អង្គការ​ជាង​៥០​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ព័ត៌មាន​ពី​សេចក្ដី​ព្រាង​ច្បាប់​នានា

ដោយ វណ្ណ វិចារ
2014-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​កសិករ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ក្រសួង​កសិកម្ម និង​រដ្ឋសភា ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៣។
ប្រជា​កសិករ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​ក្រសួង​កសិកម្ម និង​រដ្ឋសភា ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​គ្រប់គ្រង និង​ប្រើប្រាស់​ដី​កសិកម្ម នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Ouk Savborey

ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ព័ត៌មាន​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៦ មុន​នឹង​ច្បាប់​ទាំង​នោះ​ត្រូវ​បញ្ជូន​ឲ្យ​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច។ ការ​ស្នើ​បែប​នេះ ធ្វើ​ឡើង​ក្នុង​លិខិត​ចំហ​មួយ​ចុះ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​ចូលរួម​ផ្តល់​មតិ​យោបល់​លើ​ការ​បង្កើត​ច្បាប់​ទាំង​នោះ។

លិខិត​ចំហ​ផ្ញើ​ជូន​រដ្ឋាភិបាល​នោះ ចុះ​ហត្ថលេខា​ដោយ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ជាង​៥០។ សង្គម​ស៊ីវិល​ទាំងអស់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៦ រួម​មាន សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត (Cyber Crime Law or Internet Law) សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្កើត​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ព្រម​ទាំង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ដី​កសិកម្ម ជាដើម។

សង្គម​ស៊ីវិល ថែម​ទាំង​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ជា​សាធារណៈ មុន​ពេល​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​ពេញ​អង្គ​ពិនិត្យ និង​អនុម័ត ហើយ​និង​បញ្ជូន​ទៅ​កាន់​រដ្ឋសភា។ សង្គម​ស៊ីវិល ក៏​ចាត់​ទុក​ថា ការ​បើក​ចំហ​ព័ត៌មាន​ជា​បទដ្ឋាន​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ ដើម្បី​ពង្រឹង​អភិបាល​កិច្ច។

ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​ថា ការ​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ចូលរួម​ផ្តល់​យោបល់​លើ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ជា​ប្រការ​ប្រសើរ​បំផុត​ដែល​អាច​ធ្វើ​ឲ្យ​ច្បាប់​ទាំង​នោះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​បម្រើ​ប្រជាពលរដ្ឋ​ទាំងអស់​មិន​ប្រកាន់​និន្នាការ​ណា​មួយ​ទេ។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច​មិន​គួរ​ណា​ប្រកាន់​ជំហរ​ត្បិតត្បៀត​ព័ត៌មាន​ត​ទៅ​ទៀត​ឡើយ៖ «មធ្យោបាយ​ដែល​ប្រសើរ​នោះ គឺ​បក្ស​ណា​ដែល​ដឹក​នាំ​រដ្ឋាភិបាល បក្ស​នោះ​ត្រូវ​តែ​ធ្វើ​គោល​នយោបាយ​ឲ្យ​ល្អ ហើយ​បើ​គោល​នយោបាយ​មិន​ល្អ នៅ​តែ​រឹតត្បិត​ព័ត៌មាន​ដដែល បក្ស​នោះ​នឹង​ដាំ​ក្បាល​ចុះ​មិន​ខាន ឬ​បាត់​បង់​ប្រជាប្រិយភាព​ជៀស​មិន​រួច»

ប្រទេស​កម្ពុជា ធ្លាប់​សន្យា​ចំពោះ​អន្តរជាតិ ក្នុង​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ជា​សកល​កាល​ពី​ឆ្នាំ​២០០៩ ស្តី​អំពី​សិទ្ធិ​មនុស្ស​ថា កម្ពុជា នឹង​ពង្រីក​ដំណើរ​ការ​ពិគ្រោះ​យោបល់​លើ​ការ​បង្កើត​គោល​នយោបាយ ការ​តាក់​តែង​ច្បាប់ ដើម្បី​ធានា​ថា រាល់​លិខិត​ទាំង​នោះ​ត្រូវ​បាន​វាយ​តម្លៃ​រួច​រាល់​លើ​ផល​ប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​លើ​បញ្ហា​សិទ្ធិ​មនុស្ស។ ក្នុង​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០០៣ មក​នោះ បាន​យក​អភិបាល​កិច្ច​ល្អ ឬ​ការ​គ្រប់គ្រង​ល្អ​ជា​គោល។ គោលការណ៍​អភិបាល​កិច្ច​ល្អ អាច​ប្រព្រឹត្ត​ទៅ​បាន លុះ​ណា​តែ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ។ ប៉ុន្តែ ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នា​ពេល​កន្លង​ទៅ មិន​បាន​ផ្តល់​ឱកាស​ឲ្យ​សាធារណជន​ចូលរួម​ពេញ​លេញ​ទេ។ ច្បាប់​បី​ពាក់ព័ន្ធ​នឹង​វិស័យ​តុលាការ ដែល​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ និង​អនុម័ត​ដោយ​ឯក​បក្ស​នោះ បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សង្គម​ស៊ីវិល ថា​ច្បាប់​ទាំង​នោះ​នឹង​ផ្តល់​អំណាច​ឲ្យ​ក្រសួង​យុត្តិធម៌ មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ។

ទោះ​ជា​បែប​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ចំពោះ​លិខិត​ចំហ​របស់​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ ចំណែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ ក៏​បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ដែរ។

បច្ចុប្បន្ន​នេះ សេចក្តី​ព្រាង​ច្បាប់​ទាំង​៦ កំពុង​ឋិត​ក្នុង​ដៃ​ក្រសួង​សាមី​នីមួយៗ​នៅ​ឡើយ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​ក្រៅ​ផ្លូវ​ការ​ដែល​សង្គម​ស៊ីវិល​ទទួល​បាន បង្ហាញ​ថា ច្បាប់​រសើប​ទាំងអស់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ឡើង​ក្នុង​បំណង​បំបាក់​សំឡេង​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

បើខ្ញុំមិនច្រឡំទេប្រហែលមិនខុសពីការប៉ាន់ស្មានថាជាតិខ្មែរ
ដ៍សែនល្ងងក្លៅ១នគនេះសុទ្ធតែចង់ធ្វើនយោបាយដឹកនាំប្រ
ទេសគ្រប់ៗគ្នា!សូមមេតាឈប់ធ្វើចេះបើពិតជាល្ងង់!គួរមើល
ប្រទេសជិតខាងខ្លះផង!យើងឃើញហើយជាង៥០ឆ្នាំកន្លង
ទៅនេះតាំងតែពីមុនលោកហ៊ុនសែនមានកំណើតទៅទៀត
នាំគ្នាតស៊ូដើម្បីសំឡាប់ប្រាជ្ញគ្មានសល់១នាក់ទេអីលូវនៅសល់
តែប្រូក ព្រួកដល់ខួរ!

Nov 05, 2014 02:01 AM

គេហទំព័រ​ទាំងមូល