តុលាការ​ខេត្ត​កំពង់ឆ្នាំង​កោះ​ហៅ​អ្នក​ភូមិ​ឡពាង​ឡើង​តុលាការ​រឿង​ទំនាស់​ដីធ្លី

ប្រជាពលរដ្ឋ និង​តំណាង​អ្នក​ភូមិ​ឡពាង ចំនួន ៣​នាក់ កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច និង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ផ្លូវ​ច្បាប់​ពី​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស បន្ទាប់​ពី​ពួក​គាត់​ទទួល​បាន​ដីកា​កោះ​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​ករណី​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ការ​កោះ​ហៅ​របស់​តុលាការ​នា​ពេល​នេះ គឺ​ធ្វើ​ទៅ​តាម​ពាក្យ​ប្ដឹង​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដើម្បី​គំរាម​កំហែង និង​បំបាក់​ស្មារតី​មក​លើ​អ្នក​ភូមិ​ឡពាង។
ដោយ ជិន ជេដ្ឋា
2013-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​ឡពាង ជា​ច្រើន​គ្រួសារ បាន​ធ្វើ​ពិធី​ស្រោច​ទឹក​បណ្ដេញ​ឧបទ្រព​ចង្រៃ និង​ស្វាគមន៍​ចំពោះ​ការ​ចេញ​ពី​ពន្ធនាគារ​របស់ លោក ស សុង ក្រោយ​ពី​អនុវត្ដ​ទោស​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៦​ឆ្នាំ។ ការ​ស្វាគមន៍​នេះ ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​មាន​តំណាង និង​ប្រជាពលរដ្ឋ​ភូមិ​ឡពាង ចំនួន ៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ចេញ​ដីកា​កោះ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំពោះ​មុខ​តុលាការ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៣ ខាង​មុខ។

តំណាង និង​ប្រជាពលរដ្ឋ​ទាំង​បី​នាក់ គឺ​មាន​ឈ្មោះ រាជ សីម៉ា ញឹម ញឿន និង​ឈ្មោះ ភុល សន។ ពួក​គាត់​ធ្លាប់​ចេញ​មុខ​តវ៉ា​យ៉ាង​សកម្ម​ជា​មួយ​ក្រុម​អ្នក​ភូមិ​ឡពាង ផ្សេង​ទៀត ដើម្បី​រើ​បម្រាស់​ពី​ការ​រំលោភ​សិទ្ធិ និង​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់ លោក​ជំទាវ ជា ខេង ស្ថិត​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

ក្រុម​ប្រជាពលរដ្ឋ​បាន​បង្ហាញ​នូវ​ហេតុផល​ចំនួន​ពីរ​ផ្សេង​គ្នា ដែល​នាំ​ឲ្យ​មាន​ការ​កោះ​ហៅ​ពួក​គាត់​ឡើង​តុលាការ​នា​ពេល​នេះ គឺ​ទី​១ បណ្ដាល​មក​ពី​សកម្មភាព​របស់​អ្នក​ភូមិ​ចំនួន ១០​គ្រួសារ បាន​ចូល​ទៅ​ស្ទូង​ស្រូវ​នៅ​លើ​ដី​ស្រែ​ពួក​គាត់​កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី និង​ទី​២ គឺ​អាច​បណ្ដាល​មក​ពី​ការ​ដក​បង្គោល​ព្រំ​ដី​ក្រុមហ៊ុន ដែល​បាន​បោះ​ចូល​ក្នុង​ដី​របស់​ពួក​គាត់ និង​សកម្មភាព​រុះ​រោង​ចាំ​ដី​ក្រុមហ៊ុន ខេ.ឌី.ស៊ី កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣។

តំណាង​អ្នក​ភូមិ​ឡពាង ម្នាក់ លោក រាជ សីម៉ា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ថា ការ​កោះ​ហៅ​ពួក​គាត់​ទាំង​បី​នាក់​នេះ គឺ​គ្រាន់​តែ​ជា​ការ​ព្រមាន និង​ចង់​បំបាក់​ស្មារតី​មិន​ឲ្យ​ពួក​គាត់​ហ៊ាន​ងើប​តវ៉ា​រឿង​ដីធ្លី។ លោក​បន្ត​ថា នៅ​គ្រា​ដែល​គ្រួសារ​របស់​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ រឿងរ៉ាវ​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​កាន់​តែ​ធ្លាក់​ដុនដាប​ខ្លាំង៖ «គ្រាន់​តែ ស សុង ចេញ​ភ្លាម ខ្ញុំ​មាន​ដីកា​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ បើ​រឿង ស សុង គេ​ចោទ​ប្រកាន់​អំពី​បទ​សម្លាប់​មនុស្ស ហើយ​ខ្ញុំ​ដោយសារ​អត់​មាន​បទ​ហ្នឹង ក្រុមហ៊ុន​រក​លេស​ខ្ញុំ​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​នេះ​វិញ។ មិន​ត្រឹម​ប៉ះពាល់​ដល់​ខ្ញុំ​ទេ ធ្វើ​ឲ្យ​ទាំង​គ្រួសារ​ខ្ញុំ​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​អំពី​ប្ដី​អី​មិន​មាន​អ្នក​រក​ស៊ី​ចិញ្ចឹម​អ៊ីចឹង​ដែរ ព្រោះ​ធម្មតា​អ្នក​តវ៉ា​ដីធ្លី​វា​តែង​តែ​មាន​ដូច លោក ស សុង ជា​គំរូ​ហើយ»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ភុល សន មាន​ប្រសាសន៍​ថា លោក​មាន​កំហឹង និង​ការ​ឈឺ​ចាប់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដោយសារ​តែ​ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​ស្រែ​ទាំង​គាត់​មិន​ដែល​បាន​លក់​បន្តិច​ណា​ឡើយ។ លោក​បន្ត​ថា ពួក​គាត់​ទាំង​បី​នាក់​នឹង​ស្នើសុំ​ទៅ​តុលាការ​ពន្យារ​ពេល​នៃ​ការ​សាកសួរ ដើម្បី​រង់ចាំ​មេធាវី​ពី​ខាង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ជួយ​ការពារ​រឿង​ក្ដី​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

ចំណែក​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ថា លោក​មិន​ទាន់​អាច​អត្ថាធិប្បាយ​អ្វី​បាន​ជុំវិញ​បញ្ហា​នេះ​ទេ ពីព្រោះ​លោក​កំពុង​ជាប់​រវល់។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ចមុនី មាន​ប្រសាសន៍​ថា អង្គការ​លីកាដូ នឹង​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​ជុំវិញ​ករណី​នេះ ហើយ​លីកាដូ នឹង​ផ្ដល់​មេធាវី​ជូន​ពួក​គាត់ ប្រសិន​បើ​មាន​ការ​ស្នើសុំ៖ «គាត់​ខ្លាច​តែ​មាន​ការ​ឃុំ​ខ្លួន។ កាល​មុន​យើង​មាន​ជន​រងគ្រោះ​ម្នាក់​ដូច ស សុង នោះ ទើប​ចេញ​ពី​ថ្ងៃ​ទី​២៨។ ដូច្នេះ ឥឡូវ​នេះ​មាន​បី​នាក់​ថែម​ទៀត​ត្រូវ​រង​ការ​ចោទ​ថា​ជា​ជន​សង្ស័យ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ នេះ។ យើង​សុំ​ឲ្យ​តុលាការ​អនុវត្ត​នីតិវិធី និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ទាំង ៣​រូប​នេះ»

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី និង​អ្នក​ភូមិ​ឡពាង បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១ ហើយ​បាន​កក្រើក​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០០៧។ កាល​នោះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទទួល​រង​នូវ​ការ​គំរាម​កំហែង និង​ចាប់​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​ផ្សេងៗ​គ្នា ដូច​ជា អ្នកស្រី អ៊ុន ទុំ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ​កន្លះ ពី​បទ​កាន់​កាប់​ដី​លើ​ប្លង់​មាន​កម្មសិទ្ធិ។ ចំណែក លោក ស សុង ក៏​ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១១​ឆ្នាំ ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃាត និង​កាន់​កាប់​ដី​លើ​ប្លង់​មាន​កម្មសិទ្ធិ ក៏ប៉ុន្តែ​សំណុំ​រឿង​នេះ​ត្រូវ​បាន​តុលាការ​សាលា​កំពូល​សើរើ និង​បញ្ជា​ឲ្យ​សាលា​ឧទ្ធរណ៍​កាត់​ឡើង​វិញ នៅ​ត្រឹម​រយៈពេល ៦​ឆ្នាំ។

អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រឡាច លោក ហ៊ុល ចាន់ថូ មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​វិវាទ​ដី​ធ្លី​រវាង​អ្នក​ភូមិ​ឡពាង ជា​មួយ​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី មិន​ទាន់​មាន​អ្វី​ប្រែប្រួល ឬ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ព្យាយាម​ឲ្យ​ភាគី​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ពិភាក្សា​គ្នា ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា៖ «ក្រុមហ៊ុន​ហ្នឹង​ជួប​ជា​មួយ​នឹង​ប្រជាពលរដ្ឋ​អ៊ីចឹង​ទៅ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​អាជ្ញាធរ ខ្ញុំ​តាម​មើល​លទ្ធផល​ហ្នឹង​ណា។ ក្នុង​គោល​បំណង​របស់​យើង គឺ​យើង​ធ្វើ​ម៉េច​ឲ្យ​វា​មាន​ដំណោះ​ស្រាយ​ល្អ ប៉ុន្តែ​វា​ស្ថិត​នៅ​លើ​ភាគី​ទាំង​ពីរ»

បញ្ហា​ដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី ជា​មួយ​នឹង​អ្នក​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ១០​ឆ្នាំ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មាន​ជីវភាព​ក្រ​លំបាក ហើយ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ជា​ច្រើន។ មនុស្ស​ពេញ​កម្លាំង​បាន​ធ្វើ​ចំណាក​ស្រុក​ស្ទើរ​ស្ងាត់​ភូមិ ចំណែក​មនុស្ស​ចាស់ និង​ក្មេង​ដែល​មិន​ទាន់​ពេញ​កម្លាំង​ធ្វើ​ការ បាន​ដើរ​ចាប់​កូន​កង្កែប និង​ដេរ​ស្លឹក​កណ្ដប​លក់ ដើម្បី​យក​ប្រាក់​ទិញ​អង្ករ​ហូប​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល