សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែ​ច្បាប់​ចរាចរណ៍

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការងារ​ខាង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​កែ​ច្បាប់​ចរាចរណ៍​ឡើង​វិញ ដើម្បី​ពង្រឹង​ការ​គោរព​ច្បាប់​ឲ្យ​បាន​ខ្លាំង​ជាង​មុន ឈាន​ទៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​ជា​រៀង​រាល់​ថ្ងៃ។
ដោយ កែវ និមល
2013-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ ។
ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ ។
AFP Photo

មនុស្ស​ជាង ៥​នាក់​ស្លាប់ និង​ជាង ១៦​នាក់​របួស​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ហៅ​តួលេខ​នេះ​ថា មាន​កម្រិត​ខ្ពស់ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​សំខាន់ៗ ដើម្បី​កាត់​បន្ថយ​ចំនួន​គ្រោះថ្នាក់​នេះ។

លោក អ៊ា ចរិយា ប្រធាន​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ មករា ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​អ្នក​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ៖ «មូលហេតុ​សំខាន់​ទី១ គឺ​បើកបរ​លើស​ល្បឿន​កំណត់ ដែល​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​សរុប​ប្រហែល ៥០%។ បន្ទាប់​មក​ទៀត គឺ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង បន្ទាប់​មក​ទៀត គឺ​ការ​ជែង​ដោយ​មិន​ប្រុង​ប្រយ័ត្ន និង​ការ​បើកបរ​ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព»

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១២ ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អង្គការ​ជន​ពិការ​អន្តរជាតិ​បាន​ទទួល​ពី​ប៉ូលិស​ចរាចរ បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ៤.៣០៥​ករណី។ គ្រោះថ្នាក់​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១.៨៩៤​នាក់ របួស​ទាំង​ធ្ងន់ និង​ស្រាល មាន​ចំនួន ៧.៤៦៧​នាក់។ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​វិញ មាន​ការ​ខូចខាត​ម៉ូតូ ៤.៤០៦​គ្រឿង ឡាន​តូច ១.៦៦៧​គ្រឿង និង​ឡាន​ធំ ៥៣៩​គ្រឿង។

ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​កុំ​ឲ្យ​មាន​ចំនួន​ច្រើន​ពេក​នោះ លោក អ៊ា ចរិយា មាន​យោបល់​ថា អាជ្ញាធរ និង​ប៉ូលិស​ចរាចរ ត្រូវ​ប្រឹងប្រែង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ច្បាប់​ចរាចរណ៍ និង​អំពី​ផល​វិបាក​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​បច្ចុប្បន្ន​នេះ ឲ្យ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទី​កន្លែង ទាំង​នៅ​ទីប្រជុំ​ជន និង​នៅ​ជនបទ ពីព្រោះ​បច្ចុប្បន្ន ផ្លូវ​ថ្នល់​កាន់​តែ​ស្អាត​ងាយ​ធ្វើ​ដំណើរ​ជាង​មុន ដូច្នេះ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើក​ទៅ​ដល់​ទី​ជនបទ​ដាច់​ស្រយាល​បាន។

លោក អ៊ា ចរិយា៖ «វិធានការ​ទី១ ត្រូវ​មាន​ការ​អប់រំ​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​ទៅ​ដល់​តាម​បណ្ដា​ខេត្ត ពីព្រោះ​យើង​ភាគ​ច្រើន​បាន​ផ្សព្វផ្សាយ​បាន​ច្រើន​តែ​នៅ​ទី​ប្រជុំជន។ ហើយ​ប្រជាពលរដ្ឋ​នៅ​ជនបទ ជួន​កាល​មិន​ដឹង ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់។ ទី២ ត្រូវ​រឹត​បន្តឹង​ការ​ផាក​ពិន័យ។ ទី៣ ដោយ​សារ​ប្រទេស​យើង​កំពុង​អភិវឌ្ឍ កសាង​ផ្លូវ​ថ្មី ដូច​នេះ ផ្លូវ​ទាំង​នោះ​នៅ​ខ្វះ​ផ្លាក​សញ្ញា​គំនូស​សញ្ញា»

ខេត្ត ក្រុង ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ខេត្ត ក្រុង ទាំង​អស់​នៅ​ប្រទេស​កម្ពុជា គឺ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ចាម។

ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ជើង​គោក​វិញ លោក អ៊ា ចរិយា យល់​ថា ច្បាប់​ដែល​អនុវត្ត​សព្វថ្ងៃ​មាន​ចំណុច​ខ្លះ​នៅ​ខ្សោយ មិន​ធ្វើ​ឲ្យ​អ្នក​បើកបរ​មាន​ការ​ខ្លាច និង​គោរព​នៅ​ឡើយ​ទេ ដូច​ជា​កម្រិត​ផាក​ពិន័យ​អ្នក​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​នៅ​ត្រឹម ៣​ពាន់​រៀល គឺ​នៅ​ទាប ត្រូវ​បង្កើន​ឲ្យ​ដល់ ១ម៉ឺន ៥ពាន់​រៀល។ អ្នក​បើក​ម៉ូតូ និង​អ្នក​ជិះ​ពី​ក្រោយ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ទាំង​អស់​គ្នា ពីព្រោះ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង គឺ​មាន​របួស​ទាំង​អ្នក​បើកបរ និង​អ្នក​ជិះ​ពី​ក្រោយ។

លោក អ៊ា ចរិយា៖ «ច្បាប់​យើង​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដែរ ហើយ​ទាមទារ​ឲ្យ​មាន​ការ​កែ​សម្រួល​ទាំង​អង្គការ​ខ្ញុំ និង​អង្គការ​នានា​ផ្សេង​ទៀត។ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​ក្នុង​ពេល​ឆាប់ៗ ជាពិសេស​ចង់​ឲ្យ​អនុម័ត​នៅ​ក្នុង​ឆ្នាំ​នេះ​តែ​ម្តង»

គ្រោះថ្នាក់​ចរាចរណ៍​មាន​ផល​វិបាក​ច្រើន​យ៉ាង ក្រៅ​ពី​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស ខូចខាត​យានយន្ត បាត់​បង់​ទ្រព្យ​សម្បត្តិ វា​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​គ្រួសារ​របស់​អ្នក​ទទួល​គ្រោះថ្នាក់​ទៀត​ផង។

លោក ចេវ ហាក់ អនុប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​មករា ក្នុង​ពេល​ចូល​រួម​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី ថា ប្រជាពលរដ្ឋ​គ្រប់​គ្នា​ត្រូវ​ចូល​រួម​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ទើប​អាច​ធ្វើ​ឲ្យ​ចំនួន​គ្រោះថ្នាក់​មាន​ការ​ថយ​ចុះ​បាន។

លោក ចេវ ហាក់៖ «គ្រោះថ្នាក់​ចរាចរណ៍​នេះ វា​ជា​កង្វល់​របស់​ថ្នាក់​ដឹកនាំ​ទាំង​អស់ ព្រោះ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​គ្រាន់​តែ​ជា​បន្ទុក​មួយ​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​បន្ទុក​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទៀត​ផង។ មាន​គ្រួសារ​ជាច្រើន​ក្លាយ​ទៅ​ជា​ក្រីក្រ ដោយ​សារ​បាត់​បង់​ជន​បង្គោល​នៅ​ក្នុង​គ្រួសារ និង​មាន​កុមារ​កំព្រា និង​នារី​មេម៉ាយ​ជាច្រើន​កើត​មាន​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ចេញ​ផ្សាយ​ចុង​ឆ្នាំ​២០១២ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា មាន​អត្រា​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​វៀតណាម និង​ឡាវ ដែល​នៅ​ជិត​ខាង។ ប្រៀបធៀប​ក្នុង​រយៈពេល ៧​ឆ្នាំ ពី​ឆ្នាំ​២០០៥ ដល់​២០១១ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ កើន​ឡើង​ទ្វេ​ដង។

អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​អត្រា​ខ្ពស់​ជាង​គេ គឺ​មាន​អាយុ​ពី ១៥ ទៅ ២៩​ឆ្នាំ មាន ៤៩% ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់។ ការ​ស្លាប់​ដោយ​សារ​ជិះ​ម៉ូតូ មាន ៦៦% នៃ​អ្នក​ស្លាប់​សរុប បន្ទាប់​មក​គឺ​អ្នក​ថ្មើរ​ជើង​មាន ១៣% និង​អ្នក​ជិះ​រថយន្ត​គ្រួសារ​មាន ៨%។

របាយការណ៍​បាន​គណនា​ព្យាករណ៍​រក​ឃើញ​ថា បើ​គ្មាន​វិធានការ​បង្ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា អាច​កើន​ដល់ ៣.២០០​នាក់ ក្នុង​មួយ​ឆ្នាំ នៅ​ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Love Khmer

ពី PNH

មេត្តាគោរពចាប់ផ្តើមពីលោកអ្នកមានលុយនិងលោកអ្នកមានអំណាច

Jan 31, 2013 02:57 AM

chantha

ពី Kg cham

នៅប្រទេសកម្ពូជាទាំងអ្នក​ធំនិងមន្ត្រីរាជាការគេមិនគោរព ច្បាប់ទេ គឺគេគោរពអនុសាស្រ្តច្រើនជាង តើឲ្យប្រជារាស្រ្ត នៅតំបន់ដាច់ស្រយាលយ៉ាងម៉េច បើពេលស្តាប់ពត៌មាន ថ្នាក់ដឹកនាំនិយាយតែអនុសាស្រ្ត ណឹង

Jan 30, 2013 09:42 PM

អ្នក​អាន​អនាមិក

I agree with the article above. However, I wish to add that the key problem is to start with the Ministry of Public Wor and the police. I am sure you all understand what I mean. Please help to to protect the lives of poor Khmers.

Jan 30, 2013 09:42 PM

គេហទំព័រ​ទាំងមូល