សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​សហគមន៍​កសិកម្ម

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហគមន៍​កសិកម្ម​បង្កើត​ឡើង​សម្រាប់​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម។ សេចក្តី​ព្រាង​ច្បាប់​នេះ សំដៅ​គាំទ្រ​វិស័យ​កសិកម្ម គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេ​ញអង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ។
ដោយ អ៊ុក សាវបូរី
2013-05-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣-សីហា-២០១០៖ កសិករ​ស្ទូង​ស្រូវ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។
៣-សីហា-២០១០៖ កសិករ​ស្ទូង​ស្រូវ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។
RFA/Vohar Cheath

សហគមន៍​កសិកម្ម​កន្លង​មក​មិន​ទាន់​មាន​ច្បាប់​ត្រឹមត្រូវ ដើម្ប​ការពារ និង​ដាក់​ទោស​ជន​ដែល​លួច​ក្លែងបន្លំ​ប្រើប្រាស់​ឈ្មោះ ឬ​ស្លាក​ឈ្មោះ ឬ​ផ្នែក​ណា​មួយ​នៃ​សហគមន៍​កសិកម្ម​នៅ​ឡើយ​ទេ ទើប​ក្រសួង​កសិកម្ម​ស្នើ​សុំ​ឲ្យ​រដ្ឋ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហគមន៍​កសិកម្ម​នេះ។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហគមន៍​កសិកម្ម ត្រូវ​សមាជិក​សភា​អនុម័ត​ចំនួន ៨០ លើ ៨៣ សំឡេង នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៣។ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហគមន៍​កសិកម្ម គឺ​មាន ៩​ជំពូក និង ១១៤​មាត្រា ត្រូវ​បាន​ពិភាក្សា ២​ថ្ងៃ​កន្លង​មក​ហើយ។

រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ថ្លែង​ថា លោក​នឹង​ដាក់​បញ្ចូល​នូវ​ខ្លឹមសារ​សុំ​កែ​តម្រូវ​ក្នុង​មាត្រា​ច្បាប់​តាម​ការ​ពិភាក្សា​នៃ​អង្គ​ប្រជុំ​របស់​រដ្ឋ​សភា៖ «ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កសិករ និង​ការ​លើក​កំពស់​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ របស់​កសិករ​ផង ហើយ​ជា​ពិសេស ជំរុញ​កសិករ​ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​ក្នុង​ការ​អនុវត្ត​តាម​រយៈ​ការ​ផ្តល់​អំណាច​ទាំង​ស្រុង​ដល់​កសិករ»

អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​សុំ​ឲ្យ​ក្រសួង​កសិកម្ម​ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន និង​សុំ​ឲ្យ​រដ្ឋាភិបាល​យក​ប្រាក់​ពន្ធ​ពី​កាស៊ីណូ ប្រមាណ ១០០​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ ទៅ​ជួយ​ទប់​កុំ​ឲ្យ​តម្លៃ​លក់​ស្រូវ​ធ្លាក់​ចុះ៖ «ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ដឹង​អំពី​មូលហេតុ​នៃ​ស្រូវ​ចុះ​ថោក​ទេ ខ្ញុំ​ចង់​រក​ដំណោះស្រាយ​ជូន​កសិករ​នៅ​ពេល​ណា​ដែល​ស្រូវ​ចុះ​ថោក​ក្រោម​តម្លៃ ១.០០០​រៀល​នេះ តើ​យើង​ដោះស្រាយ​យ៉ាង​ម៉េច? អ៊ីចឹង​បាន​ខ្ញុំ​ជូន​អនុសាសន៍​ថា យើង​ត្រូវ​មាន​កញ្ចប់​ថវិកា​មួយ ដែល​យើង​ត្រូវ​តែ​យក​ពី​ប្រាក់​ចំណូល​កាស៊ីណូ»

បញ្ហា​នេះ​លោក ច័ន្ទ សារុន បាន​បំភ្លឺ​ថា ដក​យក​ប្រាក់​ពន្ធ​ពី​កាស៊ីណូ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ហើយ​រដ្ឋាភិបាល​បាន​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​បណ្តោះអាសន្ន និង​បាន​ដក​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន ៦៣ ដែល​មាន​ទំហំដី ៥១​ម៉ឺន​ហិកតារ តាំង​ពី​ថ្ងៃ​៧ ខែ​ឧសភា ឆ្នាំ​២០១២៖ «ខ្ញុំ​គិត​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​ប្រកាស​បើក​នោះ​មក បណ្តើរៗ​មក រយៈពេល ១​ឆ្នាំ​យើង​លុប​ម្តងៗ ជា​រៀង​រាល់​ឆ្នាំ។ ក្រោយ​ពេល​ត្រួត​ពិនិត្យ​ទៅ ថា​ធ្វើ​មិន​ចម្រើន​ទេ យើង​លុប​ហើយ»

