អ្នក​ភូមិ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​ចាប់​ខ្លួន​ចោទ​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​អ្នក​ដទៃ​នៅ​បាត់ដំបង

សំណុំ​រឿង​ទំនាស់​ដីធ្លី​ដែល​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​កាល​កន្លង​ទៅ ឥឡូវ​នេះ​បាន​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ នៅ​ស្ថាប័ន​តុលាការ។ ជាក់ស្ដែង នៅ​ខេត្ត​បាត់ដំបង មាន​អ្នក​ភូមិ​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​ខ្លួន បញ្ជូន​មក​តុលាការ​ដោយ​ជាប់​ចោទ​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​អ្នក​ដទៃ។
ដោយ សួន សុផលមុន្នី
2013-09-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តុលាការ​ខេត្ត​បាត់ដំបង បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់​ប្ដី​ប្រពន្ធ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​អ្នក​ដទៃ​នៅ​លើ​ដី​ស្រែ​មាន​ទំនាស់​ទំហំ ១០​ហិកតារ ស្ថិត​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង។ បច្ចុប្បន្ន អ្នក​ភូមិ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ធ្វើ​ការ​សាកសួរ។

ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​មាន​ឈ្មោះ គិត ផែន ត្រូវ​ជា​ប្ដី និង​ឈ្មោះ ឡាច ស្ដើង ត្រូវ​ជា​ប្រពន្ធ ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច ប៉ូលិស ប៉េអិម ជិត ១០​នាក់ ចុះ​ទៅ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា នៅ​ក្នុង​ផ្ទះ​ស្ថិត​នៅ​ភូមិ​ដូនអោក ឃុំ​ល្វា ស្រុក​បវេល ខេត្ត​បាត់ដំបង។ លោកស្រី ឡាច ស្ដើង ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោកស្រី និង​ប្ដី ក្រោយ​ពី​គាត់​ខកខាន​ពុំ​បាន​ចូល​ខ្លួន​ទៅ​តាម​ដីកា​កោះ​របស់​តុលាការ​ចំនួន​បី​លើក​រួច​មក។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង លោក តូច សុភក្តី ជា​ព្រះរាជ​អាជ្ញា​រង​តុលាការ​ខេត្ត​បាត់ដំបង ដើម្បី​សុំ​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​បាន​ទេ។

លោក ប្រាក់ វុត្ថា ត្រូវ​ជា​ក្មួយ​ជន​សង្ស័យ​បញ្ជាក់​ថា ការ​ដែល​តុលាការ​ចាប់​ខ្លួន លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង ធ្វើ​ឡើង​តាម​ពាក្យ​បណ្ដឹង​របស់ លោក វុន ឆុង ដែល​ភាគី​ដើម​បណ្ដឹង។ លោក​ថា ភាគី​ដើម​បណ្ដឹង​ឈ្មោះ វុន ឆុង បាន​ប្រើ​ល្បិចកល​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រំលោភ​យក​ដី​ស្រែ និង​ដី​លំនៅឋាន​របស់ លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង។

ដំណើរ​រឿង​ដំបូង​ឡើយ គឺ​កាល​ពី​ឆ្នាំ​១៩៩៨ លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង បាន​ខ្ចី​លុយ​ពី​ឈ្មោះ វុន ឆុង ចំនួន ៣​ម៉ឺន​បាត ប្រហែល​ជាង ៣​លាន​រៀល ហើយ​បាន​យក​ដី​ស្រែ​ទំហំ ១០​ហិកតារ ដាក់​បញ្ចាំ​ដោយ​ព្រមព្រៀង​សង​ការ​ប្រាក់​ជា​ស្រូវ​ក្នុង ១​ឆ្នាំ ៦០​បាវ។ នៅ​ឆ្នាំ​១៩៩៩ គាត់​បាន​បង់​ការ​ប្រាក់​ជា​ស្រូវ​បាន ៦០​បាវ។ នៅ​ឆ្នាំ​២០០០ បង់​ស្រូវ​បាន ៤០​បាវ នៅ​ខ្វះ ២០​បាវ។ នៅ​ឆ្នាំ​២០០១ ដោយសារ​ការ​ធ្វើ​ស្រូវ​មិន​បាន​ផល អត់​បាន​បង់​ឲ្យ​ទាំងអស់។ ឃើញ​ដូច្នេះ នៅ​ឆ្នាំ​២០០២ លោក វុន ឆុន ជា​ភាគី​ម្ចាស់​លុយ បាន​ប្ដឹង​ករណី​ទៅ​អាជ្ញាធរ​មូលដ្ឋាន បង្ខំ​ឲ្យ លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង សង​លុយ ៣​ម៉ឺន និង​ទាមទារ​ការ​ប្រាក់​ជា​ស្រូវ​ចំនួន ៨០​បាវ។

លោក វុន ឆុង បាន​បង្ខំ​ភាគី​ម្ចាស់​ដី​យក​ដី​ស្រែ ១០​ហិកតារ និង​ដី​ភូមិ​ទំហំ​ជិត​កន្លះ​ហិកតារ​ថែម​ទៀត ដាក់​ក្នុង​តម្លៃ ១៣៥.២៥០​បាត ដោយ​មាន​ធ្វើ​កិច្ច​សន្យា​មួយ​ថា បើ​សិន​ជា​ភាគី​ម្ចាស់​ដី​មាន​លុយ​សង លោក វុន ឆុង នឹង​ប្រគល់​ដី​ឲ្យ​ទៅ​វិញ។ ក្រោយ​មក នៅ​ពេល​ភាគី លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង មាន​លុយ​សង ស្រាប់​តែ លោក វុន ឆុង ប្រើ​ល្បិច​កល​កែប្រែ​ចំនួន​ទឹក​លុយ និង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​លិខិត​ក្លែងក្លាយ​មួយ ដើម្បី​រំលោភ​យក​ដី​ស្រែ និង​ដី​ភូមិ​របស់​គាត់។

នៅ​អំឡុង​ឆ្នាំ​២០០៥ សំណុំ​រឿង​ទំនាស់​ដី​នេះ​បាន​ប្ដឹង​ទៅ​សាលា​ដំបូង​បាត់ដំបង ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ និង​ប្ដឹង​ទៅ​តុលាការ​កំពូល តែ​ត្រូវ​តុលាការ​កំពូល​បាន​កាត់​ឲ្យ​ភាគី លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង ឈ្នះ​ក្ដី ហើយ​តុលាការ​បាន​ចេញ​សាល​ដីកា​បង្គាប់​ឲ្យ ឈ្មោះ វុន ឆុង ប្រគល់​ដី​ឲ្យ លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង វិញ។

រីឯ​លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង ត្រូវ​បង់​លុយ​ឲ្យ​ទៅ​ភាគី លោក វុន ឆុង ដូច​ដែល​មាន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង ប៉ុន្តែ​ជា​អកុសល តុលាការ​ខេត្ត​បាត់ដំបង ពុំ​បាន​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​នោះ​ឡើយ ទោះ​បី​ភាគី​ម្ចាស់​ដី គឺ​លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង បាន​ដាក់​លុយ​តម្កល់​ទៅ​ឲ្យ​តុលាការ​រួច​ហើយ​ក៏ដោយ។ ក្រោយ​មក​ទៀត លោក គិត ផែន និង​លោកស្រី ឡាច ស្ដើង បាន​នាំ​គ្នា​ចុះ​ដាំ​ស្រូវ​នៅ​លើ​ដី ១០​ហិកតារ នោះ ស្រាប់​តែ​ភាគី លោក វុន ឆុង ប្ដឹង​ទៅ​តុលាការ​ខេត្ត​បាត់ដំបង ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​អ្នក​ដទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល