ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ត្រូវ​សភា​អនុម័ត​ជា​ផ្លូវ​ការ

សមាជិក​សភា​ដែល​ភាគ​ច្រើន​មក​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​ច្បាប់​ប្រឆាំង​ជន​ណា​ដែល​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សេចក្ដី​ស្នើ​ច្បាប់​ដែល​មាន ៥​មាត្រា​នេះ ត្រូវ​គេ​សង្កេត​ឃើញ​ថា ធ្វើ​ឡើង​យ៉ាង​តក់ក្រហល់​ក្នុង​រយៈពេល ២​សប្ដាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ស្នើ​ច្បាប់​នេះ​ឡើង។
ដោយ ម៉ម មុនីរតន៍
2013-06-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម ឬ​គណៈកម្មការ​ទី​២ នៃ​រដ្ឋ​សភា លោក ជាម យៀប (ស្ដាំ) ថ្លែង​ហេតុ​អំពី​ការ​ស្នើ​ច្បាប់​ស្ដីពី​ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម នា​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៣។
ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម ឬ​គណៈកម្មការ​ទី​២ នៃ​រដ្ឋ​សភា លោក ជាម យៀប (ស្ដាំ) ថ្លែង​ហេតុ​អំពី​ការ​ស្នើ​ច្បាប់​ស្ដីពី​ច្បាប់​ប្រឆាំង​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម នា​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Morm Moniroth

ច្បាប់​នេះ​បង្កើត​ឡើង​ទំនង​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង ដែល​តែង​តែ​រិះគន់​ឥត​សំចៃ​មាត់​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន ដោយ​ភ្ជាប់​ទៅ​នឹង​របប​ខ្មែរ​ក្រហម។

ច្បាប់​ថ្មី​ដែល​មាន ៥​មាត្រា ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ការ​សម្លាប់​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​សភា​អនុម័ត​ជា​ផ្លូវ​ការ​ហើយ ដែល​មាន​សំឡេង​គាំទ្រ ៨៦ លើ ៨៦ ដោយ​ពុំ​មាន​ឧបសគ្គ​អ្វី​ឡើយ និង​ពុំ​មាន​សមាជិក​ណា​ម្នាក់​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​ដើម្បី​ពិគ្រោះ​យោបល់​ទេ។

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​ត្រា​២ ចែង​ថា រាល់​ការ​មិន​ទទួល​ស្គាល់ ឬ​ការ​សម្រាល ឬ​ការ​បដិសេធ ឬ​ការ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​ការ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​ផ្ដន្ទាទោស​ជន​នោះ​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។ បទ​មិន​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ទោះ​តាម​មធ្យោបាយ​ណា​មួយ​ក៏ដោយ ដូច​ជា​តាម​រូបភាព​សម្ដី តាម​លិខិត ឬ​គំនូរ និង​តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍​សម្រាប់​សាធារណជន។

លោក ជាម យៀប អ្នក​ស្នើ​ច្បាប់​ក្នុង​ចំណោម​សមាជិក​សភា ៦​រូប​ផ្សេង​ទៀត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ថា ប្រសិន​បើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឬ​បុគ្គល​ណា​មួយ​ដែល​ហាន​រិះគន់ ក្រោយ​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្នុង​រឿង​ថា​មិន​មាន​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ពួក​គេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដោយ​ចៀស​មិន​ផុត​ឡើយ៖ «ទន្ទឹម​នឹង​ខ្លឹមសារ​នៃ​សេចក្ដី​ស្នើ​ច្បាប់ ក៏​មាន​ន័យ​ដើម្បី​បញ្ជាក់​នូវ​ការ​ពិត អប់រំ​ណែនាំ និង​មាន​វិធាន​ការ ព្រម​ទាំង​ដាក់​ទោស​ទណ្ឌ​ចំពោះ​ពលរដ្ឋ​គ្រប់​រូប​ដែល​មិន​ព្រម​ទទួល​ស្គាល់​នូវ​ឧក្រិដ្ឋកម្ម​នៃ​របប ប៉ុល ពត»

កាល​ពី​ថ្ងៃ​ទី២៨ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​គាំទ្រ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ថា​មាន​របប​ប្រល័យ​ពូជ​សាសន៍​ដែរ និង​ប្រឆាំង​មិន​ឲ្យ​មាន​មន្ត្រី​សំខាន់​ក្នុង​របប​ខ្មែរ​ក្រហម មក​កាន់​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល។ ការ​បញ្ជាក់​នូវ​ជំហរ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​លោក ហ៊ុន សែន ទាមទារ​ឲ្យ​សមាជិក​សភា​ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​របស់​លោក តាក់​តែង​ច្បាប់​នេះ​ឡើង​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី២៧ ឧសភា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ដោយ​ចាត់​ទុក​ថា សភា​បច្ចុប្បន្ន​អ​ធម្មនុញ្ញ​ភាព ព្រោះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ពុធ សម្រេច​មិន​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ ចំនួន ២៨​រូប បាន​ចូលរួម​ពិភាក្សា​អំពី​ការ​តាក់​តែង​ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​បាន​បង្កក​ប្រាក់​ខែ​ពួក​គេ​ថែម​ទៀត ព្រោះ​តែ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

សម័យ​ប្រជុំ​វិសាមញ្ញ នីតិកាល​ទី៤ ដែល​ប្រើ​រយៈពេល​ជិត ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី៧ មិថុនា ការ​អនុម័ត​ច្បាប់​ថ្មី​នេះ​ដែល​ភាគ​ច្រើន​ជា​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​ការ​ពិភាក្សា​ដេញដោល ឬ​ពិគ្រោះ​យោបល់​អ្វី​ឡើយ ក្រៅ​ពី​ការ​លើក​ដៃ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​នេះ៖ «សូម​គោរព​រាយការណ៍​ជូន​សម្ដេច​ប្រធាន វត្តមាន​សមាជិក​សមាជិកា​រដ្ឋសភា​នៅ​ពេល​នេះ មាន​ចំនួន ៨៦​រូប។ អង្គ​សភា​អនុម័ត​ទទួល​ពិចារណា​លើ​ខ្លឹមសារ​ទាំង​មូល​នៃ​សេចក្ដី​ស្នើ​ច្បាប់​នេះ មាន​ចំនួន ៨៦ លើ ៨៦»

លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ពន្យល់​ថា ក្នុង​ករណី​សមាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ណា​មួយ ត្រូវ​បាន​គេ​បញ្ឈប់ ឬ​ដើរ​ចេញ​ពី​សភា ព្រោះ​ហេតុផល​អ្វី​មួយ មិន​គ្រប់​ចំនួន​នៃ​អាសនៈ​នៅ​ក្នុង​សភា​នោះ បាន​ន័យ​ថា ច្បាប់​ដែល​អនុម័ត​នោះ​នឹង​ក្លាយ​ជា​អធម្មនុញ្ញ​ភាព ឬ​ភាព​មិន​ស្រប​ច្បាប់ ឬ​ថា​ពុំ​មាន​វិសាលភាព​ក្នុង​ការ​គ្រប​ដណ្ដប់​ចំពោះ​ការ​អនុវត្ត និង​ពុំ​មាន​ឥទ្ធិពល​អ្វី​ឡើយ។ ប៉ុន្តែ ថា​បើ​សមាជិក​នៃ​គណបក្ស​នយោបាយ​ណា​មួយ​ខក​ខាន​មិន​បាន​ចូលរួម​ទៅ​វិញ គឺ​ការ​អនុម័ត​នោះ គេ​ត្រូវ​ធ្វើ​ឡើង​អាច​តាម​រូបមន្ត ៥១ បូក ១ ឬ ២ ភាគ ៣ ជាដើម។ ហើយ​ច្បាប់​នោះ​មិន​រាប់​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ៖ «បើ​សិន​ជា​ដេញ​ចេញ អា​ហ្នឹង​វា​បញ្ហា​ប៉ះពាល់​ដល់​កូរ៉ុម ១២០ ជា​រដ្ឋសភា យល់​នៅ។ តែ​បើ​សិន​ពួក​ហ្នឹង ដូច​ថា​សម្រេច​ដេញ​ចេញ មាន​ន័យ​ថា តំណាង​រាស្ត្រ​លែង​មាន ១២០​នាក់​ទៀត​ទេ។ អា​ហ្នឹង​អត់​មាន​បញ្ហា​ទៀត​ទេ អា​នេះ​ស៊ី​សង​នៅ​លើ​កូរ៉ុម​វិញ​អ្ហា»

ទោះ​ជា​បែប​ណា គេ​គិត​ថា សភា​ហាក់​ប្រញាប់ប្រញាល់​បំផុត​ក្នុង​ការ​ពន្លឿន​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​ចេញ​ជា​រូប​រាង​ឡើង។ ទន្ទឹម​នឹង​សេចក្ដី​ស្នើ​ច្បាប់​ផ្សេង​ទៀត ដែល​គេ​គិត​ថា​ចាំបាច់​នោះ តែ​ត្រូវ​យឺតយ៉ាវ​ទៅ​វិញ ដូច​ជា ច្បាប់​លក្ខន្តិកៈ​នៃ​ចៅក្រម និង​វិសោធនកម្ម​នៃ​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (54)
Share

ស្រី

ពី Phnom Penh

ក្រុមចំណេះដឹងមានកំរិតនេះពូកែខាងបង្កើតច្បាប់ដើរចាប់ចងគេណាស់ ។ ពូកែខាងបង្កើតតែការអនុវត្តស្ទើរភ្លើង ចុះចង្រៃអីលើកនេះ បង្កើតក៏លឿន អនុវត្តិក៏លឿន ម៉្លេះ? ក្រុមនេះវាប្រញាប់ទៅគុកមែនទេ ?

Jun 09, 2013 12:42 AM

អ្នក​អាន​អនាមិក

Ha Ha Ha ! ! !
Monkeys Assembly ! !
Kangaroo Court ! !
It's Cambodia !
Who's care ? ?
Your country !
Your future !

Ta Euv !

Jun 08, 2013 08:38 AM

Peuv

Hun Sen should be entered in Guinness World Records for having a bill passed into law at lightning speed ... two weeks! Oh Buddha! He has beaten Sadam Hussen and Moamar Gadhafi. Should Khmers have law that throws in jail those who say the Vietnamese did not enter Cambodia in 1979 and looted Phnom Penh city. The world is getting more and more desensitized to the insanity of Hun Sen.

Jun 08, 2013 05:24 AM

អ្នក​អាន​អនាមិក

ពី Paris

Les KR sont responsable. En consequence une nouvelle loi doit prendre les ex-KR qui sont dirigeant du pays en justice.
KR are responsible. As a result a new law should take the former KR who are leaders in the country to trial.

Jun 08, 2013 05:21 AM

Kong

ពី phnom penh

ខ្ញុំដាក់ឈ្មោះនេះថា«ច្បាប់ដែលគេចង់ឲ្យកើត» ពេលគឺច្បាប់នេះ គ្មានមូលដ្ឋានតម្រូវការសង្គមចាំបាច់ទេ ពោលគឺ គ្មានច្បាប់នេះ វាមិនធ្វើឲ្យសង្គមអន់ថយ ឬក៏ហ្វឹកហ្វរអ្វីទេ ហើយធ្វើច្បាប់នេះឡើង ក៏គ្មានប្រយោជន៍អ្វីដល់ជាតិដែរ ពោលគឺ ច្បាប់នេះមានខ្លឹមសារគឺ មានដើម្បីកុំឲ្យអត់ប៉ុណ្ណោះ។

Jun 08, 2013 02:48 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល