សម្រាប់នៅក្នុងអាណត្តិទី៥ នេះវិញ ដែលមានគណបក្សនយោបាយពីរបានជាប់ឆ្នោត គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសអំពីលទ្ធផលបោះឆ្នោតនៅឡើយ។ ក្រុមប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ចង់ឲ្យរដ្ឋាភិបាលថ្មីដឹកនាំប្រទេសឲ្យមានតម្លាភាព និងផ្តល់យុត្តិធម៌ឲ្យដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការបែងចែករវាងអ្នកមាន និងអ្នកក្រ។
ប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ គម្លាតអ្នកមាន និងអ្នកក្រកាន់តែខ្លាំង គឺជាក្ដីបារម្ភរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា តើរដ្ឋាភិបាលថ្មីនីតិកាលទី៥ នេះ អាចកាត់បន្ថយភាពក្រីក្រ និងអាចធានានូវប្រព័ន្ធយុត្តិធម៌ឯករាជ្យបានដែរឬទេ?
ការចោទជាសំណួរបែបនេះ ធ្វើឡើងនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅក្នុងការដឹកនាំប្រទេសបន្តរបស់លោកសម្រាប់រយៈពេល ៥ឆ្នាំទៀតនេះ លោកនឹងធ្វើកំណែទម្រង់ស៊ីជម្រៅនៅស្ថាប័នរដ្ឋទាំងអស់។
ប្រជាពលរដ្ឋមួយរូបនៅខេត្តកណ្ដាល ឈ្មោះ ម៉ម អូន មានប្រសាសន៍ថា អ្វីដែលលោកចង់បានពីរដ្ឋាភិបាលថ្មីនេះ គឺយុត្តិធម៌សង្គមមុនគេ។ បន្ទាប់មក ជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានប្រហាក់ប្រហែលគ្នាក្នុងសង្គម។ ក៏ប៉ុន្តែ រយៈកាលដឹកនាំប្រទេសរបស់ លោក ហ៊ុន សែន ជាង ២០ឆ្នាំកន្លងមកនេះ ត្បិតតែមានស្ថិរភាពនៅក្នុងសង្គម តែគម្លាតអ្នកមាន និងអ្នកក្រកាន់តែមានច្រើន។
បុរសវ័យចំណាស់មួយរូបទៀត បានរៀបរាប់ថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ គឺបញ្ហាប្រជាកសិករគ្មានទីផ្សារលក់កសិផល រដ្ឋាភិបាលបើកទូលាយឲ្យប្រទេសជិតខាងនាំចូលផលិត តែរដ្ឋាភិបាលមិនបានធានា និងបង្កើតទីផ្សារសម្រាប់កសិផលរបស់កសិករទេ។ ទីផ្សារកសិផលរបស់កសិករ អាស្រ័យលើឈ្មួញកណ្ដាលជាអ្នកកំណត់ថ្លៃ ដូចជា ស្រូវ និងពោតជាដើម។ លោកបញ្ជាក់ថា បញ្ហានេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រថែមទៀត នៅពេលគ្មានទីផ្សារច្បាស់លាស់ ពីព្រោះថា ពួកគាត់ខ្ចីបុលពីធនាគារមកធ្វើដើមទុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន បន្ទាប់ពីលោកត្រូវបានសភាបោះឆ្នោតជាកញ្ចប់ជានាយករដ្ឋមន្ត្រីនីតិកាលទី៥ ថា លោកធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចយ៉ាងតិចបំផុតប្រមាណ ៧% នៅរយៈពេលមធ្យមខាងមុខនេះ។ លោក ហ៊ុន សែន អះអាងថា នៅក្នុងអាណត្តិទី៥ នេះ លោកធានាកាត់បន្ថយភាពក្រីក្រតាមមធ្យោបាយបែងចែកដីធ្លី ផ្ដល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងតាមមធ្យោបាយផ្សេងៗទៀត។
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា កម្ពុជា អាចមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងឆ្នាំ២០១៣ ប៉ុន្តែកំណើននោះនឹងអាចស្ថិតនៅទ្រឹង ឬគ្មានឱកាសហក់ឡើងទៅប្រទេសអភិវឌ្ឍន៍ឡើយ ប្រសិនបើកម្ពុជា មិនធ្វើកំណែទម្រង់លើគោលនយោបាយកាត់បន្ថយគម្លាតអ្នកមាន និងអ្នកក្រ រួមទាំងពង្រឹងមូលដ្ឋានផលិត ដែលមិនបម្រើប្រជាពលរដ្ឋទូទៅទេនោះ។
