សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពត​ម្នាក់​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

សកម្មជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ដងទង់ ម្នាក់​ក្នុង​ចំណោម ៧​នាក់ នៅ​តំបន់​ខុសៗ​គ្នា​ក្នុង​ខេត្ត​កំពត ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ​នេះ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កំពត សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ហើយ​នៅ​ថ្ងៃ​ទី១៤ សីហា។ បញ្ហា​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នេះ​ថា គឺ​ជា​រឿង​នយោបាយ។
ដោយ ម៉ម មុនីរតន៍
2013-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ រ៉ៃ ក្រោយ​ពី​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ពី​សាលា​ដំបូង​ខេត្ត​កំពត នៅ​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៣។
សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក កែវ រ៉ៃ ក្រោយ​ពី​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ពី​សាលា​ដំបូង​ខេត្ត​កំពត នៅ​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Morm Moniroth

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​របស់​នគរបាល​យុត្តិធម៌​ប្រឆាំង​នឹង​សកម្មភាព​គាំទ្រ​គោល​នយោបាយ​របស់​គណបក្ស​ជំទាស់​នេះ ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ និង​បំភ្លៃ​បទ​ចោទ ដើម្បី​ផ្ដន្ទាទោស ក្នុង​ន័យ​គំរាម​កំហែង​ប៉ុណ្ណោះ។

ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​ដងទង់ ខេត្ត​កំពត លោក កែវ រ៉ៃ ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​ពន្ធនាគារ កាល​ពី​ព្រលប់​ថ្ងៃ​ទី១៣ សីហា ថា ការ​ចោទ​ប្រកាន់ និង​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ លោក​គិត​ថា គឺ​ជា​ការ​បំបាក់​ស្មារតី​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។

ក៏ប៉ុន្តែ លោក​បញ្ជាក់​ថា ទោះ​ជា​មាន​ករណី​បែប​នេះ​ក៏ដោយ នឹង​មិន​ធ្វើ​ឲ្យ​សកម្មជន​នៅ​តាម​សហគមន៍​រាថយ​នោះ​ឡើយ។ លោក​បន្ត​ថា ចំណែក​អ្នក​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ចំនួន ៦​នាក់​ផ្សេង​ទៀត បាន​បញ្ជាក់​ដូចៗ​គ្នា​ថា ពួក​គេ​នឹង​មិន​បោះ​បង់​ជំហរ​ចំពោះ​ការ​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ នេះ​ដែរ។ លោក រ៉ៃ និយាយ​ថា ផ្ទុយ​ទៅវិញ មធ្យោបាយ​នេះ​រឹត​បន្ត​លើក​ទឹក​ចិត្ត​លោក​បន្ថែម​ទៀត​ឲ្យ​គាំទ្រ​បក្ស​ប្រឆាំង។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ ៨​យប់ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា នៅ​ឃុំ​ដងទង់ បន្ទាប់​ពី​រាប់​សន្លឹក​ឆ្នោត និង​បិទ​ការិយាល័យ​បោះ​ឆ្នោត​រួច។ លោក កែវ រ៉ៃ និយាយ​ថា មាន​មនុស្ស ៣​នាក់ ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សំណុំ​រឿង​នេះ និង​ជា​ដើម​បណ្ដឹង។ ក្នុង​នោះ​មាន​ឈ្មោះ លោក ប៊ី ភេ ប្រធាន​ផ្នែក​សណ្ដាប់​ធ្នាប់ លោក អៀម សាវុន និង លោក កែវ ជា មន្ត្រី​សណ្ដាប់​ធ្នាប់​ប្រចាំ​ស្រុក​ដងទង់។ លោក រ៉ៃ ទម្លាយ​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​មន្ត្រី​នគរបាល​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​រួច។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ ដែល​រង​ការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ទី១៤ សីហា។

ប្រតិកម្ម​នឹង​បទ​ចោទ​ដែល​រក​ឃើញ​ថា ជេរ​ប្រមាថ​ជា​សាធារណៈ និង​គំរាម​កំហែង​ថា​នឹង​សម្លាប់​មន្ត្រី​នគរបាល​យុត្តិធម៌​នៅ​ពេល​នោះ ត្រូវ​បាន លោក កែវ រ៉ៃ ចាត់​ទុក​ថា មាន​ភាព​អយុត្តិធម៌។ លោក រ៉ៃ និយាយ​ថា ព្រោះ​លោក និង​ប្រជាពលរដ្ឋ ៣​នាក់​ផ្សេង​ទៀត បាន​ទទួល​ទាន​ស្រា និង​ស្រែក​អបអរ​ពី​ជ័យ​ជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ដងទង់ លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពុំ​ធ្លាប់​មាន​ប៉ុណ្ណោះ។

ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​លិខិត​ស្នើសុំ​ពី​មេធាវី​របស់​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពត ដែល​ការពារ​ក្ដី​ឲ្យ លោក កែវ រ៉ៃ។

ចំណែក​លិខិត​ដោះ​លែង​ចុះ​ថ្ងៃ​ទី១៣ សីហា របស់​ប្រធាន​ពន្ធនាគារ​ស្ដីទី​នៃ​ខេត្ត​កំពត លោក អែម បូរ ដែល​អនុវត្ត​តាម​ដីកា​បង្គាប់​របស់​សាលា​ដំបូង​ខេត្ត​មួយ​នេះ ឲ្យ​ដឹង​ថា ដោយ​រក​ឃើញ​ថា លោក រ៉ៃ មាន​អត្តចរិត​ល្អ និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​មន្ត្រី​ពន្ធនាគារ ទើប​អនុញ្ញាត​ឲ្យ លោក កែវ រ៉ៃ បាន​ទៅ​រួម​រស់​ជាមួយ​ក្រុម​គ្រួសារ​វិញ​ជា​បណ្ដោះ​អាសន្ន។

ចំណែក​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ (Licadho) ប្រចាំ​តំបន់ លោក យន់ ផល្លី និយាយ​ថា ការ​ចាប់​ខ្លួន លោក កែវ រ៉ៃ នេះ ធ្វើ​ឡើង​ហាក់​មាន​ភាព​លម្អៀង និង​ពុំ​បាន​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ី​ជម្រៅ មុន​នឹង​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ។

របាយការណ៍​របស់​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៦​នាក់​ផ្សេង​ទៀត មក​ពី​តំបន់​ខុសៗ​គ្នា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល