អ្នក​វិភាគ៖ មន្ត្រី​ត្រូវ​ធ្វើ​គំរូ​ដល់​យុវជន​ក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍

ដោយ ដែន អយុធ្យា
2013-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី នៅ​ក្នុង​បន្ទប់​ផ្សាយ​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១២។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី នៅ​ក្នុង​បន្ទប់​ផ្សាយ​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១២។
Photo: RFA

ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បាន​កើត​ឡើង​ជាង ១​ពាន់​លើក និង​សម្លាប់​មនុស្ស​ជាង ៥០០​នាក់។

គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​ចោទ ដែល​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ឬ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ទាំងអស់​គ្នា ព្រោះ​បាន​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ។

របាយការណ៍​ប៉ូលិស​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​ថា ៣​ខែ​ដើម​ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ចំនួន​ជាង ១​ពាន់​លើក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៥៤០​នាក់ និង​របួស​ជាង ២​ពាន់​នាក់។ គ្រោះថ្នាក់​ភាគ​ច្រើន ដោយសារ​បើកបរ​លឿន​លើស​ល្បឿន​ច្បាប់​បាន​កំណត់។

ផ្ដើម​ពី​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី៥ ខែ​មេសា ដោយ​ស្នើ​ឲ្យ​មន្ត្រី​ដឹកនាំ​តាម​ស្ថាប័ន​រដ្ឋ ត្រូវ​បើកបរ​តាម​ល្បឿន​ច្បាប់​កំណត់ ដើម្បី​ធ្វើ​គំរូ​ដល់​ប្រជាពលរដ្ឋ ឬ​យុវជន​អនុវត្ត​តាម។

លោក​បន្ត​ថា ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នា​ថ្ងៃ​ខាង​មុខ ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ត្រឹមត្រូវ ជា​ជាង​ដាក់​ចេញ​បទ​បញ្ជា ប៉ុន្តែ​គ្មាន​ការ​អនុវត្ត៖ «យើង​ឃើញ​ថា ស្ថិតិ​គ្រោះថ្នាក់​ចរាចរណ៍​របស់​យុវជន​ឡើង​ខ្ពស់ ហើយ​យើង​មិន​គ្រាន់​តែ​អំពាវនាវ​ថ្ងៃ​នេះ​ថ្ងៃ​ស្អែក កុំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ទេ។ គួរ​តែ​អំពាវនាវ​បន្ថែម​ថា ថ្ងៃ​នេះ​ថ្ងៃ​ស្អែក រដ្ឋមន្ត្រី​ធំៗ រដ្ឋសភា ព្រឹទ្ធសភា នាយក​រដ្ឋមន្ត្រី ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាដើម គួរ​តែ​ចាប់​ផ្ដើម​បើក​រថយន្ត​របស់​ខ្លួន​ក្នុង​កុងទ័រ​ល្បឿន​ដែល​ច្បាប់​បាន​កំណត់ ឬ​ក៏​ក្រោម​ហ្នឹង ជា​គំរូ​ល្អ​ដល់​យុវជន​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ»

មិន​ខុស​គ្នា​ទេ លោក សន ជ័យ មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​មន្ត្រី​តាម​ស្ថាប័ន​រដ្ឋ​ភាគ​ច្រើន​មិន​ទាន់​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ត្រឹមត្រូវ​ទេ ហើយ​ជានិច្ច​ជា​កាល រថយន្ត​មន្ត្រី​មួយ​ចំនួន​នោះ បើកបរ​មាន​ល្បឿន​លឿន៖ «មន្ត្រី​ធំ​ជា​គំរូ​ដល់​មន្ត្រី​ថ្នាក់​ក្រោម នៅ​មាន​កង្វះ​ខាត​នៅ​ឡើយ​សព្វថ្ងៃ​នេះ។ អ៊ីចឹង ភាព​ជា​គំរូ​គួរ​ចាប់​ផ្ដើម​ពី​អ្នក​មាន​អំណាច​បុណ្យស័ក្តិ​ថ្នាក់​ខ្ពស់។ ខ្ញុំ​មើល​ឃើញ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់។ យើង​ក៏​ចង់​ឃើញ​ពី​ការ​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ពី​មន្ត្រី​ថ្នាក់​ខ្ពស់​ដែរ»

មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​ការ​ពាក់ព័ន្ធ​យុវជន​រូប​នេះ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដោយ​ត្រូវ​បើកបរ​តាម​ល្បឿន​ច្បាប់​បាន​កំណត់ និង​មិន​ត្រូវ​ទទួល​ទាន​គ្រឿង​ស្រវឹង​ពេល​បើកបរ​ទេ។

គេហទំព័រ​ប៉ូលិស​ជាតិ ចេញ​ផ្សាយ​ថ្ងៃ​ពុធ ទី៣ ខែ​មេសា បាន​ឲ្យ​ដឹង​ថា ៣​ខែ​ដើម​ឆ្នាំ​២០១៣ ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង បើ​ប្រៀបធៀប ៣​ខែ​ដើម​ឆ្នាំ​២០១២។

ប៉ូលិស ឲ្យ​ដឹង​ថា ៣​ខែ​ដើម​ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​បាន​កើត​ឡើង ១.១៦៣​លើក និង​ស្លាប់​មនុស្ស ៥៤០​នាក់ កើន​លើស​ឆ្នាំ​២០១២ ចំនួន ១០​នាក់។

សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ អ្នក​បើកបរ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​រូប ចាំបាច់​ត្រូវ​គោរព​ច្បាប់ និង​មាន​សុជីវធម៌​ក្នុង​ការ​បើកបរ។

ទាក់ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា បាន​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​ទូទាំង​ប្រទេស ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់។ លោក​ក៏​បាន​ដាក់​ចេញ​នូវ​ពាក្យ​ស្លោក "ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍"។

ប៉ូលិស​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ភាគ​ច្រើន ដោយសារ​អ្នក​បើកបរ​លើស​ល្បឿន​មិន​គោរព​សិទ្ធិ​អាទិភាព បើកបរ​ក្នុង​អាការៈ​ស្រវឹង បើក​ប្រជែង​មិន​ប្រកាន់​ស្ដាំ បត់​ឆ្វេង​ស្ដាំ​មិន​ប្រយ័ត្ន រួម​ផ្សំ​កត្តា​យានយន្ត និង​កត្តា​ផ្លូវ។

របាយការណ៍​ឆ្នាំ​២០១២ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បង្ហាញ​ថា គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​ជាង ៤.៣០០​លើក ស្លាប់​មនុស្ស​ជិត ២​ពាន់​នាក់ និង​របួស​ធ្ងន់​ស្រាល​ជាង ៧.៤០០​នាក់។ ជន​រងគ្រោះ​ភាគ​ច្រើន ជា​អ្នក​ប្រើប្រាស់​ម៉ូតូ​មិន​ពាក់​មួក​ការពារ​សុវត្ថិភាព។

មន្ត្រី​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

សាន

ពី ភ្នំពេញ

មន្ត្រីនិងខ្លះកាលពីដើមធ្លាប់តែបរទេសគោនិងនៅតែក្នុងព្រៃហ្នឹង

Apr 05, 2013 04:09 PM

អ្នក​អាន​អនាមិក

Please do not point finger to each other, I believe all of us take part in the incident. So be good yourself and do not try to make fault when you see other make fault- Whose hair,whose head.If they drive fast,probably they are in a hurry to make a deposit to hi coffin.

Apr 05, 2013 09:24 AM

គេហទំព័រ​ទាំងមូល