តុលាការ​ខេត្ត​ក្រចេះ​កោះ​ហៅ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចូល​ឆ្លើយ​បំភ្លឺ

ដោយ ប្រាជ្ញ ចេវ
2014-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៣១​គ្រួសារ មក​ពី​ភូមិ​ប្រឡាយត្រៀក ឃុំ​ដីរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មក​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត​ក្រចេះ នៅ​ពេល​ពលរដ្ឋ​នៃ​ក្រុម​នេះ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​សាកសួរ​ករណី​ដាក់​ថ្នាំ​បំពុល​បំផ្លាញ​សណ្ដែក​ពលរដ្ឋ​ក្រុម​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤។
ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ៣១​គ្រួសារ មក​ពី​ភូមិ​ប្រឡាយត្រៀក ឃុំ​ដីរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មក​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត​ក្រចេះ នៅ​ពេល​ពលរដ្ឋ​នៃ​ក្រុម​នេះ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​សាកសួរ​ករណី​ដាក់​ថ្នាំ​បំពុល​បំផ្លាញ​សណ្ដែក​ពលរដ្ឋ​ក្រុម​ផ្សេង​ទៀត នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Brach Chev

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៣១​គ្រួសារ ត្រូវ​បាន​តុលាការ​ខេត្ត​ក្រចេះ កោះ​ហៅ​មក​ឆ្លើយ​បំភ្លឺ ទាក់ទង​ករណី​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ ៧២​គ្រួសារ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ទំហំ ៧០​ហិកតារ។

នៅ​ពេល​ដែល​ចៅក្រម​សាកសួរ​ពលរដ្ឋ ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ ពលរដ្ឋ​ជាង ២០​គ្រួសារ នាំ​គ្នា​ប្រមូល​ផ្តុំ​ដើម្បី​ធ្វើ​ជា​សាក្សី និង​ការពារ​មិន​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​តំណាង​ពួក​គាត់។

ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ ៣១​គ្រួសារ និង​ពលរដ្ឋ ៧២​គ្រួសារ នៅ​ភូមិ​ប្រឡាយត្រៀក ឃុំ​ដីរីផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ឈាន​ដល់​តុលាការ​ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ដោយ​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ ប្ដឹង​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ ថា​លួច​ដាក់​ថ្នាំ​បំពុល​បំផ្លាញ​ដំណាំ​សណ្ដែក​របស់​ខ្លួន។ ការ​ប្តឹងផ្តល់​គ្នា​នេះ កើត​ឡើង​ក្នុង​ពេល​ទំនាស់​រវាង​ពលរដ្ឋ​ទាំង​ពីរ​ក្រុម​នេះ​មិន​ទាន់​ដោះស្រាយ។

ក្រោយ​ឆ្លើយ​បំភ្លឺ លោក ហុង សារឿន ដែល​រង​ការ​ចោទ​ប្រកាន់​យល់​ថា ករណី​បណ្ដឹង គឺ​ទាក់ទង​ទំនាស់​ដីធ្លី ព្រោះ​អ្នក​ប្ដឹង​លោក គឺ​ពលរដ្ឋ​ចូល​មក​រស់នៅ​ថ្មី​លើ​ដី​មាន​ទំនាស់​កាល​ពី​ដើម​ឆ្នាំ​២០១៤។ លោក​ឲ្យ​ដឹង​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក​គ្មាន​ទោស លោក​នឹង​ប្ដឹង​បក​ទៅ​វិញ៖ «មូលហេតុ​ដែល​គេ​ប្ដឹង ដោយសារ​ខ្ញុំ​ហ្នឹង​តែង​តែ​ឃាត់ឃាំង​ពួក​គេ ចឹង​ហើយ​គេ​ចោទ​ប្រកាន់​តែ​ខ្ញុំ»

ក្រុម​ពលរដ្ឋ ៧២​គ្រួសារ បាន​ចោទ​ប្រកាន់​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ក្រុម​ពលរដ្ឋ ៣១​គ្រួសារ លួច​ចូល​ដាក់​ថ្នាំ​បំពុល​ធ្វើ​ឲ្យ​ងាប់​សណ្ដែក​អស់​ជាច្រើន​ហិកតារ។ ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​អះអាង​ថា ក្រុម​ពលរដ្ឋ ៧២​គ្រួសារ អ្នក​មក​រស់នៅ​ថ្មី​លើ​ដី​មាន​ជម្លោះ​តាម​ការ​ចាត់​តាំង​របស់​ក្រុម​អាជ្ញាធរ​ខេត្ត​ក្រចេះ។ ជា​រឿយៗ អ្នក​ទាំង​ពីរ​ក្រុម​នេះ​តែង​មាន​ជម្លោះ​នឹង​គ្នា។

អ្នក​ភូមិ​ម្នាក់​ដែល​ស្ម័គ្រចិត្ត​មក​ធ្វើ​ជា​សាក្សី លោកស្រី យស សាអែម ប្រាប់​ថា ក្នុង​អំឡុង​ពេល​កើត​ហេតុ លោក ហុង សារឿន ដែល​រង​ការ​ចោទ​ប្រកាន់ និង​អ្នក​ភូមិ​ផ្សេង​ទៀត​កំពុង​តវ៉ា​រឿង​ដីធ្លី​នៅ​ភ្នំពេញ។ ពលរដ្ឋ​រូប​នេះ​បាន​ចោទ​ប្រកាន់​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ ដែល​ទើប​មក​រស់នៅ​ថ្មី​ថា តែង​តែ​ចូល​បំផ្លាញ​ដំណាំ​ក្រុម​ពលរដ្ឋ ៣១​គ្រួសារ​ចោល ដោយ​ពួក​គេ​មាន​ក្រុម​អាជ្ញាធរ​នៅ​ពី​ក្រោយ​ជួយ​ការពារ៖ «ខ្ញុំ​ហ៊ាន​ធ្វើ​សាក្សី​ឲ្យ​ឈ្មោះ ហុង សារឿន ព្រោះ​ខ្ញុំ​នៅ​កន្លែង​ហ្នឹង​ដែរ គាត់​មិន​ដែល​ធ្វើ​អ្វី​មក​លើ​ផល​ដំណាំ​គេ​ដាំ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ដើម​ចោទ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។

មេធាវី​ការពារ​ក្តី​មក​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក ហាន់ ម៉េងហឿង ឲ្យ​ដឹង​ថា លោក ហុង សារឿន រង​ការ​ចោទ​ប្រកាន់​ពី​ករណី​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា តាម​មាត្រា​៤១១ នៃ​ក្រម​ព្រហ្មទណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល