តុលាការ​​គ្រោង​​បើក​សវនាការ​កាត់​ទោស​​ព្រះសង្ឃ លួន សុវ៉ាត និង​លោក សួន សេរីរដ្ឋា

ដោយ យន់ សាមៀន
2014-11-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។
កម្លាំង​សមត្ថកិច្ច​ចាប់​ព្រះ​កាយ​ព្រះភិក្ខុ លួន សុវ៉ាត នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/Uon Chhin

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើកសវនាការ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ខាង​មុខ កាត់​ទោស​ព្រះតេជព្រះគុណ លួន សុវ៉ាត និង​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ពី​ករណី​ប្រព្រឹត្ត​បទល្មើស​ពីរ​ផ្សេងៗ​គ្នា។ តុលាការ​ចោទ​ប្រកាន់​ព្រះតេជព្រះគុណ លួន សុវ៉ាត ពី​បទ​ល្មើស​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស ចំណែក​លោក  សួន សេរីរដ្ឋា ចោទ​ពីបទ​ក្បត់​ជាតិ និង​បទ​ប្រឆាំង​ការ​បោះ​ឆ្នោត។ ព្រះតេជព្រះគុណ លួន សុវ៉ាត និង​លោក សួន សេរីរដ្ឋា បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

សកម្មជន​ដីធ្លី ព្រះតេជព្រះគុណ លួន សុវ៉ាត មាន​ថេរ​ដីកា​ថា ព្រះអង្គ​នឹង​និមន្ត​ទៅ​ចូល​រួម​សវនាការ​នៅ​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​បកស្រាយ​ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​មិន​ភ័យ​ខ្លាច​ពី ការ​ចាប់​ខ្លួន​ឡើយ។ ព្រះអង្គ​មាន​ថេរដីកា​បន្ថែម​ទៀត​ថា ព្រះអង្គ​បាន​ចូល​រួម​តស៊ូ​មតិ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី។ ព្រះអង្គ​មិន​ដែល​មាន​គំនិត​ក្បត់​ជាតិ​នោះ​ទេ។

​ព្រះតេជព្រះគុណ លួន សុវ៉ាត៖ «សួរ​ថា​អ្វី​ទៅ​ដែល​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​ព្រះពុទ្ធ​សាសនា? ពាក្យ​ថា ញុះញង់​សំដៅ​លើ​ធ្វើ​អំពើ​បាប ដូចជា​ញុះញង់​ឲ្យ​គេ​សម្លាប់ ញុះញង់​ឲ្យ​គេ​លួច​ប្លន់ ខាត​បង់​សេចក្តី​សុខ បោកប្រាស់​ជា​បទល្មើស។ ប៉ុន្តែ​មើល​អ្វី​ដែល​អាត្មា​ធ្វើ អ្វី​ដែល​អាត្មា​ជួយ​សង្គម​ជាតិ តើ​មាន​កន្លែង​ណា​ដែល​អាត្មា​ញុះញង់»

​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​ជួយ​គាំទ្រ​ជនរងគ្រោះ​ជម្លោះ​ដីធ្លី គឺ​ព្រះភិក្ខុ លួន សុវ៉ាត ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ពាក់ព័ន្ធ​បទ​សង្ស័យ​មួយ​ចំនួន ដូចជា បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ក្បត់ជាតិ និង​បទ​ប្រឆាំង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​តុលាការ​បាន​ផ្អាក​សវនាការ​ទៅ​វិញ បន្ទាប់ពី​ព្រះអង្គ​ស្នើសុំ​ពន្យារ​ពេល ព្រោះ​មាន​បេសកម្ម​ទៅ​បរទេស។ សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​មួយ​ផ្សេង​ទៀត​ចោទ​ប្រកាន់ លោក  សួន សេរីរដ្ឋា ពី​បទ​ក្បត់ជាតិ និង​ប្រឆាំង​ការ​បោះ​ឆ្នោត ហើយ​បាន​បើក​សវនាការ​ដោយ​កំបាំង​មុខ​កាល​ពី​ខែ​កក្កដា កន្លង​ទៅ។

លោក សួន សេរីរដ្ឋា បញ្ជាក់​ថា លោក​បាន​ទទួល​ដីកា​កោះ​របស់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ចូល​រួម​សវនាការ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា។ លោក​បន្ថែម​ទៀត​ថា មេធាវី​លោក គឺ​លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ នឹង​ចូល​រួម​សវនាការ​ជំនួស​លោក។ កាល​ពី​សប្តាហ៍​មុន លោក សួន សេរីរដ្ឋា បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​តុលាការ។ លោក​បញ្ជាក់​ថា ចលនា​របស់​លោក​ធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា។ ម្យ៉ាងទៀត​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​ជា​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

លោក សួន សេរីរដ្ឋា៖ «ការ​តស៊ូ​របស់​យើង​គឺ​ដូច​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន​ជន​រួម​ជាតិ​យើង​យក​ច្បាប់​អន្តរជាតិ និង​ច្បាប់​ធម្មជាតិ​ជា​ធំ​សម្រាប់​ជា​មូលដ្ឋាន​សម្រាប់​តស៊ូ​ប្រឆាំង​នឹង​អំពើ​ផ្តាច់ការ​នៃ​របប​ផ្តាច់ការ យើង​អត់​មាន​ប៉ះពាល់​នឹង​ប្រដាប់​អាវុធ និង​រឿង​ខុស​ច្បាប់»

ចំណែក​ព្រះអង្គ លួន សុវ៉ាត វិញ​មាន​ថេរដីកា​ថា ការ​តស៊ូ​មតិ​របស់​ព្រះអង្គ​មិនជា​ប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​របស់​លោក សួន សេរីរដ្ឋា ឡើយ។ ព្រះអង្គ​បញ្ជាក់​ថា ការ​ដែល​តុលាការ​ចោទ​ប្រកាន់ និង​ចេញ​ដីកា​កោះ​និមន្ត​ព្រះអង្គ​ទៅ​កាត់​ទោស​ដោយ​ព្រះ​អង្គជា​ព្រះសង្ឃ​នោះ គឺ​ជា​ការ​រំលោភ​ព្រះពុទ្ធ​សាសនា៖​ «រហូត​មក​ទល់​ពេល​នេះ​មិន​ត្រឹមតែ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង​មនុស្ស​ធម្មតា ថែម​ទាំង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​ព្រះសង្ឃ​ថែម​ទៀត។ ក្នុង​ប្រវត្តិសាស្ត្រ​មិន​ដែល​មាន​តុលាការ​កាត់​ទោស​ព្រះសង្ឃ​ទេ មាន​តែ​ព្រះសង្ឃ​កាត់​ទោស​ព្រះសង្ឃ។ ព្រះសង្ឃ​មាន​ស្ថាប័ន​របស់​ព្រះសង្ឃ កាត់​ទោស​ព្រះសង្ឃ​ទៅ»

ទោះបីជា​យ៉ាង​ណា​ក្តី ព្រះអង្គ​បញ្ជាក់​ថា មេធាវី​ស្ម័គ្រចិត្ត​២​រូប ដែល​ផ្តល់​ដោយ​អង្គការ​សង្គម​ស៊ីវិល នឹង​ទៅ​ចូលរួម​ការពារ​ក្តី​ព្រះអង្គ​ក្នុង​សវនាការ​នោះ។

កាល​ពី​ថ្ងៃ​ទី​២២ តុលា ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ  លោក មាស ច័ន្ទពិសិដ្ឋ បង្គាប់​ឲ្យ​ព្រះអង្គ លួន សុវ៉ាត ចូល​សវនាការ​នៅ​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ក្រោម​បទ​ចោទ​ញុះញង់​ប្រព្រឹត្ត​បទល្មើស​ជាអាទិ។ ចំពោះ​ករណី​លោក សួន សេរីរដ្ឋា វិញ លោក​មេធាវី សុក សំអឿន ក៏​បញ្ជាក់​ដែរ​ថា កូនក្តី​របស់​លោក​មិន​មាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ហិង្សា​ឡើយ។

បច្ចុប្បន្ន​លោក សួន សេរីរដ្ឋា កំពុង​បំពេញ​បេសកម្ម​នៅ​សហរដ្ឋអាមេរិក។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ដាក់​ភស្តុតាង​បន្ថែម​មួយ​ចំនួន​ទៀត​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ចោទ​ដប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ លោក​អះអាង​ថា តុលាការ​នេះ​ក៏​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ស៊ើប​អង្កេត​នៅ​កម្ពុជា ជុំវិញ​ពាក្យ​បណ្តឹង​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

Som rok phos thang mok banh cheak oy chbas mon ning chab nor na mnak

Nov 05, 2014 08:11 AM

ធ្វើ​ដើម្បី​ប្រ​យោជន៍​ជាតិ​

ពី សៀម​រាប

ដឹង​ស្រាប់​ហើយ​តុលា​ការ​ស្រុក​ខ្មែរ​គឺ​ស្រេច​​លើ​ ហ៊ុន​ សែន​ ទាំង​អស់​ អ្នក​ណា​ប្រ​ឆាំង​ អ្នក​ណា​ជួយ​ជាតិ​ ធ្វើ​ប្រ​យោជន៍​អោយ​ជាតិ​ សុទ្ទ​តែ​អ្នក​ខុស​ខ្បាប់​ និង​ក្បត់​ជាតិ​ តែ​បើ​អ្នក​ដែល​កាត់​ទឹក​ដី​អោយ​យួន បំ​ផ្លាញ​ព្រៃ​ឈើ​ ដេញ​ប្រ​ជា​ពលរដ្ធ​ដើម្បី​យក​ដី​វិញ​គឺ​សុទ្ទ​តែ​ជា​អ្នក​ត្រូវ​ច្បាប់​របស់​ ហ៊ុន សែន​ ទាំងអស់​

Nov 03, 2014 10:23 PM

Ratha Na

ពី Kampong Cham

គ្មានអ្វីប្លែកទេសម្រាប់កម្ពុជា។ វាហាក់បីដូចខ្សែភាពយន្តចិនអញ្ចឹង អ្នកដែលសំតស៊ូ អ្នកស្នេហាជាតិ មាតុភូមិ ទីបញ្ចប់គឺ​ដោយ​សារការញុះញង់​របស់លោកឧប្បរ៉ាជ បានធ្វើឲ្យអ្នក​ខំចំ​បាំង​ដណ្ដើម​ទឹកដីមកវិញ គឺប្រែក្លាយ​ជាអ្នក​ទោស​ក្បត់ជាតិទៅវិញ។ យ៉ាងណាមិញ កម្ពុជាក៍ដូច្នោះដែរ អ្នកដែលស្នេហាជាតិ ស្រឡាញ់​ជាតិ គឺគេមិនឲ្យរួចខ្លួននោះទេ។

Nov 03, 2014 08:15 PM

គេហទំព័រ​ទាំងមូល