។ វន្នី មិន​ដែល​ធ្វើ​បាប​អ្នក​ណា​ទេ វន្នី ជា​ស្ត្រី​ទន់​ខ្សោយ ហើយ​គេ​តែ​ចោទ​ប្រកាន់​កូន​ខ្ញុំ​ ដាក់​បន្ទុក​លើ​កូន​ខ្ញុំ​ហើយ​ដាក់​ទៀត មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដើម្បី​យក​កូន​ខ្ញុំ​មក​ដាក់​គុក។ នេះ​ជា​ពាក្យ​គេ​ចោទ​ប្រកាន់​ទេ គ្មាន​ភស្តុតាង​ពិត​ប្រាកដ​ទេ ​ពាក្យ​អស់​ទាំង​នេះ។ សូម​ឲ្យ​តុលាការ​ដោះលែង​កូន​ខ្ញុំ​មក»

​បើ​ទោះ​បី​ដឹង​ថា ស្ថានការណ៍​នយោបាយ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​ថ្នាក់ដឹកនាំ​បក្ស​ទាំង​ពីរ​ដែល​បង្ហាញ​សញ្ញា​ថា អ្នកស្រី ទេព វន្នី មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប មាន​សេរីភាព​ឡើង​វិញ តំណាង​អ្នក​បឹងកក់ អ្នកស្រី បូវ សោភា ស្នើ​ឲ្យ​អ្នក​នយោបាយ​ឈប់​យក​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​អស់​នោះ ជា​ចំណាប់​ខ្មាំង​សម្រាប់​ការ​ដោះដូរ​ផ្នែក​នយោបាយ​ត​ទៅ​ទៀត៖ «ពិត​ប្រាកដ​ហើយ! បើ​សិន​ជា​រឿង​នយោបាយ មាន​ការ​ត្រូវ​គ្នា​ពី​មុន​មក​ដូច​ថា ពី​មុន​មក​មាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ សម្រាប់​ស្ត្រី​នៅ​តំបន់​បឹងកក់ ចំនួន ៧​នាក់​ដែរ​ ជាប់​គុក ៥​ខែ​ជាង។ អ៊ីចឹង! វា​ជា​លើក​ទី​បី​ហើយ សម្រាប់​អ្នកស្រី ទេព វន្នី គាត់​ជា​អ្នក​រងគ្រោះ​ដីធ្លី ហើយ​ជា​អ្នក​រង​គ្រោះ និង​ជា​អ្នក​រងគ្រោះ​នៃ​រឿង​នយោបាយ ពេល​ដែល​គេ​អត់​ត្រូវ​គ្នា គឺ​គេ​ចាប់​ពួក​ខ្ញុំ​មក​ធ្វើ​ជា​ចំណាប់​ខ្មាំង។ ទាំង​អស់​ហ្នឹង​ជា​រឿង​អយុត្តិធម៌ ពួក​ខ្ញុំ​នៅ​តំបន់​បឹងកក់»

ក្នុង​ឃ្លា​ចុង​ក្រោយ​នៃ​កំណត់ត្រា​របស់​អ្នកស្រី ទេព វន្នី សរសេរ​ថា អ្នកស្រី​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​អ្នកស្រី​លើ​រឿង​ហិង្សា​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ខាង​មុខ ក៏​ដូចជា​មន្ត្រី​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និង​អ្នក​ទោស​មនសិការ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

ទស្សនា​វីដេអូ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល