តុលាការ​ផ្តន្ទាទោស​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ឱ្យ​ជាប់​ពន្ធនាគារ ១៣ឆ្នាំ ក្នុង​បទ​ចោទ​សម្លាប់​ស្រី​ស្នេហ៍

ដោយ មាន ឫទ្ធិ
2019-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ និង​ជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា។
អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ និង​ជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា។
Photo Facebook

ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ដាក់​ពន្ធនាគារ​ចំនួន ១៣ឆ្នាំ ពី​បទ​ឃាតកម្ម​សម្លាប់​ស្រី​ស្នេហ៍​ឈ្មោះ ចេវ សុវឌ្ឍនា។ សាល​ក្រម​នេះ ត្រូវ​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េងសែ។

ក្រៅ​ពី​នេះ តុលាការ​បាន​ផ្ដន្ទាទោស​អតីត​ស្នងការ​រង​ខេត្ត​​តាកែវ និង​ជា​បងប្រុស​លោក ឡាយ វណ្ណៈ គឺ​លោក ឡាយ ណារិទ្ធិ ឱ្យ​ជាប់​ពន្ធនាគារ​១០​ឆ្នាំ ក្រោម​បទ​ចោទ​ដូច​គ្នា​នេះ​ដែរ។ ចំណែក​ឯ​​អ្នក​បើក​​ឡាន​ឲ្យ​ លោក ឡាយ វណ្ណៈ ឈ្មោះ ម៉េន សាម៉ៃ និង​អ្នក​បម្រើ​​ម្នាក់ ឈ្មោះ ជឹម វុធ វិញ ត្រូវ​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ ២ឆ្នាំ​ពី​បទ​លាក់​បាំង​តម្រុយ​ ក្នុង​ឃាតកម្ម​​​ស្រី​ស្នេហ៍​​​​​របស់ លោក ឡាយ វណ្ណៈ។

លោក ឡាយ វណ្ណៈ និង​បក្ខពួក​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​សម្លាប់​ស្រី​​ស្នេហ៍​ នៅ​ក្នុង​​ផ្ទះ​វិឡា​ជួល​មួយ​ ស្ថិត​នៅ​ភូមិ​ផ្សារ​តាកោ សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០១៨។

លោក ឡាយ វណ្ណៈ បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​តាកែវ នៅ​ឆ្នាំ២០១៤។ លោក​គឺ​ជា​កូន​ប្រសា​របស់​អតីត​អភិបាល​ខេត្ត​តាកែវ និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ លោក ស៊ូ ភិរិន្ទ។ នៅ​ឆ្នាំ២០១៨ ក្រោយ​មាន​រឿង​អាស្រូវ​សម្លាប់​ស្រី​ស្នេហ៍ លោក ហ៊ុន សែន​ បាន​ស្នើ​ថ្វាយ​​ព្រះ​មហាក្សត្រ​ដក​តំណែង លោក ឡាយ វណ្ណៈ ដោយ​ប្ដូរ​ដាក់​កូន​ប្រសា​របស់​អតីត​​អភិបាល​ខេត្ត​តាកែវ​ម្នាក់​ទៀត លោក ស្រី បេន គឺ​លោក អ៊ូច ភា ជំនួស។

ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ឲ្យ​លោក ឡាយ វណ្ណៈ ជាប់​ពន្ធនាគារ ១៣ឆ្នាំ អាស៊ី​សេរី មិន​មាន​ប្រភព​ទាក់ទង​​ទៅ​មេធាវី​ការ​ពារ​ក្ដី និង​ប្រពន្ធ​លោក ឡាយ វណ្ណៈ បាន​ទេ នៅ​ថ្ងៃ​ទី២ កញ្ញា ខណៈ​សាលក្រម​បាន​បើក​ផ្លូវ​ឲ្យ​លោក ឡាយ វណ្ណៈ និង​បក្ខ​ពួក​ ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល