ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ជិត ១០០នាក់ នាំគ្នាមកប្រមូលផ្តុំនៅក្រុងសែនមនោរម្យ ដើម្បីតវ៉ាទៅនឹងដីកាកោះហៅរបស់តុលាការខេត្តនៅថ្ងៃទី៩ ខែធ្នូ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ឲ្យដឹងថា ប្រជាពលរដ្ឋទាំងនោះមានជនជាតិដើមភាគតិចព្នង និងខ្មែរមកពីភូមិអន្ទ្រោង ឃុំពូជ្រី ស្រុកពេជ្រាដា។ អ្នកភូមិមិនពេញចិត្តចំពោះដីកាកោះហៅនោះដោយសារតែក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះដាយណាម បានប្ដឹងអ្នកភូមិពីបទប្រើអំពើហិង្សាលើក្រុមហ៊ុន។
លោកបន្តថា ការលើកគ្នាមកតវ៉ារបស់ពលរដ្ឋបានរំសាយទៅវិញបន្ទាប់ពីអាជ្ញាធរខេត្តបានសម្របសម្រួលឲ្យអ្នកភូមិចាត់តំណាងចូលជួបអាជ្ញាធរខេត្តនៅថ្ងៃទី១០ ខែធ្នូ ដើម្បីដោះស្រាយបញ្ហា។ ចំណែកដីកាកោះរបស់តុលាការ អាជ្ញាធរខេត្តសំណូមពរឲ្យតំណាងប្រជាពលរដ្ឋចូលខ្លួនទៅបំភ្លឺតាមការកោះហៅ រីឯអាជ្ញាធរខេត្តនឹងជួយសម្របសម្រួលបញ្ហានេះ៖ «មិនមានអំពើហិង្សាកើតឡើងទេ ដោយសារអាជ្ញាធរខេត្តបង្កភាពងាយស្រួលដល់ពួកគាត់។ ពួកគាត់យល់ថាតុលាការអាចចេញដីកាគំរាមកំហែងពួកគាត់»។
កាលពីខែតុលា អ្នកភូមិអន្ទ្រោង រាប់សិបនាក់បានលើកគ្នាទៅរារាំងគ្រឿងចក្រក្រុមហ៊ុនដាយណាម ដែលបានឈូសឆាយប៉ះពាល់ដីប្រជាពលរដ្ឋ។ ករណីនេះទើបក្រុមហ៊ុនដាក់ពាក្យប្ដឹងប្រជាពលរដ្ឋពីបទប្រើអំពើហិង្សា។
អ្នកភូមិទាមទារឲ្យក្រុមហ៊ុនដករបាំងចេញពីផ្លូវធ្វើដំណើររបស់ពលរដ្ឋ និងសងតម្លៃដើមច្បោះជ័រអ្នកភូមិដែលក្រុមហ៊ុនបានឈូសឆាយមួយដើម ៨០ម៉ឺនរៀល និងសុំឲ្យអាជ្ញាធរខេត្តរក្សាទុកដីព្រៃត្រៀមបម្រុងសម្រាប់ពលរដ្ឋប្រើប្រាស់៕