សង្គម​ស៊ីវិល​និង​គ្រួសារ​ប្រតិកម្ម​នឹង​តុលាការ​ផ្ដន្ទាទោស​សកម្មជន​ដីធ្លី

ដោយ ម៉ម មុនីរតន៍
2014-11-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាក​សាលាដំបូង​រាជធានី​ភ្នំពេញ
ស្លាក​សាលាដំបូង​រាជធានី​ភ្នំពេញ
Photo: RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​សវនាការ​ពេញ​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា យល់​ឃើញ​ថា ការ​សម្រេច​ផ្ដន្ទាទោស​ប្រឆាំង​ស្ត្រី​ដែល​ជា​សកម្មជន​ការពារ​ដីធ្លី ៣​នាក់​បន្ថែម​ទៀត និង​អតីត​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ មួយ​អង្គ​ផង ប្រៀប​ដូចជា​ឆាក​កំប្លែង។

មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ចាត់​ទុក​ការ​សម្រេច​ឲ្យ​សកម្មជន​ទាំង​នោះ​មាន​ទោស គឺ​ពុំ​បាន​ផ្អែក​លើ​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ​ទាល់​តែ​សោះ។

«ឲ្យ​ឯង​ទៅ​ណា​តៃហោង អា​ពួក​តុលាការ​ថោក​ទាប ផ្ដាច់​ការ បក្ខពួក​និយម។ ខ្ញុំ​ដាក់​បណ្ដាសា​ឲ្យ​តុលាការ​ណា​ដែល​ពុក​រលួយ»។

ភ្លាមៗ​បន្ទាប់​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ប្រឆាំង​ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​វត្ត​ស្ទឹងមានជ័យ និង​ស្ត្រី​បី​នាក់​ផង សាច់ញាតិ​ជន​ជាប់​ចោទ​ទាំង​នេះ បាន​ស្រែក​យំ​យ៉ាង​កង​រំពង មាន​អ្នក​ខ្លះ​ឱប​គ្នា ហើយ​អ្នក​ខ្លះ​ទៀត​បោក​ខ្លួន​នៅ​ក្បែរ​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈ​ដែល​រថយន្ត​កំពុង​ព្យាយាម​បង្កើន​ល្បឿន​បើក​ដោយ​ប្រញាប់​ចេញ​ពី​តុលាការ ដឹក​ពួក​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ។

រស់នៅ​ភូមិ​១ ក្នុង​តំបន់​បឹងកក់ លោក លឹម សំអឿន ដែល​ភរិយា​របស់​លោក​ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌ​៧​មករា ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ នៅ​ខាង​មុខ​តុលាការ ថ្លែង​ថា លោក​ពិត​ជា​អស់​ជំនឿ​ចំពោះ​ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ ដែល​រក​ឃើញ​ថា ប្រពន្ធ​របស់​លោក​មាន​ទោស​ពី​បទ​ចោទ​ថា​បាន​មើល​ងាយ​សមត្ថកិច្ច។ លោក​ថ្លែង​បន្ត​ថា តុលាការ​នៅ​កម្ពុជា ពិត​ជា​មិន​អាច​ឈរ​លើ​ឯករាជ្យ​ភាព​ដូច​ការ​រិះគន់​របស់​មហាជន​មែន៖ «គាត់​គ្មាន​ធ្វើ​អី​ទេ គ្រាន់​តែ​មក​ឈរ​មុខ​តុលាការ​សោះ បែរ​ជា​ចោទ​ប្រកាន់​គ្នា​មើល​ងាយ​សមត្ថកិច្ច។ សមត្ថកិច្ច​ដាក់​ទោស​គ្នា​រហូត​មួយ​ឆ្នាំ។ ចោល​កូន ៤​នាក់​នៅ​ផ្ទះ»

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ភី ឆាយ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ស្ត្រី​បី​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម សឺន ហាយ រយៈពេល ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ ២​លាន​រៀល ពី​បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

នៅ​ពេល​នេះ ភិក្ខុ សឺន ហាយ គង់​នៅ​វត្ត​ស្ទឹងមានជ័យ ដែល​ត្រូវ​សមត្ថកិច្ច​ផ្សឹក​ដោយ​បង្ខំ​ភ្លាមៗ​ក្រោយ​ចាប់​បញ្ជូន​ទៅ​ដល់​ស្នងការ​រាជធានី​ភ្នំពេញ​នោះ នៅ​មាន​សំណុំ​រឿង​ពីរ​បន្ថែម​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ។ បើ​រក​ឃើញ​ថា មាន​ទោស​មែន​នោះ ព្រះអង្គ​អាច​ប្រឈម​នឹង​បទ​ចោទ​ស្លៀក​ដណ្ដប់​ស្បង់​ចីពរ​បែប​ព្រះពុទ្ធ​សាសនា​ដោយ​គ្មាន​សិទ្ធិ តាម​មាត្រា​៥០៨ និង​ចោទ​ពី​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​តាម​មាត្រា​២៣០ នៃ​ក្រម​ព្រហ្មទណ្ឌ។

អ្នក​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដែរ ដោយ​ចាត់​ទុក​ថា ព្រះសង្ឃ​ព្រះនាម សឺន ហាយ គឺ​បាន​ប្រើប្រាស់​ឆាយាល័ក្ខណ៍​ក្លែងក្លាយ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ដូច​គ្នា​នេះ​ដែរ គឺ​រង​ការ​ចោទ​ប្រកាន់​ថា ជា​ក្រុម​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។ ពាក់ព័ន្ធ​រឿង​នេះ ប្រជាពលរដ្ឋ​ដែល​ចូលរួម​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ស្ដី​បន្ទោស​រដ្ឋាភិបាល​ថា បើ​យក​ច្បាប់​ចរាចរណ៍​មក​អនុវត្ត​ដោយ​ទម្លាក់​កំហុស​ការ​បិទ​ផ្លូវ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ថា​ជា​បទល្មើស​នោះ រដ្ឋាភិបាល​មាន​រឿង​ច្រើន​ណាស់​ដែល​ត្រូវ​ចោទ​ប្រកាន់​ក្នុង​មួយ​ថ្ងៃៗ​ក្នុង​រឿង​កក​ស្ទះ​ចរាចរណ៍​នេះ ដូចជា​ធ្វើ​រោង​ការ ឬ​រោង​បុណ្យ​បិទ​ផ្លូវ ឬ​ពិធី​ណា​មួយ​ដែល​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​សាធារណៈ។

លោក អំ សំអាត មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ យល់​ឃើញ​ថា ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ប្រឆាំង​សកម្មជន​ទាំង​នេះ វា​គួរ​ឲ្យ​អាម៉ាស់​ណាស់ ដោយ​ហេតុ​ថា ពុំ​មាន​ភស្តុតាង​បញ្ជាក់​ណា​មួយ​ថា​ពួក​គេ​មាន​ទោស​ឡើយ។ លើស​ពី​នេះ​ទៀត ប្រការ​ដែល​រឹត​តែ​មិន​អាច​ទទួល​យក​បាន​នោះ គឺ​សំណុំ​រឿង​ដាក់​បន្ទុក​នេះ​សុទ្ធតែ​ជា​ឆាក​ល្ខោន ដែល​មិន​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន៖ «យើង​មើល​ទៅ​ទាំង​រូបភាព និង​ភស្តុតាង ចំណុច​ណា​ដែល​បង្ហាញ​អំពី​ការ​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​បង្ហាញ​អំពី​ការ​សំណូមពរ និង​ការ​ទាមទារ​ឲ្យ​បណ្ដោះ​ទឹក​ចេញ​ពី​តំបន់​បឹងកក់​ប៉ុណ្ណោះ»

ទាំង លោកស្រី ហេង ពេជ្យ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោកស្រី អ៊ឹម ស្រីទូច អតីត​សកម្មជន​នៅ​ក្នុង​តំបន់​បឹងកក់ លោកស្រី ភួង សុភាព អ្នក​ភូមិ​ថ្មគោល និង​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ ព្រះនាម សឺន ហាយ ត្រូវ​បាន​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា។ ភ្លាមៗ​ក្រោយ​ពី​ចាប់​ខ្លួន ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ មុន​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​បន្ទាប់។ មូលហេតុ​នៃ​ការ​ចាប់​ខ្លួន គឺ​ធ្វើ​ឡើង​នៅ​ពេល​ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​ស្ត្រី ៧​នាក់ នៅ​សហគមន៍​បឹងកក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា។ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​ចាប់​ទាំង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ព្រះសង្ឃ ព្រម​ទាំង​សកម្មជន​ការពារ​ដីធ្លី​ផង បន្ទាប់​មក​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់ មុន​នឹង​បន្ត​ដាក់​ពន្ធនាគារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល