ពលរដ្ឋ​ខែត្រ​ក្រចេះ​ចោទ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ថា ធ្វើ​ទារុណកម្ម​បុរស​ម្នាក់​ឲ្យ​របួសធ្ងន់

ដោយ ហេង សាកល
2017-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ខេត្ត​ក្រចេះ។
ផែនទី​ខេត្ត​ក្រចេះ។
Photo: RFA

មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​នៅ​ស្រុក​ស្នូល ខែត្រ​ក្រចេះ រង​ការ​ចោទ​ថា ធ្វើ​ទារុណកម្ម​បុរស​ម្នាក់​ឲ្យ​របួស​ធ្ងន់ធ្ងរ។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើឡើង បន្ទាប់ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នូល ១០​នាក់ បាន​ដេញ​ចាប់​បុរស​ឈ្មោះ ប៉ូ ភីរុណ ដោយ​ចោទ​ថា ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ហើយ​បន្ទាប់ពី​ឃាត់ខ្លួន​បុរស​នោះ​បាន មន្ត្រី​អាវុធហត្ថ​ម្នាក់​ឈ្មោះ រ៉ុង បាន​វាយ​ទាត់​ធាក់​លើ​ជនសង្ស័យ​ម្នាក់​បណ្ដាល​ឲ្យ​របួសធ្ងន់។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ ឃុំ​ស្នូល ស្រុក​ស្នូល​ខែត្រ​ក្រចេះ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ផ្នែក​ច្បាប់​ទៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខែត្រ​ក្រចេះ ដើម្បី​ប្ដឹង​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នូល​ម្នាក់ ឈ្មោះ រ៉ុង បាន​ប្រើ​អំពើ​ហិង្សា​លើ​បុរស​ម្នាក់​ឈ្មោះ ប៉ូ ភីរុណ ឲ្យ​របួស​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃ​ទី១៥ វិច្ឆិកា​។​

ស្ត្រី​ដែល​ត្រូវជា​ម្ដាយ​ជនរងគ្រោះ​រស់នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ លោកស្រី ហយ ស៊ីគុណ វ័យ ៧២ ឆ្នាំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ វិច្ឆិកា ថា មន្ត្រី​អាវុធហត្ថ​ឈ្មោះ រ៉ុង បាន​ប្រើ​អំពើ​ហិង្សា​នៅ​ចំពោះ​មុខ​លោកស្រី បណ្ដាល​ឲ្យ​កូនប្រុស​របស់​លោក​ស្រី​របួសធ្ងន់ គ្រាំ​ក្នុង និង​ស្លាក​ស្នាម​ច្រើន​កន្លែង។ លោកស្រី​ថា ប្រសិនបើ​កូនប្រុស​របស់​លោក​ស្រី​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ឃាត់ខ្លួន បញ្ជូន​ទៅ​សាលាជំនុំ​ជម្រះ​ក្តី ដើម្បី​អនុវត្ត​នីតិវិធី ដោយ​មិន​គួរ​ប្រើ​ហិង្សា​នោះ​ទេ។ លោកស្រី​សង្ស័យ​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​កូន​របស់​លោកស្រី ហាក់ជា​រឿង​គំនុំ​ច្រើនជាង​ការអនុវត្ត​ច្បាប់ ព្រោះ​កូនប្រុស​លោកស្រី​ពុំ​មាន​អាវុធ​តបត​ជាមួយ​សមត្ថកិច្ច​នោះ​ទេ៖ «វាយ​ខ្លាំង​ណាស់ យក​ជើង​អុក​ក្បាលពោះ លើកឡើង​ទះ នៅមុខ​ខ្ញុំ​តែ​ម្តង ហើយ​ខ្ញុំ​ចេះតែ​ប្រាប់​ថា កុំ​វ៉ៃ តែ​គេ​មិន​ព្រម​ដូច​មាន​សត្រូវ​អីចឹង»

កាលពី​ថ្ងៃ​ទី១៥ វិច្ឆិកា មន្ត្រី​អាវុធហត្ថ​ខែត្រ​ក្រចេះ ១០​នាក់ បាន​ដេញ​ចាប់​ក្រុម​យុវជន​ដែល​សង្ស័យ​ថា ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្បែរ​ផ្សារ​ស្នូល ខែត្រ​ក្រចេះ។ ប្រតិបត្តិ​ការ​បង្ក្រាប​នោះ មន្ត្រី​អាវុធហត្ថ​បាញ់​គ្រាប់កាំភ្លើង​ពីរ​គ្រាប់​ឡើងលើ។ រីឯ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ឈ្មោះ រ៉ុង ពាក់​ឯកសណ្ឋាន​ស៊ីវិល និង​ខោខ្លី បាន​ប្រើ​ហិង្សា​លើ​បុរស​ម្នាក់​ឈ្មោះ ប៉ូ ភីរុណ និង​អូស​បុរស​នោះ​ដាក់​រថយន្ត​បញ្ជូន​ទៅ​តុលាការ។ បញ្ហា​នេះ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ថត​វីដេអូ​បង្ហោះ និង​រិះគន់​សមត្ថកិច្ច​ដែល​ប្រើ​ហិង្សា​នោះ។

អាស៊ីសេរី​មិន​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​អាវុធហត្ថ​ឈ្មោះ រ៉ុង ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការចោទប្រកាន់​នេះ​បានទេ​នៅ​ថ្ងៃ​ទី២៤ វិច្ឆិកា។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក ខែត្រ​ក្រចេះ លោក ប៊ី វាន់នី ចាត់​ទុក​ការ​ប្រើ​ហិង្សា​របស់​សមត្ថកិច្ច​លើ​ជនសង្ស័យ ដោយ​ជនសង្ស័យ​មិន​តបត គឺជា​ករណី​ខុសច្បាប់ និង​រំលោភ​សិទ្ធិមនុស្ស។ លោក​ថា ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​វីដេអូ ករណី​អំពើ​ហិង្សា​នោះ ដែល​ជា​ភស្តុ​ង​តាង​ជាក់លាក់ បង្ហាញ​ថា​មន្ត្រី​អាវុធហត្ថ​នោះ ប្រើ​ហិង្សា​លើ​ជនសង្ស័យ​។ លោក​ថា មក​ទល់​ពេល​នេះ ជនសង្ស័យ ដែល​មន្ត្រី​អាវុធហត្ថ​ប្រើ​ហិង្សា​នោះ ត្រូវ​តុលាការ​បញ្ជូន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រួចហើយ​ក្នុង​ស្ថានភាព​របួសធ្ងន់​៖ «ជនសង្ស័យ​គ្មាន​កម្លាំង​តបត​ទេ គ្រាន់តែ​គាត់​រត់គេច​ពី​ប៉ូលិស ហើយ​ពេលនោះ​សមត្ថកិច្ច​វាយ​គាត់​រំលោភ​លើ​សិទ្ធិ​ជនជាប់ចោទ។ យើង​មើល​ទៅ​រំលោភ​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌»

ច្បាប់ព្រហ្មទណ្ឌ​មាត្រា​២១០ ចែងថា ទារុណកម្ម ឬ​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្ត​ទៅលើ​បុគ្គល​ណាមួយ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៧ ទៅ​១៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល