ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទចំនួន ៦នាក់ ដាក់ពន្ធនាគារចំនួន ១៣ឆ្នាំ និងបង្គាប់ឲ្យបង់ប្រាក់ក្នុងម្នាក់ៗចំនួន ៥លានរៀល ទៅឲ្យភរិយារបស់ លោក សួន ចាន់ អតីតអ្នកកាសែតមាគ៌ាកម្ពុជា ដែលត្រូវជនទាំងនេះព្រួតគ្នាវាយសម្លាប់ កាលពីដើមឆ្នាំ២០១៤។
មន្ត្រីសិទ្ធិមនុស្ស បានថ្លែងសាទរចំពោះសាលក្រមដែលប្រកាសនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ ប៉ុន្តែស្នើឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនល្មើសចំនួន ៥នាក់ទៀត ដែលកំពុងរត់គេចខ្លួន ខណៈទណ្ឌិតម្នាក់កំពុងអនុវត្ដទោសនៅក្នុងពន្ធនាគារ។
នៅក្នុងបន្ទប់សវនាការដែលគ្មានវត្តមានជនជាប់ចោទ និងក្រុមគ្រួសារជនរងគ្រោះ លោកចៅក្រម សាន សុផាត បានប្រកាសសាលក្រមដោយប្ដូរបទចោទលើជនល្មើសទាំង ៦នាក់ ពីបទមនុស្សឃាតគិតទុកជាមុនតាមមាត្រា២០០ ទៅជាបទមនុស្សឃាតតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមបានលើកសំអាងហេតុនៃការប្ដូរបទចោទនេះថា មុនពេលមានរឿង ជនរងគ្រោះបានដើរចេញពីផ្ទះទៅរកទិញបារីជក់ បន្ទាប់ពីមានជនមិនស្គាល់មុខគប់ដុំថ្មទៅលើផ្ទះរបស់ខ្លួន។ ក្រោយមក ទើបមានហេតុការណ៍វាយតប់គ្នាបណ្ដាលឲ្យជនរងគ្រោះស្លាប់។ ដូច្នេះ តុលាការយល់ឃើញថា ករណីនេះមិនមែនជាបទឃាតកម្មគិតទុកជាមុន ដូចការចោទនៅក្នុងដំណាក់កាលស៊ើបសួរ និងជំនុំជម្រះនោះទេ។
ជនល្មើសទាំង ៦នាក់ ដែលតុលាការសម្រេចផ្ដន្ទាទោសនោះ គឺមានឈ្មោះ យីម ណាក់ យីម នុន យីម និ សាំង សេងអៀង រ៉ុម រ៉ា និងម្នាក់ទៀតឈ្មោះ យ៉ង ភាឡេង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ។ អ្នកទាំង ៦នាក់ រស់នៅឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ជាមួយជនរងគ្រោះដែរ។ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ក្រុមជនល្មើសមានគ្នាប្រហែល ១០នាក់ ព្រួតគ្នាវាយសម្លាប់ លោក សួន ចាន់ អ្នកកាសែតមាគ៌ាកម្ពុជា នៅតាមផ្លូវក្បែរផ្ទះរបស់លោក ស្ថិតនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក។ នៅក្នុងហេតុការណ៍នោះ មានសាច់ញាតិរបស់លោកចំនួនពីរនាក់ទៀត គឺឈ្មោះ គូ អ៊ិន និងឈ្មោះ សួន ឌីម ក៏ត្រូវជនល្មើសវាយឲ្យរងរបួសធ្ងន់ដែរ នៅពេលចូលទៅជួយ លោក សួន ចាន់។
មាត្រា១៩៩ ចែងថា អំពើសម្លាប់មនុស្សដោយចេតនាដោយប្រើអាវុធ ឬមិនប្រើអាវុធដោយគ្មានស្ថានទម្ងន់ណាមួយ ដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ជនល្មើសប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។
ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកំពង់ឆ្នាំង បានសាទរចំពោះការផ្ដន្ទាទោសទៅលើជនល្មើសទាំង ៦នាក់ ប៉ុន្តែយល់ថា តុលាការគប្បីរក្សាបទចោទតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌដដែល ពីព្រោះភស្តុតាងដែលបានបន្សល់ ដូចជា គល់ឫស្សី បំពង់ដើមរាំង និងដុំថ្ម ដែលគ្មានប្រភពនៅកន្លែងកើតហេតុ ប៉ុន្តែជនល្មើសអាចយកពីកន្លែងផ្សេងទុកសម្រាប់វាយ ហើយបានគប់ដុំថ្មចូលទៅក្នុងផ្ទះ ដើម្បីបញ្ឆោតឲ្យជនរងគ្រោះដើរចេញមកក្រៅ រួចក៏នាំគ្នាព្រួតវាយតែម្ដង ដែលនេះបង្ហាញពីចេតនារបស់ក្រុមជនល្មើសមានគម្រោងប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា គ្មានជំនឿថាសមត្ថកិច្ចខេត្តកំពង់ឆ្នាំង អាចស្វែងរកចាប់ខ្លួនជនល្មើសចំនួន ៥នាក់ទៀតមកផ្ដន្ទាទោសបាននោះទេ ពីព្រោះកន្លងទៅ មានដីកាចាប់ខ្លួន និងមានការចង្អុលបង្ហាញចំៗពីក្រុមគ្រួសារជនរងគ្រោះទៅលើជនល្មើសទាំងនោះ ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនឡើយ។ លោកចង់ឲ្យអគ្គស្នងការនគរបាលជាតិ ធ្វើអធិការកិច្ចទៅលើសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ជុំវិញភាពមិនប្រក្រតីនេះ៖ «ខ្ញុំថាការសម្រេចក្ដីរបស់លោកចៅក្រម ដែលយើងសាទរ និងទទួលយកបាន។ បាទ! ការឃ្លាំមើលរបស់សមាគមអាដហុកកន្លងយើងឃើញថា យើងមិនមានជំនឿថា សមត្ថកិច្ចធ្វើការតាមចាប់អ្នកដែលនៅសេសសល់ចំនួន ៥នាក់នោះ យកមកដាក់ទោសបាននោះទេ ពីព្រោះគ្រាន់តែអ្នកហ្នឹង (ជនល្មើស) នៅលំនៅឋានផង មិនមានឆន្ទៈក្នុងការចាប់ផង ទម្រាំពួកហ្នឹងរត់គេចខ្លួនបាត់បែបនេះ»។
ឪពុក និងភរិយារបស់ លោក សួន ចាន់ មិនបានចូលស្ដាប់ការប្រកាសសាលក្រមនៅក្នុងបន្ទប់សវនាការដោយផ្ទាល់ តាមការអញ្ជើញរបស់ចៅក្រមនោះទេ ដោយសារតែពួកគាត់អង្គុយរង់ចាំខុសកន្លែង លុះដល់ប្រកាសចប់ ទើបចៅក្រមហៅទៅប្រាប់អំពីសេចក្ដីសម្រេចរបស់តុលាការនោះ។
ក្រុមគ្រួសារ លោក សួន ចាន់ ពេញចិត្តចំពោះការសម្រេចផ្ដន្ទាទោសទៅលើជនល្មើសទាំង ៦នាក់ របស់តុលាការខេត្តកំពង់ឆ្នាំង នាពេលនេះ ប៉ុន្តែពួកគាត់នៅតែគ្មានភាពកក់ក្ដៅ ដោយខ្លាចជនល្មើសគុំកួន ឬធ្វើបាបទៅថ្ងៃក្រោយ ពីព្រោះជនល្មើសមិនទាន់ចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាននៅឡើយ៕