តុលាការ​កំពូល​លើក​ពេល​សវនាការ​រឿង​ក្ដី​អ្នកស្រី ឈិន សុគន្ធារី

ប្រធាន​អង្គការ​អង្គ​ជំនុំជម្រះ​នៃ​តុលាការ​កំពូល ប្រកាស​លើក​ពេល​សវនាការ​បណ្ដឹង​សាទុក្ខ​សំណុំ​រឿង​របស់​អ្នកស្រី ឈិន សុគន្ធារី ហៅ យាយ​ក្រពើ ទៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៣ វិញ បន្ទាប់​ពី​មេធាវី​ការពារ​របស់​អ្នកស្រី​បញ្ជាក់​ថា ខ្លួន​ពុំ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ពិនិត្យ និង​សិក្សា​លើ​សំណុំ​រឿង​នេះ មុន​នឹង​ត្រូវ​តតាំង​នៅ​ក្នុង​សវនាការ។
ដោយ ម៉ម មុនីរតន៍
2013-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​មេធាវី សុក សំអឿន ផ្ដល់​បទសម្ភាសន៍​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃ​១៩ កក្កដា ឆ្នាំ​២០១៣។
លោក​មេធាវី សុក សំអឿន ផ្ដល់​បទសម្ភាសន៍​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃ​១៩ កក្កដា ឆ្នាំ​២០១៣។
RFA/Morm Moniroth

លោក គង់ ស្រ៊ីម ប្រធាន​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល បាន​ប្រកាស​លើក​ពេល​នៃ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​អ្នកស្រី ឈិន សុគន្ធារី ដែល​មាន​មេធាវី​ការពារ​ក្ដី​ជា​តំណាង បាន​ស្នើ​សុំ​ពន្យារពេល​រយៈ​ពេល ១​ខែ ដើម្បី​សិក្សា​លើ​សំណុំរឿង​នេះ។ ក៏​ប៉ុន្តែ លោក គង់ ស្រ៊ីម បាន​បញ្ជាក់​ក្នុង​សវនាការ​ដែល​ពុំ​បាន​បើក​ការ​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ថា តុលាការ​កំពូល​នឹង​ទុក​រយៈ ២២​ថ្ងៃ ឲ្យ​ដើម​បណ្ដឹង គិត​ចាប់​ពី​ថ្ងៃ​ទី​១៩ កក្កដា ដល់​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៣ ពី​បទ​រំលោភ​កិច្ចសន្យា។ ហើយ​សវនាការ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៩ សីហា ខាង​មុខ នឹង​ពុំ​មាន​ដីកា​កោះ​ជាថ្មី​ទៀត​ឡើយ ទាំង​ភាគី​ដើម​បណ្ដឹង គឺ​អ្នកស្រី ឈិន សុគន្ធារី និង​ចុង​ចោទ គឺ​លោក គៅ ហុង ប្រធាន​អង្គការ ឆេះ (CHESSED) និង​ជា​ប្អូន​ធម៌​របស់​អ្នកស្រី ឈិន សុគន្ធារី ថែម​ទៀត។

លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​​មេធាវី​ការពារ​ក្ដី​របស់​អ្នកស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​ស្នើ​សុំ​លើកពេល​សវនាការ​នេះ ព្រោះ​លោក​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ពិនិត្យ​ឯកសារ​ចាស់ និង​សរសេរ​សារណា​ឡើង​វិញ។

លោក​បន្ត​ថា ព្រោះ​សំណុំ​រឿង​នេះ មេធាវី​ការពារ​​ក្ដី​មុន​បាន​សុំ​លាលែង ហេតុ​នេះ​សហ​មេធាវី​របស់​លោក​ពិបាក​នឹង​តតាំង​ក្នុង​សវនាការ ព្រោះ​ជា​សំណុំរឿង​ថ្មី៖ «គាត់​មាន​មេធាវី​ចាស់ ប៉ុន្តែ​មេធាវី​ចាស់​គេ​ឈប់​ទៅ ហើយ​មេធាវី​ចាស់​គេ​អ្នក​សរសេរ​សារណា ហើយ​យើង​មេធាវី​យើង​ទើប​ចូល បើ​សិន​មេធាវី​ចាស់​នៅ វា​ឥត​សូវ​អី​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​ដល់​មេធាវី​ចាស់​គេ​សុំ​លាលែង​អ៊ីចឹង យើង​ចេះ​តែ​បន្ត។ បើ​យើង​អត់​សុំ​តុលាការ​ទេ មាន​ន័យ​ថា យើង​ទី​មួយ​ត្រៀម​ខ្លួន​អត់​គ្រប់គ្រាន់ មាន​ន័យ​យើង​បំពាន​សិទ្ធិ​ការពារ​របស់​កូន​ក្ដី ហើយ​ទី​ពីរ ម្យ៉ាង​ទៀត​បើ​សិន​យើង​​ក្នុង​នាម​ជា​មេធាវី យើង​ដឹង​ថា ខ្លួន​យើង​មិន​មាន​ពេល​គ្រប់គ្រាន់ អ៊ីចឹង​ហើយ​យើង​ចេះ​តែ​ទៅ​មុខ​ទៀត ហើយ​យើង​អត់​សុំ​តុលាការ យើង​ចេះ​តែ​នៅ​ស្ងៀម​តាម​តុលាការ មាន​ន័យ​ថា យើង​រំលោភ​សីលធម៌​វិជ្ជាជីវៈ​មេធាវី»

មេធាវី​ការពារ​ក្ដី​ចុង​ចោទ គឺ​លោក អ៊ួន ហីង បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ កក្កដា។

កាល​ពី​ឆ្នាំ​២០០៨ លោក គៅ ហុង បាន​លក់​ដី​ចំនួន​ពីរ​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ទៅ​អ្នកស្រី ឈិន សុគន្ធារី ក៏​ប៉ុន្តែ ក្រោយ​ពី​អ្នកស្រី ឈិន សុគន្ធារី ពុំ​មាន​លទ្ធភាព​សង​ប្រាក់​គ្រប់​ចំនួន​នៃ​ការ​​ទិញ​លក់​មក​ឲ្យ​លោក គៅ ហុង តាម​កិច្ច​សន្យា។ ចំណែក​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី ឈិន សុគន្ធារី ត្រូវ​បាន​លោក គៅ ហុង រឹប​អូស និង​ប្ដឹង​ទៅ​តុលាការ ក្រោយ​មក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ កាត់​ទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​ជាង ៤​ឆ្នាំ ពី​បទ​រំលោភ​កិច្ចសន្យា​ដែល​មាន​លោក គៅ ហុង ជាដើម​បណ្តឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Sam Sitha

ពី Phnom Penh

Please writing the trust storie do not like this!. The crocodiile lady have at least more then 30 cases in Phnom Penh court. About 4years jail is from another storie .thinks a little before you put it in the news. Thank you.

Jul 20, 2013 08:55 PM

គេហទំព័រ​ទាំងមូល