មន្ត្រីអង្គការសិទ្ធិមនុស្ស ដែលឃ្លាំមើលករណីនេះ បានស្វាគមន៍ចំពោះចំណាត់ការតុលាការ ហើយថា នេះជាសញ្ញាមួយល្អសម្រាប់អ្នកចូលរួមបោះឆ្នោត ដែលជឿទុកចិត្តចំពោះប្រព័ន្ធតុលាការ និងអាជ្ញាធរ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុន្នី សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា ឃី គឹមលន់ អាយុ ៤៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់ពន្ធនាគារបណ្ដោះអាសន្ននៅព្រឹកថ្ងៃទី៩ ខែកក្កដា ក្រោមបទចោទប្រកាន់ប្រើប្រាស់អាវុធខុសច្បាប់។
ប្រភពពីតុលាការឲ្យដឹងថា ការឃុំខ្លួននេះធ្វើឡើងតាមមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។ បើតុលាការរកឃើញថា លោក ឃី គឹមលន់ មានពិរុទ្ធភាពដូចការចោទប្រកាន់មែន លោកអាចជាប់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ។
កាលពីយប់ថ្ងៃទី៥ ខែកក្កដា មានអំពើហិង្សាមួយបានកើតឡើងចំពោះក្បួនឃោសនាគណបក្សសង្គ្រោះជាតិ នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បណ្ដាលឲ្យយុវជន ៣នាក់ ដែលចូលរួមក្នុងយុទ្ធនាការឃោសនានោះរងរបួស។ ជនរងគ្រោះបានអះអាងថា ពួកគេរងរបួសដោយការវាយតប់ និងប៉ះទង្គិចដោយដុំថ្ម កែវ និងដប ដែលភាគីម្ខាងទៀតបានគប់មកលើក្បួននៅពេលដែលក្បួនហែមកដល់មុខផ្ទះលោកឧកញ៉ា ឃី គឹមលន់ និងមានបាញ់កាំភ្លើងឡើងលើដើម្បីគំរាមដែរ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤នាក់។ ប៉ុន្តែក្រោយការសាកសួរ មនុស្ស ២នាក់ ត្រូវបានដោះលែងដោយសម្អាងថាមិនមានជាប់ពាក់ព័ន្ធនឹងការបាញ់បោះនោះទេ។ រីឯ ២នាក់ផ្សេងទៀត រួមមាន លោក ឧកញ៉ា ឃី គឹមលន់ និងឈ្មោះ អ៊ុង ចាន់ថន ត្រូវបានបញ្ជូនទៅតុលាការ ប៉ុន្តែចៅក្រមសម្រេចចេញដីកាឃុំខ្លួនតែលោក ឃី គឹមលន់ ម្នាក់ប៉ុណ្ណោះ ដាក់ក្នុងពន្ធនាគារបណ្ដោះអាសន្ន។
អនុប្រធានគណៈកម្មាធិការវិន័យ និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ លោក ហូរ វ៉ាន់ យល់ថា ការសម្រេចឃុំខ្លួនតែឧកញ៉ា ឃី គឹមលន់ តែម្នាក់នោះ ជារឿងដែលមិនអាចទទួលយកបានទេ ព្រោះលោកមានភស្តុតាងបង្ហាញថា ឈ្មោះ អ៊ុង ចាន់ថន មានកាន់អាវុធអាកា ហើយបុគ្គលរូបនោះផ្ទាល់ក៏បានសារភាពថា ខ្លួនជាអ្នកបាញ់កាំភ្លើងផងដែរ។
ទោះជាចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ ក្នុងការបាញ់បោះសេរីក៏ដោយ ក៏មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមន៍អាដហុក (Adhoc) លោក ចាន់ សុវ៉េត យល់ថា វាជាសញ្ញាមួយល្អសម្រាប់អ្នកចូលរួមបោះឆ្នោត ដែលជឿទុកចិត្តចំពោះប្រព័ន្ធតុលាការ និងអាជ្ញាធរ ហើយនេះជាអ្វីដែលអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋចង់បាន។
លោក ចាន់ សុវ៉េត បញ្ជាក់ថា ការបាញ់បោះគំរាមកំហែងណាមួយដល់អ្នកចូលរួមឃោសនាបោះឆ្នោត ជាការជះឥទ្ធិពលមួយអាក្រក់ដល់ដំណើរការបោះឆ្នោតសេរី និងយុត្តិធម៌។ លោកទទូចស្នើសុំឲ្យរដ្ឋាភិបាលជួយទប់ស្កាត់នូវអំពើហិង្សាឲ្យខានតែបាន និងធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នាចំពោះមុខច្បាប់ ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅល្អ និងអាចជឿទុកចិត្តបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។