ការ​បង្កើត​ច្បាប់​ប្រឆាំង​​អ្នក​​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម

ក្នុង​សប្ដាហ៍​នេះ រដ្ឋសភា​នឹង​អនុម័ត​ច្បាប់​ថ្មី​មួយ​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ខ្មែរ​ក្រហម។ ច្បាប់​ថ្មី​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​កាន់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ផ្ទាល់​មាត់ តាម​រយៈ​សន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា នា​វត្ត​លង្កា រាជធានី​ភ្នំពេញ។
ដោយ វណ្ណ វិចារ
2013-06-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មុំ គឹមសេង អតីត​អ្នក​ទោស​ដែល​ជាប់​ឃុំ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ឯ​មន្ទីរ​ស.២៤ ឬ​គុក​ព្រៃស បង្ហាញ​រូបថត​គាត់​ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១១។
អ្នកស្រី មុំ គឹមសេង អតីត​អ្នក​ទោស​ដែល​ជាប់​ឃុំ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ឯ​មន្ទីរ​ស.២៤ ឬ​គុក​ព្រៃស បង្ហាញ​រូបថត​គាត់​ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១១។
RFA/Mom Sophon

កាល​នោះ លោក ហ៊ុន សែន ថ្លែង​ថ្កោលទោស​ទៅ​លើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ទំនង​ជា​បាន​និយាយ​ថា គុក​ទួលស្លែង ជា​ឆាក​ដែល​វៀតណាម ជា​អ្នក​បង្កើត។

ក្នុង​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ស្នើ​ច្បាប់​រួច​មក គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​បាន​កោះ​ប្រជុំ​ភ្លាមៗ ដោយ​មាន​វត្តមាន​ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ជា​អ្នក​ដឹកនាំ​អង្គ​ប្រជុំ។ លទ្ធផល​ប្រជុំ​ដូច​ការ​គ្រោង​ទុក សមាជិក​គណៈកម្មការ​អចិន្ត្រយ៍​រដ្ឋសភា​ដែល​សុទ្ធ​ជា​មន្ត្រី​គណបក្ស​កាន់​អំណាច ក៏​បាន​សម្រេច​ឯកភាព​លើ​សេចក្តី​ស្នើ​ច្បាប់​នោះ និង​ប្រគល់​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​រដ្ឋសភា ពិនិត្យ​បន្ត​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា និង​គ្រោង​ដាក់​ឲ្យ​អង្គ​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា ពិនិត្យ និង​អនុម័ត​នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ខាង​មុខ។

សង្គម​ស៊ីវិល​គិត​ថា ដំណើរ​ការ​អនុម័ត​ច្បាប់​ថ្មី​នេះ​នឹង​មិន​មាន​ឧបសគ្គ​ទេ ដោយ​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​ដែល​មាន​សំឡេង​លើសលប់ នឹង​បោះឆ្នោត​អនុម័ត​មិន​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ខក​បំណង​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម និង​ជា​អ្នក​ឃ្លាំ​មើល​សាលា​ក្តី​ខ្មែរ​ក្រហម លោក ឡុង បញ្ញវុធ មាន​ប្រសាសន៍​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ពី​គម្រោង​ការ​បង្កើត​ច្បាប់​ថ្មី​ដ៏​តក់​ក្រហល់​បែប​នេះ។ លោក​បន្ត​ថា បើ​សិន​ជា​ច្បាប់​ថ្មី​នេះ​មាន​វិសាលភាព​រហូត​ដល់​ដាក់​ទោស​អ្នក​ដែល​និយាយ​ថា របប​ខ្មែរ​ក្រហម​មិន​មែន​ជា​របប​ប្រល័យ​ពូជ​សាសន៍ ឬ​អត់​ទៀត​នោះ ច្បាប់​ថ្មី​នឹង​ក្លាយ​ជា​ការ​សន្មត​ថា ខ្មែរ​ក្រហម​ពិត​ជា​ប្រល័យ​ពូជ​សាសន៍ មុន​នឹង​សាលក្រម​ព្រហ្មទណ្ឌ​យុត្តិធម៌​មួយ​ត្រូវ​ប្រកាស។

លោក​ដាក់​សំណួរ​ថា តើ​ជន​សង្ស័យ​ទទួល​បាន​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌​ដោយ​របៀប​ណា៖ «ប្រហែល​ជា​វា​លឿន​ពេក ព្រោះ​អី​យើង​អត់​ទាន់​មាន​សាលក្រម។ រឿង​ប្រល័យ​ពូជ​សាសន៍​ផង បែរ​ជា​ធ្វើ​ច្បាប់​បែប​ហ្នឹង ជន​ជាប់​ចោទ​ដែល​នឹង​ត​តាំង​នៅ​ក្នុង​តុលាការ ថា​បទ​ល្មើស​ហ្នឹង​មិន​បាន​កើត​ឡើង។ គាត់​អត់​ដឹង។ល។ ហ្នឹង​តើ​វា​ប៉ះ​ពាល់​ដល់​សិទ្ធិ​ជំនុំ​ជម្រះ​ក្តី​ប្រកប​ដោយ​យុត្តិធម៌ ឬ​ក៏​អត់? អ្វី​ដែល​ចាំបាច់ ឥឡូវ​នេះ​ធ្វើ​ឲ្យ​សាលា​ក្តី​បញ្ចប់​សំណុំ​រឿង​មាន​ចំពោះ​មុខ ដូចជា​សំណុំ​រឿង​០០៣ និង​០០៤ ព្រោះ​សាលា​ក្តី​កំពុង​កង្វះ​ខាត​ឆន្ទៈ​នយោបាយ និង​ថវិកា»

ចំពោះ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ម្នាក់​ដែល​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ឈ្មោះ ពុធ ធី បាន​គាំទ្រ​ច្បាប់​ដាក់​ទោស​អ្នក​និយាយ​ថា ខ្មែរ​ក្រហម​មិន​សម្លាប់​មនុស្ស ដែល​ស្នើ​ឡើង​ដោយ​លោក ហ៊ុន សែន។ ប៉ុន្តែ លោក​ក៏​គាំទ្រ​ការ​លើក​ឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យ​បង្កើត​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម កាន់​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ដែរ។ តែ​លោក​មិន​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​ទាំង​ពីរ​នេះ​ពេល​នេះ​ទេ៖ «អ៊ីចឹង នេះ​ខ្ញុំ​គាំទ្រ​សម្ដេច ហ៊ុន សែន និង​គាំទ្រ​លោក កឹម សុខា ដែរ តែ​សុំ​បន្ថែម​ពីរ​កន្ទុយ​ទៀត​ថា ត្រូវ​តែ​បង្កើត​ច្បាប់​មួយ​ទៀត​ដែល​ប្រឆាំង​អ្នក​ដែល​រារាំង ០០៣  និង ០០៤ ទៀត។ ខ្ញុំ​ជា​អ្នក​រងគ្រោះ​របប​ខ្មែរ​ក្រហម អ៊ីចឹង​បាន​យុត្តិធម៌។ ខ្ញុំ​ជា​អ្នក​រងគ្រោះ​របប​ខ្មែរ​ក្រហម​មួយ​គ្រួសារ ស្លាប់​ទាំងអស់ សល់​តែ​ម្នាក់​ឯង​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ផង​ហ្នឹង»

ចំណែក​ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ លោក សុន ឆ័យ ចាត់​ទុក​ថា ដំណើរ​ពិនិត្យ និង​អនុម័ត​សេចក្តី​ស្នើ​ច្បាប់ ដែល​រដ្ឋសភា​ធ្វើ​ឡើង​បន្ទាន់​បែប​នេះ ជា​ការ​បំពេញ​ចិត្ត​បុគ្គល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ជាង​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​ច្បាប់​ដែល​ដាក់​ទោស​ខ្មែរ​ក្រហម និង​អ្នក​គាំទ្រ​របប​ខ្មែរ​ក្រហម​ឲ្យ​វិល​មក​វិញ តែ​មិន​មែន​គាំទ្រ​ច្បាប់​ដែល​សភា​ចាំ​តែ​ប្រថាប់​ត្រា​តាម​សម្ដី​អ្នក​ដឹកនាំ​គណបក្ស​កាន់​អំណាច​ឡើយ។ លោក​បន្ត​ថា ច្បាប់​ថ្មី​នេះ​គ្រាន់​តែ​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ៖ «ចាំបាច់​រដ្ឋសភា​ត្រូវ​រៀបចំ​ពិនិត្យ​ឡើង​វិញ ជៀសវាង​កុំ​ឲ្យ​បន្ត​ធ្វើ​ការងារ​ដែល​គេ​ហៅ​ភាសា​សាមញ្ញ​ថា សភា​ប្រថាប់​ត្រា ចាំ​តែ​នាយក​រដ្ឋមន្ត្រី​ថា បាន​ធ្វើ​តាម។ រឿង​នេះ​ធ្វើ​ឲ្យ​បាត់​បង់​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​ហ្នឹង​អស់​ហើយ»

ទោះ​យ៉ាង​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ច្បាប់​ថ្មី​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ឬ​រង​ការ​ហាម​ឃាត់​ពី​អង្គការ​សហប្រជាជាតិ​ឡើយ។ ហើយ​ច្បាប់​នេះ ជា​ការ​ដាក់​កំហិត​អ្នក​ណា​ថា​គ្មាន​របប​ប្រល័យ​ពូជ​សាសន៍ គឺ​ត្រូវ​មាន​ទោស និង​ដើម្បី​ធានា​ថា របប​ខ្មែរ​ក្រហម​នឹង​មិន​អាច​វិល​មក​វិញ​ទេ។

ចំណែក​ឯ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ធ្លាប់​រង​ការ​ស្តី​បន្ទោស​ក្នុង​ករណី​ហៅ​លោក កឹម សុខា ជា​មនុស្ស​ព្នង​មិន​ដឹង​អី​នោះ មាន​ប្រសាសន៍​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ច្បាប់​ថ្មី​នេះ​មាន​សារៈសំខាន់ ហើយ​មិន​មែន​ជា​ឧបសគ្គ​ក្នុង​សាលា​ក្តី​ខ្មែរ​ក្រហម​ឡើយ។

រដ្ឋសភា​កម្ពុជា ធ្លាប់​អនុម័ត​ច្បាប់​ដោយ​ប្រញាប់​បែប​នេះ​ម្តង​ជា​ពីរ​ដង​រួច​ទៅ​ហើយ។ កាល​ពី​ឆ្នាំ​២០០៦ រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ឯកពន្ធនភាព ឬ​ច្បាប់​ប្ដី​មួយ​ប្រពន្ធ​មួយ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​អង្គ​ម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ ជា​អតីត​មហេសី​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្ដឹង​ស្វាមី​ព្រះអង្គ ហើយ​ចុង​ក្រោយ​សម្ដេច​ក្រុមព្រះ ក៏​ត្រូវ​ចាញ់​ក្តី។ ពេល​នោះ​ហើយ​ដែល​ឥទ្ធិពល​នយោបាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បន្សាប​បន្តិច​ម្តងៗ​រហូត​ដល់​បែក​បាក់​ផ្ទៃ​ក្នុង​ជា​បន្តបន្ទាប់។ គណបក្ស​ដែល​បាន​ផល​ចំណេញ​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ទាប់​មក គឺ​គណបក្ស សម រង្ស៉ី។

កាល​ពី​ឆ្នាំ​២០១០ រដ្ឋសភា​ក៏​បាន​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រញាប់​ដែរ ទោះ​បី​ជា​មាន​ទស្សនៈ​ជាច្រើន​យល់​ថា គួរ​សិក្សា​ឲ្យ​បាន​លម្អិត​ជា​មុន​សិន​ក៏ដោយ។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ធ្វើ​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​គ្រឿងញៀន​ដ៏​ធំ ដែល​មាន​ជន​សង្ស័យ​ជា​អតីត​ឧត្តមសេនីយ៍​ផ្កាយ​បី លោក ម៉ឹក ដារ៉ា អតីត​ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ុន ហ៊ាន និង​កូន​ចៅ​មួយ​ចំនួន​ទៀត។ បន្ទាប់​មក ក៏​ចាប់​អតីត​ព្រះរាជអាជ្ញា​ខេត្ត​ពោធិ៍សាត់ តុប ច័ន្ទសិរីវុធ ពី​បទ​ស៊ី​សំណូក និង​បន្ត​ចាប់​ខ្លួន​មន្ត្រី​ដែល​ស្និត​នឹង​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ជាច្រើន​នាក់​ទៀត។ ករណី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ប្រធាន​កង​អង្គរក្ស​លោក ជា ស៊ីម អតីត​ឧត្តមសេនីយ៍​ឯក លោក ឈឿន ចាន់ថន ហៅ ម៉ៅ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ជេរ​នៅ​ក្នុង​ការ​ជួបជុំ​របស់​កងទ័ព​នោះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ ដោយ​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​ជាច្រើន​ករណី។ ក្នុង​ការ​ចាប់​ខ្លួន​មនុស្ស​ជំនិត​របស់​ប្រធាន​រដ្ឋសភា​នេះ មិន​មាន​អ្នក​វិភាគ​ណា​ហ៊ាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា ជា​ការ​ជម្រុះ​ត្រី​ស្អុយ​ក្នុង​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៣ នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​នឹង​ប្ដូរ​អភិបាល​ខេត្ត រាជធានី​ទាំង​១០ និង​បញ្ជា​ឲ្យ​ពិនិត្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាត្រា​ទី២៨ ដែល​កាល​ពី​មុន​ការ​ជ្រើស​មន្ត្រី​ក្របខ័ណ្ឌ​ចូល​បម្រើ​ក្នុង​ស្ថាប័នរដ្ឋ ជា​ភារកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​នីមួយៗ។ ប៉ុន្តែ​លោក ហ៊ុន សែន ចង់​ឲ្យ​ចៅហ្វាយ​ខេត្ត​ធ្វើ​ការងារ​នេះ​ជំនួស​វិញ។ នៅ​ដើម​ខែ​ឧសភា រដ្ឋសភា​ក៏​បាន​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​នេះ ហើយ​ក៏​បាន​អនុម័ត​តាម​សំណើ​នេះ ដោយ​សំឡេង​គាំទ្រ​ជាង ៨០​សំឡេង ហើយ​ច្បាប់​នេះ​រង់ចាំ​តែ​ព្រឹទ្ធសភា​អនុម័ត និង​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ជា​ការ​ស្រេច។

ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​ប្រឆាំង​អ្នក​ដែល​មិន​ទទួល​ស្គាល់​បទ​ឧក្រិដ្ឋ​ក្នុង​របប​ខ្មែរ​ក្រហម​វិញ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ហាក់​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ទេ។ លោក​មាន​ប្រសាសន៍​ថា នៅ​ប្រទេស​តំបន់​អឺរ៉ុប គេ​អនុម័ត​ច្បាប់​ប្រឆាំង​របប​ណាហ្ស៊ី លុះត្រា​តែ​បញ្ចប់​ការ​ផ្ដន្ទាទោស​មេ​ដឹកនាំ​ណាហ្ស៊ី រួច​រាល់។

លោក​បន្ត​ថា លោក​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​នេះ តែ​ត្រូវ​សិក្សា​ស្រាវជ្រាវ​ពី​អត្ថប្រយោជន៍​នៃ​ច្បាប់​ជា​មុន​សិន មិន​មែន​បង្កើត​តាម​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​មែន​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​បក្ស​ប្រជាជន​ទេ តែ​ជា​របស់​ជាតិ​ខ្មែរ​ទាំង​មូល៖ «ច្បាប់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​ហោច​ណាស់​ពីរ​ដែរ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​តុលាការ និង​សហលក្ខន្តិកៈ​ព្រះរាជអាជ្ញា​អត់​មាន​ទេ​ណា! ចុះ​អា​ហ្នឹង​ហេតុ​អី​ក៏​ប្រញាប់​ម្ល៉េះ អាលំអាលាយ​ជាតិ​អាលូវ​ហ្នឹង​អី? យើង​ធ្វើ​អាលូវ​ហ្នឹង បើ​តុលាការ​រក​អត់​ឃើញ​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​វិញ មិន​ខុស​អស់​ទៅ​ហើយ​អ៊ីចឹង»

សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ មាន​មួយ​ជំពូក និង​មាន ៥​មាត្រា។ ទំហំ​ដាក់​ទោស​អ្នក​ដែល​បំពាន អាច​ឲ្យ​ជាប់​គុក​រយៈពេល​វែង​បំផុត ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល។ កាល​ពី​ខែ​មុន រដ្ឋសភា​ឥណ្ឌា ទើប​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​តាម​ហាង​ទំនិញ លក់​រូប​សំណាក ឬ​ម៉ាឡាកាំង​ឡើយ ដើម្បី​កាត់​បន្ថយ​អំពើ​រំលោភ​សេពសន្ថវៈ ឬ​ការ​រំលោភ​ផ្លូវ​ភេទ បន្ទាប់​ពី​អំពើ​រំលោភ​ផ្លូវ​ភេទ​កាន់​តែ​ព្រៃផ្សៃ និង​មាន​ទំហំ​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

អ្នក​វិភាគ​ដាក់​សំណួរ​ថា តើ​ច្បាប់​ប្រឆាំង​អ្នក​ដែល​ហ៊ាន​និយាយ​ថា របប​ខ្មែរ​ក្រហម​មិន​សម្លាប់​មនុស្ស​នោះ នឹង​ផ្តល់​ប្រយោជន៍​បែប​ណា​ចំពោះ​ជាតិ? បើ​បច្ចុប្បន្ន អតីត​មេ​ទ័ព​តំបន់ និង​មន្ត្រី​ជាន់​ខ្ពស់​កម្មាភិបាល​ខ្មែរ​ក្រហម កំពុង​តែ​កាន់​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ដែរ​នោះ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (28)
Share

Ratha

ពី Lowell

This law is enacted to punish whoever said there was no KR gory regime. Yet, it was Hun Sen himself who has been against bringing KR leaders to tribunal judgement. As a former KR commander, murderer, VN puppet and dictator, he should be the first to be punished. Moreover, it is a ploy that Hun Sen uses to stir negative sentiment toward CNRP. Don't fall for his trap. Let's protect our country and we then can sit down and talk like civilized men and women. Remember: what is at stake now?

Jun 05, 2013 11:54 AM

អ្នក​អាន​អនាមិក

I like to see immigration laws implemented and well executed because I have seen illegal immigrants in Cambodia are well protected.

Jun 05, 2013 09:31 AM

Khmer

ពី Sydney

Hun Sen must take Nuon Chea's and Kheiv Samphon's lawyers to the court, because they are trying to persuade the judges in the Khmer Rouge tribunal that no genocide happened in the regime.

Jun 05, 2013 07:13 AM

អ្នក​អាន​អនាមិក

Cambodian people were the victims of Khmer rouge cruelty's regime. Nowadays the whole country and many, many unlucky people, forest, animals, children have been severe violated, abused, suffered by Hun Sen's actions, decisions. He must not be a leader anymore!

Jun 05, 2013 06:02 AM

AMOK

ពី Phnom Penh

What does it mean genocide?
Killed our own people is called "genocide"?
Please all Khmer people explain.
Pol Pot, Nuon Chea, Kiev Samphan used to study abroad. Did these people want to kill khmer from heart. If so, all khmer intelligent shall be not respected.

Jun 05, 2013 04:58 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល