លទ្ធផល​នៃ​កិច្ច​ប្រជុំ​វាយ​តម្លៃ​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​​​ឆ្នាំ​២០១៥

ដោយ អាន ស៊ីថាវ
2014-11-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រៅ​ពី​កិច្ច​ប្រជុំ​​ចរចា​គ្នា​លើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ច័ន្ទ ទី​១០ វិច្ឆិកា ក៏​មាន​កិច្ច​ប្រជុំ​​​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋ​សភា​លើ​ការ​វាយ​តម្លៃ​ច្បាប់​ថវិកា​ជាតិ សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៥។ ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នោះ គណៈកម្មការ​ជំនាញ​រវាង​គណបក្ស​ទាំង​ពី បាន​​ពិភាក្សា​ដោយ​រលូន​ក្នុង​ការ​រៀប​ចំ​ច្បាប់​ថវិកា​ជាតិ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។

គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋសភា​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​បញ្ចប់​កិច្ច​ប្រជុំ​​វាយ​តម្លៃ​របាយការណ៍​​ច្បាប់​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​​២០១៥​ ដោយ​គ្មាន​ការ​ខ្វែង​គំនិត​គ្នា​ ​ឬ​ប្រឆាំង​គ្នា​រវាង​គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។ លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ ភាគី​ទាំង​ពី​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋ​សភា បាន​ព្រមព្រៀង​ស្នើ​សុំ​ឯកសារ​បន្ថែម​​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​​ធ្វើ​ជា​មូលដ្ឋាន​​រៀប​ចំ​ច្បាប់​ថវិកា​ជាតិ​ចំណាយ​ប្រកប​ដោយ​តម្លាភាព និង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ការ​អនុវត្ត​ ​លើ​ការ​ស្នើ​សុំ​ឯកសារ​នេះ ​ហាក់​នៅ​មាន​ភាព​ស្រពេចស្រពិល​នៅ​ឡើយ។

​អនុ​ប្រធាន​ទី​មួយ​នៃ​គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋ​សភា មក​​​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ​ បាន​អះអាង​ថា​ ទោះ​បី​ជា​លទ្ធផល​​​​​​បាន​ព្រមព្រៀង​​បែប​នេះ​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​សរសេរ​លិខិត​​ដាច់​ដោយ​ឡែក​ស្នើ​សុំ​ឯកសារ​​​ស្ដី​ពី​របាយការណ៍​ចំណូល​ចំណាយ​​​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដដែល​ ព្រោះ​​​​ច្បាប់​ថវិកា​ជាតិ​​នេះ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​​មួយ​ចំនួន​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ពន្ធ​ពី​ប្រេង​សាំង និង​ពន្ធ​ពី​វិស័យ​កាស៊ីណូ៖ «គណៈកម្មការ​ហាក់​ដូច​ជា​យល់​ស្រប​គ្នា ថា​ត្រូវ​មាន​ឯកសារ​បន្ថែម ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ជាក់​ជាមួយ​រាជ​រដ្ឋាភិបាល នៅ​ពេល​ណា​ដែល​យើង​ហៅ​មក​បំភ្លឺ​នៅ​ក្នុង​គណៈកម្មការ។ នេះ​ជា​ចំណុច​មួយ ហើយ​យើង​ឃើញ​មាន​ការ​ខ្វះខាត​មួយ​ចំនួន ព័ត៌មាន​ទាំង​ការ​ប្រមូល​ធនធាន ក៏ដូចជា​ការ​ចាយ​វាយ​មាន​ចន្លោះ​ប្រហោង​ច្រើន ពាក់ព័ន្ធ​នឹង​ប្រមូល​ពន្ធ ទាំង​ពន្ធដារ និង​ពន្ធ​ផ្សេងៗ ដូចជា​ពន្ធ​ប្រេង»

លោក សុន ឆ័យ មាន​​ប្រសាសន៍​បន្ថែម​ទៀត​ថា​ លទ្ធផល​កិច្ច​ព្រមព្រៀង​នេះ ហាក់​មិន​មាន​ប្រសិទ្ធភាព​ប្រសិន​បើ​គ្មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ក្រសួង​ជំនាញ​ ជា​ពិសេស​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ បញ្ហា​នេះ នឹង​ជះ​ឥទ្ធិពល​ដល់​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​នៅ​ចុង​ខែ​វិច្ឆិកា​នេះ នឹង​មាន​ការ​តវ៉ា​ប្រឆាំង ឬ​ធ្វើ​ពហិការ​​ពី​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ទោះ​ជា​​​យ៉ាង​ណា​ក៏​ដោយ តាម​​​​គម្រោង​ មុន​នឹង​ឈាន​ដល់​ការ​អនុម័ត​ច្បាប់​ថវិកា​ជាតិ​នេះ គណៈកម្មការ​ជំនាញ​ទី​ពីរ​នៃ​រដ្ឋសភា នឹង​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ នៅ​វិមាន​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា​ ​ដើម្បី​សួរ​ដេញ​ដោល​អំពី​គម្រោង​ច្បាប់​ថវិកា​ជាតិ​ដែល​មាន​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល​នានា​​នៅ​កម្ពុជា និង​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ​គណៈកម្មការ​នេះ ​​ក៏​គ្រោង​នឹង​​អញ្ជើញ​ខាង​​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​សាក​សួរ​និង​ពិគ្រោះ​យោបល់​​បន្ថែម។

ក្រៅ​ពី​នេះ ​​រដ្ឋសភា​នឹង​អញ្ជើញ​ស្ថាប័ន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​​ដ៏​ធំ​មួយ​នៅ​កម្ពុជា ​ជា​ពិសេស​ធនាគារ​ពិភពលោក​ ដើម្បី​រិះគន់ និង​វាយ​តម្លៃ​ច្បាប់​ថវិកា​ជាតិ​​ប្រចាំ​ឆ្នាំ​២០១៤ មុន​នឹង​ប្រគល់​ជូន​សភា​អនុម័ត។ របាយការណ៍​របស់​ធនាគារ​ពិភពលោក ​បាន​បង្ហាញ​ថា ធនាគារ​នេះ​បាន​ផ្ដល់​ហិរញ្ញប្បទាន​​​ លើ​គម្រោង​​គ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ​​ជា​ច្រើន​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូត​ដល់​បច្ចុប្បន្ន ក្នុង​នោះ​គម្រោង​នីមួយៗ មាន​​តម្លៃ​យ៉ាង​ហោច​ណាស់​ ៣០​លាន​ដុល្លារ​អាមេរិក។

សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៥ មាន ៦​ជំពូក ដែល​បាន​កំណត់​ការ​ចំណាយ​ថវិកា​ជាតិ​សរុប ស្មើ​នឹង ២០% នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ​​ ដែល​​ទឹក​ប្រាក់​នេះ កើន​ឡើង​ជាង​ឆ្នាំ​មុន​ប្រមាណ ១០% ហើយ​មាន​ទឹក​ប្រាក់​​​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Congressmen salary is $1500 a mounth teacher salary is $150 a mounth etc...

Nov 11, 2014 01:13 AM

គេហទំព័រ​ទាំងមូល