ធនាគារពិភពលោក បានរកឃើញថា ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។ អ្នកមាន និងអ្នកក្រនៅកម្ពុជា មានគម្លាតឆ្ងាយពីគ្នាខ្លាំង ហើយប្រជាពលរដ្ឋភាគច្រើនប្រមាណ ៨០% មានដីធ្វើកសិកម្មតិចជាង ១ហិកតារ ស្របពេលដែលអ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុងនៅប្រទេសកម្ពុជា។
ម្យ៉ាងវិញទៀត អំពើអយុត្តិធម៌នៅក្នុងសង្គមមានច្រើន ប្រជាពលរដ្ឋម្ចាស់ឆ្នោតអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នោះ គឺជាកត្តារុញច្រានដ៏សំខាន់មួយ ធ្វើឲ្យប្រជាពលរដ្ឋទាំងនោះចង់ឲ្យមានការផ្លាស់ប្ដូរសង្គម។
នៅក្នុងចំណោមមនុស្សរាប់ម៉ឺននាក់មកចូលរួមក្នុងសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ តុលា នោះ មានប្រជាពលរដ្ឋមួយចំនួនមកចូលរួមដោយសារការគាំទ្រគណបក្ស និងស្រឡាញ់មេដឹកនាំគណបក្សនេះ។ តែប្រជាពលរដ្ឋមួយចំនួនមកចូលរួមនេះ ដោយសារពួកគាត់ជួបនូវបញ្ហាអយុត្តិធម៌ចំពោះក្រុមគ្រួសារគាត់ ហើយរំពឹងថា គណបក្សប្រឆាំងអាចជួយរកយុត្តិធម៌ជូនពួកគាត់។
ស្ត្រីជាអាជីវករនៅផ្សារកណ្ដាល ឈ្មោះ អ៊ីន បានរៀបរាប់ថា អ្នកស្រីមិនចង់រស់នៅក្នុងសង្គមពោរពេញដោយភាពអយុត្តិធម៌នោះទេ។ អ្នកស្រីបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលបោសសម្អាតអំពើពុករលួយ និងរៀបចំប្រព័ន្ធយុត្តិធម៌មិនបានទេនោះ ប្រជាពលរដ្ឋនឹងងើបប្រឆាំងរដ្ឋាភិបាលកាន់តែខ្លាំងថែមទៀត។
ទាក់ទងនឹងបញ្ហានេះ លោក ហ៊ុន សែន បានប្រកាសដោយជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើព្រាងច្បាប់ស្ដីពីសហលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃអង្គចៅក្រមឲ្យបាននៅក្នុងអាណត្តិនេះ ដើម្បីដាក់ទោសមន្ត្រីតុលាការដែលមិនផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។
អ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គម ពន្យល់ថា កំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ រដ្ឋាភិបាលនឹងមិនអាចធ្វើបានទៅតាមការសន្យានោះទេ ពីព្រោះថា រដ្ឋាភិបាលបានបរាជ័យលើការសន្យារបស់ខ្លួនជាច្រើនជាមួយម្ចាស់ឆ្នោត ដូចជាការធានាការកាប់ព្រៃឈើ ។ល។ ផ្ទុយទៅវិញ ព្រៃឈើ និងធនធានធម្មជាតិ ត្រូវហិនហោច ហើយគម្លាតអ្នកមាន និងអ្នកក្រ នៅតែមានច្រើន ដោយសារតែរដ្ឋាភិបាលមិនមានយន្តការច្បាស់លាស់ និងអំពើពុករលួយជាដើម។
លោកបញ្ជាក់ថា គម្លាតអ្នកមាន និងអ្នកក្រខុសគ្នាខ្លាំងនេះ វិបត្តិសង្គមនឹងកើតឡើងគួបផ្សំនឹងស្ថានភាពនយោបាយមិនមានស្ថិរភាពល្អ ភាពឥតការងាររបស់យុវជនកាន់តែច្រើននោះ។
មកទល់ពេលនេះ ភាពចម្រូងចម្រាសផ្នែកនយោបាយមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ អ្នកវិភាគពន្យល់ថា រដ្ឋាភិបាលឯកបក្សនេះ ត្រូវតែទទួលយកលក្ខខណ្ឌរបស់គណបក្សប្រឆាំងខ្លះ ដើម្បីយកទៅធ្វើកំណែទម្រង់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ពិសេសធ្វើយ៉ាងណាឲ្យមានតុល្យភាពអំណាច ពិសេសផ្ដល់ឱកាសឲ្យគណបក្សប្រឆាំងមានតួនាទីសំខាន់ៗក្នុងរដ្ឋសភា ដើម្បីមានសិទ្ធិត្រួតពិនិត្យមន្ត្រីរដ្ឋាភិបាលអសកម្ម ឬអសមត្ថភាពនោះ ដើម្បីឲ្យកំណែទម្រង់រដ្ឋាភិបាលមានប្រសិទ្ធភាព និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋនៃរដ្ឋាភិបាលនីតិកាលទី៥ នេះ៕