សង្គម​ស៊ីវិល​ស្នើ​ឲ្យ​តុលាការ​ដោះលែង​មនុស្ស​ជាប់​ឃុំ​២១​នាក់

ដោយ អ៊ុក សាវបូរី
2014-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​លើ​កិច្ច​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​​២៤ ខែ​មេសា ស្នើ​សុំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ពិចារណា​ដោះលែង​មនុស្ស ២១​នាក់ កំពុង​បន្ត​ជាប់​ឃុំឃាំង ស្រប​ពេល​ដែល​តុលាការ​នេះ​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​ក្តី​នេះ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​​ការរើសអើង​លើ​ស្ត្រី (NGO- CEDAW) និង​គណៈកម្មាធិការ​ស្ត្រី​កម្ពុជា (CAMBO) បង្ហាញ​ថា អ្នក​នៅ​បន្ត​ជាប់ឃុំ​ឃាំង​នៅ​សល់ ២១​នាក់ មិន​មាន​កំហុស​ធ្ងន់ធ្ងរ​ក្នុង​ការ​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​ប្រទេស​ឡើយ។ ប៉ុន្តែ​គឺ​ដោយសារ​តែ​បាន​ចូល​រួម​ជួយ​ទាមទារ​ជាមួយ​ក្រុម​កម្មករ​ដែល​សុំ​ឲ្យ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត ១៦០​ដុល្លារ​ក្នុង​១​ខែ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា។

សមាជិក​គណៈកម្មាធិការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា ក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ទាំង​នោះ ពិសេស​លោក វន់ ពៅ និង​លោក សុគន្ធ សម្បត្តិពិសិទ្ធ ដែល​ស្ថិត​ក្នុង​ពន្ធនាគារ គឺ​មាន​ជំងឺ​ប្រចាំ​កាយ​កាន់តែ​ធ្ងន់ធ្ងរ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «យើង​មើល​ឃើញ​ថា ពាក់ព័ន្ធ​ទៅ​នឹង សុគន្ធ សម្បត្តិពិសិទ្ធ វិញ មក​ដល់​ពេល​ហ្នឹង​ដៃ​គាត់​នោះ យើង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ពាក់ព័ន្ធ​នឹង​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​មក​ដល់​ពេល​នេះ គឺ​តុលាការ​មិន​មាន​ការ​លើកលែង​ទោស ឬ​ក៏​អនុញ្ញាត​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ តាម​ការ​ស្នើ​សុំ​នោះ​ទេ ហើយ​ពេល​នេះ ដៃ​របស់ សុគន្ធ សម្បត្តិពិសិទ្ធ អាច​នឹង​ស្វិត ឬ​ក៏​អាច​នឹង​ធ្វើការ​មិន​កើត មិន​អាច​ប្រើការ​បាន​ត​ទៅ​ទៀត​ក៏​ថា​បាន​ដែរ អាច​ពិការ​តែម្ដង។ ចំពោះ​លោក វន់ ពៅ វិញ បើ​ជំងឺ​គាត់​ប្រចាំ​កាយ​ហ្នឹង​ពាក់ព័ន្ធ​​កន្លង​មក ការ​វះកាត់​អី​ វា​នៅ​តែ​ធ្វើទុក្ខ​ម្ដងម្កាល ប៉ុន្តែ​បើ​ទុក​ជា​មាន​ជំងឺ​អ៊ីចឹង​ពិត​មែន មាន​ភាព​លំបាក​នៅ​ក្នុង​ពន្ធនាគារ ក៏​គាត់​អត់​មាន​ភាព​រារែក​ផង​ដែរ»

ស្រប​គ្នា​នេះ សមាគម​អាដហុក បាន​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ និង​ដោះលែង​កម្មករ​ និង​តំណាង​កម្មករ​ទាំង​អស់ ឲ្យ​មាន​សេរីភាព ហើយ​តំណាង​អយ្យការ​អម​តុលាការ​សាលាដំបូង​​រាជធានី​ភ្នំពេញ ត្រូវ​តែ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ដល់​សមត្ថកិច្ច​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ វាយ​ធ្វើ​ទារុណកម្ម​លើ​ជន​ជាប់​ចោទ និង​បាញ់​មក​លើ​ក្រុម​បាតុករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល