បញ្ជូន​ជន​សង្ស័យ​សម្លាប់​គ្រូ​បង្រៀន​និង​ព្រះ​សង្ឃ​២​នាក់​ទៅ​តុលាការ

នគរបាល​ខេត្ត​ស្វាយរៀង បាន​ឃាត់​ខ្លួន​មនុស្ស ៣​នាក់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ដែល​ជាប់​សង្ស័យ​ថា បាន​សម្លាប់​ព្រះចៅ​អធិការ​វត្ត​ថ្នាញ និង​គ្រូបង្រៀន​ម្នាក់​នៅ​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​សប្ដាហ៍​មុន។
ដោយ ទេព សុរ៉ាវី
2013-05-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រោយ​ពី​សួរ​ចម្លើយ​រួច នគរបាល​បាន​ឃុំ​ខ្លួន​មនុស្ស​ពីរ​នាក់​ដោយ​រក​ឃើញ​ថា ជន​ទាំង​ពីរ​ជាប់​ពិរុទ្ធ ចំណែក​ម្នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង ដោយ​អះអាង​ថា មិន​ពាក់ព័ន្ធ​ឃាតកម្ម​នោះ​ទេ។ សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​មនុស្ស​ម្នាក់​ទៀត ដែល​ជា​មេខ្លោង​នៃ​រឿង​អំពើ​ឃាតកម្ម​នោះ។

មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង សម្រេច​បញ្ជូន​ជនសង្ស័យ ២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​សម្លាប់​ព្រះចៅ​អធិការ​វត្ត​ថ្នាញ និង​គ្រូ​បង្រៀន​ម្នាក់ ទៅ​តុលាការ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

ស្នងការ​រង​នគរបាល​ខេត្ត​ស្វាយរៀង លោក ឡឹក ចំរើន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ឧសភា ថា ជនសង្ស័យ​ពីរ​នាក់​បាន​សារភាព​ថា ពួក​គេ​ពិត​បាន​រួម​គំនិត​គ្នា​រឹត​ក​សម្លាប់​លោក​គ្រូ​បង្រៀន​ម្នាក់ ឈ្មោះ សំ វុទ្ធី ប្លន់​យក​ម៉ូតូ​និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​នៅ​ក្បែរ​វត្ត។ លុះ​ពេល​យក​សព​ទៅ​ប្លុង​ចោល​ហើយ​នោះ ក៏​ត្រឡប់​មក​យក​ម៉ូតូ​ជន​រង​គ្រោះ​វិញ តែ​គាប់ជួន​ព្រះចៅ​អធិការ​វត្ត​ថ្នាញ ព្រះតេជព្រះគុណ កែវ តូច បាន​ច្របាច់​ពិល​ទត​ឃើញ​ពួកគេ ទើប​ពួកគេ​សម្រេច​ធ្វើគត​ព្រះតេជព្រះគុណ​តែម្ដង។

លោក ឡឹក ចំរើន មិន​ប្រាប់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ទេ តែ​បញ្ជាក់​ថា ពួក​គេ​ទាំង ២​នាក់​នោះ ជា​អ្នក​ភូមិ​រស់​នៅ​ក្បែរ​វត្ត​ថ្នាញ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ខ្លួន​មនុស្ស​ម្នាក់​ទៀត ដែល​ជា​មេខ្លោង​ធំ​នៃ​អំពើ​ប្លន់​សម្លាប់​នោះ។

កាល​ពី​អធ្រាត្រ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ព្រះតេជព្រះគុណ កែវ តូច ព្រះជន្ម ៧៨​ព្រះវស្សា ជា​ព្រះចៅ​អធិការ​វត្ត​ថ្នាញ ស្ថិត​នៅ​ក្នុង​សង្កាត់​បាទី ក្រុង​បាវិត ត្រូវ​ធ្វើគត​នៅ​ក្នុង​វត្ត​ដោយ​មាន​ស្នាម​ជាំ​ក​ខាង​ឆ្វេង រយៈ​លើ​ចិញ្ចើម និង​ទ្រុឌ​លលាដ៍ក្បាល។ ចំណែក​គ្រូ​បង្រៀន​ម្នាក់​ទៀត ឈ្មោះ សំ វុទ្ធី ដែល​ស្នាក់នៅ​ក្នុង​កុដិ​ជាមួយ​ព្រះតេជព្រះគុណ កែវ តូច នោះ ក៏​បាន​បាត់​ខ្លួន​នៅ​យប់​មាន​ឃាតកម្ម​នោះ​ដែរ។ ប៉ុន្តែ​សព​លោក សំ វុទ្ធី ត្រូវ​បាន​នគរបាល​ខេត្ត​ស្វាយរៀង រក​ឃើញ​ប្លុង​ចោល​នៅ​ទឹក​ត្រពាំង ដែល​មាន​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​វត្ត។

ភ្លាមៗ​ក្រោយ​ពី​ករណី​ឃាតកម្ម​លើ​ព្រះតេជព្រះគុណ កែវ តូច មន្ត្រី​គណបក្ស​ប្រឆាំង​សង្ស័យ​ថា នេះ​ជា​រឿង​ដែល​អាច​ពាក់ព័ន្ធ​ដល់​ការ​គំរាមកំហែង​ផ្នែក​នយោបាយ នៅ​ពេល​ដែល​ព្រះសង្ឃ​អង្គ​នេះ មាន​កូន​ប្រុស​និង​សមាជិក​គ្រួសារ​ជា​ច្រើន​នាក់​ទៀត ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​នេះ​មិន​ជាប់​ទាក់ទង​នឹង​រឿង​នយោបាយ​ទេ តែ​ជា​ករណី​អំពើ​ប្លន់​សម្លាប់។

ទោះ​ជា​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ ២​នាក់ បញ្ជូន​ទៅ​តុលាការ​ក៏ដោយ ក៏​កូន​ប្រុស​របស់​ព្រះតេជព្រះគុណ កែវ តូច គឺ​លោក កែវ មន្ថា ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សង្កាត់​បាទី នៅ​តែ​សង្ស័យ​ថា នេះ​ជា​រឿង​នយោបាយ ដោយ​លើក​ហេតុ​ផល ២ គឺ​ទី​មួយ ឪពុក​របស់​លោក​មិន​មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទេ និង​មួយ​ទៀត មុន​ថ្ងៃ​កើត​ហេតុ ២​ថ្ងៃ ផ្ទះ​របស់​លោក​បាន​បើក​កិច្ច​ប្រជុំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ក្រុម​ការងារ​គណបក្ស​បាន​ទៅ​លេង​ព្រះតេជព្រះគុណ កែវ តូច លុះ​ដល់​ពេល​យប់​ក៏​មាន​អំពើ​ឃាតកម្ម​កើត​ឡើង​តែម្ដង។

ជុំវិញ​បញ្ហា​នេះ អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ថា ករណី​នេះ​ជា​អំពើ​ឃាតកម្ម​គ្រោង​ទុក​ជា​មុន ហើយ​នៅ​មាន​ករណី​មន្ទិល​សង្ស័យ​មួយ​ចំនួន ដូច​ជា​ការ​សម្លាប់​រួច​យក​សព​ប្លុង​ចោល​ឆ្ងាយ​ពី​វត្ត​ជាដើម។ ដូច្នេះ​ដើម្បី​ទាញ​ចេញ​ករណី​ឃាតកម្ម​នេះ​ឲ្យ​ឆ្ងាយ​ពី​រឿង​នយោបាយ សមត្ថកិច្ច​គួរ​តែ​លាត​ត្រដាង​ចំណុច​មន្ទិល​ទាំង​នោះ​ឲ្យ​បាន​ច្បាស់។

លោក អំ សំអាត បញ្ជាក់​ថា អង្គការ​លីកាដូ នៅ​តែ​បន្ត​ឃ្លាំមើល និង​ស្រាវជ្រាវ​ករណី​នេះ​បន្ត​ទៀត ដើម្បី​ស្វែង​រក​ការ​ពិត​នៃ​រឿង​នៅ​ពី​ក្រោយ​អំពើ​ឃាតកម្ម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

piseth

ពី bb

your bad action will have feedback early in the prison.

May 27, 2013 09:42 PM

គេហទំព័រ​ទាំងមូល