យុវជន​២​នាក់​ពាក់ព័ន្ធ​រឿង​វាយ​ប្រហារ​បណ្ដាញ​បច្ចេកវិទ្យា​ត្រូវ​ឃុំ​នៅ​គុក​ព្រៃស

ដោយ សុ ជីវី
2014-04-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​តំណាង​ឲ្យ​ក្រុម​ហេកឃ័រ​អនាមិក (Anonymous Hacker)។
រូប​តំណាង​ឲ្យ​ក្រុម​ហេកឃ័រ​អនាមិក (Anonymous Hacker)។
facebook screenshot

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ បាន​ឃាត់​ខ្លួន​យុវជន ២​នាក់ ដែល​ជា​សមាជិក​ក្រុម​ហេកឃ័រ (Hacker) អនាមិក​កម្ពុជា (Anonymous Cambodia) ចំនួន ២​នាក់។ ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ជាប់​ពាក់ព័ន្ធ​ការ​វាយ​ប្រហារ​បណ្ដាញ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ​ចំនួន ៣០ នា​ពេល​កន្លង​ទៅ។ បន្ទាប់​ពី​កសាង​សំណុំ​រឿង​ទៅ​តុលាការ យុវជន​ទាំង ២​នាក់​ត្រូវ​នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស។

ក្រុម​បណ្ដាញ​ហេកឃ័រ​អនាមិក​កម្ពុជា បាន​ព្រមាន​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ដែល​ទើប​បង្កើត​ថ្មី​របស់​ខ្លួន​ភ្លាមៗ នៅ​ក្រោយ​ការ​ប្រកាស​របស់​អាជ្ញាធរ​ថា បាន​ចាប់​ខ្លួន​សមាជិក​របស់​ក្រុម​នេះ​ចំនួន ២​នាក់។

សារ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មាន​មាន​ឈ្មោះ​ថា Anonymous Cambodia បាន​លើក​ឡើង​ថា ពួក​គេ​នឹង​បន្ត​ស្វែង​រក​ការ​គាំទ្រ​អោយ​បាន​កាន់​តែ​ច្រើន ដើម្បី​ទាមទារ​អោយ​មាន​ការ​ដោះ​លែង​សមាជិក​របស់​ពួក​គេ។ សារ​ដដែល​នោះ​បន្ត​ថា អាជ្ញាធរ​ចាប់​ពួក​គេ ២​នាក់ ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​បន្ត​ការងារ ហើយ​ចាប់​ផ្ដើម​អោយ​ខ្លាំង​ជាង​មុន ១០​ដង ១​ពាន់​ដង ១​ម៉ឺន​ដង គ្មាន​ទី​បញ្ចប់ ចាប់​ពី​ពេល​នេះ​ត​ទៅ។ ពុំ​នោះ​ទេ Anonymous នៅ​ទូទាំង​ពិភពលោក នឹង​ចូល​រួម​ដៃ​ជា​មួយ​គ្នា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

ការ​ព្រមាន​របស់​ក្រុម​នេះ ទើប​តែ​ត្រូវ​គេ​បង្ហោះ​បាន​ប្រមាណ​ជាង ១០​ម៉ោង គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា គឺ​ក្រោយ​ពេល​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ផ្សព្វផ្សាយ​ថា បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ដែល​ជា​សមាជិក​ក្រុម​ហេកឃ័រ។ យុវជន​ទាំង ២​នាក់​នោះ​មាន​ឈ្មោះ ប៊ុន​ឃីង មង្គល​បញ្ញា ហៅ Sexmachine ឬ Blackcyber អាយុ ២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជូ សុងហេង ហៅ Zoro អាយុ ២១​ឆ្នាំ​ដែរ ជា​និស្សិត​ឆ្នាំ​ទី​០៣ នៅ​វិទ្យាស្ថាន​ស៊ីតិក (SETEC)។

ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ លោក ឆៃ ស៊ីណារិទ្ធិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​តាម​ដាន​រក​បណ្ដាញ​ក្រុម​នេះ​បន្ថែម​ទៀត។ លោក ស៊ីណារិទ្ធិ បន្ត​ថា អាជ្ញាធរ​ក៏​កំពុង​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​បញ្ជាក់​ពី​កម្រិត​នៃ​ទោស​កំហុស​របស់​យុវជន​ទាំង ២​នាក់។ ទាក់ទិន​នឹង​ការ​ផ្ញើ​សារ​ព្រមាន​របស់ Anonymous Cambodia លោក ស៊ីណារិទ្ធិ បញ្ជាក់​ថា អាជ្ញាធរ​ធ្វើ​តាម​ច្បាប់ និង​ថា ការ​ព្រមាន​នេះ គឺ​ជា​រឿង​ធម្មតា៖ «នេះ​ជា​ផ្លូវ​ច្បាប់ ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​យ៉ាង​ម៉េច​ទេ​រឿង​នេះ។ កន្លង​ទៅ យើង​ក៏​ឃើញ​ថា​ពួក​ហេកឃ័រ​ផ្សេងៗ​នៅ​ក្រៅ​ប្រទេស តែង​គំរាម​រដ្ឋាភិបាល​របៀប​អ៊ីចឹង​ដែរ។ សមត្ថកិច្ច​តុលាការ ក៏​កំពុង​ស្រាវជ្រាវ​អំពី​បញ្ហា​ថា តើ​យក​ទៅ​បម្រើ​ប្រយោជន៍​អី​ជា​រឿង​សំខាន់​ណាស់ ជួន​កាល​គាត់​យក​ទៅ​ដើម្បី​បម្រើ​អោយ​ជា​ព័ត៌មាន ឬ​យក​ទៅ​លក់ ឬ​យក​ទៅ​ប្រើប្រាស់​អី​ផ្សេងៗ។ មែន​ទែន​ទៅ គឺ​ពុំ​ទាន់​មាន​សញ្ញា​ទាក់ទិន​នឹង​ភេរវករ​ទេ»

អាជ្ញាធរ​កម្ពុជា បាន​តាម​ដាន និង​សហការ​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន អែហ្វ.ប៊ី.អាយ (FBI) ប្រចាំ​កម្ពុជា អស់​រយៈពេល​ប្រមាណ ៨​ខែ​មក​ហើយ ទើប​ឃាត់​ខ្លួន​ជន​សង្ស័យ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា។ អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ជាក់​ថា ក្រុម​ហេកឃ័រ​អនាមិក​កម្ពុជា បាន​ធ្វើ​សកម្មភាព​វាយ​ប្រហារ​ធ្វើ​ឲ្យ​រអាក់រអួល​មិន​ដំណើរ​ការ​គេហទំព័រ ជ្រៀត​ចូល​បណ្ដាញ​ព័ត៌មានវិទ្យា​ដោយ​ខុស​ច្បាប់ លួច​ទិន្នន័យ​សម្ងាត់​ជាតិ​ពី​ប្រព័ន្ធ​ព័ត៌មាន និង​ការ​កែ​ទំព័រ​ដើម​នៃ​គេហទំព័រ​ទៅ​លើ​ស្ថាប័ន​ជាតិ​សំខាន់ៗ​ប្រមាណ ៣០ និង​ស្ថាប័ន​ឯកជន​មួយ​ចំនួន​ទៀត។ ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​តាម​មាត្រា ៤២៧ ៤២៨ ៤២៩ នៃ​ក្រម​ព្រហ្មទណ្ឌ។ ជន​សង្ស័យ​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​ជា​ប្រាក់​ពី ១០០.០០០​រៀល ដល់ ៤.០០០.០០០​រៀល និង​អាច​ជាប់​ពន្ធនាគារ​ពី ១​ខែ​រហូត​ដល់ ២​ឆ្នាំ។

កាល​ពី​ពេល​ថ្មីៗ ប៊ុន​ឃីង មង្គល​បញ្ញា ហៅ Sexmachine ឬ Blackcyber បាន​ផ្ដល់​បទ​សម្ភាសន៍​អោយ​វិទ្យុ​បរទេស​មួយ​ថា ក្រុម​របស់​លោក​មាន​គោល​ដៅ​រួម​មួយ គឺ​ផ្សព្វផ្សាយ​ពី​បញ្ហា​ដែល​កើត​មាន​នៅ​កម្ពុជា ទៅ​ក្រៅ​ប្រទេស​ក្នុង​យុទ្ធនាការ​ស្វែង​រក​យុត្តិធម៌ និង​សេរីភាព៖ «ជា​សំខាន់ គឺ​យើង​ត្រូវ​អោយ​មាន​មនុស្ស​អោយ​ស៊ុបផត (Support) គាំទ្រ​យើង​ច្រើន​ទាំង​អ្នក​ក្នុង​ស្រុក អ្នក​ក្រៅ​ស្រុក សំខាន់​អ្នក​ដែល​គេ​មាន​ទឹក​ចិត្ត​ស្រឡាញ់​យុត្តិធម៌ ស្នេហា​ជាតិ អ្នក​ជា​ពិសេស​យុវជន»

ដោយ​ឡែក ទាក់ទិន​នឹង​ការ​សិក្សា​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ថា​តើ​អាច​នឹង​មាន​ការ​រឹតត្បិត​ឬ​ទេ​នៅ​ក្រោយ​ការ​ចាប់​ខ្លួន​យុវជន​ទាំង ២​រូប មន្ត្រី​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា នៅ​ពុំ​ទាន់​មាន​វិធាន​ការ​អ្វី​ទេ ដ្បិត​ពុំ​ទាន់​មាន​បទដ្ឋាន​ច្បាប់​ដែល​ចែង​ពី​បញ្ហា​នេះ​នៅ​ឡើយ។ ចំពោះ​អង្គការ​មិន​មែន​រដ្ឋាភិបាល​វិញ បាន​លើក​ឡើង​ថា ពុំ​គួរ​បង្កើត​អោយ​មាន​ច្បាប់​ដាច់​ដោយ​ឡែក​គ្រប់គ្រង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឡើយ និង​បាន​បញ្ជាក់​ថា គួរ​ប្រើប្រាស់​ច្បាប់​មាន​ស្រាប់ ហើយ​ដាក់​ទោស​កំហុស​ចំពោះ​អ្នក​ប្រព្រឹត្តិ​កំហុស ជា​ជាង​រឹត​ត្បិត​សេរីភាព​ពលរដ្ឋ​ទូទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

pp

ពី pp

នេះគឺជាសកម្មភាពរបស់យួនកំពង់តែបំផ្លាញ នឺងវាយលុកផ្ទែក្នុងនយោបាយខ្មែរហើយសូមបងប្អូនជ្រាប

Apr 28, 2014 11:59 PM

អ្នក​អាន​អនាមិក

DO NOT FALL INTO HUN SEN TRICK. REMEMBER HUN SEN HAS BEEN VN SPY SINCE 70'S. SO, IT IS NOT NEW TO FIND WHOM EVER AGAINST HIM FOR KHMER INTERESTS. BACK TO 80'S,HE CREATED RESISTANT FORCES IN PHNOM PENH TO ARREST "ALL" UNDER COVER RESISTANCES AGAINST VN AGGRESSIONS. SO, B E C A R E F U L !

Apr 24, 2014 11:01 AM

អ្នក​អាន​អនាមិក

ខ្ញុំយល់ថារឿងទាំងនេះគឺជាលេសមួយដែលរដ្ឋាភិបាលធ្វើឡើងដើម្បីឈានទៅដល់ការរិតត្បិតបណ្តាញinternetក៌ដូចជាsocial networkនានាដែលយើងទាំងអស់គ្នាដឹងថាវាជាបណ្តសញចែករំលែកនិងផ្តល់ពត៌មានតែមួយគតរបស់គណបក្សសង្គ្រោះជាតិដែលគូប្រឆាំងរបស់រដ្ឋភិបាលនោះ។ស្រដៀងនេះដែរដែលរដ្ឋាភិបាលបានធ្វើរួចមកហើយគឺបាតដៃទីបីរហូតមកដល់ពេលនេះគឺរដ្ឋាាភិបាលមានលេសថា​៖ថែរក្សាសណ្តាប់ធ្នាប់សង្គមនិងនិតិរដ្ឋ៕ដោយ phoumry

Apr 24, 2014 10:10 AM

អ្នក​អាន​អនាមិក

ខ្ញុំយល់ថារឿងទាំងនេះគឺជាលេសមួយដែលរដ្ឋាភិបាលធ្វើឡើងដើម្បីឈានទៅដល់ការរិតត្បិតបណ្តាញinternetក៌ដូចជាsocial networkនានាដែលយើងទាំងអស់គ្នាដឹងថាវាជាបណ្តសញចែករំលែកនិងផ្តល់ពត៌មានតែមួយគតរបស់គណបក្សសង្គ្រោះជាតិដែលគូប្រឆាំងរបស់រដ្ឋភិបាលនោះ។ស្រដៀងនេះដែរដែលរដ្ឋាភិបាលបានធ្វើរួចមកហើយគឺបាតដៃទីបីរហូតមកដល់ពេលនេះគឺរដ្ឋាាភិបាលមានលេសថា​៖ថែរក្សាសណ្តាប់ធ្នាប់សង្គមនិងនិតិរដ្ឋ៕ដោយ phoumry

Apr 24, 2014 10:08 AM

អ្នក​អាន​អនាមិក

ខ្ញុំគិតប្រពន្ធ័ការពារសុវត្តិភាពស្រុកខ្មែរនៅខ្សោយណាស់ បើនៅតែយ៉ាងហ្នឹងរឿងសំងាត់របស់ប្រទេសជាតិត្រូវបែកការអស់ហើយ។

Apr 24, 2014 12:42 AM

អ្នក​អាន​អនាមិក

Uh Urh ! WEAK ONLY WITH CHHOUK BANDITH KINDS,BUT NOT WITH SAM RAINSY KINDS.

Apr 24, 2014 11:03 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល