បុគ្គលិក​អង្គការ​ការពារ​បរិស្ថាន​៣​នាក់​ត្រូវ​តុលាការ​ខេត្ត​ស្ទឹងត្រែង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន

បុគ្គលិក​អង្គការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ចំនួន​បី​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​ស្ទឹងត្រែង សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ក្នុង​បទ​ចោទ​ប្រកាន់​កំហែង​ទារ​ប្រាក់ និង​ធ្វើ​សកម្មភាព​នាំ​ឲ្យ​ភ័ន្តច្រឡំ​ជា​មន្ត្រី​មាន​សមត្ថកិច្ច។ ផ្ទុយ​ពី​ការ​ចោទ​នេះ ប្រធាន​អង្គការ​នេះ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ គឺ​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។
ដោយ រដ្ឋា វិសាល
2013-12-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ឃ្លាំ​មើល​បរិស្ថាន នៅ​ថ្ងៃ​ច័ន្ទ ទី​២ ខែ​ធ្នូ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ស្ទឹងត្រែង ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ករណី​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ចំនួន​បី​នាក់ ដោយសារ​ការ​ឃាត់​ខ្លួន​នេះ​មិន​មែន​ជា​បទ​ល្មើស​ជាក់ស្តែង ឬ​មាន​ដីកា​ចាប់​ខ្លួន​តាម​ផ្លូវ​តុលាការ​អ្វី​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៩ កន្លង​ទៅ ប្រធាន​សាខា​អង្គការ​ការពារ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ដែង ឡន និង​សហ​សេវិក​ពីរ​រូប​ទៀត គឺ​លោក ជា គ្រឹស្នា និង​លោក សេក សាវ៉ាត ត្រូវ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្រុក​សៀមប៉ាង ឃាត់​ខ្លួន ខណៈ​អ្នក​ទាំង​បី​ជិះ​ម៉ូតូ​ពី​ស្រុក​សៀមប៉ាង បំណង​វិល​មក​ក្រុង​ស្ទឹងត្រែង វិញ។

ប្រធាន​អង្គការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ លោក បឿន រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មជន​ទាំង​បី​បាន​ទៅ​ឃ្លាំ​មើល​សកម្មភាព​បទ​ល្មើស​កាប់​ឈើ​ប្រណីត​ឆ្លង​ដែន​នៅ​តំបន់​ព្រំដែន ខេត្ត​ស្ទឹងត្រែង ជាប់​នឹង​ប្រទេស​ឡាវ ទើប​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​តំបន់​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រើ​អំណាច​ឃាត់​ខ្លួន​ពួក​គេ ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលាការ។

លោក​កត់​សម្គាល់​ថា បទ​ល្មើស​កាប់​ឈើ​ប្រណីត​នៅ​តំបន់​ព្រំដែន​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ជាប់​នឹង​ស្រុក​មឿងខូង ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ គឺ​ជា​ចំណុច​រសើប​របស់​សមត្ថកិច្ច​នៅ​តំបន់​នោះ ទើប​បង្ក​ឲ្យ​មាន​ការ​ឃាត់​ខ្លួន​សកម្មជន ដើម្បី​បំបាក់​ស្មារតី៖ «ច្រើន​កុះករ​ណាស់​ជន​ល្មើស វា​បាន​បើក​ដៃ​ពី​ថៅកែ​ប៉េអិម និង​ថៅកែ​ប៉ូលិស។ វា​ច្រើន​ណាស់ តាំង​ពី​គោយន្ត រទេះគោ​ក្របី នាំ​ប្រជាជន​ឲ្យ​ធ្វើ​ហ្នឹង​ចូល​ដី​ឡាវ។ ដល់​ពេល​យើង​ចុះ​ទៅ​បែក​ការ​វាៗ​ចោទ​យើង ចាប់​យើង និង​ចោទ​យើង​ថា​ទៅ​ជំរិត​យក​លុយ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ ខេត្ត​ស្ទឹងត្រែង លោក ទៀង វ៉ាន់ឌី មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​បាន​ឆ្លង​ដែន​ខុស​ច្បាប់ និង​បាន​បោះ​ជំរំ​នៅ​តំបន់​នោះ ហើយ​ចូល​ទៅ​ក្នុង​តំបន់​ស ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ចូល​ព្រៃ កាប់​ឈើ​ចិញ្ចឹម​ជីវិត។ លោក​បន្ត​ថា សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​កសាង​សំណុំ​រឿង​ជន​ទាំង​បី បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់៖ «គាត់​ទៅ​បោះ​តង់​មាន​ឆ្នាំ​បាយ​មាន​ស្អី​ទៀត ហើយ​គាត់​មាន​ត្រា​គ្រប់​ប្រភេទ​ទាំងអស់។ ខាង​ឡាវ បាន​បាញ់ ២​គ្រាប់ ដោយសារ​គាត់​ចូល​ទៅ​ទឹក​ដី​ឡាវ តំបន់​ស តែ​ម្តង។ គាត់​បាន​ទៅ​ជំរិត​ពី​ប្រជាជន​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ធ្វើ​ផ្ទះ​មួយ​គោយន្ត ១០​ម៉ឺន​រៀល ថា​គាត់​ជា​អ្នក​នេះ​អ្នក​នោះ។ អ៊ីចឹង ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ទេ ដល់​ពេល​មាន​ថា​កង​អាវុធហត្ថ​ខ្ញុំ​រហូត»

ចៅក្រម​ស៊ើប​សួរ និង​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក អៀង គឹមថុល មាន​ប្រសាសន៍​បញ្ជាក់​ថា សកម្មជន​ទាំង​បី​នាក់​ត្រូវ​បាន​មន្ត្រី​អយ្យការ​ចោទ​ប្រកាន់​រួច​ហើយ និង​បញ្ជូន​មក​ចៅក្រម​ស៊ើប​សួរ​ស៊ើប​អង្កេត​ករណី​នេះ​បន្ត។ លោក​បន្ត​ថា ជន​ជាប់​ចោទ​ទាំង ៣​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ ដើម្បី​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន។

ទាក់ទិន​រឿង​ក្តី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ស្ទឹងត្រែង លោក ហួ សំអុល បាន​កត់​សម្គាល់​ថា នៅ​តំបន់​ព្រំដែន​ឡាវ ជាប់​នឹង​ខេត្ត​ស្ទឹងត្រែង ពិត​ជា​កើត​មាន​បទ​ល្មើស​ព្រៃ​ឈើ​ច្រើន​ករណី​ក្នុង​មួយ​ឆ្នាំ ហើយ​ករណី​ខ្លះ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​បាត់​បង់​ជីវិត ដោយសារ​តែ​សមត្ថកិច្ច​ខ្លះ​នៅ​តំបន់​នោះ​បណ្ដែត​បណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ប្រណីត​ក្នុង​ដី​ឡាវ ហើយ​ត្រូវ​តម្រួត​ឡាវ បាញ់​សម្លាប់។ លោក​អំពាវនាវ​ដូច​គ្នា សុំ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ជាក់​លាក់​ទាក់ទិន​បទ​ចោទ​ប្រកាន់​សកម្មជន​ការពារ​បរិស្ថាន​នេះ៖ «សំណូមពរ​ឲ្យ​ព្រះរាជ​អាជ្ញា​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ឈ្មួញ​ហ្នឹង​ផង ជាពិសេស​មន្ត្រី​ព្រំដែន​ហ្នឹង ចរាចរ​ឈើ​រាល់​ថ្ងៃ​បាន​ដោយសារ​មន្ត្រី​អស់​ហ្នឹង​ពុក​រលួយ»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​អង្គការ​ការពារ​បរិស្ថាន​ដដែល អះអាង​ថា អង្គការ​លោក​នឹង​ដាក់​មេធាវី​ការពារ​ក្តី​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល