តុលាការ​លើក​ពេល​សវនាការ​ជា​ថ្មី​លើ​សំណុំ​រឿង​មនុស្ស​២៣​នាក់​ទៅ​ថ្ងៃ​២៥​មេសា

ដោយ ខែ សុណង
2014-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គការ​សង្គម​ស៊ីវិល​លើក​បដា​ទាមទារ​ដោះលែង​មនុស្ស ២៣​នាក់​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ពេល​ដើរ​ដាក់​ញត្តិ​នៅ​ខាង​មុខ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១៤។
អង្គការ​សង្គម​ស៊ីវិល​លើក​បដា​ទាមទារ​ដោះលែង​មនុស្ស ២៣​នាក់​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ពេល​ដើរ​ដាក់​ញត្តិ​នៅ​ខាង​មុខ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១៤។
RFA/Mom Sophon

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​ពេល​ជា​ថ្មី​ចំពោះ​សវនាការ​លើ​សំណុំ​រឿង​មនុស្ស ២៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​រោងចក្រ យ៉ាក ជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់​ខែ​កម្មករ ១៦០​ដុល្លារ។ តាម​គម្រោង​ចាស់ សវនាការ​នឹង​បើក​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ប៉ុន្តែ​ពេល​នេះ​ត្រូវ​កំណត់​លើក​ទៅ​ទៅ​ថ្ងៃ​ទី​២៥ មេសា វិញ។ ក្រៅ​អំពី​សំណុំ​រឿង​នេះ ក៏​មាន​ករណី​ផ្សេង​ទៀត​ដែល​ចៅក្រម​លើក​ពេល​សវនាការ​ដូច​គ្នា។

មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​របស់​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ដីកា​កំណត់​ពេល​សវនាការ​ថ្មី ដែល​ចេញ​ស្រប​គ្នា​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ដោយ​ថា ការ​លើក​ពេល​សវនាការ​នេះ គឺ​ជា​រឿង​នយោបាយ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ដាច់​ដោយ​ឡែក​ចំនួន​៣ កំណត់​ពេល​សវនាការ​ថ្មី​លើ​សំណុំ​រឿង​មនុស្ស ២៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​រោងចក្រ យ៉ាក ជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់​ខែ​កម្មករ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា មក​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា វិញ។

ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បាន​ថ្លែង​ថា ចៅក្រម​សាលា​ដំបូង​បាន​បញ្ជាក់​មូលហេតុ​ថា ការ​ពន្យារ​ពេល​នេះ គឺ​ដោយសារ​កៀក​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ពេក។ លោក​ថា ការ​លើក​ពេល​នេះ ទំនង​ដោយសារ​បរិបទ​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា លោក​ថា ការ​ពន្យារ​ពេល​លើ​សំណុំ​រឿង​អ្នក​ទាំង ២៣​នាក់​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​របស់​ជន​ជាប់​ចោទ នៅ​គ្រា​ដែល​ពួក​គេ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ដើម្បី​ព្យាបាល​ជំងឺ​ជាច្រើន​លើក តែ​ត្រូវ​បដិសេធ​នោះ៖ «បើ​សិន​ជា​ហេតុផល​នៃ​ការ​កៀក​ចូល​ឆ្នាំ​ហ្នឹង ការ​ដាក់​កាល​បរិច្ឆេទ​យូរ​មក​ហើយ​នោះ គឺ​គិត​ឃើញ​ហើយ។ ប៉ុន្តែ​យើង​គិត​ឃើញ​ថ្មីៗ​នេះ ស្ថានភាព​នៃ​នយោបាយ​នៅ​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន ជាពិសេស​គឺ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ បាន​ជួប​ចរចា​គ្នា​តាម​ទូរស័ព្ទ​ផ្ទាល់។ ក្រោយ​មក​នេះ យើង​ឃើញ​មាន​ការ​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​សវនាការ​ទាំងអស់​ហ្នឹង ហើយ​យើង​ទាំងអស់​គ្នា​ពី​មុន​មក យើង​តែង​តែ​គិត​ហើយ​ថា អ្នក​ទាំង ២៣​នាក់​ហ្នឹង វា​មិន​មាន​អ្វី​ដូច​ការ​ចោទ​ប្រកាន់​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​បញ្ហា​នយោបាយ​ទេ​ដែល​ផ្សារភ្ជាប់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ហ្នឹង​ជាប់​ពន្ធនាគារ​នោះ។ រឿង​នេះ​វា​ស៊ី​សង្វាក់​ក្នុង​ការ​លើក​ពេល ពីព្រោះ​សំណុំ​រឿង​ចៅក្រម​ផ្សេង​គ្នា។ នៅ​ពេល​កំណត់​ពេល​តែ​មួយ នៅ​ពេល​ដែល​លើក​នៅ​ពេល​តែ​មួយ»

ចៅក្រម​សាលា​ដំបូង​ចំនួន ៣​នាក់ ដែល​កាន់​សំណុំ​រឿង​នេះ គឺ​មាន​លោក​ចៅក្រម លាង សំណាត់ ចៅក្រម ឆែ វីរៈ និង​ចៅក្រម កែវ មុនី។ ចៅក្រម​ទាំង ៣​រូប នៅ​ថ្ងៃ​ទី​១១ ខែ​មេសា មិន​អាច​ទាក់ទង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ថា ការ​កំណត់​ពេល​សវនាការ​ថ្មី​នេះ គឺ​ជា​រឿង​នយោបាយ​នោះ​បាន​ទេ។

ទាក់ទង​នឹង​ការ​ពន្យារ​ពេល​សវនាការ​នេះ អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយា លោក វន់ ពៅ ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​រិះគន់​ការ​លើក​ពេល​នេះ​ថា ជា​លេស​មួយ​របស់​តុលាការ។ អ្នកស្រី​សំណូមពរ​ឲ្យ​មាន​សវនាការ​ដ៏​យុត្តិធម៌​មួយ​នោះ នឹង​មាន​ក្ដី​សង្ឃឹម​ថា អ្នក​ទាំងអស់​អាច​ដោះ​លែង និង​មាន​សេរីភាព​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​មាន​សវនាការ​កាត់​កាត់​ក្ដី​នេះ​ឲ្យ​ត្រឹមត្រូវ​ពិត​ប្រាកដ ឲ្យ​យុត្តិធម៌​សម្រាប់​គ្រួសារ​ខ្ញុំ ហើយ​ការ​ពន្យារ​ពេល​នេះ គឺ​ជា​លេស​មួយ​របស់​តុលាការ​រក​កិកកុក​ចង់​ធ្វើ​អ្វី​ទៀត ក៏​ខ្ញុំ​មិន​ដឹង​អ្វី​ដែរ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ ពីព្រោះ​ខ្ញុំ​ចង់​ឲ្យ​មាន​សវនាការ​ឆាប់ៗ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ប្ដី​ខ្ញុំ​ឆាប់ៗ»

ចំណែក លោក យួម សុគន្ធ ជា​ឪពុក​របស់​ជន​ជាប់​ចោទ ឈ្មោះ សុគន្ធ សម្បត្តិពិសិដ្ឋ បារម្ភ​ពី​សុខភាព​កូន​របស់​គាត់​ដែល​មាន​របួស​ក្នុង​ពេល​កម្លាំង​បង្ក្រាប។ លោក​ថា បើ​សិន​ជា​សវនាការ​ប្រកប​ដោយ​យុត្តិធម៌ កូន​គាត់​នឹង​រួច​ខ្លួន ហើយ​គាត់​នឹង​នាំ​កូន​ទៅ​ព្យាបាល​ជំងឺ៖ «ខ្ញុំ​ចង់​ឲ្យ​កាត់​ឆាប់ៗ ដើម្បី​ដឹង​ថា​កូន​ខ្ញុំ​យ៉ាង​ម៉េចៗ បើ​ថា​បាន​កូន​ខ្ញុំ​នៅ​ក្រៅ​ឃុំ។ ខ្ញុំ​នឹង​ព្យាបាល​ខ្ញុំ​ខ្លាច​ក្រែង​ខូច​អនាគត​កូន​ខ្ញុំ ដៃ​របស់​កូន​ខ្ញុំ​វា​ចេះ​តែ​ស្វិត​ទៅ ហើយ​ម្រាម​ដៃ គឺ​បាក់​នៅ​តែ​បាក់​ដដែល ឆ្អឹង​ដែល​បាក់​ហ្នឹង ហើយ​មួយ​ទៀត​អា​ខាង​ក្នុង​នោះ វា​ត្អូញត្អែរ​ប្រាប់​ខ្ញុំ​ថា វា​ឈឺ​ក្នុង​ខ្លួន ព្រោះ​មុន​នឹង​គេ​វាយ​គេ​ទាត់​គេ​ធាក់​នោះ កូន​ខ្ញុំ​បែក​ប្លោក​នោម កាល​នោះ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ពេទ្យ​មិន​បាន​ព្យាបាល​ដិត​ដល់​ទេ ហើយ​ខ្ញុំ​ចេះ​តែ​ជញ្ជូន​ថ្នាំ​ទៅ ហើយ​បាន​ពេទ្យ​អង្គការ​អី​ជួយ​ផ្សំផ្គុំ​គ្នា​ខ្លះ​ទៅ កាល​ណា​នៅ​យូរ​ទៅ​ខ្ញុំ​ដូច​អស់​សង្ឃឹម»

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា ជន​សង្ស័យ​ទាំង ២៣​នាក់​នោះ ត្រូវ​កង​កម្លាំង​ចម្រុះ​រដ្ឋាភិបាល​ចាប់​ខ្លួន​នៅ​ពេល​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០​ដុល្លារ។ ស្រប​គ្នា​នោះ កង​កម្លាំង​រដ្ឋាភិបាល​បាន​ចុះ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច និង​ផ្ទុះ​អាវុធ​បណ្ដាល​ឲ្យ​មនុស្ស ៥​នាក់​ស្លាប់ និង​របួស​ជាង ៤០​នាក់។ អ្នក​ទាំង ២៣​នាក់ បាន​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ប៉ុន្តែ​ថ្មីៗ​តុលាការ​បាន​សម្រេច​ដោះ​លែង ២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​វិញ។ អ្នក​ទាំង​នោះ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​មួយ​ចំនួន ដូច​ជា បទ​ប្រើប្រាស់​ហិង្សា​ដោយ​ចេតនា បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ បទ​បិទ​ផ្លូវ​សាធារណៈ​បង្ក​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ និង​បទ​ប្រមាថ។

រឿង​ដាច់​ដោយ​ឡែក​មួយ​ទៀត នៅ​ថ្ងៃ​ទី​១១ មេសា សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​លើក​ពេល​សវនាការ​យុវជន​ពីរ​នាក់ គឺ​យុវជន មាស នន់ និង​យុវជន វណ្នី វណ្ណន ដែល​កង​កម្លាំង​រដ្ឋាភិបាល​ចាប់​ខ្លួន​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​ស្ពាន​ស្ទឹងមានជ័យ ក្នុង​ពេល​កម្មករ​រោងចក្រ អែស.អិល (SL) ព្យាយាម​ដើរ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​តវ៉ា​លក្ខខណ្ឌ​ការងារ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ប្ដូរ​ទៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ដែរ។ អ្នក​ទាំង​ពីរ​ជាប់​ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា ជេរ​ប្រមាថ​អ្នក​រាជការ​សាធារណៈ និង​បទ​រារាំង​អ្នក​រាជការ​សាធារណៈ។

ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ស្ពាន​ស្ទឹងមានជ័យ សមត្ថកិច្ច​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​រោងចក្រ អែស.អិល និង​ពលរដ្ឋ បណ្ដាល​ឲ្យ​ស្ត្រី​លក់​បាយ​ម្នាក់​ស្លាប់ និង​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស​ធ្ងន់ រហូត​អ្នក​ខ្លះ​ពិការ​មួយ​ជីវិត។ ប៉ុន្តែ​ករណី​នេះ មិន​ឃើញ​មាន​សមត្ថកិច្ច​ណា​មួយ​ត្រូវ​ដាក់​ទោស ឬ​ចាប់​ខ្លួន​ទេ ទោះ​បី​ជា​មាន​សាក្សី​ជា​ច្រើន​នៅ​កន្លែង​កើត​ហេតុ​មើល​ឃើញ​ថា សមត្ថកិច្ច​បាន​ប្រើប្រាស់​អាវុធ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ក៏ដោយ។

នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ដែរ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤ គឺ​អង្គការ​លីកាដូ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សមាគម​ធាង​ត្នោត និង​អង្គការ​សមធម៌​កម្ពុជា បាន​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទោស និង​ជន​ជាប់​ចោទ ហើយ​បាន​យក​អាហារ​បំប៉ន​មាន ដូច​ជា ផ្លែ​ឈើ នំ​ចំណី ទៅ​ចែក​ជូន​អ្នក​ទោស​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ចំនួន ១.៦០០​នាក់ ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

EVERYONE KWON JUSTICE IN CAMBODIA IS FOR SALE AND UNDER ONE MAN IS HUN SEN AS HUN NAL.

Apr 11, 2014 10:31 AM

គេហទំព័រ​ទាំងមូល