អ្នក​ច្បាប់៖ ចៅ​សង្កាត់​ព្រែកប្រា​វាយ​សន្តិសុខ​មិន​អាច​បញ្ចប់​ដោយ​ទូទាត់​សំណង​ទេ

ដោយ រាជ វិញ្ញូ
2016-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន​ឈ្មោះ​មាស ដុំដី សន្តិសុខ​ក្នុង​បុរី​ម្នាក់​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sun Heng
យុវជន​ឈ្មោះ​មាស ដុំដី សន្តិសុខ​ក្នុង​បុរី​ម្នាក់​ដែល​ត្រូវ​ចៅសង្កាត់​ព្រែកប្រា វាយ​ឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្ស៊ី) នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sun Heng
RFA/Sun Heng

អ្នក​ច្បាប់ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ដូច​គ្នា​ថា សំណុំ​រឿង​ចៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​វាយ​សន្តិសុខ​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់ រហូត​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស តុលាការ​ត្រូវ​ដោះស្រាយ​តាម​ច្បាប់​ចំពោះ​ជន​បង្ក បើ​ទោះ​ជា​ភាគី​ទាំង​ពីរ​បាន​ទូទាត់​ប្រាក់​សំណង ហើយ​គ្រួសារ​ជន​រងគ្រោះ​ថា​រឿង​នេះ​ចប់​ហើយ​ក្ដី។

អ្នក​ច្បាប់ និង​សិទ្ធិ​មនុស្ស​អះអាង​ថា បទល្មើស​ព្រហ្មទណ្ឌ មិន​អាច​ទូទាត់​សំណង​ជា​ប្រាក់ រួច​ហើយ​ថា​ចប់​សំណុំ​រឿង​នោះ​ឡើយ។

ករណី​ចៅ​សង្កាត់​ព្រែកប្រា វាយ​សន្តិសុខ​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​ជាង​មួយ​ខែ​មុន តុលាការ​ពុំ​ទាន់​សម្រេច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​ណា​ទេ ចំពោះ​ជន​ប្រព្រឹត្តិ រីឯ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​វិញ អះអាង​ថា ខ្លួន​បាន​ដក​បណ្ដឹង​ពី​តុលាការ​វិញ​ហើយ ក្រោយ​ទទួល​បាន​សំណង។

ទោះ​បី​ជា​បែប​នេះ​ក្ដី មេធាវី​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ហុង គឹមសួន លើក​ឡើង​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​នៃ​ការ​ប្រើ​ហិង្សា រហូត​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់ មិន​អាច​គិតគូរ​បញ្ចប់​រឿង​តាម​រយៈ​ការ​ទូទាត់​សំណង​ជា​ប្រាក់​ឡើយ ព្រោះ​ព្រះរាជអាជ្ញា​ត្រូវ​មាន​ភារកិច្ច​បន្ត​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ស្វែងរក​ខុស​ត្រូវ រួច​ហើយ​ត្រូវ​នាំ​ខ្លួន​ជន​បង្ក​មក​ទទួល​ខុស​ត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​ចំពោះ​មុខ​ច្បាប់។

លោក​មេធាវី​បន្ត​ថា ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ គ្រួសារ​ជន​រងគ្រោះ​គ្មាន​សិទ្ធិ​ដក​ពាក្យ​បណ្ដឹង​អាជ្ញា​ទេ ព្រោះ​ជា​បណ្ដឹង​របស់​ព្រះរាជអាជ្ញា​ដែល​តំណាង​ឲ្យ​រដ្ឋ៖ «បើ​និយាយ​តាម​គោលការណ៍​ច្បាប់ បទល្មើស​ព្រហ្មទណ្ឌ មិន​អាច​ចរចា​សង​លុយ ហើយ​ចប់​រឿង​ទេ...»

លោក​មេធាវី​អះអាង​ថា គេ​ពុំ​អាច​ទុក​សំណុំ​រឿង​ចោល​បាន​ឡើយ ប៉ុន្តែ​គេ​អាច​ផ្អាក​បាន លុះត្រា​តែ​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នោះ​មាន​ភាព​ស្មុគស្មាញ​ច្រើន។

កាល​ពី​ចុង​ខែ​តុលា ចៅ​សង្កាត់​ព្រែកប្រា ឈ្មោះ ហួរ ហួត បាន​វាយ​បុរស​សន្តិសុខ​ម្នាក់​របស់​បុរី​សម្បត្តិ មាន​ហេង ឈ្មោះ មាស ដុំដី បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ចំ​ក្បាល ក្រោយ​មក​ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក គ្រួសារ​បាន​សម្រេច​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម។

មក​ទល់​ពេល​នេះ គ្រួសារ​ជន​រងគ្រោះ​អះអាង​ថា យុវជន មាស ដុំដី បាន​ជា​សះស្បើយ​ហើយ ប៉ុន្តែ​ស្មារតី​មិន​ដូច​មុន​ទេ និង​កំពុង​បំពេញ​ការងារ​របស់​ខ្លួន​វិញ​ដែរ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​វៀតណាម អះអាង​ថា យុវជន មាស ដុំដី បាន​រង​ប៉ះពាល់​ផ្នែក​សរសៃ​ប្រសាទ។

ម្ដាយ​យុវជន​រងគ្រោះ លោកស្រី អិន សុខា ថ្លែង​ប្រាប់​អាស៊ីសេរី​ថា កូន​របស់​លោកស្រី​ខុស​ប្លែក​ពី​ពេល​មុន ព្រោះ​នៅ​ពេល​លោកស្រី​បាន​ហៅ ឬ​ប្រើប្រាស់​ពាក្យ​សម្ដី​ធ្ងន់​ម្ដងៗ កូន​លោកស្រី​ឆាប់​ខឹង និង​ឆេវឆាវ​ខុស​ពី​ធម្មតា។ លោកស្រី​បន្ត​ថា គ្រួសារ​លោកស្រី​បាន​ដក​ពាក្យ​បណ្ដឹង​វិញ ក្រោយ​ភាគី​ចុង​ចោទ បាន​ផ្ដល់​សំណង​ចំនួន ៣​ពាន់​ដុល្លារ ហើយ​រាល់​ការ​ព្យាបាល គឺ​ម្ចាស់​បុរី​សម្បត្តិ មាន​ហេង ជា​អ្នក​ទទួល​ខុស​ត្រូវ។

ពាក់ព័ន្ធ​សំណុំ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​១២ ធ្នូ ថា តុលាការ​កំពុង​បន្ត​នីតិវិធី​នៅ​ឡើយ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក​ចៅ​សង្កាត់​ព្រែកប្រា ហួរ ហួត ឲ្យ​ចូល​ខ្លួន​បំភ្លឺ ប៉ុន្តែ​ក្រោយ​មក សំណុំ​រឿង​នេះ​វិវឌ្ឍន៍​ដល់​ណា គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

ចំណែក​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក សំ ច័ន្ទគា យល់​ថា ជា​គោលការណ៍​ពាក់ព័ន្ធ​នឹង​ការ​ដក​បណ្ដឹង​ព្រហ្មទណ្ឌ គឺ​មាន​សិទ្ធិ​តែ​ព្រះរាជអាជ្ញា​តែ​មួយ​គត់។ លោក​ថា បើ​សិន​ជា​សំណុំ​ព្រហ្មទណ្ឌ មិន​ត្រូវ​បាន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ទេ ដូច្នោះ​អ្នក​មាន​លុយ និង​អំណាច អាច​នាំ​គ្នា​ប្រើប្រាស់​ហិង្សា រួច​ហើយ​យក​លុយ​ទៅ​ដោះស្រាយ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​បញ្ហា​អយុត្តិធម៌ និង​អសន្តិសុខ​សង្គម កើត​ឡើង​អនាធិបតេយ្យ​ជាក់​ជា​មិន​ខាន៖ «សំណុំ​រឿង​ដទៃ​ទៀត ចាត់ការ​ប្រញាប់ប្រញាល់ ហេតុ​អ្វី​រឿង​ហ្នឹង​មិន​ចាត់ការ។ ខ្ញុំ​សង្ឃឹម​ថា ព្រះរាជអាជ្ញា​នឹង​ជំរុញ​សំណុំ​រឿង​នេះ​ឲ្យ​ដំណើរ​ការ...»

អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា បើ​សិន​រាជ​រដ្ឋាភិបាល និង​តុលាការ​មិន​ចង់​ទទួល​បាន​ការ​រិះគន់​អាក្រក់​ពី​មហាជន ដូច្នោះ​ត្រូវ​ដោះស្រាយ​រឿង​ចៅ​សង្កាត់​ព្រែកប្រា វាយ​សន្តិសុខ​ឲ្យ​រង​របួស​ធ្ងន់​ឲ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល