តុលាការ នឹង​បន្ត​សាកសួរ​អតីត​បុគ្គលិក​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ សីហា

ដោយ មួង ណារ៉េត
2019-07-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
Photo courtesy of Facebook Page KKKHRDA-Center

តុលាការ​របប​ក្រុង​ភ្នំពេញ មិន​ទាន់​បញ្ចប់​ការ​សាកសួរ​លើ​អតីត​បុគ្គលិក​អាស៊ី​សេរី​នៅ​ឡើយ​ទេ ។ សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី២៦ ខែ​កក្កដា សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការ​សាកសួរ​តែ​លើ​សំណុំ​រឿង​ទី​មួយ​ពី​បទ​ចារកម្ម និង​បាន​ប្រកាស​លើក​ពេល​​ទៅ​សាកសួរ​លើ​សំណុំ​រឿង​ទី២ នៅ​ពីរ​សប្ដាហ៍​ក្រោយ​ទៀត។ អតីត​បុគ្គលិក​អាស៊ី​សេរី និង​សង្គម​ស៊ីវិល សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មិន​សម​ទំនង​លើ​អតីត​អ្នក​កាសែត​ទាំង​ពីរ។

សវនាការ​សួរ​ដេញ​ដោល​ពេញ​មួយ​ព្រឹក នៅថ្ងៃទី២៦ ខែ​កក្កដា តុលាការ​បាន​សាកសួរ​អតីត​បុគ្គលិក​អាស៊ី​សេរី ២នាក់ ដោយ​ផ្តោត​តែ​សំណុំ​រឿង​ទី១ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា អ្នក​ទាំង​ពីរ​បាន "ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ"

មេធាវី​ការពារ​ក្តី​ឲ្យ​បុគ្គលិក​អាស៊ី​សេរី លោក សំ ចំរើន មាន​ប្រសាសន៍​ថា សវនាការ​ដេញដោល​នេះ មិន​ទាន់​មាន​លទ្ធផល​អ្វី​ទេ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បាន​សម្រេច​លើក​ពេល​ទៅ​ធ្វើ​សេចក្ដី​សន្និដ្ឋាន លើ​សំណុំ​រឿង​ទី១ នេះ ទៅ​ថ្ងៃ​ទី៩ ខែ​សីហា​ខាង​មុខ។ លោក​មេធាវី​ការពារ​ក្តី បន្ត​ថា តុលាការ ក៏​នឹង​បន្ត​សួរ​ដេញដោល​លើ​សំណុំ​រឿង​ទី​ពីរ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា "ផលិត​វីដេអូ​អាសអាភាស" នោះ នៅ​ថ្ងៃ​ទី៩ ខែ​សីហា តាម​ការ​ស្នើសុំ​របស់​លោក​ដែរ។​

លោក​មេធាវី សំ ចំរើន លើក​ឡើង​ថា ការ​សួរ​ដេញដោល​កូន​ក្តី​របស់​លោក លើ​សំណុំ​រឿង​ទី១ នេះ គឺ​មិន​រលូន ១០០ភាគ​រយ​នោះ​ទេ ព្រោះ​ចៅក្រម​ជំនុំជម្រះ អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​នៅ​ស្ដាប់​ក្នុង​បន្ទប់​សវនាការ។ ជា​មួយ​គ្នា​នេះ លោក​ចាប់​អារម្មណ៍​ថា សំណួរ​មួយ​ចំនួន​របស់​ចៅក្រម គឺ​ចាក​ឆ្ងាយ​ពី​បទ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ចារកម្ម៖ «ការ​សួរ​សំណួរ​មួយ​ចំនួន​ហាក់​ដូច​ជា​ចាក​ឆ្ងាយ​ពី​បទ​ចោទ​ប្រកាន់​ដែរ ហើយ​ខាង​ខ្ញុំ​បាន​ស្នើសុំ​ឲ្យ​សួរ​សំណួរ​ខិត​មក​ការ​ចោទ​ប្រកាន់​វិញ»

អតីត​បុគ្គលិក​អាស៊ី​សេរី លោក យាង សុធារិន្ទ រៀបរាប់​ថា តុលាការ​បាន​ប្រើ​សំណួរ​ស្រដៀង​គ្នា ចោទ​សួរ​លោក និង​លោក អ៊ួន ឈិន តាំង​ពី​មុខ​របរ​មុន​ចូល​ធ្វើ​ការ​នៅ​វិទ្យុ​អាស៊ី​សេរី និង​ចូល​ធ្វើ​ការ​ឲ្យ​អាស៊ី​សេរី តាំង​ពី​ពេល​ណា និង​មាន​តួនាទី​អ្វី។ នៅ​ក្នុង​បន្ទប់​សវនាការ​នេះ តុលាការ​បាន​ចោទ​សួរ​ដែរ​ថា តើ​ធ្លាប់​បញ្ជូន​ព័ត៌មាន​ឲ្យ​អាស៊ី​សេរី​ទៀត​ទេ ក្រោយ​បិទ​ការិយាល័យ​នៅ​ក្រុង​ភ្នំពេញ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧ នោះ​មក?«គេ​សួរ​ថា មាន​បាន​បញ្ជូន​ទេ? ខ្ញុំ​និយាយ​ដោយ​ត្រង់​ថា បាន​បញ្ជូន​ពីរ​ព័ត៌មាន​ទៅ ហើយ​លោក អ៊ួន ឈិន បាន​បញ្ជូន​វីដេអូ​ខ្លះៗ ទៅ​ដែរ។ អ្វី​ដែល​គេ​សួរ​ខ្លាំង​នោះ គឺ​គេ​ថា តើ​អ្វី​ដែល​យើង​ផ្ញើ​ទៅ​នោះ​មាន​ដឹង​ថា ខុស​ច្បាប់​ទេ? គេ​ព្យាយាម​ដាក់​បន្ទុក​ថា ពេល​អាស៊ី​សេរី​បិទ​ហើយ រឿង​អី​ផ្ញើ​ព័ត៌មាន​ទៅ​ឲ្យ​អាស៊ី​សេរី​ទៀត? ខ្ញុំ​ឆ្លើយ​តប​ទៅ​វិញ​ថា វា​មិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ ព្រោះ​ព័ត៌មាន ដែល​ពួក​ខ្ញុំ​ផ្ញើ​ទៅ​នោះ គឺ​សុទ្ធ​តែ​ជា​ព័ត៌មាន​សាធារណៈ ដែល​នរណា​ក៏​ដឹង​នរណា​ក៏​ឮ។ លើស​ពី​នេះ ព័ត៌មាន​ដែល​ខ្ញុំ​ផ្ញើ​ទៅ គឺ​មិន​មែន​ជា​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ទេ។ ដូច្នេះ​ពួក​ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ

លោក យាង សុធារិន្ទ​ ឲ្យ​ដឹង​ថា តុលាការ​បាន​ចោទ​សួរ​សំណួរ​ផ្សេងៗ ទៀត​ដែល មិន​ពាក់ព័ន្ធ​នឹង សំណុំ​ចារកម្ម​ឡើយ ដូច​ជា​សួរ​អំពី​ទំនាក់ទំនង​របស់​លោក​ជា​មួយ លោក អ៊ួន ឈិន ជា​មួយ​សហការី​ដទៃ​ទៀត និង​ជា​មួយ​ថ្នាក់​ដឹក​នាំ​វិទ្យុ​អាស៊ី​សេរី​ជា​ដើម។ សូម្បី​តែ​ទំនាក់ទំនង​រវាង​លោក​ជា​មួយ​អតីត​មន្ត្រី​ព័ត៌មាន​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ជ្រា វណ្ណរិទ្ធិ ក៏​តុលាការ​សួរ​ដេញដោល​ដែរ ដែល​ហាក់​ដូច​ជា​ចង់​ភ្ជាប់​សំណុំ​រឿង​ចារកម្ម​នេះ ជា​មួយ​សហរដ្ឋ​អាមេរិក។ លោក ឆ្លើយ​តប​ថា ទំនាក់ទំនង​ក្នុង​ស្ថាប័ន​អាស៊ី​សេរី គឺ​ជា​ទំនាក់ទំនង​ធម្មតា​នៅ​កន្លែង​ការងារ ហើយ​ទំនាក់ទំនង​ជា​មួយ​អតីត​មន្ត្រី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺ​ជា​ទំនាក់ទំនង​របៀប​អ្នក​ស្គាល់​គ្នា​ផង និង​ជា​អ្នក​កាសែត​ជា​មួយ​ប្រភព​ផង៖ «សួរ​តាំង​ពី​វីដេអូ​ផ្សេងៗ ដែល​នៅ​ក្នុង​ហាដឌីស (Hard Dish) របស់​លោក អ៊ួន ឈិន ដែល​ជា​វីដេអូ ដែល​គេ​ធ្វើ​តាំង​ពី​ឆ្នាំ​ណា​ឆ្នាំ​ណី​មក ហើយ​វីដេអូ​នោះ​គេ​លើក​យក​ចំណុច​មួយៗ មក​ថា និយាយ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​រដ្ឋាភិបាល និយាយ​ទៅ​ធ្វើ​ឲ្យ​គេ​មើល​ទៅ​ខុស​ចំពោះ​ថ្នាក់​ដឹក​នាំ​ជា​ដើម។ តែ​វីដេអូ​នោះ​ចាស់ៗ ដែល​គេ​ផ្សព្វផ្សាយ​លើ​វ៉ឹបសៃត៍​របស់​អាស៊ី​សេរី ហើយ។ វា​ទាំង​អស់​នេះ​អត់​មាន​អី​ពាក់ព័ន្ធ​សំណុំ​រឿង​យើង​ខ្លាំង ព្រោះ​អី​សំណុំ​រឿង​នេះ គឺ "ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ" ដូច្នេះ​ហើយ អ្វី​ដែល​យើង​ចង់ ឲ្យ​តុលាការ​បង្ហាញ​នោះ គឺ​បង្ហាញ​ថា ព័ត៌មាន​ណា​ខ្លះ ដែល​យើង​ធ្វើ​តាំង​ពី​ដើម ឬ​ដែល​យើង​បាន​បញ្ជូន​នោះ ដែល​តុលាការ​មើល​ឃើញ​ថា វា​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ហើយ​លទ្ធផល​នៃ ការ​ការពារ​ជាតិ​នោះ​វា​បែប​ណា

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សិទ្ធិ​មនុស្ស យល់ថា បើ​ទោះ​អ្នក​ទាំងពីរ​នៅ​បន្ត​រាយ​ការណ៍​ព័ត៌មាន ក៏​គ្មាន​ច្បាប់​ឯ​ណា​ហាម​ឃាត់​ពួក​គាត់​នោះ​ដែរ។ នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស របស់​អង្គការ លីកាដូ លោក អំ សំអាត ថា​ប័ណ្ណ​សុពលភាព​អ្នក​សារព័ត៌មាន​របស់​អ្នក​ទាំង​ពីរ ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា នៅ​មិន​ទាន់​ផុត​នៅ​ឡើយ ក្រោយ​បិទ​ការិយាល័យ​អាស៊ី​សេរី​នៅ​ស្រុក​ខ្មែរ​នោះ៖ «គាត់​នៅ​អាច​ជា​អ្នក​សារព័ត៌មាន។ អាស៊ី​សេរី​បិទ​តែ​នៅ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក មិន​ទាន់​បិទ​ទេ។ បើ​គ្រាន់​តែ​ផ្ដល់​ព័ត៌មាន​ខុស តើ​សព្វ​ថ្ងៃ​ដែល​អាស៊ី​សេរី​សម្ភាស​ខ្ញុំ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​អ្នក​ផ្សេងៗ តើ​ហ្នឹង​យ៉ាង​ម៉េច​ទៅវិញ? មួយ​ទៀត​ទាក់ទង​នឹង​រឿង​ថត​រូប​នៅ​ទី​សាធារណៈ គាត់​ថា ខុស​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន​ មិន​មាន​សិទ្ធិ​អ្វី ខ្ញុំ​គិត​ថា អត់​ត្រូវ​ទេ ព្រោះ​នៅ​ទី​សាធារណៈ មិន​បាច់​ថា អ្នក​សារ​ព័ត៌មាន​ទេ ខ្ញុំ​ឬ​ប្រជា​ពលរដ្ឋ​ទូទៅ​ដទៃ​ទៀត សុទ្ធ​តែ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ថត ឬ​ឈរ​ស្ដាប់​នោះ​ដែរ គ្មាន​អ្វី​ខុស​នោះ​ទេ»

លោក យាង សុធារិន្ទ សង្ឃឹមថា តុលាការ នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ឲ្យ​លោក និង​លោក អ៊ួន ឈិន ព្រោះ​បើ​យោង​តាម​ការ​សាកសួរ​នេះ គឺ​តុលាការ​ពុំ​មាន​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​ពួក​លោក​នោះ​ទេ។

តុលាការ​របប​លោក ហ៊ុន សែន បាន​ចោទប្រកាន់​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ចំនួន​ពីរ​បទ​ចោទ គឺ​បទ "ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ" និង "ផលិត​វីដេអូ​អាសអាភាស​” បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​ពួក​គាត់ កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំង​ពីរ ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រៀង​រាល់​ខែ និង​ហាម​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ដើម ដែល​លក្ខខណ្ឌ​ទាំង​នេះ ដែល​ទើប​ត្រូវ​បាន​តុលាការ​ដក​ចេញ​វិញ កាល​ពី​ខែ មិថុនា​កន្លង​ទៅ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា ដែល​បាន​តាម​ដាន​សវនាការ​នេះ ចាប់​អារម្មណ៍​ថា តុលាការ ហាក់​ដូច​ជា​គ្មាន​ភស្តុតាង ដើម្បី​ដាក់​បន្ទុក​លើ​អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី ទាំង​ពីរ​រូប​នោះ​ទេ ។ តុលាការ​បាន​ព្យាយាម​គាស់កកាយ​យក​អត្ថបទ​ព័ត៌មាន​ចាស់ៗ មក​សួរ​អ្នក​ទាំង​ពីរ ដោយ​មិន​សម​ទំនង​ទាល់​តែ​សោះ​។ លោក យល់ថា សំណុំ​រឿង​ចោទ​ប្រកាន់​លើ អ្នក​សារ​ព័ត៌មាន​ទាំង​ពីរ​រូប គឺ​មិន​មាន​យុត្តិធម៌​តាំង​ពី​ដំបូង​មក​ម្ល៉េះ ដោយសារ​ថា សកម្ម​ការងារ​របស់​ពួក​គាត់ គ្មាន​ចំណុច​ណា​មួយ​ដែល​ខុស​ច្បាប់​នោះ​ទេ៖ «បើ​យើង​សរុប​រួម​ទៅ! ព័ត៌មាន​ដែល​ពួក​គាត់​ធ្វើ​ទាំង​អស់ គឺ​វា​ពាក់ព័ន្ធ​នឹង​វិស័យ​សារ​ព័ត៌មាន។ ទោះ​បី​ជា​គាត់​បាន​ឈប់​ពី​វិទ្យុ​អាស៊ី​សេរី​ក៏​ដោយ គឺ​ជំនាញ និង​វិជ្ជាជីវៈ របស់​ពួក​គាត់ គឺ​ជា​អ្នក​សារ​ព័ត៌មាន។ អ៊ីចឹង​ក្នុង​នាម​ជា​អ្នក​សារ​ព័ត៌មាន​រឿង​អី គាត់​អត់​មាន​សិទ្ធិ​ក្នុង​ការ​ថត​វីដេអូ និង​ព័ត៌មាន ដែល​គេ​ទូទៅ​អាច​ធ្វើ​បាន។ ដូច្នេះ​ក្នុង​ន័យ​នេះ គឺ​ជា​ព័ត៌មាន​សុទ្ធសាធ មិន​មែន​រឿង​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​នោះ​ទេ។បើ​យក​មាត្រា​នេះ​ទៅ​ចោទ​លើ​ពួក​គាត់ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់»

នៅ​មុន​សវនាការ​នេះ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទាមទារ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំងឡាយ​ ប្រឆាំង​នឹង​អតីត​បុគ្គលិក​អាស៊ី​សេរី​ពីរ​រូប​ ដោយ​ពួក​គេ​ចាត់​ទុក​ថា អ្នក​ទាំង​ពីរ​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌ ក្នុង​សំណុំ​រឿង​ដែល​មាន​ចរិត​នយោបាយ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួល បន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​ថា បទ​ចោទ​បែប​ប្រឌិត​ប្រឆាំង​នឹង​អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំង​ពីរ​រូប ធ្វើ​ឡើង​ក្នុង​គោលដៅ​វាយ​ប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ ​ថ្លែង​ទៀត​ថា កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស​ទៅ​ហើយ ប៉ុន្តែ​លោក ហ៊ុន សែន នៅ​តែ​ចាត់​ទុក​អ្នកកាសែត​ជា​ចំណាប់​ខ្មាំង ដើម្បី​ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ចាត់​ទុក​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ថា បាន​ស្លាប់​ដូចគ្នា​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ ហើយ​ជំរុញ​របប​ក្រុង​ភ្នំពេញ ឱ្យ​ទម្លាក់​ចោល​ការ​ចោទ ប្រកាន់​មិន​សម​ទំនង​នេះ​លើ​អ្នក​ទាំង​ពីរ។

ចំណែក​ឯ​ក្រុម​អ្នក​រាយការណ៍​ពិសេស​មួយ​ក្រុម របស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស រួម​ទាំង​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផង នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន ចាត់​ទុក​ចំណាត់​ការ​របស់​តុលាការ​នៃ​របប​លោក ហ៊ុន សែន លើ​អតីត​អ្នក​សារ​ព័ត៌មាន គឺ​លោក អ៊ួន ឈិន និង លោក យាង​ សុធារិន្ទ ថា ជា​ទង្វើ​បង្ក្រាប​សំឡេង​ឯករាជ្យ និង​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ចាត់​វិធានការ​បន្ទាន់ និង​មាន​ប្រសិទ្ធភាព​ ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​កាសែត ដែល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល