សភា​គ្រោង​​អនុម័ត​ច្បាប់​ទាក់ទង​វិស័យ​តុលាការ​នៅ​ខែ​ឧសភា

ដោយ ទីន ហ្សាការីយ៉ា
2014-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
RFA

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋសភា​បាន​បដិសេធ​ការ​ចំពោះ​ការ​ស្នើ​សុំ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ឲ្យ​រដ្ឋសភា​ផ្អាក​ការពិភាក្សា និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​នឹង​វិស័យ​តុលាការ​ចំនួន ៣​នោះ។ ហេតុផល​នៃ​ការ​បដិសេធ​នេះ ដោយសារ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​បទពិសោធន៍ និង​មាន​ចំណេះ​ដឹង​គ្រប់គ្រាន់​ក្នុង​ការ​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ច្បាប់​នេះ មុន​នឹង​ធ្វើការ​អនុម័ត។ ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​បិទបាំង និង​មិន​បាន​ដាក់​ឲ្យ​ជជែក​ជា​សាធារណៈ​អំពី​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ​តាម​បែប​ប្រជាធិបតេយ្យ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​រដ្ឋសភា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ មេសា ថា សភា​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំងបី​ទាក់ទង​នឹង​តុលាការ​នៅ​ខែ​ឧសភា ខាង​មុខ។

​ប្រធាន​គណៈកម្មាការ​សេដ្ឋកិច្ច​និង​សវនកម្ម​នៃ​រដ្ឋសភា លោក​បណ្ឌិត​រដ្ឋ ជាម យៀប មាន​ប្រសាសន៍​ថា សភា​មិន​អាច​ផ្អាក​ដំណើរការ ឬ​ផ្អាក​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ទេ។ សភា​នឹង​អនុម័ត​ច្បាប់​ប្រមាណ ២០​ច្បាប់​ទៀត បន្ទាប់ពី​សភា​បាន​អនុម័ត​ច្បាប់​បាន​ចំនួន ១០ រួច​មក​នៅ​នីតិកាល​ទី​៥​នេះ។

​លោក ជាម យៀម លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​៣ រួម​មាន​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា នឹង​អនុម័ត​នៅ​ក្នុង​ខែ​ឧសភា ឬ​យ៉ាង​យួរ​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤។

លោក ជាម យៀប៖ «បើ​សិន​ជា​សង្គម​ស៊ីវិល​ខាង​សិទ្ធិមនុស្ស​សុំ​ផ្អាក​នោះ ឲ្យ​គាត់​រៀបចំ​ធ្វើ​ច្រវាក់ ដែក​ថែប​ឲ្យ​ទប់ស្កាត់​ធ្វើ​យ៉ាងម៉េច​ដើម្បី​កុំ​ឲ្យ​ផែនដី​វិល ហើយ​ផែនដី​ហ្នឹង​ដើរ អា​ហ្នឹង​អាចធ្វើ​បាន ព្រោះ​អាណេះ​ជា​ចរន្ដ​មួយ​របស់​រដ្ឋធម្មនុញ្ញ​មាតុភូមិ​កម្ពុជា មិន​អាច​មក​រាំង​ស្ទះ​បាន​ទេ»

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​សភា​ផ្អាក​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ លុះ​ណា​តែ​មាន​ការ​ផ្សព្វផ្សាយ​បើក​ឲ្យ​មាន​កិច្ច​ពិគ្រោះ យោបល់​ទូលំទូលាយ​ជាមុន និង​រហូត​ដល់​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​២ ចូល​អង្គុយ​ក្នុង​រដ្ឋ​សភា។

​ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ព្រាង​ច្បាប់​នឹង​មិន​ត្រូវ​បាន​ពិនិត្យ​ពិច័យ​ឲ្យ​បាន​គ្រប់គ្រាន់ និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ ប្រសិន​បើ​មាន​តែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អង្គុយ​នៅ​ក្នុង​រដ្ឋ​សភា​តែមួយ​នោះ។

​ទាក់ទង​នឹង​បញ្ហា​នេះ លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​ពន្យល់​ថា សភា​បច្ចុប្បន្ន​មាន​បទពិសោធន៍ និង​មាន​ចំណោះ​ដឹង​គ្រប់គ្រាន់​ក្នុងការ​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​នេះ៖ «ពីព្រោះ​អ្នក ៦៨​នាក់​នេះ នៅ​ក្នុង​សភា ៣០​ឆ្នាំ​ផ្លាយ​ហើយ យើង​អាច​មាន​លទ្ធភាព​យល់​អំពី​ច្បាប់​ច្រើន​ណាស់​ទៅ​ហើយ។ តំណាងរាស្ត្រ​មួយ​ចំនួន​ធំ​ទៀត លោក​មាន​អតីតកាល​បទពិសោធន៍​ច្រើន មេរៀន​គ្រប់​បែប​យ៉ាង​យល់​ពី​សភាពការណ៍​កម្ពុជា គ្រប់​បែប​យ៉ាង​តែម្ដង»

​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៍ លោក ហួន ជុនឌី បាន​លើក​ឡើង​ថា សភា​ឯកបក្ស​បច្ចុប្បន្ន​មិន​ទាន់​ស្រប​ច្បាប់​នោះ​ទេ ដរាបណា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ចូល​សភា​នោះ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នីមួយៗ រដ្ឋាភិបាល​ត្រូវតែ​ដាក់​ឲ្យ​ជជែក​ជា​សាធារណៈ និង​ពិភាក្សា​វែកញែក​នៅ​ក្នុង​សភា​យ៉ាង​ផុសផុល​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​អស់ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​អនុម័ត​ច្បាប់។

លោក ហួន ជុនឌី៖ «រដ្ឋ​សភា​ប្រញិបប្រញាប់​អនុម័ត​ច្បាប់​ទាំង​បី​ហ្នឹង ច្បាប់​ផ្សេងៗ​ទៀត ក្នុង​ពេល​ដែល​សភា​ខ្លួន​ឯង​មិន​ទាន់​មាន​ភាព​ស្រប​ច្បាប់​សម្រាប់​ខ្លួនឯង វា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​ទៅ​ទៀត ដែល​យើង​គិត​ថា រដ្ឋសភា​មិនត្រូវ​ប្រញាប់​យក​ច្បាប់​ទាំង​ឡាយ​មក​អនុម័ត​ក្នុង​ពេល​នេះ​ទេ»

​សេចក្ដី​ព្រាង​ច្បាប់​ទាំង​៣​នេះ ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៤។ មក​ទល់​ពេល​នេះ លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​មិន​ទាន់​បញ្ជូន​ទៅ​ដល់​សភា​នៅ​ឡើយ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង ៣​នេះ មាន​សារសំខាន់​ចំពោះ​មុខងារ​របស់​តុលាការ​នៅ​កម្ពុជា ដែល​អាចធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ឯករាជ្យភាព​ប្រសិទ្ធភាព និង​តម្លាភាព​របស់​តុលាការ និង​ជួយ​កាត់បន្ថយ​អំពើ​ពុករលួយ​នៅ​វិស័យ​យុត្តិធម៌ ក៏​ប៉ុន្តែ​កង្វះ​តម្លាភាព​ជា​ទូទៅ​ជុំវិញ​ច្បាប់​នេះ​  ធ្វើ​ឲ្យ​មាន​មន្ទិល​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ព្យាយាម​លាក់បាំង ហើយ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ ពិសេស​ប្រជាពលរដ្ឋ​នៅ​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​សភា​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

THSI LAW JUST FOR THE KILLERS DICTATORSHIP AND TRAITORS.

Apr 22, 2014 10:52 AM

ភវរ័្មន

ពី បាវិត

និយាយ​បំភាន់​សាធារណជន​ដល់កំរិត​​ចិត្ត​វិបល្លាសហើយ​លោក
ជាមយៀប​ គាត់​​ប្រៀប​ធៀប​ទង្វើ​បំពានច្បាប់​របស់​បក្សខ្លួន​
ទៅ​នឹង​​ចលនា​ផែនដី​បា្រប់​ជាតិខ្មែរ​​សង្គម​ស៊ីវិល​សិទ្ធិមនុស្ស​ធ្វើ
​ច្រវាក់ដែក​ថែបទៅ​ទប់ស្កាត់​! ទង្វើរបស់​សភា​ជាម​យៀប​​ជា​ទង្វើ
របស់​មនុស្ស​​មិន​អាច​ប្រៀប​ទៅ​នឹង​បាតុភូត​ធម្មជាតិនោះ​ទេលោកយៀប!​សម្ដី​បែប​​ហ្នឹងក៏​មាន​ងារបណ្ឌិត​រដ្ឋ​ទៅកើត​ដែរ​​ឥត​ចេះ​ខ្មាស់គេ!

Apr 22, 2014 01:06 AM

គេហទំព័រ​ទាំងមូល