ពលរដ្ឋ​ខេត្ត​ក្រចេះ​ចោទ​នគរបាល​ថា​បង្អាក់​ដីកា​របស់​តុលាការ​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ

ដោយ ម៉ែន សុធីរ
2016-11-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនរងគ្រោះ ឈ្មោះ ញ៉ែ ឈូក សម្រាក​ព្យាបាល​ជំងឺ​កាល​ពី​ដើម​ឆ្នាំ​២០១៦ ក្រោយ​ពី​ត្រូវ​គ្រាប់​កាំភ្លើង​ច្នៃ។
ជនរងគ្រោះ ឈ្មោះ ញ៉ែ ឈូក សម្រាក​ព្យាបាល​ជំងឺ​កាល​ពី​ដើម​ឆ្នាំ​២០១៦ ក្រោយ​ពី​ត្រូវ​គ្រាប់​កាំភ្លើង​ច្នៃ។
រូបភាព៖ ADHOC

ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ច្នៃ​រស់​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា ពួកគេ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ច្បាប់​នៅ​ឡើយ​ទេ ហើយ​ជនល្មើស​សមត្ថកិច្ច​ក៏​មិន​ទាន់​ឃាត់​ខ្លួន​ដែរ ខណៈ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​នេះ​បាន​ចេញ​ដីកា​កោះហៅ​ជន​ត្រូវ​ចោទ​ជា​ច្រើន​សា​ក្តី។ អ្នក​ភូមិ​ចោទ​ប្រកាន់​ថា នគរបាល​ឃុំ​រលួស មាន​ចេតនា​បង្អាក់​ដីកា​របស់​តុលាការ​ដែល​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ។

ពលរដ្ឋ​រស់​នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ថា ជនសង្ស័យ​ឈ្មោះ ថាន ជីន បាន​យក​កាំភ្លើង​ច្នៃ​បាញ់​បុរស​ឈ្មោះ ញ៉ែ ឈូក របួស​ធ្ងន់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ បាន​សូក​ប៉ាន់​នគរបាល​មូលដ្ឋាន​ជា​ថ្នូរ​នឹង​ការ​គេច​ផុត​ពី​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ។

លោកស្រី ធីន ណាត់ ត្រូវ​ជា​ប្រពន្ធ​ជនរងគ្រោះ​ចោទ​ប្រកាន់​ថា នគរបាល​ឃុំ​រលួស មាន​ចេតនា​បង្អាក់​ដំណើរ​សំណុំ​រឿង​នេះ​ទុក បើ​ទោះ​បី​ជា​សាលាដំបូង​ខេត្ត​ក្រចេះ បាន​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​ខ្លួន​ជា​លើក​ទី​៣ មក​ហើយ​ក្តី។ លោកស្រី​កត់សម្គាល់​ថា ក្រោយ​ពី​ប្ដី​របស់​លោកស្រី​ត្រូវ​គ្រាប់​កាំភ្លើង​ច្នៃ​ធ្លាយ​ពោះវៀន ៤​កន្លែង​របួស​ធ្ងន់ លោកស្រី​បាន​លក់​ម៉ូតូ​មួយ​គ្រឿង​ទៅ​ឲ្យ​ឪពុក​ជន​សង្ស័យ​ឈ្មោះ ឆាន ផាន់ ក្នុង​តម្លៃ ៣​លាន​រៀល​សម្រាប់​ព្យាបាល​របួស។ ស្រាប់​តែ​មាន​នគរបាល​ម្នាក់​តម្រូវ​ឲ្យ​លោកស្រី​ផ្ដិត​មេដៃ​អនុញ្ញាត​ឲ្យ​នគរបាល​យក​គ្រាប់​កាំភ្លើង​ច្នៃ​នោះ​ទៅ​អធិការដ្ឋាន​ស្រុក។ លើស​ពី​នេះ ក្រោយ​ពី​លោកស្រី​ផ្ដិត​មេដៃ​រួច  ស្រាប់​តែ​គេ​យក​មេដៃ​របស់​លោកស្រី​សរសេរ​ក្នុង​របាយការណ៍​ថា លោកស្រី​បាន​ទទួល​សំណង ៣​លាន​រៀល ដែល​ជា​ប្រាក់​លោកស្រី​លក់​ម៉ូតូ​ឲ្យ​ឱ​ពុក​ជនសង្ស័យ​ជា​ថ្នូរ​បញ្ចប់​រឿង​ក្តី​នេះ​ទៅ​វិញ។

លោកស្រី​រំឭក​ថា ជន​ត្រូវ​ចោទ​ក៏​ធ្លាប់​ត្រូវ​នគរបាល​ស្រុក​សំបូរ ចាប់​ខ្លួន​ដែរ តែ​ក្រុម​គ្រួសារ​បាន​បង់​ប្រាក់​ឲ្យ​នគរបាល​ស្រុក ៣​លាន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឲ្យ​រួច​ខ្លួន ហើយ​ក្រុម​គ្រួសារ​ជនសង្ស័យ ក៏​ធ្លាប់​បង់​ប្រាក់​ថ្លៃ​ព្យាបាល​ជំងឺ​ដល់​ប្ដី​លោកស្រី​ចំនួន ១,៧០​លាន​រៀល​ដែរ តែ​ប្រាក់​ទាំង​នេះ​មិន​អាច​ទូទាត់​ថ្លៃ​ព្យាបាល​ប្ដី​លោកស្រី​ទេ។

លោកស្រី​បន្ថែម​ថា ក្រោយ​ពី​ប្ដី​លោកស្រី​ត្រូវ​របួស​ធ្ងន់ គ្រួសារ​លោកស្រី​បង្ខំ​ចិត្ត​លក់​ទ្រព្យសម្បត្តិ​ដូច​ជា ម៉ូតូ គោ ក្របី និង​ខ្ចី​បុល​គេ​ដើម្បី​ព្យាបាល​ជំងឺ តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក មិន​រំពឹង​ថា អាច​ជា​សះ​ស្បើយ​ដូច​ដើម​ឡើយ ហើយ​ជនរងគ្រោះ​រស់​នៅ​របៀប​ដូច​ជន​ពិការ៖ «វេទនា​ណាស់! រាល់​ថ្ងៃ​នេះ​នៅ​ឈឺ​ក្នុង​ពោះ គ្មាន​លុយ​ទេ។ ប៉ូលិស​ខេត្ត​ចេះ​តែ​ថា នាង​អើយ​យក​ទៅ​ពេទ្យ​មើល។ ខ្ញុំ​ថា ខ្ញុំ​គ្មាន​លទ្ធភាព​យក​ទៅ​ពេទ្យ​ទេ។ ខ្ញុំ​សុខ​ចិត្ត​ងាប់​ចោល​អត់​មាន​លុយ​ទេ ទទេ​ស្អាត នៅ​តែ​បាត​ដៃ​ទទេ គោ ក្របី ក៏​គ្មាន​ដែរ លក់​អស់ មើល​ប្តី​អត់​មាន​សល់​អី​ទេ»

លោកស្រី​រំឭក​ថា កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០១៦ ប្ដី​លោកស្រី​ត្រូវ​បុរស​ឈ្មោះ ថាន ជីន អាយុ ២៥​ឆ្នាំ យក​កាំភ្លើង​ច្នៃ​បាញ់​ចង្កេះ​បណ្ដាល​ធ្លាយ​ពោះវៀន​របួស​ធ្ងន់ នៅ​គ្រា​ដែល​ពួកគេ​ដើរ​ក្នុង​ព្រៃ។ ការ​បាញ់​នេះ​ជា​ចេតនា​គិត​ទុក​ជា​មុន ព្រោះ​កន្លង​ទៅ ប្ដី​លោកស្រី​ធ្លាប់​មាន​រឿង​ជម្លោះ​ជាមួយ​សង្ស័យ​ដែរ។ លោកស្រី​ថា បុរស​ឈ្មោះ ថាន ជីន បាន​សារភាព​ថា ពិត​ជា​បាញ់​ប្ដី​លោកស្រី​មែន ក៏ប៉ុន្តែ​នគរបាល​មូលដ្ឋាន​ហាក់​ដូច​ជា​ស្ទាក់ស្ទើរ​អនុវត្ត​ច្បាប់​ផ្អែក​តាម​ដីកា​របស់​តុលាការ។

លោកស្រី​បញ្ជាក់​ថា ជនរងគ្រោះ និង​ជនល្មើស​ត្រូវ​ជា​បងប្អូន​សាច់​ថ្លៃ និង​បាន​កាត់​កាល​គ្នា​ចោល ក្រោយ​ពី​មាន​ជម្លោះ​នឹង​គ្នា៖ «គេ​ផឹកស៊ី​សប្បាយ​គេ គេ​ថា បណ្ដឹង គេ​រួច​ខ្លួន​ហើយ គេ​ថា អ្នក​ណា​មាន​លុយ​ចង់​បាញ់​នរណា​ចោល​ក៏​បាន​ដែរ។ អ្នក​ណា​មាន​លុយ មាន​សិទ្ធិ​មាន​អំណាច បើ​អត់​មាន​លុយ​អត់​មាន​សិទ្ធិ​អំណាច​ទេ។ គេ​ស្ដី​ថា​ឲ្យ​ខ្ញុំ​អ៊ីចឹង»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អធិការ​នគរបាល​ស្រុក​សំបូរ លោក ប៊ុន ឈៀន បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លើក​ហេតុផល​ថា ក្រោយ​ពី​កើត​ហេតុ​ភ្លាម ក្រុម​គ្រួសារ​ជនរងគ្រោះ​មិន​បាន​ប្តឹង​មក​នគរបាល​ស្រុក​សំបូរ​ទេ គឺ​ប្ដឹង​ទៅ​នគរបាល​ខេត្ត​ក្រចេះ។ លោក​អះអាង​ថា នគរបាល​គ្មាន​ចេតនា​បង្អាក់​ដីកា​របស់​តុលាការ​ឡើយ ហើយ​ប្រសិនបើ​ជនសង្ស័យ​មិន​នៅ​មូលដ្ឋាន​នគរបាល​នឹង​ចារ​ត្រឡប់​ទៅ​ចៅក្រម​វិញ។

លោក​បញ្ជាក់​ថា ក្រោយ​ពី​នគរបាល​ទទួល​ពាក្យ​បណ្ដឹង​នេះ គឺ​បាន​ស៊ើប​អង្កេត​រក​ឃើញ​ថា ជនរងគ្រោះ និង​ជនល្មើស​ជា​បង​ប្អូន​គ្នា។ ចំណែក​ការ​បាញ់​នោះ គឺ​ធ្វើ​ឡើង​ដោយ​អ​ចេតនា៖ «នេះ​ជា​ភារកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដល់​ពេល​ទទួល​វា​ចាត់ចែង​តាម​ហ្នឹង។ ខ្លាច​តែ​សាមីខ្លួន​មិន​នៅ​មូលដ្ឋាន​ទេ។ បើ​មិន​នៅ​យើង​ត្រូវ​ចារ​ត្រឡប់​ទៅ​វិញ​ដែរ។ បើ​សិន​នៅ​យើង​ត្រូវ​បញ្ជូន​ដល់ដៃ​គេ​ហើយ មិន​ទុក​ទេ នគរបាល​មាន​សិទ្ធិ​អី​ត្រូវ​ទុក​ដីកា​របស់​តុលាការ»

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ក្រចេះ អ្នកស្រី គឹម សុគន្ធា មាន​ប្រសាសន៍​ថា ចៅក្រម​ស៊ើបសួរ​បាន​កោះហៅ​ដើម​បណ្ដឹង​មក​ឆ្លើយ​រួច​ហើយ​កន្លង​មក ហើយ​ជនសង្ស័យ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លើក​ទី​៣ ទើប​សមត្ថកិច្ច​ចារ​មក​វិញ​ថា ជនសង្ស័យ​មិន​នៅ​លំនៅឋាន​ទេ។ អ្នកស្រី​សន្យា​ថា វិធី​បុណ្យ​អុំ​ទូក​រួច ចៅក្រម​ស៊ើបសួរ​នឹង​មាន​ចំណាត់ការ​បន្ត​ទៀត ដោយ​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ​ផ្អែក​តាម​ផ្លូវ​ច្បាប់។ អ្នកស្រី​រក​ឃើញ​ថា ក្រុម​គ្រួសារ​ជនរងគ្រោះ​ធ្លាប់​ទទួល​សំណង​ដែរ ក៏ប៉ុន្តែ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​បី​ជា​បាន​ទទួល​សំណង​ក្តី ក៏​មិន​អាច​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​បាន​ដែរ៖ «ដីកា​កោះហៅ​ពីរ​ដង​ដំបូង​អត់​ទាន់​ឃើញ​មាន​ចារ​មក​វិញ។ យើង​ខ្លាច​ថា សាមីខ្លួន​ហ្នឹង​អត់​ទាន់​បាន​ទទួល​ដីកា ឬ​យ៉ាង​ម៉េច អត់​បាន​បណ្ដឹង អ៊ីចឹង​យើង​ក៏​ចេញ​ដីកា​ជា​លើក​ទី​៣ បង្គាប់​ឲ្យ​ចូល ប៉ុន្តែ​លើក​ទី​៣ ទើប​តែ​មាន​ចំណារ​មក​ប៉ូលិស​ប៉ុស្តិ៍​ហ្នឹង​មក​វិញ។ អ៊ីចឹង​យើង​នឹង​មាន​ចំណាត់​ការ​បន្ត​ទៀត»

​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ករណី​នេះ​ថា ជា​បទល្មើស​ពីរ​ផ្សេង​គ្នា​មាន​ជា​អាទិ៍ រក្សា​អាវុធ​ខុស​ច្បាប់ និង​ប្រើ​ហិង្សា​ដោយ​ចេតនា ឬ​បង្ក​របួស​ស្នាម ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ឌិន ខន្នី ដែល​បាន​ចុះ​អង្កេត​រឿង​នេះ​អះអាង​ថា ប្រសិន​នគរបាល​មាន​ចេតនា​បង្អាក់​ដីកា​របស់​តុលាការ តុលាការ​មាន​ឆន្ទានុសិទ្ធិ​កោះ​ហៅ​នគរបាល​ទាំង​នោះ​មក​ស៊ើបសួរ​ពី​មូលហេតុ​រឿង​នេះ​តាម​ផ្លូវ​ច្បាប់។ លោក​សង្កត់​ធ្ងន់​ថា នៅ​ពេល​តុលាការ​ចេញ​ដីកា​កោះ​ហៅ​បុគ្គល​ណា​ម្នាក់ សមត្ថកិច្ច​ត្រូវ​តែ​អនុវត្ត​ដីកា​នោះ​ជា​កំហិត។ ប្រសិនបើ​នគរបាល​មាន​ចេតនា​បង្អាក់​ដីកា​របស់​តុលាការ គឺ​ជា​ទម្រង់​នៃ​បទល្មើស​មួយ​ថ្មី​ទៀត។

លោក​បញ្ជាក់​ថា កាតព្វកិច្ច​របស់​នគរបាល​ត្រូវ​អនុវត្ត​ច្បាប់​ករណី​នេះ ព្រោះ​ករណី​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង​មិន​មែន​រង់ចាំ​តែ​ដីកា​របស់​តុលាការ​នោះ​ទេ៖ «មន្ត្រី​នគរបាល​បណ្ដោយ​ឲ្យ​អំពើ​និទ្ទណ្ឌភាព​កើត​ឡើង ហើយ​មិន​ដំណើរ​ការ​តាម​ប្រព័ន្ធ​តុលាការ​ទៀត ខ្លួន​នឹង​មាន​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ដែរ​តុលាការ​អាច​ផ្ដន្ទាទោស។ រួចខ្លួន​បាត់ យើង​មិន​ធ្វើ​ការ​តាម​ចាប់​ខ្លួន មាន​ន័យ​ថា ជា​ការ​ធ្វេសប្រហែស​ជា​ការ​បណ្ដែតបណ្ដោយ ហើយ​ខ្លួន​យើង​ជា​ប៉ូលិស​ស៊ី​ប្រាក់​ខែ​របស់​ប្រជាពលរដ្ឋ​បណ្ដោយ​ឲ្យ​អត់​ទៅ​ធ្វើ​ការ​ករណី​ហ្នឹង យើង​មិន​ចូល​សម​គំនិត​ដែរ»

ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់​បញ្ជាក់​ថា ការ​បាញ់​នោះ​ទោះបីជា​ចេតនា ឬ​អ​ចេតនា​ក្ដី ផ្លូវច្បាប់​ត្រូវតែ​អនុវត្ត​ច្បាប់ ហើយ​អាជ្ញាធរ​ជំនាញ​ត្រូវ​ស៊ើបអង្កេត​ដោយ​ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌។ លោក​ថា រឿង​សំណង​ភាគី​ជនរងគ្រោះ​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី មាន​សិទ្ធិ​ប្ដឹង​ទាមទារ​សំណង ហើយ​តំណាង​អយ្យការ​ត្រូវ​តែ​ចាត់​វិធានការ​ច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិនបើ​ករណី​នេះ តំណាង​អយ្យការ និង​សមត្ថកិច្ច​មិន​អនុវត្ត​ច្បាប់​ទេ វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​​បន្ត​កើត​មាន ហើយ​ពលរដ្ឋ​នឹង​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។

​ក្រម​ព្រហ្មទណ្ឌ​ថ្មី មាត្រា​២០០ និង​១៩៩ ចែង​ថា ឃាតកម្ម​គិត​ទុក​ជាមុន គឺ​ជា​អំពើ​សម្លាប់​មនុស្ស​ដោយ​គិត​ទុក​ជា​មុន ឬ​ដោយ​ការ​ពួន​ស្ទាក់។ ការ​គិត​ទុក​ជា​មុន គឺ​ជា​គម្រោង​នៃ​ការ​បៀតបៀន​លើ​ជនរងគ្រោះ។ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​គឺ​ជា​ការ​សម្លាប់​មនុស្ស​ដោយ​ប្រើ​អាវុធ ត្រូវ​ចាត់​ទុក​ជា​ឃាតកម្ម ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១០​ឆ្នាំ ទៅ ១៥​ឆ្នាំ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ប្រមុខ​រដ្ឋាភិបាល ធ្លាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ និង​ស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់​ជំរុញ​ឲ្យ​នគរបាល​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្មោះត្រង់ និង​មាន​វិជ្ជាជីវៈ ដើម្បី​បម្រើ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល