ក្រសួង​សុខាភិបាល​ផ្សព្វផ្សាយ​ច្បាប់​គ្រប់គ្រង​ការ​ប្រកប​របរ​ពេទ្យ​ឯកជន​និង​ច្បាប់​រំលូត​កូន

ដោយ ហង្ស សាវយុត
2016-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ឱកាស​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ ការ​គ្រប់គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ក្នុង​វិស័យ​ឯកជន និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Hang Savyouth
មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ឱកាស​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ ការ​គ្រប់គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ក្នុង​វិស័យ​ឯកជន និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Hang Savyouth
RFA/Hang Savyouth

ក្រសួង​សុខាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ជុំវិញ​ពិភពលោក​ប្រមាណ ៥០​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ពេល​កំពុង​រំលូត​កូន និង​ក្រោយ​ពេល​រំលូត​កូន។ ចំណែក​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន ថ្វីត្បិតតែ​តួលេខ​ស្ត្រី​ស្លាប់​ដោយសារ​ការ​រំលូត​កូន បាន​ថយ​ចុះ​ច្រើន​ជាង​កាល​ពី ១០​ឆ្នាំ​មុន ក៏ប៉ុន្តែ​អត្រា​មរណភាព​នៅ​តែ​ខ្ពស់​ជាង​ស្ត្រី​ដែល​នៅ​ប្រទេស​ជិត​ខាង​គ្នា ដូចជា​ប្រទេស​ថៃ និង​វៀតណាម ជាដើម។

ក្រសួង​សុខាភិបាល បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​ខេត្ត​សៀមរាប ធ្វើ​ការ​ផ្សព្វផ្សាយ​ច្បាប់​ទៅ​មន្ត្រី​មក​ពី​ស្ថាប័ន​ចម្រុះ មាន​អាជ្ញាធរ​ស្រុក ឃុំ កម្លាំង​ប៉ូលិស មន្ត្រី​តុលាការ ព្រម​ទាំង​ក្រុម​គ្រូពេទ្យ​ប្រមាណ​ជិត ៤០០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​មីនា។

កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ ការ​គ្រប់គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ក្នុង​វិស័យ​ឯកជន និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន ដែល​ឧបត្ថម្ភ​ដោយ​មូលនិធិ​ដើម​ត្នោត​កម្ពុជា ក្នុង​បំណង​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​បាន​យល់​ដឹង ហើយ​រួម​គ្នា​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ឱសថ​ក្លែងក្លាយ ឱសថ​ខូច​គុណភាព គ្រូពេទ្យ​គ្មាន​ជំនាញ​វិជ្ជាជីវៈ និង​ទប់ស្កាត់​ការ​រំលូត​កូន​ដោយ​ខុស​ច្បាប់ ជាដើម។

អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប គឺ​អ្នកស្រី​វេជ្ជបណ្ឌិត ខេង ដារ៉ាស៊ី។ អ្នកស្រី​ថ្លែង​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ ការ​គ្រប់គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ក្នុង​វិស័យ​ឯកជន និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន​នោះ​ថា សុខភាព​គឺ​ជា​ទ្រព្យ​សម្បត្តិ​ទី​មួយ​របស់​ប្រជាពលរដ្ឋ។ នៅ​ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ហើយ​ការ​ថែទាំ​សុខភាព និង​ការ​ព្យាបាល គឺ​មន្ទីរ​សុខាភិបាល​បាន​ចាត់​ទុក​ជា​អាទិភាព​ចម្បង ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បំផុត។

សៀវភៅ​កម្រង​ច្បាប់​សុខាភិបាល។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ RFA/Hang Savyouth
សៀវភៅ​កម្រង​ច្បាប់​សុខាភិបាល។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៦ RFA/Hang Savyouth RFA/Hang Savyouth

អ្នកស្រី ខេង ដារ៉ាស៊ី បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ពេល​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​សុខភាព​នោះ ក៏​បាន​គិតគូរ​ទៅ​លើ​បញ្ហា​គ្រោះថ្នាក់​ចំពោះ​ស្ត្រី​បណ្ដាល​មក​ពី​ការ​រំលូត​កូន​ដែរ ពីព្រោះ​អត្រា​គ្រោះថ្នាក់​របស់​ស្ត្រី​ខ្មែរ​នៅ​មាន​កម្រិត​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជិត​ខាង៖ «ការ​ស្លាប់​របស់​មាតា​ក៏​មាន​ចំណែក​នៃ​ការ​រំលូត​កូន​មួយ​ជ្រុង​ដែរ គឺ​ការ​រំលូត​កូន​ដែល​អនុវត្ត​ដោយ​អ្នក​គ្មាន​ជំនាញ និង​វិជ្ជាជីវៈ​ពេទ្យ»

ប្រធាន​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួង​សុខាភិបាល លោក ហុក ខៀវ មាន​ប្រសាសន៍​ថា រយៈពេល​ជាច្រើន​ខែ​មក​ហើយ ក្រសួង​សុខាភិបាល ដែល​សហការ​ជាមួយ​អង្គការ​មូលនិធិ​ដើម​ត្នោត បាន​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ ការ​គ្រប់គ្រង​ការ​ប្រកប​មុខ​របរ​វិជ្ជាជីវៈ​វិស័យ​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ ជំនួយ​វេជ្ជសាស្ត្រ និង​ច្បាប់​ស្ដីពី​ការ​រំលូត​កូន​ចំនួន ១១​លើក​បាន​ចំនួន ១១​ខេត្ត-ក្រុង។ ការ​ប្រឹងប្រែង​ផ្សព្វផ្សាយ​ច្បាប់​ទាំង​នេះ គឺ​ក្នុង​គោល​បំណង​លើក​កម្ពស់​សុខភាព​ពលរដ្ឋ​កម្ពុជា ព្រម​ទាំង​ទប់ស្កាត់​អត្រា​មរណភាព​របស់​ស្ត្រី ដោយសារ​ការ​រំលូត​កូន។

អភិបាល​រង​ខេត្ត​សៀមរាប លោក សង់ រីហា មាន​ប្រសាសន៍​ថា ការ​ផ្សព្វផ្សាយ​ច្បាប់​ថ្ងៃ​នេះ គឺ​ជា​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លុប​បំបាត់​ឱសថ​ក្លែងក្លាយ ឱសថ​ខូច​គុណភាព ឱសថ​នាំ​ចូល​ខុស​ច្បាប់ ព្រម​ទាំង​គ្រប់គ្រង​លើ​ការ​ប្រកប​វិជ្ជាជីវៈ​ពេទ្យ​ក្នុង​វិស័យ​ឯកជន​ផង៖ «ការ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ការ​រំលូត​កូន សំដៅ​ផ្ដល់​ជម្រើស​ឲ្យ​ស្ត្រី និង​កាត់​បន្ថយ​អត្រា​មរណភាព»

ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​ពលរដ្ឋ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៥ គឺ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៤៧២​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ១០​ម៉ឺន​នាក់។ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ គឺ ១​ភាគ​៣ បាន​ស្លាប់​ដោយសារ​ការ​រំលូត​កូន។ រហូត​មក​ដល់​ឆ្នាំ​២០១០ ស្ត្រី​កម្ពុជា ដែល​មាន​ផ្ទៃពោះ​ចំនួន ២០៦​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ ១០​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល