ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​ចំណាត់​ការ​យឺតយ៉ាវ​របស់​តុលាការ​កោះកុង

ជន​រងគ្រោះ​មួយ​ចំនួន​ដែល​ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​ដោយ​ការ​វ៉ៃ​ដំ បាន​ត្អូញត្អែរ​ពី​រឿង​តុលាការ​មិន​បាន​ចាត់​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ពួក​គេ អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ។
ដោយ សាន សែល
2013-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូង​ខេត្ត​កោះកុង
សាលាដំបូង​ខេត្ត​កោះកុង
Photo: RFA

ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​បណ្ដឹង​ពី​បញ្ហា​ទំនាស់ និង​ជម្លោះ​ផ្សេងៗ បាន​ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​របស់​តុលាការ​ខេត្ត​កោះកុង ក្នុង​ការ​លើក​យក​សំណុំ​រឿង​ក្តី​របស់​ពួក​គាត់​យក​មក​ជំនុំ​ជម្រះ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ការ​ពន្យារ​ពេល​របស់​តុលាការ​នេះ ធ្វើ​ឱ្យ​ពួក​គាត់​អស់​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ភាព​យុត្តិធម៌ និង​ធ្វើ​ឱ្យ​ពួក​គាត់​អស់​ជំនឿ​ចិត្ត​លើ​តុលាការ។ លើស​ពី​នេះ ការ​ទុក​សំណុំ​រឿង​ក្តី​មិន​យក​មក​ចាត់​ការ​នេះ ក៏​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់ ព្រោះ​ពួក​គាត់​មិន​អាច​ធ្វើ​ដំណើរ​ទៅ​រក​ស៊ី​នៅ​ទី​ឆ្ងាយ​បាន​នោះ ដោយ​ត្រូវ​អង្គុយ​រង់ចាំ​ដីកា​កោះ​ហៅ​ពី​តុលាការ។ ពួក​គាត់​ពន្យល់​ថា ប្រសិន​បើ​ពួក​គាត់​ខកខាន​មិន​បាន​ចូល​បំភ្លឺ​ឱ្យ​ទាន់​ពេល​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នោះ​ទេ តុលាការ​នឹង​ផាក​ពិន័យ ឬ​ពន្លត់​បណ្ដឹង​ពួក​គាត់​ចោល​តែ​ម្តង។

ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ​ខេត្ត លោក គង់ ប៊ុនធឿន និង​លោក ប៉ោ ឌឿន បាន​និយាយ​ថា លោក​រង់ចាំ និង​ចូល​បំភ្លឺ​តុលាការ បើ​ទោះ​ជា​លោក​ដឹង​ថា​មិន​មាន​សង្ឃឹម​ឈ្នះ​ក៏ដោយ ដោយ​លោក​បាន​បញ្ជាក់​ប្រាប់​ថា អ្នក​ដែល​វាយ​ធ្វើ​បាប​ពួក​គាត់ សុទ្ធ​តែ​ជា​អ្នក​មាន​អំណាច និង​មាន​លុយ។

លោក គង់ ប៊ុនធឿន ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា នោះ និយាយ​ថា នៅ​ពេល​នេះ​ពាក្យ​បណ្ដឹង​របស់​គាត់​មាន​ភាព​ស្ងប់ស្ងាត់ មិន​ទាន់​ឮ​ដីកា​កោះ​ហៅ​ណា​មួយ​ពី​តុលាការ ឱ្យ​ទៅ​ចូល​សវនាការ​នោះ​ទេ ដោយ​លោក​យល់​ថា អ្នក​កាន់​សំណុំ​រឿង​ក្តី​នេះ​ហាក់​ដូច​ជា​មិន​ចង់​រក​យុត្តិធម៌​ឲ្យ​ខ្លួន​គាត់​បន្តិច​សោះ​ឡើយ។ លោក​បាន​ប្ដឹង​លោក ឈុំ សិលា អធិការ​រង​នគរបាល​ស្រុក​ថ្មបាំង ដោយ​អះអាង​ថា លោក សិលា បាន​វាយ​ធ្វើ​បាប​គាត់ ដែល​ជា​ប្រជាជន​ទន់​ខ្សោយ។

លោក គង់ ប៊ុនធឿន៖ «សូម​បំភ្លឺ​ខ្ញុំ​ឱ្យ​ឃើញ និង​ការ​ជាក់ស្តែង បំភ្លឺ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ឱ្យ​ឃើញ​ថា បង​នេះ​ឯង​នេះ​ខូច ខ្ញុំ​ខូច​ត្រង់​ណា អ៊ីចឹង​ខ្ញុំ​ឱ្យ​អស់​ក្នុង​តុលាការ។ ខ្ញុំ​សំណូមពរ​ឱ្យ​លោក​តុលាការ​ឱ្យ​បាន​ទល់​មាត់​គ្នា​ទៅ សូម​ទល់​មាត់​គ្នា មើល​ខ្ញុំ​ខុស​ឱ្យ​ឃើញ​ខុស។ ខ្ញុំ​មិន​ចង់​បាន​លុយ​កាក់​ទេ ប៉ុន្តែ​ច្បាប់​បម្រើ​ប្រជាពលរដ្ឋ​ដោយ​វិធី​ណា»

បុរស​ម្នាក់​ទៀត​ឈ្មោះ ប៉ោ ឌឿន ក៏​បាន​ត្អូញត្អែរ​ថា នៅ​ពេល​នេះ​ពាក្យ​បណ្ដឹង​របស់​គាត់​មាន​ភាព​ស្ងប់ស្ងាត់​ដដែល បន្ទាប់​ពី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ដោយ​អះអាង​ថា លោក​បាន​រង​ការ​វាយ​តប់​ពី​សំណាក់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ម្នាក់​ឈ្មោះ សុខ គឹមឡុង ហៅ ឡូ ព្រោះ​តែ​រឿង​លេង​បាល់​ទះ​ជាមួយ​គ្នា។

លោក ប៉ោ ឌឿន៖ «ចង់​ឱ្យ​គាត់​ដោះស្រាយ​បញ្ហា​ហ្នឹង​ឆាប់ៗ ឱ្យ​បាន​ឃើញ​ថា អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ។ សំណូមពរ​ឱ្យ​បាន​ស្រប​ច្បាប់ ឱ្យ​កាត់​ក្តី​រឿង​ខ្ញុំ​ដែល​អ្នក​ទាំង​ពីរ អ្នក​ណា​ខុស អ្នក​ណា​ត្រូវ ក្នុង​រឿង​ដែល​កើត​ឡើង​ហ្នឹង ឱ្យ​បាន​ឆាប់ៗ។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​នឹង​ឈ្នះ​គេ​ទេ ព្រោះ​នរណា​ក៏​គេ​ស្គាល់​លោក ឡូ ដែរ ព្រោះ​អី​គាត់​ជា​អ្នក​មាន​នៅ​ក្នុង​ខេត្ត​កោះកុង គ្មាន​នរណា​មាន​ជាង​គាត់​ទេ។ ប្រហែល​ជា​គាត់​ធ្វើ​អ្វី​ម្យ៉ាង​ហើយ​មើ​ល​ទៅ បាន​ជា​ពួក​ខ្ញុំ​ស្ងាត់​អ៊ីចឹង»

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​កំពុង​ឃ្លាំ​មើល​ករណី​នេះ យល់​ថា ការ​ពន្យារ​ពេល​របស់​តុលាការ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ប៉ះពាល់​ដល់​សិទ្ធិ​ជន​រងគ្រោះ។ លោក​បន្ត​ថា ករណី​ទាំង​ពីរ​ខាង​លើ​ជា​បទល្មើស​ជាក់ស្តែង ស្រប​តាម​មាត្រា​៩៧ នៃ​ក្រម​ព្រហ្មទណ្ឌ។ ហេតុ​នេះ តុលាការ​អាច​បើក​ជំនុំ​ជម្រះ​បាន​ភ្លាមៗ ដោយ​មិន​ចាំបាច់​ប្រើ​ពេល​វេលា​យូរ ដើម្បី​ស៊ើប​អង្កេត​នោះ​ទេ។

លោក​ថា នៅ​ខេត្ត​កោះកុង មិន​សូវ​មាន​រឿង​ក្តី​ច្រើន​ទេ ហេតុ​អ្វី​តុលាការ​ខេត្ត​កោះកុង មិន​ទាន់​លើក​យក​សំណុំ​រឿង​នេះ​មក​ដោះស្រាយ​ទៀត៖ «ការ​ដែល​ពន្យារ​ពេល​យ៉ាង​យូរ​ដូច​នេះ ធ្វើ​ឱ្យ​ជន​រងគ្រោះ​គាត់​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ហើយ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ ប្រសិន​បើ​ចេះ​តែ​អូស​បន្លាយ​ពេល​យូរ ព្រោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស គឺ​សំដៅ​លើ​ការ​មិន​អនុវត្ត​លើ​តួនាទី វា​ជា​ការ​អូស​បន្លាយ​ធ្ងន់ធ្ងរ​ដែរ ពីព្រោះ​អ្នក​រងគ្រោះ​ទាំង​នោះ គឺ​រងគ្រោះ​ដោយ​បទល្មើស​ជាក់ស្តែង ហើយ​អូស​បន្លាយ​យូរ​អ៊ីចឹង វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​យុត្តិធម៌»

លោក​ព្រះរាជ​អាជ្ញា​រង ស្រី ម៉ាកនី ដែល​ត្រូវ​បាន​ដឹង​ថា ជា​អ្នក​ទទួល​បន្ទុក​កាន់​រឿង​ក្តី​នេះ មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ ដោយ​ទូរស័ព្ទ​មិន​ចូល ចំណែក​លោក​ប្រធាន​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​កោះកុង តុក ឈុនហេង ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​លោក​លើក​ទូរស័ព្ទ​ហើយ​តែ​មិន​និយាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល