សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​ក្រចេះ​ដោះ​លែង​ជន​ជាប់​ចោទ​សម្លាប់​អ្នក​កាសែត

ដោយ វណ្ណ វិចារ
2014-12-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​សង្ស័យ​៣រូប​ដែល​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​អ្នក​កាសែត​ឈ្មោះ តាំង ទ្រី។
ជន​សង្ស័យ​៣រូប​ដែល​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​អ្នក​កាសែត​ឈ្មោះ តាំង ទ្រី។
រូបថត៖ ​កាសែត​និស្សិត​ខ្មែរ

សង្គម​ស៊ីវិល បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារព័ត៌មាន បន្ទាប់​ពី​តុលាការ​សម្រេច​ដោះ​លែង​បុរស​ពីរ​នាក់ ដែល​ជាប់​ចោទ​ពី​បទ​ផ្សំគំនិត​សម្លាប់​អ្នក​កាសែត លោក តាំង ទ្រី នៅ​ខេត្ត​ក្រចេះ។

មន្ត្រី​សង្គម​ស៊ីវិល បញ្ជាក់​ថា ជន​ជាប់​ចោទ​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ តាំង​ពី​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ។ ក្រុម​សង្គម​ស៊ីវិល សង្ស័យ​ថា សំណុំ​រឿង​នេះ​អាច​មាន​បញ្ហា​មិន​ប្រក្រតី ដ្បិត​ចៅក្រម​នៅ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​នៅ​ឡើយ។

តុលាការ​ខេត្ត​ក្រចេះ កោះ​ហៅ​សាក្សី​ចំនួន ៨​នាក់ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់​អ្នក​កាសែត លោក តាំង ទ្រី នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ខាង​មុខ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ក្រចេះ កញ្ញា ហុង ជាវគុណ មាន​ប្រសាសន៍​ថា សាក្សី​ក្នុង​សំណុំ​រឿង​សម្លាប់​អ្នក​កាសែត​នេះ មិន​ទាន់​បាន​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ​ផង តុលាការ​ខេត្ត​ក្រចេះ បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ​ពីរ​នាក់​ក្នុង​ចំណោម​បី​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បាត់​ទៅ​ហើយ។ កញ្ញា​បន្ត​ថា សមាគម​អាដហុក មិន​ទាន់​ដឹង​ថា​មូលហេតុ​អ្វី ទើប​តុលាការ​ដោះ​លែង​ជន​ជាប់​ចោទ​បែប​នេះ​ទេ ហើយ​ករណី​នេះ​ជា​ករណី​ដែល​សង្គម​ស៊ីវិល ត្រូវ​តាម​ដាន និង​សិក្សា​បន្ត​ទៀត។ កញ្ញា​បញ្ជាក់​ថា គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​ចូលរួម​ឃ្លាំ​មើល​ករណី​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​អ្នក​កាសែត​ដែល​ស្លាប់​ទៅ និង​លើក​ស្ទួយ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។

អ្នក​យក​ព័ត៌មាន​កាសែត​វាល​ឥន្ទ្រីយ៍ លោក តាំង ទ្រី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១១ ឈាន​ចូល​ថ្ងៃ​ទី​១២ តុលា ក្នុង​ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ពី​បទល្មើស​ព្រៃ​ឈើ។ បន្ទាប់​ពី​កើត​ហេតុ​ភ្លាម នគរបាល​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​បី​នាក់ ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ។ ក្នុង​នោះ​មាន​ឈ្មោះ ឡា ណារ៉ុន ជា​អតីត​ទាហាន និង​ជា​អ្នក​បាញ់ ត្រូវ​ចៅក្រម​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត ឈ្មោះ ខិម ភក្ដី ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​ជា​ម្ចាស់​កាំភ្លើង ត្រូវ​ចៅក្រម​ចោទ​ប្រកាន់​ពី​បទ​ធ្វេស​ប្រហែស និង​ផ្សំគំនិត​អំពើ​ឃាតកម្ម ឈ្មោះ ពិន ហ៊ាង ជា​ប៉ូលិស និង​ជា​ម្ចាស់​រថយន្ត​ដែល​ពួក​គេ​ជិះ​ទៅ​បាញ់​សម្លាប់ លោក តាំង ទ្រី ត្រូវ​ចៅក្រម​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ និង​មិន​ប្ដឹង​រាយការណ៍​បទល្មើស។ លុះ​ដល់​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ធ្នូ ចៅក្រម​បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ​ពីរ​នាក់​មាន​ឈ្មោះ ខិម ភក្តី និង​ឈ្មោះ ពិន ហ៊ាង ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​តែ​ម្តង។

ប្រធាន​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នក​ប្រជាធិបតេយ្យ និង​ជា​និពន្ធ​នាយក​កាសែត​វាល​ឥន្ទ្រីយ៍ លោក សុខ សុវណ្ណ មាន​ប្រសាសន៍​ថា សុវត្ថិភាព​អ្នក​កាសែត​នៅ​ខេត្ត​ភាគ​ឦសាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ ខណៈ​ដែល​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ តែង​គំរាម​កំហែង​ដល់​អ្នក​កាសែត​គ្រប់​រូបភាព។ លោក​បន្ត​ថា វិញ្ញាណក្ខន្ធ​សហការី​របស់​លោក គឺ​លោក តាំង ទ្រី ច្បាស់​ជា​ស្លាប់​ទៅ​បិទ​ភ្នែក​មិន​ជិត​ឡើយ នៅ​ពេល​ដែល​ដឹង​ថា ជន​ជាប់​ចោទ​អាច​នៅ​ក្រៅ​ឃុំ​បាន​ទាំង​មិន​ទាន់​បើក​សវនាការ​នោះ។

លោក តាំង ទ្រី ធ្លាប់​ត្រូវ​បាន​ឈ្មួញ​ឈើ​ប្ដឹង​ដាក់​គុក​ម្តង​កាល​ពី​ឆ្នាំ​២០១២ ក្នុង​សំណុំ​រឿង​បទល្មើស​ព្រៃ​ឈើ។ នៅ​ពេល​ចេញ​ពី​គុក​វិញ​បាន​ជិត ១​ឆ្នាំ លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ពេល​ចុះ​ទៅ​យក​ព័ត៌មាន​ពី​បទល្មើស​ព្រៃ​ឈើ​ទៀត។ តាំង​ពី​ឆ្នាំ​១៩៩៣ មក​ដល់​បច្ចុប្បន្ន​នេះ មាន​អ្នក​កាសែត​ចំនួន ១៣​នាក់​ហើយ ដែល​ត្រូវ​បាន​សម្លាប់ តែ​ឃាតក​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​សំណុំ​រឿង​នេះ លោក កាន់ មារឌី បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល