ក្រសួង​យុត្តិធម៌​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ស្នើ​លើក​លែង​និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត

ដោយ ទីន ហ្សាការីយ៉ា
2014-11-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។
Licadho

ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ ស្ដីពី​ការ​ស្នើសុំ​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​មួយ​ចំនួន នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ទៅ​រដ្ឋាភិបាល​រួច​ហើយ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល មុន​នឹង​បញ្ជូន​ទៅ​ព្រះមហាក្សត្រ ប្រទាន​លើក​លែង​ទោស​ដល់​ទណ្ឌិត​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សាទរ​ចំពោះ​ការ​ស្នើសុំ​លើក​លែង​ទោស​ដល់​ទណ្ឌិត​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ ក៏ប៉ុន្តែ​ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នេះ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។

ក្រសួង​យុត្តិធម៌ កំពុង​រង់ចាំ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ សម្រេច​ព្រះរាជ​ទាន​ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ប្រមាណ​ជាង ៤០០​នាក់​នៅ​ទូទាំង​ប្រទេស។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ និង​ជា​អនុរដ្ឋលេខាធិការ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ក្រសួង​បាន​ផ្ញើ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ស្នើសុំ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត ទៅ​ដល់​រដ្ឋាភិបាល​រួច​ហើយ ដើម្បី​ថ្វាយ​ជូន​ព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រួត​ពិនិត្យ និង​សម្រេច​ព្រះទ័យ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ប្រមាណ ៤៧១​នាក់ ប៉ុន្តែ​ការ​សម្រេច​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​នោះ អាស្រ័យ​លើ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ជាក់ស្ដែង៖ «បែប​មិន​យូរ​ទេ​បាទ តែ​មិន​អាច​សន្មត​ថា​ពេល​ណា​បាន​ទេ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង»

លោក ជិន ម៉ាលីន បញ្ជាក់​ថា ការ​ស្នើសុំ​ព្រះមហាក្សត្រ​ព្រះ​ប្រទាន​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ទាំង​នោះ គឺ​ខាង​គណៈកម្មការ បាន​សម្រេច​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​អាស្រ័យ​ទៅ​លើ​ការ​កែប្រែ​របស់​ទណ្ឌិត​ម្នាក់ៗ ដែល​ខាង​គណៈកម្មការ​យល់​ថា ទណ្ឌិត​ទាំង​នោះ​មិន​ប្រព្រឹត្ត​បទល្មើស​ទៀត​ក្រោយ​ពី​មាន​សេរីភាព។

ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ក្នុង​មួយ​ឆ្នាំ​មាន ៣​ដង គឺ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ និង​បុណ្យ​វិសាខបូជា។ ក្រៅ​ពី​នេះ ក៏​មាន​ករណី​ពិសេស គឺ​នាយក​រដ្ឋមន្ត្រី​អាច​ស្នើសុំ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ដែរ ដូចជា​ករណី​ទណ្ឌិត​ជនជាតិ​ថៃ កន្លង​មក​ជាដើម។

ការ​ស្នើសុំ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​គាំទ្រ​ចំពោះ​សកម្មភាព​នេះ។ ក៏ប៉ុន្តែ​កន្លង​មក គេ​បាន​រក​ឃើញ​សកម្មភាព​មួយ​ចំនួន តាម​រយៈ​សម្ភាស​ទណ្ឌិត​មួយ​ចំនួន​នៅ​ក្រោយ​ពេល​ទទួល​បាន​ការ​លើក​លែង​ទោស គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​កន្លង​មក ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ពោល​គឺ​ទណ្ឌិត​មាន​ការ​សូកប៉ាន់​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ទើប​គេ​បញ្ជូន​បញ្ជី​ឈ្មោះ​ទណ្ឌិត​មួយ​ចំនួន​នោះ​ទៅ​ក្រសួង​យុត្តិធម៌ និង​ព្រះមហាក្សត្រ៖ «ក៏ប៉ុន្តែ យើង​ឃើញ​ថា យក​តួនាទី​យក​ភារកិច្ច​ព្រះរាជកិច្ច​នេះ​ទៅ​ធ្វើ​អំពើ​មិន​ល្អ​មិន​គួរ​គប្បី»

អគ្គនាយក​នាយកដ្ឋាន​ពន្ធនាគារ លោក គុយ ប៊ុនសន មិន​បាន​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ទេ ដោយ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ដូច្នេះ៖ «អ្នក​នៅ​ក្នុង (ពន្ធនាគារ) គេ​អត់​ខ្វល់ យើង​ក៏​ខ្វល់​ម្ល៉េះ? លោក ហ្សាការីយ៉ា៖ អត់​ទេ ខ្ញុំ​អ្នក​ព័ត៌មាន ខ្ញុំ​សួរ​ចង់​ដឹង? ព្រះ​អី​ហា ចាំបាច់​សួរ?»

ក្រសួង​យុត្តិធម៌ បាន​ស្នើសុំ​ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​នេះ។ ហើយ​ការ​លើក​លែង និង​បន្ធូរបន្ថយ​ទោស​នោះ គឺ​ផ្ដោត​លើ​ឥរិយាបថ​ទណ្ឌិត​ណា​ដែល​មាន​ការ​កែប្រែ​នៅ​ក្នុង​ពន្ធនាគារ។ ចំពោះ​ទណ្ឌិត​ដែល​នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស គឺ​ទណ្ឌិត​ណា​ដែល​បាន​ជាប់​ពន្ធនាគារ​ចំនួន ១​ភាគ​៣។ រីឯ​ទណ្ឌិត​ដែល​ទទួល​បាន​ការ​ប្រទាន​លើក​លែង​ទោស​នោះ គឺ​ចំពោះ​ទណ្ឌិត​ណា​ដែល​អនុវត្ត​ទោស ឬ​ជាប់​ពន្ធនាគារ​ចំនួន ២​ភាគ​៣ នៃ​ទោស​សរុប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Roth

តើមានចោ​ និង អ្នកជួញគ្រឿងញាណប៉ុន្មាននាក់ក្នុងចំណោមនោះដែលត្រូវដោះលែង?

Nov 05, 2014 01:42 PM

គេហទំព័រ​ទាំងមូល