ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ប្រតិកម្ម​នឹង​ការ​លើក​ពេល​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​ព្រៃ​ឈើ

ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ជា​ច្រើន​រយ​នាក់ បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​តុលាការ​ខេត្ត​ពោធិ៍សាត់ ដែល​បាន​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្ដី​លើ​សកម្មជន​ដីធ្លី និង​ធនធាន​ធម្មជាតិ លោក គុជ វេង។
ដោយ ជិន ជេដ្ឋា
2013-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍ កំពុង​អង្គុយ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដើម្បី​រង់ចាំ​ស្ដាប់​លទ្ធផល​សវនាការ​លោក គុជ វេង កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍ កំពុង​អង្គុយ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដើម្បី​រង់ចាំ​ស្ដាប់​លទ្ធផល​សវនាការ​លោក គុជ វេង កាល​ពី​ថ្ងៃ​ទី១០ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Chhin Chetha

ពួក​គាត់​បញ្ជាក់​ថា ការ​លើក​ពេល​សវនា​ការ​ម្ដង​ជា​ពីរ​ដង​របស់​ចៅក្រម គឺ​ជា​ចេតនា​ធ្វើ​បាប និង​មិន​ចង់​ឲ្យ​សកម្មជន ព្រម​ទាំង​ប្រជាពលរដ្ឋ​គាំទ្រ​លោក គុជ វេង បាន​ស្ដាប់​លើ​ដំណើរ​ការ​កាត់​សេចក្ដី​សំណុំ​រឿង​នេះ។ ប៉ុន្តែ ចៅក្រម​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​នេះ ព្រោះ​ការ​យឺតយ៉ាវ និង​លើក​ពេល​សវនាការ​នេះ គឺ​ស្ថិត​ក្នុង​ដំណើរ​ការ​នីតិវិធី​ច្បាប់។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍​ព្រៃ​ឈើ គឺ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ប្រកាស​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្ដី​តំណាង​របស់​ពួក​គាត់ នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា ឆ្នាំ​២០១៣ ទៅ​ថ្ងៃ​ក្រោយ ដោយ​មិន​កំណត់​ពេល​វេលា​ច្បាស់​លាស់។ ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ពួក​គាត់​នៅ​តែ​បន្ត​លើក​គ្នា​មក​តវ៉ា និង​អាច​ឈាន​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​យុត្តិធម៌ ទៀត​ផង ប្រសិន​បើ​តុលាការ​មិន​ព្រម​ពន្លឿន​រឿង​ក្ដី​នេះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ប៊ិន ប៊ុនធឿន មក​ពី​ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ប្រសាសន៍​ថា ក្រុម​ប្រជាពលរដ្ឋ និង​តំណាង​សហគមន៍ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​តុលាការ​ខេត្ត​ពោធិ៍សាត់៖ «អីចឹង យើង​ខ្ញុំ​ថា​ធ្វើ​នេះ​ដោយ​មិន​ត្រឹមត្រូវ​ទេ។ អា​នេះ​ការ​ឆ្លើយ​បំភ្លៃ​របស់​តុលាការ ពីព្រោះ​មុន​នឹង​តុលាការ​សម្រេច​បើក​សវនាការ​កាត់​ទោស​អ្នក​ណា​មួយ ត្រូវ​ប្រមូល​សំណុំ​ឯកសារ​នោះ​គ្រប់គ្រាន់ បាន​ដាក់​ថ្ងៃ​បើក​សវនាការ។ ហេតុ​អី​បាន​មក​ដល់​ពេល​ថ្ងៃ​បើក​សវនាការ​កែប្រែ​ទៅ​ជា​អីចឹង​ទៅ​វិញ អីចឹង​រឿង​នេះ​ដោយ​អយុត្តិធម៌​ហើយ។ អីចឹង​យើង​ទាំងអស់​គ្នា​មិន​ទទួល​យក​បាន​ទេ អីចឹង​រឿង​នេះ​ប្រហែល​កម្លាំង​សហគមន៍​ទាំងអស់​ហ្នឹង​មាន​ថ្ងៃ​ខាង​មុខ​នេះ​បន្ត​ទៀត ក្នុង​ពេល​ឆាប់ៗ​នេះ​មិន​ឲ្យ​ថ្ងៃ​បោះឆ្នោត​ទេ»

សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី ៥​នាក់ ដែល​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​សវនាការ លោក ស៊ុត កុសល មាន​ប្រសាសន៍​ថា ក្រុម​សហគមន៍​មាន​ផល​ប៉ះពាល់​ច្រើន​ក្នុង​ការ​ចំណាយ​ពេល​វេលា និង​ប្រាក់​កាស ដោយ​ពួក​គាត់​លក់​មាន់ ទា ស្រូវ អង្ករ​ជា​ច្រើន ដើម្បី​បាន​ប្រាក់​មក​ចូលរួម និង​ចង់​ស្ដាប់​សវនាការ​លើ​សំណុំ​រឿង​លោក គុជ វេង៖ «គម្រោង​នេះ​ពួក​ខ្ញុំ​មិន​ទាន់​បញ្ចប់​ភ្លាម​ទេ ប្រហែល​ជា​អាច​ទៅ​ក្រសួង​យុត្តិធម៌ ឬ​ក៏​រដ្ឋសភា ឬ​ក៏​សាលា​ឧទ្ធរណ៍​ទៀត ដើម្បី​ឲ្យ​គាត់​បាន​ដំណោះស្រាយ​ដល់​លោក គុជ វេង ហ្នឹង។ សភា​សាកសួរ​ចាំ​សាលា​ឧទ្ធរណ៍​ពី​នោះ​មក​ដល់​នេះ បាន​គេ​កាត់​ក្ដី​ឡើង​សវនាការ វា​គឺ​ពេល​មួយ​ដែល​វា​អត់​មាន​កំណត់​ពេល​វេលា​ច្បាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាត់​ខំ​អញ្ជើញ​មក​មិន​សប្បាយ​ចិត្ត មិន​អស់​ចិត្ដ»

ចំណែក​ឯ​កូន​ស្រី​បង្កើត​របស់ លោក គុជ វេង កញ្ញា គុជ ពិសា មាន​ប្រសាសន៍​ថា កញ្ញា​សូម​ឲ្យ​តុលាការ​រក​យុត្តិធម៌​ជូន​ឪពុក​នាង​ឲ្យ​បាន​ឆាប់ ដោយសារ​តែ​ឪពុក​របស់​នាង​មាន​ជំងឺ​ប្រចាំ​កាយ ដូចជា ជំងឺ​ក្រពះ និង​ពោះវៀន​ដុះ​ខ្នែង​ជាដើម៖ «ដូច​ជា​គ្រួសារ​មួយ​ដែល​បាត់​ភាព​កក់​ក្ដៅ ហើយ​វា​ពិបាក​ចិត្ដ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​គាត់​នៅ​ឆ្ងាយ​ពី​ពួក​យើង។ អីចឹង​ហើយ ម្យ៉ាង​ទៀត​គាត់​អត់​មាន​សេរី​ភាព​ណា​មួយ​គាត់​នៅ​កំពុង​តែ​មាន​ជំងឺ​ទៀត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ចៅក្រម​ជំនុំ​ជម្រះ លោក ម៉ៅ ស៊ីណា មាន​ប្រសាសន៍​ថា ការ​លើក​ពេល​សវនា គឺ​មក​ពី​ដំណើរ​ការ​នីតិវិធី​ច្បាប់ មិន​មែន​មក​ពី​ក្រុម​ប្រជាពលរដ្ឋ​ឡើង​មក​តវ៉ា​អ្វី​នោះ​ទេ។ តុលាការ​មាន​ភារកិច្ច​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ទាំង​ដើម​ចោទ និង​ជន​ដែល​គេ​ត្រូវ​ចោទ៖ «បន្ទាប់​ពី​សភា​ស៊ើប​សម្រេច​មាន​លទ្ធផល​ពី​សភា​ស៊ើប​សួរ ខ្ញុំ​នឹង​ដាក់​កម្មវិធី​ច្បាស់​លាស់​ដូច​លោក​បាន​ឃើញ ក្រោយ​ពី​បិទ​ការ​ស៊ើប​សួរ យើង​ដាក់​កម្មវិធី​ភ្លាម​ឲ្យ​បាន​លឿន ក៏ប៉ុន្តែ​ដោយសារ​បញ្ហា​រឿង​មេធាវី​របស់​ជន​ជាប់​ចោទ​ទេ ដែល​គាត់​ប្ដឹង​នៅ​សភា​ស៊ើប​សួរ អីចឹង​វា​នីតិវិធី​ត្រូវ​សភា​ស៊ើប​សួរ​សម្រេច​សិន»