អ្នក​តំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី លោក គីមសួរ ភីរិទ្ធ ស្នើ​សុំ​ឲ្យ​ក្រសួង​កសិកម្ម​បង្រៀន​បច្ចេកទេស​កសិកម្ម​ដល់​គ្រប់​កសិករ​នៅ​តាម​ជនបទ ហើយ​ផ្តល់​អំណាច​ទីផ្សារ​ដើម្បី​លក់​ផលិតផល​ឲ្យ​ងាយ​ស្រួល​ដល់​កសិករ​ជា​ដើម៖ «ហើយ​ទី​៣ គឺ​សេវា​ឥណ្ឌទាន ពីព្រោះ​ធម្មតា​ទេ កសិករ​រាល់​ថ្ងៃ​នេះ​ជំពាក់​បំណុល​ឯកជន​មិន​តិច​ទេ។ យើង​មិន​បន្ទោស​ទៅ​ពី​ណា​ទេ ប៉ុន្តែ​សំខាន់​ខ្វះ​ការ​គាំពារ​ខ្លាំងក្លា​ដូច​ច្បាប់​នេះ​ចែង»

អ្នក​តំណាងរាស្រ្ត​មណ្ឌល​កំពង់ស្ពឺ គណបក្ស​ប្រជាជន​កម្ពុជា លោក ហែម ខន ថ្លែង​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​តំណាងរាស្រ្ត​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ថា ក្រសួង​កសិកម្ម​បាន​ចុះ​ហត្ថលេខា​ចំនួន ១០៣​លើក ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១​លាន​ហិកតារ។ ចំណែក​ក្រសួង​បរិស្ថាន​បាន​ចុះ​ហត្ថលេខា​ចំនួន ៦៣​លើក បាន​ផ្តល់​ដី ៣៤​ម៉ឺន​ហិកតារ៖ «អ៊ីចឹង​យើង​សរុប​មក គឺ​ថា ក្នុង​ការ​ធ្វើ​សម្បទាន​សេដ្ឋកិច្ច គឺ​សរុប ១​លាន​កន្លះ ហើយ​ក្នុង​នោះ គឺ​ថា មាន​កៅស៊ូ ១,២​លាន ត្រូវ​ជា ៨០%»

លោក ហែម ខន បន្ថែម​ថា កន្លង​មក​ការ​ផ្តល់​សម្បទាន​ដី​ទៅ​ក្រុមហ៊ុន​នោះ រដ្ឋាភិបាល​បាន​ដក​យក​ដី​ពី​ក្រុមហ៊ុន មក​ពី​ក្រុមហ៊ុន​នោះ ទី​១ បំពាន​នីតិវិធី ទី​២ បំពាន​លក្ខខណ្ឌ ទី​៣ អត់​អភិវឌ្ឍន៍ ទី​៤ កាប់​ទន្រ្ទាន​ព្រៃ​ថែម ទី​៥ រំលោភ​យក​ដី​ថែម​ទៀត ទី​៦ ថែ​ទាំ​ដី​ដើម្បី​លក់​បន្ត ទី​៧ បាន​រំលោភ​យក​ដី​ប្រជាជន និង​សហគមន៍​ជាដើម៖ «អ៊ីចឹង​រដ្ឋាភិបាល​ក៏​កំពុង​តែ​កាត់​ដី​ពី​ក្រុមហ៊ុន ហើយ​កំពុង​តែ​វាស់​ចែក​ជូន​ប្រជាពលរដ្ឋ ហើយ​ការ​ដក​នេះ មិន​មាន​ន័យ​ថា ដក​បន្ត​ឲ្យ​ទៅ​ក្រុមហ៊ុន​ធ្វើ​ទៀត​ទេ គឺ​ទុក​បែងចែក​ជូន​ប្រជាជន​តាម​ដី​សម្បទាន​សង្គមកិច្ច»

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម គឺ​ចាប់​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៣ ក្រសួង​នេះ​បាន​បង្កើត និង​ចុះ​បញ្ជី​ឲ្យ​សហគមន៍​អភិវឌ្ឍ​កសិកម្ម​ចំនួន ៣៧៥ ដែល​មាន​សមាជិក ៣៥.៦៣០​នាក់ និង​មាន​ដើម​ទុន​សរុប ៩​ពាន់​លាន​រៀល ដែល​កំពុង​ដំណើរ​ការ​ប្រតិបត្តិ​មុខ​របរ​របស់​ខ្លួន ចូល​រួម​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល។ ជា​ទូទៅ​សហគមន៍​កសិកម្ម​មាន​លក្ខណៈ​ជា​សហគ្រាស​សេដ្ឋកិច្ច​ពិសេស​មួយ ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​គោលដៅ​សំខាន់​២។ ទី​១ គឺ​ជួយ​បំពេញ​តម្រូវ​ការ​របស់​សមាជិក​ខ្លួន និង​ទី​២​ ជួយ​ជំរុញ​សកម្មភាព​ផលិតកម្ម ​អាជីវកម្ម រក្សា​និរន្តរភាព សេដ្ឋកិច្ច​ និង​សង្គម​របស់​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញុំគិតថាយើងត្រូវមានអ្នកឃ្លាំមមើលពីកាលអនុវត្តកសិកម្ម និង បង្កើតសហគមន៍កសិកម្មការពាររឿងមិនប្រក្រតីមួយចំនួនដែលមន្រ្តីកសិកម្មដែលមិនបានយកច្បាស់មករកស៊ីក្រៅផ្លូវការ។

May 10, 2013 05:20 AM

គេហទំព័រ​ទាំងមូល