តុលាការ​ខេត្ត​កំពង់ឆ្នាំង​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​បំភ្លឺ​រឿង​ផ្ដល់​ព័ត៌មាន​មិន​ពិត

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ឆ្នាំង ចំនួន ៨​រូប ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ អំពី​ដំណើរ​រឿង​ផ្ដល់​ព័ត៌មាន​មិន​ពិត។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ដីកា​កោះ​របស់​តុលាការ​នា​ពេល​នេះ​ថា ជា​ការ​គំរាម និង​បំបាក់​ស្មារតី​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង ដោយសារ​តែ​ខ្លឹមសារ​នៅ​ក្នុង​ដីកា​កោះ​នោះ​មិន​បាន​បញ្ជាក់​ច្បាស់​ថា ការ​ផ្ដល់​ព័ត៌មាន​មិន​ពិត​នោះ គឺ​ជា​រឿង​អ្វី។
ដោយ ជិន ជេដ្ឋា
2013-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង
សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង
Photo: RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៧ សីហា ថា មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​មួយ​រូប និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​រូប ព្រម​ទាំង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារឆ្មារ ចំនួន ៣​នាក់​ទៀត នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​ដំណើរ​រឿង​ផ្ដល់​ព័ត៌មាន​មិន​ពិត តាម​ដីកា​កោះ​របស់​ព្រះរាជ​អាជ្ញា​រង លោក ឯក ស៊ុនរស្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣។

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង នៃ​គណបក្ស សម រង្ស៊ី លោក ដួង ចិត្រា មាន​ប្រសាសន៍​កន្លង​មក​ថា លោក និង​ក្រុម​ការងារ​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​កាន់​តុលាការ ដើម្បី​ឲ្យ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជន​ណា​ដែល​បាន​យក​វត្ថុ​បុរាណ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​រណ្ដៅ​ឫសសីមា​ព្រះវិហារ​ចាស់ នៃ​វត្ត​បឹងខ្នារ នៅ​ស្រុក​សាមគ្គីមានជ័យ ទៅ​លក់​កាល​ពី​ចុង​ឆ្នាំ​២០១២ កន្លង​ទៅ។

លោក​បន្ត​ថា លោក​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​ដីកា​របស់​តុលាការ​នៅ​ពេល​នេះ បែរ​ជា​ដាក់​លោក និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់​ទៀត ជា​ជន​សង្ស័យ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​មិន​ពិត​ទៅ​វិញ៖ «ការ​កោះ​ហៅ​សាកសួរ​ពី​ផ្ដល់​ព័ត៌មាន​មិន​ពិត​នេះ គឺ​ជា​រឿង​មួយ​ដែល​ទាក់ទិន​នឹង​រឿង​នយោបាយ​ទាំង​ស្រុង ដោយសារ​ប្រជាពលរដ្ឋ​គាំទ្រ ហើយ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ហើយ​មាន​ការ​អាប់​អោន​កិត្តិយស​នោះ គឺ​គេ​នាំ​គ្នា​ប្រឌិត​រឿង​ហ្នឹង​ឡើង ដើម្បី​ថា​ពួក​ខ្ញុំ​ក្រុម​ខ្ញុំ​ហ្នឹង ជា​អ្នក​បង្កាច់​បង្ខូច​ទៅ​លើ​លក់​វត្ថុ​បុរាណ​នេះ​ទៅ​វិញ ដែល​ចុង​បញ្ចប់​នោះ គឺ​គេ​ចង់​ធ្វើ​យ៉ាង​ណា​ដាក់​ទោស​កំហុស​ហ្នឹង​អំពី​បញ្ហា​ផ្ដល់​ព័ត៌មាន​មិន​ពិត។ តាម​ការ​ពិត យើង​ទាំងអស់​គ្នា​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​នេះ គឺ​មិន​រុញ​រា ដោយសារ​យើង​មាន​ឯកសារ​ត្រឹម​ត្រូវ»

ជំទប់​ទី​២ ឃុំ​ខ្នារឆ្មារ នៃ​គណបក្ស សិទ្ធិ មនុស្ស លោក ញ៉ែម សំណាង មាន​ប្រសាសន៍​ថា លោក​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៨​នាក់ ដែល​តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​ទៅ​សាកសួរ​អំពី​ដំណើរ​រឿង​ផ្ដល់​ព័ត៌មាន​មិន​ពិត​នេះ​ដែរ។ លោក​បញ្ជាក់​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា ក៏ប៉ុន្តែ​លោក​គិត​ថា ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​លើក​នេះ គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ព្រះចៅ​អធិការ និង​គណៈកម្មការ​អាចារ្យ ដែល​បាន​លក់​ដូរ​វត្ថុ​បុរាណ​កាល​ពី​ចុង​ឆ្នាំ​២០១២៖ «វា​ជា​រឿង​របស់​វត្ត​ហ្នឹង​ឯង តាំង​ពី​ខ្ញុំ​ចូល​បំភ្លឺ​នៅ​ស្នងការ​អីចឹង គឺ​រឿង​ពាក់ព័ន្ធ​នឹង​នយោបាយ​ទាំងអស់ ហើយ​ដល់​ពេល​ខ្ញុំ​ចូល​ទៅ គ្រាន់​តែ​ចង់​ដឹង​ថា ការ​ចង់​ផ្សឹក​លោក​អី​ហ្នឹង មក​ពី​មូលហេតុ​អី បែរ​ជា​ប្ដឹង​ខ្ញុំ​ថា​អុក​ឡុក ហើយ​ដល់​ក្រោយ​មក​ទៀត ខ្ញុំ​មាន​ឯកសារ​ជាក់​ស្ដែង ខ្ញុំ​ប្ដឹង​ទៅ​វិញ គេ​អត់​ដោះស្រាយ​ផង ហើយ​បែរ​ពេល​នេះ​ឲ្យ​ខ្ញុំ​ចូល​បំភ្លឺ​ទៅ​វិញ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជ​អាជ្ញា​រង លោក ឯក ស៊ុនរស្មី និង​មន្ត្រី​ផ្សេង​ទៀត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ អំពី​ដំណើរ​រឿង​ផ្ដល់​ព័ត៌មាន​មិន​ពិត​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ សីហា។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​សកម្មជន​របស់​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ទៅ​សាកសួរ​នេះ អាច​មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ចំពោះ​ករណី​នេះ ដោយសារ​តែ​ដីកា​របស់​តំណាង​អយ្យកា​អត់​បាន​ចុះ​ថ្ងៃ​ខែ និង​លេខ​សំណុំ​រឿង​នោះ​ឡើយ៖ «រឿង​នេះ​ប្រាកដ​ជា​មាន​លក្ខណៈ​ខ្លះ​ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ ដោយសារ​តែ​ពួក​គាត់​ទាំងអស់​នេះ​ត្រូវ​បាន​គេ​គំរាម​មួយ​សា​ហើយ​នៅ​ក្នុង​ការ​ដក​ចេញ​ពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ហើយ​ឥឡូវ​នេះ ពួក​គាត់​មាន​ដីកា​កោះ​ហៅ​ទៀត»

នៅ​ចុង​ឆ្នាំ​២០១២ រឿង​អាស្រូវ​មួយ​បាន​កើត​ឡើង​ចំពោះ​ព្រះ​គ្រូ​ចៅអធិការ និង​គណៈកម្មការ​អាចារ្យ​វត្ត​បឹងខ្នារ ស្ថិត​នៅ​ភូមិ​វត្ត ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ថា​បាន​ឃុបឃិត​គ្នា​លួច​វត្ថុ​បុរាណ​មាន​តម្លៃ​ជា​ច្រើន ដែល​គេ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​រណ្ដៅ​ឫសសីមា​ព្រះវិហារ​ចាស់ មាន​ដូច​ជា កង​ដៃ ក្រវិល ខ្សែ​ក និង​ទំហ៊ូ​ជា​ដើម យក​ទៅ​លក់​ឲ្យ​ឈ្មួញ ក៏ប៉ុន្តែ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​បឹងខ្នារ ព្រះនាម នួន ស៊ីណាន់ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ព្រះអង្គ​បាន​បញ្ជាក់​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ថា វត្ថុ​បុរាណ​ទាំង​នោះ​ត្រូវ​បាន​ដោះដូរ​ជា​ស៊ីម៉ងត៍ ដើម្បី​យក​ទៅ​សាងសង់​ព្រះវិហារ​ថ្មី។

ក្រោយ​ពី​បែក​ធ្លាយ​រឿង​ដោះដូរ​វត្ថុ​បុរាណ​នោះ មន្ត្រី​គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​រៀប​ចំ​ពាក្យ​បណ្ដឹង​មួយ​ទៅ​តុលាការ ដើម្បី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​រឿង​លក់​ដូរ​វត្ថុ​បុរាណ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​វត្ត​នោះ។ ចំណែក​ព្រះ​គ្រូ​ចៅ​អធិការ និង​គណៈកម្មការ​អាចារ្យ​វត្ត​បឹងខ្នារ ក៏​បាន​ប្ដឹង​បក​ទៅ​សកម្មជន​គណបក្ស​ប្រឆាំង​វិញ ទាក់ទង​នឹង​រឿងរ៉ាវ​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ពី Phnom Penh

It is the same trick as Hun Sen usually does in order to keep his power. Hun Sen could do whatsoever he wants to just protect his office because he thought that in Cambodia there is only him who could lead the country. Hun Sen leads Cambodia to the colony of Vietnam and China. A real dictatorship management! Damn shit!

Aug 27, 2013 11:01 PM

អ្នក​អាន​អនាមិក

the law of hun sen must to stop immediatly.
khmer people must to stand up now do not wait hun sen to threate everyday,we must to know that all the problem political in cambodia are under agreement of hun sen,and youn,so how will we do for them.

Aug 27, 2013 10:46 AM

អ្នក​អាន​អនាមិក

Stand up all together chase Way this pitiful gorvenement,and this pitiful justic once Time for all,because we cannot to continuo be living under a regim devil of youn invader.

Aug 27, 2013 09:25 AM

គេហទំព័រ​ទាំងមូល