ទោះ​ជា​យ៉ាង​ណា មេធាវី​ការពារ​ក្ដី​របស់ លោក គុជ វេង គឺ លោក ចាន់ សុជាតិ មាន​ប្រសាសន៍​ថា លោក​នឹង​ជំរុញ​ទៅ​សភា​ស៊ើប​សួរ ដើម្បី​ឲ្យ​ប្រញាប់ប្រញាល់​ក្នុង​ការ​សម្រេច​រឿង​ក្ដី​នេះ ហើយ​បញ្ជូន​មក​សាលា​ដំបូង​វិញ៖ «ធម្មតា​យើង​អាច​ប្រសិន​សភា​ស៊ើប​សួរ​សម្រេច ហើយ​យើង​អាច​ឲ្យ​គាត់​ដាក់​សវនាការ​អីចឹង​ទៅ​ណា ហើយ​តាម​ផ្លូវ​ច្បាប់​គាត់​មាន​សិទ្ធ​តែ ៤​ខែ​ទេ ចៅក្រម​ជំនុំ​ជម្រះ​ដាច់​ខាត គាត់​ត្រូវ​ជម្រះ ហើយ​គាត់​អត់​អាច​ទុក​រឿង​ហ្នឹង​ចោល​បាន​ទេ»

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តំណាង​សហគមន៍ លោក គុជ វេង ត្រូវ​បាន​សមត្ថកិច្ច ៤​រូប ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​វេលា​ម៉ោង ៩ និង ២០​នាទី​ព្រឹក និង​បាន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។ ការ​ចាប់​ខ្លួន​នេះ គឺ​យោង​តាម​អំណាច​ដីកា​របស់​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ចុះ​ថ្ងៃ​ទី២៤ ខែ​មេសា ឆ្នាំ​២០១៣ តាម​បណ្ដឹង​ព្រហ្មទណ្ឌ​លេខ​៨៥ ចុះ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដែល​ចោទ​ប្រកាន់​ពី​បទ​ឆបោក។

ប្អូន​ស្រី​បង្កើត លោក គុជ វេង ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ចាប់​ខ្លួន​នោះ បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​បង​ប្រុស​របស់​នាង គឺ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​បង​ប្រុស​របស់​នាង​ទៅ​ជួប​អ្នក​ភូមិ​កំពុង​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ចម្ការ​មួយ ត្រង់​ចំណុច​ដំណាក់ព្រីង នៃ​ភូមិ​ក្រឡាញ់ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ មុន​ដំបូង លោក គុជ វេង មិន​ព្រម​ទៅ​តាម​ការ​នាំ​ខ្លួន​នោះ​ទេ ដោយ​គាត់​សម្អាង​ថា​គ្មាន​ដីកា​ពី​តុលាការ ហើយ​លោក​ក៏​គ្មាន​ធ្វើ​អ្វី​ខុស​ដែរ ប៉ុន្តែ​ភ្លាម​នោះ មាន​ប៉ូលិស​ម្នាក់​ក្នុង​ចំណោម ៤​នាក់ បាន​ប្រាប់​ថា ដីកា​មាន​នៅ​ក្នុង​ឡាន។

លោក គុជ វេង ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក ដែល​ប្ដឹង​ដោយ​អ្នកស្រី អ៊ុំ ធារី នៅ​ភូមិ​ខ្សាច់ល្អិត ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដោយ​ចោទ លោក គុជ វេង ថា​បាន​ឆបោក​ប្រាក់​ចំនួន ៤.៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​សន្យា​រក​តួនាទី​ជា​ប៉ូលិស​សក្ដិ​២ ឲ្យ​ប្ដី​របស់​អ្នកស្រី​ធ្វើ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

អ្នកស្រី អ៊ុំ ធារី ក៏​ធ្លាប់​បាន​បញ្ជាក់​ដែរ​ថា លោក គុជ វេង ពិត​ជា​បាន​ទទួល​លុយ​ពី​គាត់​មែន ហើយ​អ្នកស្រី​មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់ ក៏ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​អាច​បង្ហាញ​ភស្តុតាង និង​សាក្សី​នោះ​បាន​នៅ​ឡើយ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា លោក គុជ វេង គឺ​ជា​សកម្មជន​ការពារ​ដីធ្លី និង​ធនធាន​ធម្មជាតិ​យ៉ាង​សកម្ម​ម្នាក់​នៅ​ស្រុក​ក្រគរ។ ប្រជាពលរដ្ឋ​បន្ត​ថា អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ដីធ្លី និង​ព្រៃ​ឈើ គឺ​ជា​មុខ​សញ្ញា​របស់​អ្នក​មាន​លុយ និង​មាន​អំណាច ក្នុង​ការ​ធ្វើ​បាប ដោយ​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​ប្រជាពលរដ្ឋ ហើយ​បង្វែរ​សាច់​រឿង​ដីធ្លី​ទៅ​ជា​បទ​ល្មើស​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល