នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ត្រូវ​ប្ដឹង​ពី​បទ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ

អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​ប្ដឹង​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ពី​បទ​បណ្តោយ​ឲ្យ​ពលរដ្ឋ ២៤១​នាក់ ចូល​កាប់​បំផ្លាញ​ព្រៃ​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​នៅ​ទី​នោះ។
ដោយ អ៊ុក សាវបូរី
2013-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ផ្ញើ​លិខិត​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ ទៅ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ពិនិត្យ និង​ដោះស្រាយ។ ប៉ុន្តែ​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៣ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋបាល​ព្រៃ​ឈើ​ទេ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ បាន​អំពាវនាវ​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា សុំ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ នោះ។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ថ្លែង​អះអាង​ថា បទ​ល្មើស​ព្រៃ​ឈើ​នៅ​បន្ត​មាន​មក​ដល់​ពេល​នេះ ព្រោះ​តែ​មន្ត្រី​របស់​ក្រសួង​ពាក់ព័ន្ធ មិន​ព្រម​ចុះ​ត្រួត​ពិនិត្យ​ព្រៃ​អភិរក្ស​សម្រាប់​ជម្រក​សត្វ​នៅ​ភ្នំ​ឱរ៉ាល់ ដែល​បាន​ការពារ​ដោយ​ព្រះរាជក្រឹត្យ។ លោក​បន្ត​ថា អង្គការ​នេះ​បាន​ប្ដឹង​អំពី​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ទៅ​ព្រះមហាក្សត្រ ទៅ​ក្រសួង​បរិស្ថាន ទៅ​ក្រសួង​កសិកម្ម ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​តុលាការ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ សាលា​ឧទ្ធរណ៍ និង​ថ្មីៗ​នេះ​ប្ដឹង​ទៅ​តុលាការ​កំពូល។

លោក ជា ហ៊ាន៖ «ក្នុង​តំបន់​ដែន​ជម្រក គឺ​ក្រសួង​បរិស្ថាន ជា​អ្នក​ទទួល​ខុស​ត្រូវ​ក៏​ពិត​មែន ក៏ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​មក គឺ​ឆ្លង​កាត់​រដ្ឋបាល​ព្រៃ​ឈើ។ អីចឹង​រដ្ឋបាល​ព្រៃ​ឈើ គួរ​តែ​មាន​វិធាន​ការ​ទប់ស្កាត់ បើ​សិន​ជា​ការ​ដឹក​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល រដ្ឋបាល​ព្រៃ​ឈើ​គួរ​តែ​ចាប់​ដើម្បី​កសាង​បញ្ជូន​ទៅ​តុលាការ។ តែ​ទី​បំផុត ខាង​រដ្ឋបាល​ព្រៃ​ឈើ​អត់​ចាត់​វិធាន​ការ ហើយ​ខ្ញុំ​បាន​រាយការណ៍​ជូន​រដ្ឋបាល​ព្រៃ​ឈើ។ រដ្ឋបាល​ព្រៃ​ឈើ​បាន​ដោះ​សារ​ថា ខ្ញុំ​អត់​មាន​តួនាទី​ទេ កម្លាំង​ខ្ញុំ​តិច អត់​មាន​កង​កម្លាំង​ប្រដាប់​អាវុធ»

បណ្ដឹង​របស់​អង្គការ​នេះ ត្រូវ​បាន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ លោក ឆេង គឹមស៊ុន កាល​ពី​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១១ សូម​ឲ្យ​ពិនិត្យ និង​ដោះស្រាយ ហើយ​សូម​បញ្ជូន​របាយការណ៍​អំពី​លទ្ធផល​ដោះស្រាយ​នោះ មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ។

ឆ្លើយ​តប​បញ្ហា​នោះ ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ លោក ឆេង គឹមស៊ុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ថា បទ​ល្មើស​ព្រៃ​ឈើ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ នោះ ជា​សមត្ថកិច្ច​ការពារ​របស់​ក្រសួង​បរិស្ថាន មិន​ពាក់ព័ន្ធ​រដ្ឋបាល​ព្រៃ​ឈើ​ទេ៖ «អីចឹង​ការងារ​ហ្នឹង ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រគល់​ឲ្យ​ទៅ​ខាង​បរិស្ថាន ពីព្រោះ​មិន​ស្ថិត​នៅ​ក្រោម​សមត្ថកិច្ច​ខាង​ខ្ញុំ ជា​អ្នក​ចាត់ចែង​តាម​ដាន​ការងារ​នេះ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ លោក ឈុន ឈៀហេង បាន​ភ្លាមៗ​ទេ នៅ​ទី១០ ខែ​ឧសភា ដើម្បី​បំភ្លឺ​តប​ទៅ​នឹង​បណ្ដឹង​របស់​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ។

កាល​ពី​ថ្ងៃ​ទី៨ និង​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៣ តំណាង​រាស្ត្រ​នៅ​ក្នុង​រដ្ឋសភា​បង្ហាញ​នៅ​ក្នុង​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​សហគមន៍​កសិកម្ម ពី​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ថា ដោយសារ​ការ​ទន្ទ្រាន​យក​ដី​ដាំដុះ និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ការ​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។ ការ​ដោះស្រាយ​បញ្ហា​បទ​ល្មើស​ព្រៃ​ឈើ​នេះ ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ថ្លែង​ប្រាប់​អ្នក​តំណាង​រាស្ត្រ​ទាំងអស់​វិញ​ថា គឺ​រដ្ឋាភិបាល​បាន​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន​៦៣ មាន​ផ្ទៃដី​ទំហំ ៥១​ម៉ឺន​ហិកតារ ដោយសារ​តែ​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​មិន​គោរព​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ចំណែក​អ្នក​តំណាង​រាស្ត្រ ហែម ខន បញ្ជាក់​ក្នុង​ការ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​សហគមន៍​កសិកម្ម​ថា ដី​ដក​ហូត​ពី​ក្រុមហ៊ុន​នោះ​មិន​ចែក​ឲ្យ​ក្រុមហ៊ុន​ដទៃ​វិនិយោគ​ទេ គឺ​ចែក​ជូន​ប្រជាពលរដ្ឋ​កាន់​កាប់។ រីឯ​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ជាង ១​លាន ៥​សែន​ហិកតារ ក្នុង​នោះ​មាន​ដំណាំ​កៅស៊ូ ១​លាន ២​សែន​ហិកតារ ស្មើ​នឹង ៨០% នៃ​ផ្ទៃដី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការ​សម្បទាន​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ។

ទោះ​ជា​យ៉ាង​ណា បណ្ដឹង​របស់​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ ត្រូវ​តុលាការ​កំពូល​ទទួល​ពាក្យ​បណ្ដឹង​សាទុក្ខ តាំង​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា ឆ្នាំ​២០១២ និង​រង់ចាំ​ចាត់​ការ​នា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល