សាលា​ដំបូង​មិន​អនុញ្ញាត​ឲ្យ​លោក វន់ ពៅ ​នៅ​ក្រៅ​ឃុំ

ដោយ អ៊ុក សាវបូរី
2014-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ និង​គ្រួសារ លោក វន់ ពៅ នាំ​គ្នា​លើក​បដា​តវ៉ា​ខាង​ក្រៅ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ និង​អ្នក​ទាំង ២០​នាក់​ផ្សេង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
ប្រជាពលរដ្ឋ និង​គ្រួសារ លោក វន់ ពៅ នាំ​គ្នា​លើក​បដា​តវ៉ា​ខាង​ក្រៅ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​ដោះ​លែង លោក វន់ ពៅ និង​អ្នក​ទាំង ២០​នាក់​ផ្សេង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៤។
RFA/Ouk Savborey

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា សម្រេច​ជា​ថ្មី​ទៀត​ដោយ​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​លោក សុគន្ធ សម្បត្តិពិសិដ្ឋ ដែល​ឋិត​ក្នុង​ចំណោម​មនុស្ស​ចំនួន ២១​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង។ បញ្ហា​នេះ អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា អ្នក​ទាំង ២​នាក់ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​មជ្ឈិម​ដែល​គួរ​តែ​អាច​នៅ​ក្រៅ​ឃុំ។

សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា ចៅក្រម​ពុំ​បាន​អនុញ្ញាត​ឲ្យ លោក វន់ ពៅ ប្រធាន​សមាគមន៍​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លោក សុគន្ធ សម្បត្តិពិសិដ្ឋ មន្ត្រី​អង្គការ​ក្លារី បាន​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​របួស​តាម​ការ​ស្នើសុំ​ពី​ក្រុម​គ្រួសារ និង​មេធាវី​របស់​ពួក​គេ​ឡើយ។

លោក គីម សុជាតិ មេធាវី​ការពារ​ក្តី លោក វន់ ពៅ ថ្លែង​ថា ចៅក្រម​សំអាង​ហេតុ ២​ចំណុច​សំខាន់ គឺ​ទី​១ បើ​ដោះ​លែង លោក វន់ ពៅ នៅ​ក្រៅ​ឃុំ លោក វន់ ពៅ អាច​បង្ក​ចលាចល។ ទី​២ ខាង​ពន្ធនាគារ​មិន​បាន​បញ្ជាក់​មក​តុលាការ​ថា លោក វន់ ពៅ មាន​ជំងឺ​ធ្ងន់​ដែល​ត្រូវ​សុំ​នៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ​នោះ​ទេ៖ «អ៊ីចឹង​មូលហេតុ​សំខាន់​ធំ​ទាំង​២​ហ្នឹង ជា​មូលហេតុ​ដែល​នាំ​ឲ្យ​តុលាការ​សម្រេច​បដិសេធ​ពាក្យ​ស្នើសុំ​របស់​ខ្ញុំ ហើយ​បន្ត​ឃុំ​ខ្លួន លោក វន់ ពៅ បន្ត​ទៀត»

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ប្រមាណ ១០០​នាក់ មក​ពី​សហគមន៍​ដីធ្លី និង​សមាជិក​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ស្រែក​ទាមទារ​នៅ​មុខ​តុលាការ​សាលា​ដំបូង ដើម្បី​សុំ​ឲ្យ​តុលាការ​ដោះ​លែង​តាម​ការ​ស្នើសុំ៖ «ដូច្នេះ​ហើយ​ត្រូវ​តែ​សម្រេច​ចិត្ដ​ដោះ​លែង​ឲ្យ លោក វន់ ពៅ នៅ​ក្រៅ​ឃុំ​ជា​បន្ទាន់»

អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយា លោក វន់ ពៅ បាន​ថ្លែង​ថា ប្ដី​គាត់​មាន​ជំងឺ​ដុំ​សាច់​មហា​រីក​នៅ​ត្រង់​ក្រលៀន។ អ្នកស្រី​ថា តុលាការ​នៅ​តែ​មិន​ព្រម​ឲ្យ​ប្ដី​គាត់ (វន់ ពៅ) បាន​នៅ​ក្រៅ​ឃុំ​ឡើយ ហើយ​ថែម​ទាំង​បដិសេធ​ថា​មិន​មាន​ឯកសារ​ពី​ពន្ធនាគារ​បញ្ជាក់​ថា លោក វន់ ពៅ ឈឺ​ទេ បើ​ទោះ​បី​តុលាការ​បាន​ទទួល​ឯកសារ​បញ្ជាក់​ពី​គ្រូពេទ្យ​ក៏ដោយ៖ «នេះ​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ស្វាមី​ខ្ញុំ ដោយសារ​តែ​ស្វាមី​ខ្ញុំ ពិត​ជា​មាន​ជំងឺ​ពិត​ប្រាកដ​មែន ហើយ​ស្វាមី​ខ្ញុំ​ពិត​ជា​មាន​ក្រដាស​បញ្ជាក់​ចេញ​ពី​មន្ទីរពេទ្យ​បំរុងរ៉ាត់ ប្រទេស​ថៃ ពិត​ជា​មាន​ជំងឺ​ដុំ​សាច់​មហា​រីក ដែល​ត្រូវ​តែ​បន្ត​ការ​ព្យាបាល​ត​ទៅ​មុខ​ទៀត តែ​បែរ​ជា​តុលាការ​ថា លោក វន់ ពៅ មិន​មាន​ជំងឺ​ទេ»

លោក យួម សុគន្ធ ជា​ឪពុក លោក សុគន្ធ សម្បត្តិពិសិដ្ឋ ថ្លែង​ថា កូន​គាត់​ត្រូវ​អង្គការ​ក្លារី បញ្ជា​ឲ្យ​ចុះ​ទៅ​ស៊ើប​អង្កេត​ករណី​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ នៅ​រោងចក្រ យ៉ាក ជីន (Yak Jin) ស្រាប់​តែ​ក្រុម​យោធា​កងពល​ឆត្រ​យោង​ចាប់​កូន​គាត់​វាយ​ដំ ធ្វើ​ឲ្យ​បាក់​ម្រាម​ដៃ​៤ និង​បាក់​ក​ដៃ និង​ទាត់​ធាក់​គ្រាំ​ក្នុង​ធ្ងន់ធ្ងរ ហើយ​ចាប់​កូន​គាត់​ដាក់​គុក​តាំង​ពី​ពេល​នោះ​មក៖ «ហើយ​កូន​ខ្ញុំ​អត់​មាន​បាន​ទៅ​នាំ​ធ្វើ​បាតុកម្ម​អី កូន​ខ្ញុំ​អត់​មាន​ញុះញង់​អ៊ីចឹង​ទេ។ កូន​ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សង្កេតការណ៍​ដូច​អស់​លោក​អ៊ីចឹង»

សវនាការ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា នោះ មិន​មាន​វត្តមាន លោក វន់ ពៅ និង​លោក សុគន្ធ  សម្បត្តិពិសិដ្ឋ ក្នុង​អង្គ​ជំនុំ​ជម្រះ​ទេ។ លោក វន់ ពៅ លោក សុគន្ធ សម្បត្តិពិសិដ្ឋ និង​មនុស្ស ១៩​នាក់​ទៀត ត្រូវ​អាជ្ញាធរ​បាន​ចាប់​ដាក់​ឃុំ​តាំង​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ក្នុង​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​ដល់ ១៦០​ដុល្លារ។

អ្នកស្រី យ៉ោម បុប្ផា អ្នក​ការពារ​ដីធ្លី​បឹងកក់ ថ្លែង​ថា តុលាការ​ក្នុង​ប្រទេស​កម្ពុជា រង​នូវ​ការ​រិះគន់​ថា មិន​សូវ​ផ្តល់​យុត្តិធម៌​ដល់​ជន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬ​អ្នក​ការពារ​ដីធ្លី​ទេ តែ​ចំពោះ​សំណុំ​រឿង លោក វន់ ពៅ អ្នកស្រី​សង្ឃឹម​ថា តុលាការ​សាលា​ដំបូង​នឹង​ប្រឹងប្រែង​ដោះស្រាយ​ដោយ​យុត្តិធម៌៖ «កែប្រែ​ឡើង​វិញ ព្រោះ​ថា​ប្រជាពលរដ្ឋ​រង​ទុក្ខ​វេទនា ហើយ​ឈឺ​ចាប់​ខ្លាំង​ណាស់ ដោយសារ​ប្រព័ន្ធ​តុលាការ​នេះ»

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា អ្នក​ទាំង ២៣​នាក់ ដែល​ជាប់​ពន្ធនាគារ ពួក​គេ​ត្រូវ​បាន​ចោទ​ពី​បទ​មជ្ឈិម​ដែល​អាច​នៅ​ក្រៅ​ឃុំ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ក្រោយ​ចូល​ឆ្នាំ​ខ្មែរ តុលាការ​សាលា​ដំបូង​នឹង​បើក​សវនាការ​សំណុំ​រឿង​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ស្ពាន​ស្ទឹងមានជ័យ ផ្លូវ​វ៉េងស្រេង និង​ករណី លោក វន់ ពៅ៖ «ហើយ​មួយ​ទៀត យើង​ដឹង​ហើយ​ថា បទ​ល្មើស​នៃ​ការ​ចោទ​ប្រកាន់ ជា​បទ​ល្មើស​មជ្ឈិម ដែល​អាច​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន។ អ៊ីចឹង​ការ​ព្យាបាល​សុខភាព វា​ជា​រឿង​មួយ​សំខាន់​ណាស់ បើ​យើង​ផ្អែក​ទៅ​លើ​មនុស្ស​ធម៌​នោះ​វិញ»

ក្រោយ​ពី​មាន​ការ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ប្រើ​អំណាច​របស់​ខ្លួន ឲ្យ​ត្រូវ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រមាណ​កន្លះ​ម៉ោង ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​ខែល និង​ដំបង បាន​ប្រើ​កម្លាំង​ប្រមាណ ៣០​នាក់ រុញ​ច្រាន​អ្នក​ស្រែក​គាំទ្រ​ឲ្យ​ដោះ​លែង លោក វន់ ពៅ អោយ​ចេញ​ពី​មុខ​របង​តុលាការ។ ពួក​គេ​ក៏​បាន​បន្ត​ទៅ​ស្រែក​ទាមទារ​នៅ​ក្បែរ​របង​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក វិញ។ នៅ​ម៉ោង​ជិត ១០​ព្រឹក ក្រុម​អ្នក​គាំទ្រ​បាន​រំសាយ​ពី​ការ​តវ៉ា ដោយ​មិន​មាន​អំពើ​ហិង្សា ក្រៅ​ពី​ពាក្យ​សម្ដី​ឌឺដង​ដាក់​គ្នា​រវាង​សមត្ថកិច្ច និង​អ្នក​រងគ្រោះ​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល