សភា​អនុម័ត​កែប្រែ​ច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម

ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវ​ធនាគារ​ជាតិ​នៃ​កម្ពុជា សុំ​ទៅ​រដ្ឋ​សភា​សុំ​ធ្វើ​វិសោធនកម្ម​សេចក្ដី​ព្រាង​ច្បាប់​នោះ​ចំនួន ៣​មាត្រា គឺ​មាត្រា ៣ មាត្រា ២៩ និង​មាត្រា ៣០។
ដោយ អ៊ុក សាវបូរី
2013-05-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​រដ្ឋ​សភា នៅ​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៣។
លោក ជាម យៀប តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​រដ្ឋ​សភា នៅ​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៣។
RFA/Ouk Savborey

ក្នុង​ការ​ពិភាក្សា​នោះ ក្រុម​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​ពាក្យ​ឌឺ​ដង និង​អំនួត​ចំអក​ដាក់​សមាជិក​សភា​គណបក្ស​ប្រឆាំង ដែល​ព្យាយាម​បកស្រាយ​មាត្រា​នៃ​ច្បាប់​នោះ ដោយ​រិះគន់​ពី​អំពើ​ពុករលួយ​របស់​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដែល​ភាគ​ច្រើន​ជា​គណបក្ស​ប្រជាជន។

ទោះ​ជា​យ៉ាង​ណា សមាជិក​សភា​បាន​អនុម័ត​មាត្រា​ទាំង ៣​នោះ នៅ​ថ្ងៃ​៨ ខែ​ឧសភា ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៨៣ សំឡេង លើ ៨៩ សំឡេង នៃ​សមាជិក​សភា​ដែល​ចូល​រួម​ពិភាក្សា។

ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា លោក ជា ចាន់តូ ថ្លែង​ប្រាប់​អំពី​អត្ថប្រយោជន៍​នៃ​មាត្រា​ច្បាប់​ដែល​សុំ​ធ្វើ​វិសោធនកម្ម​ទៅ​កាន់​សមាជិក​សភា​ជាង ៨០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣ ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម ៣​មាត្រា នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ មាន ២​មាត្រា។ មាត្រា ១ គឺ​មាន​មាត្រា ៣ និយាយ​ពី​និយមន័យ​នៃ​ពាក្យ​បច្ចេកទេស។ មាត្រា ២៩ និយាយ​ពី​ទណ្ឌកម្ម​ខាង​ព្រហ្មទណ្ឌ និង​មាត្រា ៣០ និយាយ​ពី​ការ​ឃាត់​ទុក និង​រឹប​អូស​ទ្រព្យ​សម្បត្តិ។ មាត្រា ២  ចែង​អំពី​ការ​អនុវត្ត​ច្បាប់​នេះ​ជា​ប្រញាប់។

លោក ជា ចាន់តូ៖ «ដោយ​អំពើ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​បទល្មើស​មួយ​ចំនួន​មិន​ទាន់​មាន​នៅ​ក្នុង​ច្បាប់ និង​ដោយសារ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​មុន​ក្រម​ព្រហ្មទណ្ឌ ហើយ​ច្បាប់​នេះ​នៅ​ពុំ​ទាន់​បាន​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ច្បាប់​ពីរ​ផ្សេង​គ្នា គឺ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ភេរវកម្ម»

នៅ​ក្នុង​ការ​ពិភាក្សា​មាត្រា​ទាំង​នោះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​គាំទ្រ​ច្បាប់​នេះ តែ​សុំ​បន្ថែម​យោបល់​ខ្លះ៖ «កំណើន​សេដ្ឋកិច្ច​មាន​ការ​រីក​ចំរើន​ទៅ​មុខ ៧% ៨% គួរ​ជា​ទី​មោទនៈ។ បើ​ផ្អែក​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​បែប​នេះ គួរ​ណាស់​តែ​មន្ត្រី​រាជការ ប៉ូលិស ទាហាន ប្រាក់​ខែ​គាត់​បាន​យ៉ាង​តិច ១​លាន​រៀល កម្មករ កម្មការិនី ក៏​អាច​ទទួល​បាន​ប្រាក់​ខែ​យ៉ាង​តិច ១៥០​ដុល្លារ ហើយ​ក៏​ត្រូវ​មាន​សុខុមាលភាព​សង្គម ដើម្បី​ជួយ​ប្រជាពលរដ្ឋ​យើង​ទូទាំង​ប្រទេស​ផង​ដែរ។ ក៏​ប៉ុន្តែ ស្ថានភាព​នេះ​យើង​ចេញ​អត់​រួច ដោយសារ​លុយ​ទាំង​អស់​នោះ វា​ហូរ​ចូល​ទៅ​ក្នុង​ប្រាក់​កខ្វក់ វា​មិន​ហូរ​ចូល​ទៅ​ក្នុង​វិស័យ​ផលិតកម្ម​ទេ។  លុយ​នេះ​មួយ​ចំនួន​បាន​និង​កំពុង​វិនិយោគ ហើយ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បំផ្លាញ​សេដ្ឋកិច្ច​មួយ​ដែល​មាន​ការ​ប្រណាំង​ប្រជែង​ស្មើ​ភាព។ ដូច្នេះ​ហើយ​មាន​តែ​ក្រុមហ៊ុន ២ ៣ ទេ ដែល​មក​ពី​ប្រទេស​ចិន ប្រទេស​វៀតណាម មក​រក​ស៊ី​អ៊ីចឹង​ទៅ បន្លំ​​អី​ទៅ ស្គាល់​មន្ត្រី​នេះ ស្គាល់​មន្ត្រី​នោះ​ចេះ​តែ​សូក​ប៉ាន់​ទៅ ហើយ​ចេះ​តែ​រស់​ទៅ​អ៊ីចឹង​ទៅ ព្រោះ​យើង​បាន​តែ​ក្រុមហ៊ុន​មួយ​ក្ដាប់​តូច អា​ក្រុមហ៊ុន​ដែល​គេ​រក​ស៊ី​ល្អៗ កម្រ​ទាន់​មក​ដល់​ណាស់»

ក្នុង​ពេល​លោក យឹម សុវណ្ណ កំពុង​តែ​ផ្ដល់​យោបល់​នោះ អនុ​ប្រធាន​ទី​១ នៃ​រដ្ឋ​សភា លោក ងួន ញ៉ិល បាន​ណែនាំ​កុំ​ឲ្យ​បកស្រាយ​ខុស​ប្រធានបទ៖ «ពីព្រោះ​វា​រាល​ដាល​ទៅ​ដល់​ដំណើរ​ការ​អនុញ្ញាត​ដល់​វិនិយោគិន​បរទេស ដែល​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ​នៅ​កម្ពុជា វា​មិន​ត្រឹមត្រូវ វា​អាច​ពាក់ព័ន្ធ​នៅ​រឿង​ដូច​ថា វា​ចំណេញ​រឿង​នយោបាយ គឺ​ថា រាជរដ្ឋាភិបាល​នេះ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ»

ក្រោយ​ពី​លោក ងួន ញ៉ិល ណែនាំ​លោក យឹម សុវណ្ណ កុំ​ឲ្យ​បកស្រាយ​ចាក​ប្រធានបទ​នោះ បែរ​ជា​លោក ស៊ិក ប៊ុនហុក តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បកស្រាយ​ក្រៅ​ពី​មាត្រា​ច្បាប់​ដែល​កំពុង​ពិភាក្សា ហើយ​ប្រធាន​និង​អនុ​ប្រធាន​សភា​មិន​ណែនាំ​ដូច​លោក យឹម សុវណ្ណ បកស្រាយ​ឡើយ៖ «ពាក្យ​របស់​នាយករដ្ឋមន្ត្រី​តែម្ដង គាត់​បាន​ប្រកាស​ច្បាស់ ហើយ​ខ្ញុំ​សុំ​ជូន​យោបល់ រាល់​បញ្ហា​ទាំង​ឡាយ​ណា​ដែល​មាន​ការ​លូក​ដៃ​ជើង​ចូល​របស់​គណបក្ស​ប្រឆាំង ខ្ញុំ​មិន​ចូល​រួម​ដោះស្រាយ​ឡើយ។ មូលហេតុ​អី? អា​ហ្នឹង​គឺ​ដូច​ជា​ជំទាវ​ម្សិលមិញ គាត់​ឆ្ងល់​ហេតុ​អី​បាន​ជា​អ៊ីចឹង?»

បន្ទាប់​ពី​លោក ស៊ិក ប៊ុនហុក បកស្រាយ​ក្រៅ​មាត្រា លោក ឈាង វុន និង​លោក ជាម យៀប អះអាង​អំពី​ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មាន​នៅ​ក្នុង​មាត្រា​ច្បាប់ ហាក់​សង្កត់​មិន​ឲ្យ​គណបក្ស​ប្រឆាំង​មាន​យោបល់​ទៅ​លើ​ច្បាប់​នោះ។

នៅ​ក្នុង​ការ​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម មាត្រា ៣ មាត្រា ២៩ និង​មាត្រា ៣០ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម មិន​មាន​កែប្រែ​ចំណុច​ណា​ឡើយ ហើយ​សមាជិក​សភា​បាន​អនុម័ត​សំឡេង ៨៣ លើ ៨៩ សំឡេង។

គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ថ្ងៃ​បោះ​ឆ្នោត​កំពុង​តែខិត​ចូល​មក​ដល់ រដ្ឋ​សភា​បាន​បើក​កិច្ច​​ប្រជុំ​របស់​ខ្លួន​ឡើង​វិញ ពិភាក្សា​​​អនុម័ត​ច្បាប់​មួយ​ចំនួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ឧសភា មក។ នៅ​ក្នុង​ដំណើរ​ការ​ពិភាក្សា​នេះ គេ​សង្កេត​ឃើញ​ថា តំណាង​​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​​ព្រួត​គ្នា​វាយ​ប្រហារ និង​ដាក់​គំនាប​លើក​សមាជិក​សភា​គណបក្ស​ជំទាស់​រហូត។ រដ្ឋ​សភា​នឹង​​បន្ត​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ទៀត ​​គឺ​ច្បាប់​សហគមន៍​កសិកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល