សមត្ថកិច្ច​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្ដល់​ព័ត៌មាន​អំពី​ជន​ជាប់​ចោទ ឈូក បណ្ឌិត

សមត្ថកិច្ច​ចម្រុះ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រួម​គ្នា​សហការ​ផ្ដល់​ព័ត៌មាន​នៅ​ពេល​ដែល​ដឹង​ពី​មុខ​សញ្ញា ឬ​ឃើញ​ជន​ជាប់​ចោទ ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បង្ហាញ​ខ្លួន​នៅ​ទី​កន្លែង​ណា​មួយ​ដើម្បី​យក​មក​ផ្ដន្ទាទោស។
ដោយ ខែ សុណង
2013-11-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ដែល​ត្រូវ​បាញ់​អោយ​របួស (អាវ​ខ្មៅ) នុត សាខន (រូប​កណ្ដាល) ប៊ុន ចិន្តា និង​កែវ នា) ក្នុង​បរិវេណ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៣។
កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ដែល​ត្រូវ​បាញ់​អោយ​របួស (អាវ​ខ្មៅ) នុត សាខន (រូប​កណ្ដាល) ប៊ុន ចិន្តា និង​កែវ នា) ក្នុង​បរិវេណ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Sochivy


ការ​ប្រកាស​នេះ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លើ​ករណី​ប្ដឹង​ទាស់​របស់​លោក ឈូក បណ្ឌិត ក្នុង​សំណុំ​រឿង​បាញ់​កម្មករ​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់​ឲ្យ​របួស។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ បាន​ប្រកាស​ថា ការ​ប្រកាស​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​គឺ​ជា​ការ​ដាក់​ទម្ងន់​ថែម​មួយ​កម្រិត​ទៀត ទៅ​លើ​ការ​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​ចាប់​ខ្លួន​ជន​ជាប់​ចោទ ឈូក បណ្ឌិត មក​ផ្ដន្ទាទោស។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ថា សមត្ថកិច្ច​កំពុង​ខិតខំ​និង​រួសរាន់​ធ្វើ​យ៉ាង​ណា​អនុវត្ត​ទៅ​តាម​សាលដីកា​សាលា​ឧទ្ធរណ៍​ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា៖ «មិន​ទាន់​បាន​ជា​ផ្លូវ​ការ​នៅ​ឡើយ ម្ដង​ថា​នៅ​នេះ ម្ដង​ថា​នៅ​ណោះ ព័ត៌មាន​ខ្លះ​ម្ដង​លឺ​ថា​នៅ​មណ្ឌលគិរី ទៅ ម្ដង​ថា​នៅ​ក្រៅ​ប្រទេស​អី​ណា។ សង្ឃឹម​ថា អាច​អនុវត្ត​បាន ដើម្បី​បំពេញ​អនុវត្ត​តាម​ដីកា​ហ្នឹង។ ទន្ទឹម​នឹង​នេះ តាម​រយៈ​បងប្អូន​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ផ្ដល់​នូវ​ព័ត៌មាន ថា​ឈ្មោះ​ហ្នឹង​នៅ​ទី​ណា លាក់​ខ្លួន​នៅ​ទីណា សូម​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​យើង​ដើម្បី​បាន​អនុវត្ត​ទៅ​តាម​តុលាការ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ»

ការ​អំពាវនាវ​នេះ នៅ​បន្ទាប់​ពី​ចៅក្រម​សាលាឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​ដោយ​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង​ដដែល លើ​ករណី​ប្ដឹង​ទាស់​របស់​លោក ឈូក បណ្ឌិត។ សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ឲ្យ​លោក ឈូក បណ្ឌិត មាន​ទោស​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ឲ្យ​ជន​រងគ្រោះ​ជា​កម្មការិនី​ទាំង ៣​រូប ចំនួន ៣៨​លាន​រៀល និង​បន្ត​អនុវត្ត​ដីកា​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត​រូប​នេះ ដាក់​ក្នុង​ពន្ធនាគារ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។

ពាក់ព័ន្ធ​បញ្ហា​នេះ សហជីព​សេរី​កម្មករ​ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ចាប់​ខ្លួន​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត យក​មក​ផ្ដន្ទាទោស​ដែរ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ និង​គ្រប់​ផ្នែក​ខ្នះខ្នែង​ស្វែង​រក​ចាប់​ខ្លួន​ជន​ជាប់​ចោទ ឈូក បណ្ឌិត។ លោក​ថា ការ​ពន្យារ​ពេល​ចាប់​ខ្លួន​ជន​ជាប់​ចោទ​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ប្រព័ន្ធ​យុត្តិធម៌​នៅ​ពុំ​ទាន់​ឯករាជ្យ លំអៀង​ទៅ​អ្នក​មាន​លុយ​និង​មាន​អំណាច។

លោក ជា មុនី៖ «ជន​ដៃ​ដល់​បាញ់​កម្មករ​កណ្ដាល​ហ្វូង​រាប់​ពាន់​នាក់ គឺ​ជា​បទ​ល្មើស​ជាក់​ស្ដែង អ្នក​ចាប់​ខ្លួន​ទេ ហើយ​រយៈពេល​កន្លង​មក​ហ្នឹង តុលាការ​សាលា​ដំបូង​ក្ដី តុលាការ​សាលា​ឧទ្ធរណ៍​ក្ដី បាន​កាត់​សេចក្ដី​ឲ្យ​គាត់​មែន ក៏​ប៉ុន្តែ​សមត្ថកិច្ច​ត្រូវ​ចាប់​ខ្លួន​គាត់​យក​មក​ដាក់​ពន្ធនាគារ»

ប៉ុន្តែ​លោក ជា មុនី បាន​សម្ដែង​នូវ​ការ​សាទរ និង​គាំទ្រ​ចំពោះ​ការ​វិនិច្ឆ័យ​សេចក្ដី​របស់​សាលាឧទ្ធរណ៍​ដែល​បាន​តម្កល់​ការ​ផ្ដន្ទាទោស​លើ​ជន​ជាប់​ចោទ ឈូក បណ្ឌិត ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

យ៉ាង​ណា​ក៏​ដោយ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ឈូក បណ្ឌិត គឺ​លោក​មេធាវី កៃ វិសាល បាន​ថ្លែង​ថា លោក​បាន​ជូន​ដំណឹង​ពី​លទ្ធផល​ប្រកាស​សាលដីកា​សាលា​ឧទ្ធរណ៍​ទៅ​សាច់ញាតិ​របស់​លោក ឈូក បណ្ឌិត ជា​កូន​ក្ដី​របស់​លោក​រួច​រាល់​ហើយ។ ប៉ុន្តែ​ពុំ​អាច​អត្ថាធិប្បាយ​អំពី​ថា​តើ​កូន​ក្ដី​របស់​លោក​នឹង​ប្ដឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ៖ «គាត់​ប្ដឹង​សាទុក្ខ ឬ​មិន​ប្ដឹង ខ្ញុំ​មិន​ទាន់​អាច​បញ្ជាក់​ជូន​បាន​ទេ ពីព្រោះ​អី​មាន​សល់​ពេល​យូរ​ដែរ រង់ចាំ​ថា​តើ​គាត់​គួរ​​ប្ដឹង ឬ​មិន​ប្ដឹង»

បើ​ទោះ​ជា​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង ទុក​ដដែល​ក៏​ដោយ ក៏​មេធាវី​របស់​ជន​រងគ្រោះ​ទាំង ៣​រូប គឺ ប៊ុន ចិន្តា នុត សាខន និង កែវ នា រួម​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ស្នើសុំ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍​ពិចារណា​ប្ដូរ​បទ​ចោទ លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ទៅ​ជា​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​វិញ ហើយ​ឆាប់​ចាប់​ខ្លួន​ឈូក បណ្ឌិត មក​ដាក់​ពន្ធនាគារ ពីព្រោះ​ជន​រងគ្រោះ​ទាំង​នោះ កំពុង​មាន​ការ​ភ័យ​ខ្លាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
Share

កូនខ្មែរ

ពី ភព

នេះហើយជាការបញ្ជាក់ឬក៏ជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យរាស្រ្តខ្មែរនិងអន្តរ
ជាតិឃើញយ៉ាងច្បាស់ថាក្រុមហ៊ុន សែន-ចិនដែលដឹកនាំរដ្ឋជាក្រុម
អសមត្តភាពរួមទាំងសភានិងតុលាការ។កន្លងមកជាង១ឆ្នាំហើយចាប់
ខ្លួនជនល្មើសច្បាប់ឈូក បណ្ឌិតម្នាក់មិនបាន តើឱ្យរាស្រ្តខ្មែរជឿរ
ទុកចិត្តបន្តរទៅមុខម្ដេចនិងបាន។

Nov 06, 2013 05:14 PM

អ្នក​អាន​អនាមិក

សុំសួរថាតើឈូកបណ្ឌិតពេលនេះជា ជនជាប់ចោទ ឬជាទណ្ឌិត? តាមដឹងតុលាការបានកាត់ក្តីកំបាំងមុខរួចហើយឲ្យជាប់គុក ១៨ខែ។ ជនជាប់ចោទដែលតុលាការបានកាត់ក្តីរួចហើយនៅតែជាជនជាប់ចោទ?

Nov 06, 2013 04:35 AM

Kmer

Justice for Cambodia , please let him go to jail

Nov 06, 2013 04:22 AM

អ្នក​អាន​អនាមិក

អ្នកប្រុសត្រកូល ខៀវ ពិតជាពូកែកំប្លែង ពិតមែន

Nov 06, 2013 04:09 AM

អ្នក​អាន​អនាមិក

ក្នុងជួរ គណបក្ស ប្រជាជន មានអ្នកកាន់ជើងមនុស្ស អាក្រក់ !
ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតែបោះឆ្នោតទម្លាក់ អោយអស់ពួក មន្ទ្រីអាក្រក់ !

Nov 06, 2013 12:40 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល