អធិការ​ស្រុក​អង្គស្នួល​រង​ការ​ចោទ​ថា​ទទួល​សំណូក​ពី​សាច់ញាតិ​ជន​សង្ស័យ

ពលរដ្ឋ​ម្នាក់​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ បាន​ចោទ​ប៉ូលិស​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ថា​មិន​ចាត់​ការ​លើ​បណ្ដឹង​របស់​គាត់ ហើយ​បាន​ដោះ​លែង​ជន​ល្មើស ដែល​គាត់​ចោទ​ថា ជា​ចោរ អោយ​រួច​ខ្លួន​បន្ទាប់​ពី​បាន​ទទួល​សំណូក​ពី​សាច់ញាតិ​របស់​ជន​សង្ស័យ។
ដោយ យាង សុជាមេត្តា
2013-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក ជុន ជីម ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ទួលខ្លុង ឃុំ​ទួលព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​អោយ​ដឹង​នៅ​ថ្ងៃ​ទី២៧ សីហា ថា កាល​ពី​រាត្រី​ថ្ងៃ​ទី២៤ សីហា មាន​មនុស្ស​មួយ​ក្រុម​សង្ស័យ​ថា ចោរ​ដែល​មាន​គ្នា​ប្រហែល​ជា ២ ទៅ ៣​នាក់ ហើយ​ក្នុង​នោះ​មាន​ម្នាក់​បាន​លប​ចូល​ក្នុង​ផ្ទះ​របស់​លោក ដើម្បី​លួច​យក​ទ្រព្យ​សម្បត្តិ ចំណែក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត រង់ចាំ​នៅ​ខាង​ក្រៅ​ផ្ទះ។

លោក​បន្ត​ថា នៅ​ពេល​កំពុង​ធ្វើ​សកម្មភាព​លួច​នោះ ក្រុម​គ្រួសារ​របស់​លោក​បាន​ដឹង​ទាន់ ហើយ​ក៏​បាន​ស្រែក​ឆោឡោ​ឡើង​អោយ​អ្នក​ស្រុក​ជួយ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​បាន​ទូរស័ព្ទ​អោយ​ប៉ូលិស ដើម្បី​មក​ធ្វើ​អន្តរាគមន៍​ចាប់​ជន​សង្ស័យ ក្រោយ​មក​ជន​សង្ស័យ ក៏​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទួលព្រេច ចាប់​ខ្លួន ហើយ​ប៉ូលិស​ក៏​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​រូប​នោះ បន្ត​ទៅ​អធិការ​នគរបាល​ស្រុក​អង្គស្នួល នៅ​ថ្ងៃ​ទី២៥ សីហា៖ «ចោរ​ចាប់​បាន​តែ​ម្នាក់​ទេ តែ​គ្រាន់​តែ​គ្នា​វា​នៅ​ក្រោម​នោះ មក​ទាត់​ទ្វារ​អា​ផ្ទះ​ក្រោម​នោះ​បី​ជើង​ក្ដាំងៗ»

លោក ជុន ជីម បន្ថែម​ថា បន្ទាប់​ពី​ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន លោក​បាន​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ជូន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទួលព្រេច នៅ​ថ្ងៃ​ទី២៥ សីហា តែ​ស្រាប់​តែ​នៅ​ថ្ងៃ​ទី២៦ សីហា ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលិស​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ធ្វើ​ការ​ដោះ​លែង ដោយ​លោក​ជា​ម្ចាស់​បណ្ដឹង​ពុំ​បាន​ដឹង​អ្វី​បន្តិច​សោះ។ លោក ជុន ជីម និយាយ​ថា សព្វថ្ងៃ ជន​សង្ស័យ​ថា​ចោរ កំពុង​មាន​សេរីភាព​ធម្មតា​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង។ លោក​ថា ជន​សង្ស័យ​ឈ្មោះ ផេង សា អាយុ ២២​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ត្រពាំងថ្លាន់ សង្កាត់​ពន្សាំង ខណ្ឌ​ពោធិ៍សែនជ័យ ក្រុង​ភ្នំពេញ។

លោក ជុន ជីម បាន​ចោទ​ថា មន្ត្រី​ប៉ូលិស​ស្រុក​អង្គស្នួល បាន​ទទួល​យក​លុយ​ពី​សាច់ញាតិ​ជន​ល្មើស ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ជន​ល្មើស​នោះ​អោយ​មាន​សេរីភាព៖ «ចោរ​ហ្នឹង​គេ​ដោះ​លែង​មក​វិញ​ហើយ ព្រឹក​មិញ​ខ្ញុំ​ជួប​ឪ​ចោរ​ហ្នឹង គាត់​បាន​យក​លុយ​ទៅ​អោយ​គេ​អស់ ១០០»

លោក ជុន ជីម និយាយ​ថា ក្រោយ​ការ​ដោះ​លែង​ជន​សង្ស័យ​អោយ​មាន​សេរីភាព មន្ត្រី​ប៉ូលិស​ស្រុក​អង្គស្នួល បាន​ស្នើ​អោយ​លោក​ទៅ​ដក​ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដោយ​លើក​ហេតុផល​ថា វា​គ្រាន់​តែ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ។ តែ លោក ជុន ជីម មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ប៉ូលិស​រូប​នោះ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទួលព្រេច លោក ឃួន ខេង ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ។

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​មន្ត្រី​ប៉ូលិស​ដែល លោក ជុន ជីម អះអាង​ថា ជា​អ្នក​ស្នើ​អោយ​លោក​ទៅ​ដក​ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល តែ​មន្ត្រី​ប៉ូលិស​រូប​នេះ​និយាយ​ថា គាត់​មិន​មែន​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ​ទេ ហើយ​អោយ​ទៅ​ទាក់ទង​អធិការ​នគរបាល​ស្រុក​អង្គស្នួល លោក មាន សំណាង វិញ។

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​អធិការ​នគរបាល​ស្រុក​អង្គស្នួល លោក មាន សំណាង ដើម្បី​សុំ​ការ​បកស្រាយ​ចំពោះ​ការ​ដោះ​លែង​ជន​សង្ស័យ​អោយ​មាន​សេរីភាព​ឡើង​វិញ ដោយ​ពុំ​ទាន់​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់ និង​អោយ​លោក​បកស្រាយ​ចំពោះ​ការ​ចោទ​ប្រកាន់ ដែល​ថា ខាង​មន្ត្រី​របស់​លោក​ទទួល​យក​សំណូក​ចំនួន ១០០​ដុល្លារ ពី​ឪពុក​របស់​ជន​ល្មើស ជា​ថ្នូរ​នឹង​ការ​ដោះ​លែង។ តែ លោក មាន សំណាង មិន​បាន​អត្ថាធិប្បាយ​អោយ​បាន​ក្បោះក្បាយ​ទេ ដោយ​លោក​និយាយ​ថា លោក​បាន​បញ្ជូន​រឿង​នេះ​បន្ត​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​កណ្ដាល រួច​ហើយ ហើយ​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង។

លោក ជុន ជីម ដែល​ជា​ដើម​បណ្ដឹង បាន​និយាយ​ថា បន្ទាប់​ពី​ជន​ល្មើស​ត្រូវ​បាន​ប៉ូលិស​ដោះ​លែង​អោយ​មាន​សេរីភាព ដោយ​ពុំ​ឆ្លង​កាត់​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​អោយ​បាន​ត្រឹមត្រូវ បាន​ធ្វើ​អោយ​ពលរដ្ឋ​ក្នុង​ភូមិ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អសន្តិសុខ​ក្នុង​សហគមន៍។ លោក​ថា លោក និង​ពលរដ្ឋ​ក្នុង​ភូមិ ប្រហែល​ជា​នឹង​ផ្ដិត​មេ​ដៃ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដូច​ជា អង្គការ​អាដហុក (Adhoc) ដើម្បី​អោយ​អង្គការ​នេះ​ជួយ​ធ្វើ​ការ​ទាមទារ​ជំនួស​ពួក​លោក ព្រោះ​លោក​ថា លោក និង​ពលរដ្ឋ មិន​ទុក​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

SASA

ពី Phnom Penh

I am supporting your idea as mentioned by Aknameuk.

Aug 28, 2013 08:50 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

ករណីនេះគឺស្រដៀងទៅនឹងករណីរបស់និសិ្សតស្រីសាលាពេទ្យដែលបានបើកឡានបុកគេស្លាប់ដែលត្រូវបានជាប់ទោសត្រឹមតែរយៈពេលខ្លី។ ខ្ញុំសូមបញ្ចេញមតិថា តុលាការស្រុកខ្មែរគឺជាតុលាការមុខលុយ មិនមែនជាតុលាការកាត់ក្តីដើម្បីយុត្តិធម៌នោះទេ។​ អស់សង្ឃឹមណាស់ចំពោះអ្នកដឹកនាំ!​ហ៊ុន​ សែន!

Aug 27, 2013 11:09 PM

អ្នក​អាន​អនាមិក

Drug trafficking, VN lottery ( KON TUY LEK) are in ANSNOUL district. No authority take action to stop it Te.

Aug 27, 2013 09:27 PM

អ្នក​អាន​អនាមិក

CPP member of public work such as Ansnoul chief of police are most corruption in the district.

Aug 27, 2013 10:35 AM

អ្នក​អាន​អនាមិក

Angsnoul district chief of police is very corruption . The game of Vn tottery is every where, but no action from the police, because of money. Now full of people in Angsnoul district are very crazy with KON TUY LEK. Please observe. Thanks

Aug 27, 2013 10:33 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល