តុលាការ​ពន្យារ​ពេល​សវនាការ​សំណុំ​រឿង​មនុស្ស​២៣​នាក់​ទៅ​ថ្ងៃ​៦​ឧសភា

ដោយ វណ្ណ វិចារ
2014-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ លើក​បដា​តវ៉ា​ខាង​មុខ​វត្ត​ព្រះពុទ្ធ​ទាមទារ​ឲ្យ​ដោះ​លែង​មនុស្ស ២៣​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។
សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ លើក​បដា​តវ៉ា​ខាង​មុខ​វត្ត​ព្រះពុទ្ធ​ទាមទារ​ឲ្យ​ដោះ​លែង​មនុស្ស ២៣​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៤។
RFA/Sochivy

តុលាការ​សម្រេច​លើក​សំណុំ​រឿង លោក វន់ ពៅ និង​មនុស្ស ២២​នាក់​ផ្សេង​ទៀត ទៅ​បើក​សវនាការ​បន្ត​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា។ ក្នុង​សវនាការ​មួយ​ថ្ងៃ​នេះ តុលាការ​បាន​បញ្ចប់​ការ​សាកសួរ​ជន​ជាប់​ចោទ​ចំនួន ៤​នាក់ និង​បន្ត​សាកសួរ​មេ​ទាហាន​ម្នាក់​ដែល​ជា​សាក្សី​នៅ​កងទ័ព​ពិសេស​ឆត្រ​យោង​៩១១។ សាកសួរ​មេ​បញ្ជាការ​រូប​នេះ​មិន​ទាន់​បាន​បញ្ចប់​ផង មន្ត្រី​អនុរក្ស​ពន្ធនាគារ បាន​សុំ​ទៅ​ចៅក្រម​ឲ្យ​ពន្យារ​ពេល​សវនាការ ហើយ​ចៅក្រម​ជំនុំ​ជម្រះ​ក៏​ព្រម​តាម​តែ​ម្តង។

អង្គ​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​សវនាការ​សំណុំ​រឿង​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង ២២​នាក់ ដែល​ចាប់​ខ្លួន​នៅ​រោងចក្រ យ៉ាក ជីន និង​នៅ​ផ្លូវ​វ៉េងស្រេង នា​ម៉ោង​ជិត​ជាង ៤​រសៀល​ថ្ងៃ​ទី​២៥ ខែ​មេ​សា។ ការ​ពន្យារ​ពេល​សវនាការ​នេះ ដោយ​សំអាង​ថា ពុំ​មាន​ពេល​វេលា​គ្រប់គ្រាន់ និង​អាជ្ញាធរ​បារម្ភ​ពី​សុវត្ថិភាព​ជន​សង្ស័យ ប្រសិន​បើ​សវនាការ​បន្ត​ដល់​យប់។ ជា​រួម សវនាការ​ត្រូវ​បាន​បន្ទច់​បង្អាក់​ដោយ​មន្ត្រី​ពន្ធនាគារ ដែល​ទាមទារ​យក​ជន​ត្រូវ​ចោទ​ត្រឡប់​ទៅ​មន្ទីរ​ឃុំឃាំង​វិញ។

សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ចៅក្រម​ជំនុំ​ជម្រះ លោក កែ មុនី នៅ​បន្ទប់​សវនាការ​ទី​១ បាន​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​របស់​ខ្លួន បង្គាប់​ឲ្យ​ជន​ជាប់​ចោទ​ចំនួន ៤​នាក់ ឆ្លើយ​បំភ្លឺ​ជុំវិញ​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មករា ប៉ុណ្ណោះ។ ចំពោះ​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ពេល​ថ្ងៃ​ត្រង់​វិញ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​នោះ​ឡើយ។ នៅ​ចំពោះ​មុខ​អង្គ​សវនាការ ជន​ជាប់​ចោទ​ទាំង​បួន​នាក់ បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិន​បាន​បង្ក​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​ទេ អ្នក​ខ្លះ​ឆ្លើយ​ថា គ្រាន់​តែ​ដើរ​កាត់​កន្លែង​កើត​ហេតុ អ្នក​ខ្លះ​ទៀត​ប្រាប់​ថា ខ្លួន​ភ័យ​ខ្លាច​ពេល​ឃើញ​ទាហាន​ចូល​បង្ក្រាប ហើយ​ក៏​រត់ ហើយ​ក៏​ត្រូវ​កងទ័ព​ចាប់​ខ្លួន​វាយ​សំពង​តែ​ម្តង។

ទោះ​ជា​យ៉ាង​ណា​ក្តី តំណាង​អយ្យការ​លោក​ព្រះរាជ​អាជ្ញា​រង លី សុផាណា បាន​សាកសួរ​ជន​ជាប់​ចោទ​ជា​សំណួរ​ច្រំដែល​មួយ​ចំនួន ហើយ​ពេល​ខ្លះ​ក៏​ប្រើ​សំឡេង​ឮៗ​ដាក់​ជន​ជាប់​ចោទ​ទៀត។ មេធាវី​ការពារ​ជន​ជាប់​ចោទ​បាន​លើក​ឡើង​ពី​ភាព​ភ័យ​ខ្លាច​របស់​កូន​ក្តី​ខ្លួន ជុំវិញ​ប្រសាសន៍​របស់​តំណាង​អយ្យការ​នេះ ប៉ុន្តែ​តំណាង​អយ្យការ​តប​វិញ​ថា នេះ​ជា​សម្ដី​ធម្មជាតិ​ប៉ុណ្ណោះ មិន​មាន​បំណង​សម្លុត ឬ​បំភ័យ​ជន​ជាប់​ចោទ​ទេ។

បន្ទាប់​ពី​ចប់​ការ​សាកសួរ​ជន​ជាប់​ចោទ ៤​នាក់​រួច មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ឃ្លាំ​មើល​សវនាការ​នេះ បាន​រិះគន់​ថា របៀប​សួរ​ចម្លើយ​របស់​តំណាង​អយ្យការ និង​ចៅក្រម ភាគ​ច្រើន​ជា​សំណួរ​របៀប​ដាក់​បន្ទុក និង​ហាក់​មាន​ភាព​លម្អៀង។ សង្គម​ស៊ីវិល​បន្ត​ថា តំណាង​អយ្យការ និង​ចៅក្រម​ស៊ើប​សួរ ហាក់​មិន​បាន​ស៊ើប​អង្កេត​ល្អិតល្អន់​នោះ​ទេ។

សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ត្រូវ​បាន​ចៅក្រម​បង្គាប់​ឲ្យ​សម្រាក​នៅ​វេលា​ម៉ោង ១១ និង ៣០​នាទី ហើយ​បើក​សវនាការ​បន្ត​នៅ​វេលា​ម៉ោង ២ និង ៣០​នាទី​រសៀល ប៉ុន្តែ​ពេល​បើក​សវនាការ​ជាក់ស្តែង ចៅក្រម​ជំនុំ​ជម្រះ លោក កែ មុនី បាន​ពន្យារ​ពេល​សវនាការ​ជិត​កន្លះ​ម៉ោង ក្រោម​ហេតុផល​ថា ត្រូវ​ពិនិត្យ​ឯកសារ​សំណុំ​រឿង​មិន​ចប់។

សវនាការ​នៅ​ពេល​រសៀល ចៅក្រម​បាន​សាកសួរ​ប្រធាន​ក្រុម​ដឹក​នាំ​ការ​បង្ក្រាប​ការ​តវ៉ា​នៅ​ក្បែរ​រោងចក្រ យ៉ាក ជីន លោក​វរសេនីយ៍​ទោ ជូ អេង។ ក្នុង​ពេល​នោះ មេធាវី​ការពារ​ជន​សង្ស័យ បាន​ព្យាយាម​ដេញ​ដោល​ខ្លាំង​នៅ​ពេល លោក ជូ អេង អះអាង​ថា កម្លាំង​របស់​លោក​ដែល​មាន​ចំនួន​ពី ៣០ ទៅ ៤០​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង​ជ័រ និង​ថា​ពុំ​មាន​ដំបង​ដែក​ឡើយ។ ហើយ​កម្លាំង​ទាហាន​ក៏​មិន​បាន​វាយ​ដំ​លើ​ជន​សង្ស័យ ឬ​ប្រើ​ហិង្សា​នោះ​ទេ។ នៅ​ពេល​នោះ មេធាវី​ជន​ជាប់​ចោទ​បាន​សួរ​ដេញ​ដោល​ខ្លាំង​ជុំវិញ​ការ​ប្រើប្រាស់​ហិង្សា​ទៅ​លើ​កម្មករ ហើយ​ក៏​បាន​បង្ហាញ​រូបថត​ពីរ​សន្លឹក ដែល​ទាហាន​វាយ​លើ​ជន​សង្ស័យ​ដោយ​ដែក​បំពង់​ទីប​ទៀត​ផង និង​ទាមទារ​ចាក់​ផ្សាយ​វីដេអូ​ឃ្លិប​ភស្តុតាង​ជា​សាធារណៈ។ ប៉ុន្តែ​តំណាង​អយ្យការ និង​ចៅក្រម​បាន​រួម​គ្នា​បដិសេធ ដោយ​មិន​ឲ្យ​ចាក់​វីដេអូ​នេះ​ទេ ព្រោះ​សំអាង​ថា ចាំ​ចាក់​ផ្សាយ​នៅ​ពេល​ក្រោយ។ សវនាការ​កំពុង​តែ​ក្តៅ​គគុក ស្រាប់​តែ​អនុរក្ស​ពន្ធនាគារ​ស្នើសុំ​បញ្ជូន​ជន​ជាប់​ចោទ​ទៅ​ដាក់​គុក​វិញ ចៅក្រម​ក៏​ព្រម​តាម​តែ​ម្តង។

ចំពោះ​សវនាការ​នៅ​បន្ទប់​សវនាការ​ទី​២ ដែល​មាន​នាទី​ជម្រះ​ក្តី​សំណុំ​រឿង​អំពើ​ហិង្សា​ផ្លូវ​វ៉េងស្រេង វិញ ចៅក្រម​ជំនុំ​ជម្រះ​មិន​ទាន់​បាន​សាកសួរ​ជន​ជាប់​ចោទ​ណា​សោះ​ឡើយ ដោយ​ចៅក្រម​សាកសួរ​តែ​លើ​សាវតារ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​មាន​ជាង ៣០​នាក់​ប៉ុណ្ណោះ ហើយ​ក៏​សម្រេច​លើក​សវនាការ​ទៅ​កាត់​ក្តី​បន្ត​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ដូច​គ្នា។ ភាគី​សាច់ញាតិ​ជន​ជាប់​ចោទ បាន​ពណ៌នា​ថា នេះ​ជា​របៀប​ពន្យារ​ពេល​របស់​តុលាការ។

នៅ​ពេល​ឡើង​ឡាន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ លោក ចាន់ ពុទ្ធិស័ក្ត និង លោក វន់ ពៅ បាន​ស្រែក​អំពាវនាវ​យ៉ាង​ដូច្នេះ​ថា៖ «សំឡេង​ស្រែក»។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ចាត់​ទុក​ថា សំណុំ​រឿង​នេះ​ជា​សំណុំ​រឿង​នយោបាយ៖ «សំឡេង»។

សវនាការ​ត្រូវ​បែង​ចែក​ជា ៣​បន្ទប់ ដែល​រួម​មាន បន្ទប់​សវនាការ​ទី​១ បុរស ១០​នាក់ ដែល​បាន​ចាប់​ខ្លួន​នៅ​មុខ​រោងចក្រ យ៉ាក ជីន កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា។ បន្ទប់​សវនាការ​ទី​២ ករណី​បុរស ៣​នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា និង​ករណី​បុរស​ទាំង ១០​នាក់​នោះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​នោះ​ផង​ដែរ។ ចំណែក​បន្ទប់​សវនាការ​ទី​៣ ករណី​មនុស្ស​ពីរ​នាក់ ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ។ ក្នុង​សវនាការ ក៏​មាន​អ្នក​អង្កេត​ការណ៍​ជាតិ អន្តរជាតិ តំណាង​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា និង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ប៉ុន្តែ ដោយសារ​បន្ទប់​សវនាការ​ចង្អៀត សាច់ញាតិ​ជន​ជាប់​ចោទ​ជាច្រើន​នាក់​មិន​បាន​ស្តាប់​សវនាការ​ទេ។

ប៉ូលិស​រឹត​បន្តឹង​ចរាចរណ៍​ខាង​ក្រៅ​បរិវេណ​អគារ​តុលាការ​គ្រប់​ផ្លូវ​ចេញ​ចូល

ដោយ ម៉ម មុនីរតន៍

ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​សវនាការ​ក្នុង​សំណុំ​រឿង​អ្នក​ទាំង ២៣​នាក់​នេះ នៅ​ខាង​ក្រៅ​បរិវេណ​អគារ​តុលាការ​ឯណេះ​វិញ គ្រប់​ផ្លូវ​ចេញ​ចូល កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​រាប់​រយ​នាក់ និង​របាំង​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត។ អ្នក​ដំណើរ​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ចូល​ចេញ ឬ​ឆ្លង​កាត់​ដូច​សព្វ​មួយ​ដង​ទេ នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្រុម​អ្នក​សង្កេត​ការណ៍ អ្នក​សារព័ត៌មាន និង​អ្នក​ចង់​ស្ដាប់​សវនាការ​ដោយ​ផ្ទាល់ ក៏​ត្រូវ​បាន​រឹត​បន្តឹង​ថែម​ទៀត​ផង។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ បន្ថែម​ជុំវិញ​រឿងរ៉ាវ​នេះ​ដូច​តទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

សវនាការនៅថ្ងៃនេះគឺគ្រាន់តែជាការបង្ហាញសៀកមួយ។ នេះគឺជាការរកយុត្តិធម៌ក្នុងនគររបស់លោកហ៊ុនសែន។ មិនមានយុត្តិធម៌សម្រាប់ជនក្រីក្រប៉ុន្តែត្រកូលរបស់លោកហ៊ុនសែនរីករាយជាមួយវប្បធម៌និទណ្ឌភាព។

Apr 25, 2014 04:18 PM

កូនខ្មែរ

ពី ភព

តុលាការនៅស្រុកខ្មែរ ចៅក្រមមិនគ្រាន់តែនៅក្រោមអំណាចហ៊ុន
សែនទេសូម្បីតែប្រធានគុកក៏ចៅក្រមខ្លាចញ័រខ្លួនដែរ។នេះហើយគេ
ហៅថាចៅក្រមបំបង់បាយ។

Apr 25, 2014 03:45 PM

អ្នក​អាន​អនាមិក

របប ហ៊ុន សែន សាងអំពើ អយុត្តិធម៏ ច្រើនណាស់ !
ឧទារហរណ៍= ឈូក បណ្ឌិត បាញ់កម្មករកម្មការីនី អោយរបួសធ្ងន់ មិនទាន់ចាប់ដាក់គុក !
= ឃាតករ សម្លាប់ លោក ជា វិជ្ជា ពិតប្រាកដ ជាង ១០ ឆ្នាំ មកហើយ មិនទាន់ ឃើញចាប់បាន !
= អីឡូវនេះ អ្នកបាញ់ កម្មករកម្មការីនី ដែលគ្មានអាវុធ ធ្វើអោយរបួសធ្ងន់ និងស្លាប់ មិនចាប់ បែរជា ទៅចាប់អ្នក ដែលមិនបានប្រព្រឹត្ត ខុសទៅវិញ !
«( ខឹងគោ អូសធ្លាក់ ក្រឡុក បែរជា ទៅវ៉ៃ រទេះ ទៅវិញ ! )»

Apr 25, 2014 10:23 AM

HURRICANE

EVERYONE KNOW KHMER(CAMBODIAN) JUSTICE IS TERRIBLE UNDEER DICTATORSHIP AND BIG BIG CORRUPTION. WHEN KHMER PEOPLE HAVING JUSTICE, WHEN HUN SEN STEP DONW.










EVERYONE KNOW KHMER (CAMBODIA) JUSTICE IS TERRIBLE, BECAUSE UNDER DICTATORSHIP AND CORRUPTION. WHEN KHMER PEOPLE HAVING JUSTICE, WHEN HUN SEN STEP DOWN,

Apr 25, 2014 10:01 AM

គេហទំព័រ​ទាំងមូល