ព្រះមហាក្សត្រ​គ្រោង​លើក​លែង​និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ប្រមាណ​៦០០​នាក់

ដោយ ខែ សុណង
2014-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ទោស​ដែល​ត្រូវ​សុំ​ព្រះរាជ​ទាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​រតន​កោដ្ឋ នា​ទីលាន​ព្រះ​បរម​មេរុ នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
អ្នក​ទោស​ដែល​ត្រូវ​សុំ​ព្រះរាជ​ទាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​រតន​កោដ្ឋ នា​ទីលាន​ព្រះ​បរម​មេរុ នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
RFA/Tin Zakariya

ព្រះមហាក្សត្រ​គ្រោង​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។ ការ​លើក​លែង​ទោស​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ស្វាគមន៍ ហើយ​អំពាវនាវ​ឲ្យ​អ្នក​គ្រប់គ្រង​ពន្ធនាគារ​ធ្វើ​ការ​ជ្រើស​រើស​ដោយ​ភាព​យុត្តិធម៌ និង​អព្យាក្រឹត្យ​កុំ​មាន​អំពើ​ពុក​រលួយ។

អ្នក​គ្រប់គ្រង​ពន្ធនាគារ​មួយ​ចំនួន​បាន​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ ឲ្យ​ពិចារណា​ចំពោះ​ការ​ស្នើសុំ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ទូទាំង​ប្រទេស នៅ​គ្រា​ដែល​ព្រះមហាក្សត្រ​ទ្រង់​ព្រះរាជទាន​លើក​លែង​ទោស​ក្នុង​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ។

ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ចាម លោក គៀ សុវណ្ណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ថា ចំពោះ​ពន្ធនាគារ​លោក​បាន​ស្នើ​សុំ​ការ​លើក​លែង និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ១០៧​នាក់។ លោក​ថា អ្នក​ទោស​ដែល​បាន​លើក​ឈ្មោះ​ដាក់​សំណើ​នោះ គឺ​មាន​ប្រភេទ​ទោស​ចម្រុះ ឲ្យ​តែ​អ្នក​ទោស​នោះ​មាន​គុណ​សម្បត្តិ និង​កែប្រែ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ហើយ​អនុវត្ត​ទោស​បាន​ពាក់​កណ្ដាល​នៃ​ទោស និង​២​ភាគ​៣​នៃ​ទោស៖ «ខ្ញុំ​ស្នើ​រួម ១០៧​នាក់ គណៈកម្មការ​កណ្ដាល​គេ​សម្រេច​បាន ១០១​នាក់ ដល់​ថ្នាក់​ជាតិ​មិន​ដឹង​បាន​ប៉ុន្មាន អា​ហ្នឹង​អាស្រ័យ​ទៅ​នឹង​គណៈកម្មការ​ថ្នាក់​ជាតិ ចាប់​ពី​១​ភាគ​៣​នៃ​ទោស ពាក់​កណ្ដាល​ទោស ហើយ​និង​២​ភាគ​៣​នៃ​ទោស​សុំ​លើក​លែង​ទោស​បាន»

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក គុយ ប៊ុនសន មាន​ប្រសាសន៍​ថា មាន​អ្នក​ទោស​រាប់​រយ​នាក់​ដែល​ត្រូវ​បាន​អង្គភាព​ពន្ធនាគារ​ដាក់​ស្នើសុំ​លើក​លែង​ទោស ប៉ុន្តែ​គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​គណៈកម្មការ​រាជធានី​ខេត្ត និង​ឆ្លង​គណៈកម្មការ​ជាតិ ធ្វើ​ការ​វាយ​តម្លៃ​មុន និង​ថ្វាយ​សំណើ​នេះ​បន្ត​ទៅ​ព្រះមហាក្សត្រ រួច​នឹង​មាន​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​នូវ​ចំនួន​លើក​លែង​ទោស​ចុង​ក្រោយ៖ «មែន​ទែន​ទៅ ការងារ​ហ្នឹង​យើង​ប្រជុំ​ក្នុង​គណៈកម្មការ​ថ្នាក់​ជាតិ ដែល​មាន​ឯកឧត្ដម​រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ លោក​ជា​ប្រធាន​ដឹក​នាំ បាន​ដំណើរ​ការ​រួច​រាល់​ហើយ ប៉ុន្តែ​ចំនួន​យ៉ាង​ណា​នោះ កម្រិត និង​ការ​ជាក់ស្ដែង ទៅ​តាម​ការ​អនុម័ត​ចុង​ក្រោយ​បន្ថែម​ទៀត​នូវ​ចំនួន​ពិត​ប្រាកដ​ដែល​យើង​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ជាក់លាក់​នៅ​ឡើយ​ទេ»

ការ​លើក​លែង និង​បន្ធូរបន្ថយ​ទោស​នេះ មិន​ទាន់​ឃើញ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ថា​មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ប៉ុន្តែ ប្រធាន​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ លោក សម ប្រជាមានិត បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា មាន​ទណ្ឌិត​ប្រមាណ ៦០០​នាក់ នឹង​ត្រូវ​គេ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ទី​១៤ មេសា ខាង​មុខ​នេះ។ ក្នុង​នោះ លើក​លែង និង​បន្ធូរបន្ថយ​ទោស​ចំនួន ១២​ខែ ដល់​ទណ្ឌិត ១១៦​នាក់ បន្ធូរបន្ថយ ៩​ខែ ដល់​ទណ្ឌិត​ចំនួន ១១១​នាក់ និង​បន្ធូរបន្ថយ​ទោស ៦​ខែ ដល់​ទណ្ឌិត​ចំនួន ២៥៨​នាក់។

គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ និង​វាយ​តម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​មាន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​ប្រធាន​សម្រេច​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​មតិ​ថា លោក​សុំ​ឲ្យ​ការ​ជ្រើស​រើស​អ្នក​ទោស​ដែល​ត្រូវ​បន្ថយ​ទោស និង​លើក​លែង​នោះ បាន​ឆ្លង​កាត់​ការ​សិក្សា​វាយ​តម្លៃ​ប្រកប​ដោយ​ភាព​យុត្តិធម៌ អព្យាក្រឹត្យ មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ជៀស​ឲ្យ​បាន​នូវ​អំពើ​ពុក​រលួយ៖ «អ្នក​ទោស​ខ្លះ​គាត់​ថា​គាត់​បាន​កែប្រែ​អត្តចរិត ហើយ​គាត់​ជាប់​យូរ​គ្រប់​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​លើក​លែង ប៉ុន្តែ​គាត់​គ្មាន​លុយ​គ្មាន​កាក់ ត្រូវ​មិន​បាន​ទទួល​ការ​បន្ធូរបន្ថយ។ អង្គការ​សង្គម​ស៊ីវិល​យើង​បាន​ទទូច​ហើយ​ថា សុំ​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ ពីព្រោះ​ថា អ្នក​មើល​ឃើញ​ច្បាស់ គឺ​ប្រធាន​ពន្ធនាគារ ឬ​អនុរក្ស​ពន្ធនាគារ​ផ្ទាល់ ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង គឺ​យើង​ត្រូវ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ ធ្វើ​ការ​វាយ​តម្លៃ​មុន​នឹង​ធ្វើ​ការ​សម្រេច»

ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នេះ គេ​តែង​ឃើញ​ព្រះមហាក្សត្រ​ទ្រង់​តែង​ព្រះរាជទាន​លើក​លែង​នៅ​រាល់​មាន​ពិធី​បុណ្យ​ធំៗ​ម្ដងៗ យ៉ាង​ហោច​ធ្វើ​ឡើង​៣​ដង​ក្នុង​១​ឆ្នាំ គឺ​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​ពិធី​បុណ្យ​អុំទូក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ក្មេងវត្ត

ពី វត្តភ្នំ

ដល់ពេលរកលុយស្របច្បាប់ទៀតហើយ។ចាប់ពីស្ដាច់(ស្ដេច)រហូត
ដល់ឆ្មាំគុកច្បាស់ជាបានកម្រៃខ្លះមិនខានឡើយ។សូមកុំភ្លេចហ៊ុន
សែនក៏នៅក្នុងចំណោមនោះដែរ។

Apr 09, 2014 04:14 PM

គេហទំព័រ​ទាំងមូល