សង្គម​ស៊ីវិល​ខេត្ត​ព្រះវិហារ​ឃ្លាំមើល​ចំណាត់ការ​របស់​តុលាការ​លើ​វៀតណាម​៤​នាក់

ដោយ ហង្ស សាវយុត
2014-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​ខេត្ត​ព្រះវិហារ
សាលា​ដំបូង​ខេត្ត​ព្រះវិហារ
RFA/Keo Nimol

អង្គការ​ក្រៅ​រដ្ឋាភិបាល​អះអាង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម ៤​នាក់ ដែល​លួច​ចូល​តាម​ច្រក​ព្រំដែន​ប្រទេស​ឡាវ មក​កាប់​ឈើ​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ ការ​ចាប់​ខ្លួន​នោះ អាជ្ញាធរ​ខ្មែរ​រឹប​អូស​បាន​រថយន្ត​ត្រើយស្ទូច និង​ដឹក​ឈើ ចំនួន ៤​គ្រឿង យក​មក​ដាក់​នៅ​តុលាការ​ខេត្ត​ព្រះវិហារ​ផង។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា គេ​កំពុង​តាម​ឃ្លាំមើល​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​តុលាការ​ទៅ​លើ​បុរស​ជនជាតិ​វៀតណាម ៤​នាក់ ដែល​លប​លួច​ចូល​មក​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹក​ដី​ខ្មែរ​ដោយ​ប្រើ​រថយន្ត​ធំៗ។

​ការ​តាម​ឃ្លាំមើល​នេះ​គឺ​នៅ​ស្រប​ពេល​ដែល​គេ​ព្រួយ​បារម្ភ​ថា ស្ថាប័ន​នេះ​អាច​នឹង​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម ទាំង​នោះ ហើយ​អាច​ដោះលែង​ទៅ​វិញ។

​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ គឺ​លោក ឡោ ចាន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែ​ធ្នូ ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ គឺ​មាន​ជនជាតិ​វៀតណាម ចំនួន ៥​នាក់ បាន​លួច​ឆ្លង​ដែន​តាម​ប្រទេស​ឡាវ ហើយ​ចូល​មក​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ។ លោក ឡោ ចាន់ បញ្ជាក់​ថា នៅ​ពេល​ដែល​សមត្ថកិច្ច​ខ្មែរ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ គឺ​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​វៀតណាម ចំនួន ៤​នាក់ ឯ​ម្នាក់​ទៀត​បាន​គេច​ខ្លួន​រួច។

លោក ឡោ ចាន់ ជំរុញ​ឱ្យ​តុលាការ​ខេត្ត​ព្រះវិហារ ត្រូវ​តែ​ផ្ដន្ទាទោស​ទៅ​លើ​ជនជាតិ​វៀតណាម ទាំង​នោះ ពីព្រោះ​ពួកគេ​ចូល​មក​កម្ពុជា គ្មាន​លិខិត​ឆ្លង​ដែន ព្រម​ទាំង​បំផ្លាញ​ព្រៃឈើ​ផង៖ «វៀតណាម​មក​តាម​កំពង់​ស្រឡៅ​ឆ្លង​ចូល​មក​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត គ្មាន​លិខិត​ឆ្លង​ដែន។ សមាគម​អាដហុក ស្នើ​សុំ​ឱ្យ​តុលាការ​ខេត្ត​ព្រះវិហារ មាន​ការ​ដាក់​ទោស​ឱ្យ​យុត្តិធម៌»

​ទោះ​យ៉ាង​ណា មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា មាន​ការ​ចាប់​ខ្លួន​ជនជាតិ​វៀតណាម ចូល​មក​កាប់​ឈើ​ខុស​ច្បាប់​គឺ​ជា​រឿង​មិន​ពិត។

​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក លី លន់ មាន​ប្រសាសន៍​ថា តុលាការ​បាន​ចោទ​ប្រកាន់​បុរស ៤​នាក់ ដែល​រដ្ឋបាល​ព្រៃ​ឈើ​ចាប់​ខ្លួន​នោះ ពី​បទ​ប្រមូល​ផល​ព្រៃឈើ​ដោយ​ប្រើ​រណា​យន្ត​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​បដិសេធ​ថា បុរស​ទាំង ៤ មិន​មែន​ជា​ជនជាតិ​វៀតណាម ដែល​លួច​ចូល​មក​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​ដូច​ការ​អះអាង​នោះ​ទេ គឺ​ពួកគេ​សុទ្ធ​តែ​ជា​ជនជាតិ​ខ្មែរ។

​លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ថា បច្ចុប្បន្ន​ជន​ទាំង ៤​នាក់ ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ឯ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រមូល​ផល​ព្រៃឈើ​ដោយ​ប្រើ​រណារ​យន្ត គឺ​បុរស​ទាំង ៤ អាច​ប្រឈមមុខ​នឹង​ការ​មាន​ទោស៖ «ប្រមូល​ទោស​វា ២​ឆ្នាំ ទៅ ៥​ឆ្នាំ»

​ទោះ​យ៉ាង​ណា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ នៅ​តែ​អះអាង​ថា បុរស​ទាំង​៤ គឺ​ពិត​ជនជាតិ​វៀតណាម ដែល​ចូល​មក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ខ្មែរ ពីព្រោះ​ប៉ុន្មាន​ថ្ងៃ​មុន​គេ​ដឹង​ថា នៅ​ពេល​តុលាការ​សាកសួរ គឺ​ជនជាប់ចោទ​បាន​ទាមទារ​ឱ្យ​មាន​អ្នក​បក​ប្រែ​ភាសា។

​ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ក៏​អះអាង​ប្រហាក់​ប្រហែល​គ្នា​ដែរ ដោយសារ​មន្ត្រី​តុលាការ​ខ្លះ​បាន​ប្រាប់​លោក​ថា បុរស​ទាំង ៤ ដែល​ចាប់ខ្លួន​ពី​ស្រុក​ជាំក្សាន្ត ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុសច្បាប់​នោះ គឺ​ជនជាតិ​វៀតណាម សុទ្ធ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

Vietnam used Khmer ID Card and they had change to like the Cambodian's name All things were made in Cambodia from 1979s until now.

Dec 17, 2014 10:56 PM

អ្នក​អាន​អនាមិក

ជនជាតិ វៀតណាម ទាំង 4 នាក់នេះ បើចូលទៅប្រទេសថៃ នឹងត្រូវ ទាហានតម្រួតថៃ បាញ់ស្លាប់ជាមិនខាន !

Dec 17, 2014 09:07 AM

គេហទំព័រ​ទាំងមូល