សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​សំណុំ​រឿង​លោក នី ចរិយា បរិហារ​កេរ្តិ៍​ទុក​ជា​បាន​ការ

ដោយ រ៉ាន់ សំណាង
2016-12-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា (អាវ​លឿង​ទុំ) ចូល​ស្ដាប់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ទាក់ទង​បណ្ដឹង​សុំ​មោឃភាព​លើ​ការ​សាកសួរ​របស់ ACU ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Rann Samnang
អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក នី ចរិយា (អាវ​លឿង​ទុំ) ចូល​ស្ដាប់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ទាក់ទង​បណ្ដឹង​សុំ​មោឃភាព​លើ​ការ​សាកសួរ​របស់ ACU ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​បាន​ការ លើ​សំណុំ​រឿង​អគ្គលេខាធិការ​រង​នៃ គ..ប លោក នី ចរិយា ជុំវិញ​បទ​ចោទ​បរិហារ​កេរ្តិ៍​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ក្នុង​រឿង​ដីធ្លី។ ចៅក្រម​ប្រកាស​សេចក្តី​សម្រេច​នេះ មុន​ពេល​ជន​ជាប់​ចោទ លោក នី ចរិយា មក​ដល់​សាលា​ឧទ្ធរណ៍។ មេធាវី​ការពារ​ក្ដី​ថា ការ​សម្រេច​នេះ​មិន​អាច​ទទួល​យក​បាន​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក ប្លង់ សំណាង ប្រកាស​សេចក្ដី​សម្រេច​នេះ ដោយ​ប្រើ​ពេល​ត្រឹម​តែ ៣​នាទី ដោយ​គ្មាន​លើក​ឡើង​នូវ​សេចក្តី​សំអាង​ណា​មួយ​ដល់​មេធាវី​ការពារ​ក្ដី។

ការ​ប្រកាស​សាល​ដីកា ធ្វើ​ឡើង​មុន​ពេល​លោក នី ចរិយា ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​រាជធានី​ភ្នំពេញ នាំ​ខ្លួន​មក​ដល់​សាលា​ឧទ្ធរណ៍។ លោក នី ចរិយា មិន​និយាយ​អ្វី​ទេ​លើ​ការ​សម្រេច​នេះ។

អ្នក​សារព័ត៌មាន​សួរ៖ «សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​គេ​សម្រេច តើ​លោក​យល់​យ៉ាង​ណា? លោក នី ចរិយា៖ មាន​ជួប​មេធាវី​ខ្ញុំ​ឬ​នៅ? ជួប​ហើយ! អ៊ីចឹង! ទុក​ឲ្យ​មេធាវី​ខ្ញុំ ព្រោះ​ខ្ញុំ​អត់​ដឹង​ផង»

លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា យល់​ឃើញ​ថា ការ​សម្រេច​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នេះ មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​លោក​ទេ៖ «យើង​ឃើញ​ប្រកាស​នៅ​រសៀល​នេះ ឃើញ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​ប្រកាស​សាល​ដីកា​នេះ​មិន​បាន​និយាយ​អំពី​សំអាង​ហេតុ​ទេ ប៉ុន្តែ​គ្រាន់​តែ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ប្រកាស​តែ​សេចក្ដី​សម្រេច។ សេចក្ដី​សម្រេច គឺ​ប្រកាស​តែ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ។ អ៊ីចឹង! ខ្ញុំ​គិត​ថា យើង​នឹង​បាន​ទទួល​នូវ​សាល​ដីកា​មួយ​ពេញលេញ​នៅ​ក្នុង​សប្ដាហ៍​ក្រោយ។ យើង​នឹង​សិក្សា​អំពី​សំអាង​ហេតុ និង​សេចក្ដី​សម្រេច​នោះ ថា​តើ​ការ​សម្រេច​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ»

ជុំវិញ​រឿង​បរិហារ​កេរ្តិ៍​នេះ កាល​ពី​ខែ​កញ្ញា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​ក្រុង​ភ្នំពេញ លោក ឃី ឆៃ ផ្ដន្ទាទោស​លោក នី ចរិយា ដាក់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​លុយ ៦​លាន​រៀល។ ទាក់ទិន​អង្គ​ហេតុ​នៃ​សំណុំ​រឿង​នេះ អគ្គលេខាធិការ​រង​នៃ គ..ប រូប​នេះ ត្រូវ​បាន​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប ២​នាក់ គឺ​លោក សុខ កែវបណ្ឌិត ជា​ព្រះរាជអាជ្ញា​រង និង​លោក គី រិទ្ធី ជា​ចៅក្រម បាន​ប្ដឹង​លោក នី ចរិយា ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ ជុំវិញ​ដី​ទំនាស់​របស់​អ្នក​ភូមិ​មួយ​កន្លែង​នៅ​ឃុំ​ជប់រំដេង ស្រុក​ស្វាយលើ ខេត្ត​សៀមរាប កាល​ពី​ឆ្នាំ​២០១៥។ ការ​ចោទ​ប្រកាន់​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក នី ចរិយា ដែល​ពេល​នោះ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) បាន​បើក​សន្និសីទ​កាសែត​ដោយ​និយាយ​ថា តុលាការ​ចោទ និង​ចាប់​ខ្លួន​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នោះ ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​ក្រុង​បាងកក បាន​ហៅ​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ ដែល​ឲ្យ​លោក នី ចរិយា ជាប់​ពន្ធនាគារ ៦​ខែ​នោះ ថា​ជា​សេចក្តី​សម្រេច​ប្រថាប់​ត្រា គ្មាន​យុត្តិធម៌។ លោក​ថា សេចក្តី​សម្រេច​ផ្ដន្ទាទោស​លោក នី ចរិយា ដែល​ធ្វើ​ឡើង​តែ​ប្រមាណ​បី​នាទី គឺ​នៅ​មុន​ពេល​ការ​នាំ​ខ្លួន​ជន​ជាប់​ចោទ​មក​ដល់​បន្ទប់​សវនាការ​ទៀត​នោះ គឺ​ជា​សេចក្តី​សម្រេច​ដ៏​អាក្រក់​បំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

When the water rises, the fish eat the ants; when the water recedes, the ants eat fish. document down the crook fish one day the ants will eat the big fat crook fish family.

Dec 15, 2016 11:31 PM

គេហទំព័រ​ទាំងមូល