ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍នៅថ្ងៃទី២៨ សីហា ថា ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសាប្រ៊ីណា លោក ស៊ុន វ៉ាន់នី បានចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងតុលាការខេត្តកំពង់ស្ពឺ ទៅតាមការកោះរបស់តុលាការខេត្តកំពង់ស្ពឺ លោក ឆឹម ឬទ្ធី។ ប៉ុន្តែត្រូវលើកពេលសាកសួរដោយសារលោកជាប់រវល់ ហើយលើកទៅថ្ងៃទី១៩ ខែកញ្ញាវិញ។ យ៉ាងណាក៏ដោយ លោកជឿថា មន្ត្រីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
លោក ជា មុនី៖ «ដីកាបង្គាប់ឲ្យចូលខ្លួននោះមានន័យថា អាចឃុំខ្លួនអាចចាប់អីតែម្ដង តែក្នុងករណីនេះយើងឃើញថា កាលពីព្រឹកថ្ងៃទី២៨ (សីហា) ហ្នឹង អត់ទាន់ឃើញឃុំខ្លួនអត់ទាន់ចាប់អីនៅឡើយ។ ខ្ញុំចាំមើលនីតិវិធីរបស់តុលាការទៅមុខទៀតថា តើតុលាការគាត់បានប្រើប្រាស់បុព្វសិទ្ធិរបស់គាត់តាមឆន្ទានុសិទ្ធិរបស់គាត់ដែរឬទេ?»។
នៅថ្ងៃទី២៩ ខែសីហា តុលាការដដែលក៏បានចេញដីកាកោះហៅសហជីពកម្មករប្រចាំរោងចក្រ ២នាក់ទៀត គឺលោក សាយ សំបូរ និងលោក ជី សាក់ឡា ក្រោមបទចោទដូចគ្នា។
តុលាការខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនថ្នាក់ដឹកនាំសហជីពសេរីកម្មករ ៨នាក់ ដាក់ក្នុងពន្ធនាគារខេត្ត ក្រោមបទចោទចំនួន២ គឺទី១ ផ្ដើមគំនិតឲ្យមានអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងទី២ ផ្ដើមគំនិតឲ្យមានការខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌថ្មី។ ការឃុំខ្លួននេះគឺបន្ទាប់ពីផ្ទុះហិង្សាកើតឡើង ដែលមានកម្មករជិត ២ពាន់នាក់ ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ ១៤ដុល្លារបន្ថែម កាលពីថ្ងៃទី៣ ខែមិថុនា។ កូដកម្មនោះបានឈានទៅដល់ការប្រើអំពើហិង្សាធ្វើឲ្យកម្មការិនីរោងចក្រ ២នាក់ រលូតកូន និងកម្មករច្រើនទៀតរងរបួស៕